លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួង និងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាលបង្កើនការតាមដាន និងដោះស្រាយបញ្ហាដែលកើតឱ្យបានលឿន ដោយមិនត្រូវរង់ចាំថ្នាក់ដឹកនាំកំពូល ចេញមុខអន្តរាគមន៍ទេ ខណៈសារនយោបាយនេះ ត្រូវបានក្រុមអ្នកជំនាញផ្នែកគោលនយោបាយ ចាត់ទុកថា ទំនងគ្មានប្រសិទ្ធិភាពប៉ុន្មានឡើយ ព្រោះសិទ្ធិសម្រេចគឺនៅតែស្ថិតក្នុងដៃមេដឹកនាំដដែល។
ថ្លែងនៅព្រឹកថ្ងៃទី ៣ខែតុលា នេះ លោក ហ៊ុន ម៉ាណែត ដែលទើបចូលកាន់តំណែងជំនួសឪពុករបស់លោក ក្នុងតួនាទីជានាយករដ្ឋមន្រ្តី បានលើកឡើងដ៏កម្រអំពីសិទ្ធិអំណាច ក្នុងការសម្រេចចិត្តលើកិច្ចការណាមួយរបស់មន្រ្តីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមិនត្រូវរង់ចាំបញ្ជាពីប្រមុខដឹកនាំកំពូលនោះឡើយ។
បើតាមលោក ហ៊ុន ម៉ាណែត ស្ថាប័នរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់តាមដាននូវកង្វល់របស់ពលរដ្ឋដោយបញ្ហាផ្ទាល់ និងតាមបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើយ៉ាងណាពន្យល់ទៅសាធារណៈជនឱ្យបានមុនលោកចេញមុខ។លោកបន្ថែមថា ចំពោះបញ្ហាជាក់ស្តែង លោកជាអ្នកដាក់ចេញវិធានការដោះស្រាយដោយផ្ទាល់តាមរយៈការបញ្ជូនសារ ខណៈបញ្ហាដែលកើតមានឡើងនៅតាមបណ្តាញសង្គម លោកប្រគល់ឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយ ឬពន្យល់មហាជនឱ្យបានយល់។
លោកបន្តថា៖«អាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធមិនអាចអត់តាម(ដាន)ទេ ហើយខ្ញុំប្រាប់ រកឱ្យឃើញបញ្ហាឆ្លើយមុនខ្ញុំបញ្ជូនសារទៅល្អជាង។ អ៊ឹចឹងក្រសួងនីមួយៗត្រូវតាមដាន ហើយចេញវិធានការដោះស្រាយ ពន្យល់ប្រជាជនខ្លួនឯង»។
ការបញ្ជារបស់លោក ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ-និយោជិតនៅតាមបណ្តារោងចក្រ-សហគ្រាស ដែលស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ជិត២ម៉ឺននាក់ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
សារនយោបាយដែលគេចាត់ទុកថា នេះជាលើកដំបូងក្នុងតំណែងជានាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បានភ្ជាប់បញ្ហាមួយចំនួន ដែលកំពុងផ្ទុះការរិះគន់ ទាក់ទិនជនសង្ស័យធ្លាប់ប្រព្រឹត្តិបទល្មើស ត្រូវបានតែងតាំងមន្រ្តី ការប្រកាសយកពន្ធដោយអគ្គនាយកដ្ឋានពន្ធដារ ដែលកំពុងមានចម្រូងចម្រាស់ និងការសាងសង់ប្រាសាទនៅក្នុងទឹកដីថៃ ប៉ុន្តែបែរជាមន្រ្តីទាំងនោះ នៅបន្តស្ងៀមស្ងាត់ដោយពុំមានប្រតិកម្មអ្វីទាំងអស់។ក្នុងន័យនេះលោកក៏ជំរុញឱ្យមន្ត្រីដែលកំពុងស្ថិតក្នុងតំណែង នៃស្ថាប័នរដ្ឋទាំងនោះ ត្រូវធ្វើការដោយសកម្ម និងមិនត្រូវរង់ចាំនាយករដ្ឋមន្រ្តី ចេញមុខដោះស្រាយ ឬមានបទបញ្ជានោះឡើយ។
លោកបន្តថា៖«ចង់ឱ្យគ្រប់គ្នារួមគ្នាធ្វើ មិនចង់ឱ្យនាយករដ្ឋមន្ត្រីទៅជាអ្នកនាំពាក្យឱ្យក្រសួងស្ថាប័នទាំងអស់ទេ[ …]កុំឱ្យនរណាធ្វើអីបន្តិច នាយករដ្ឋមន្ត្រីត្រូវចេញមុខទៅពន្យល់ជំនួស »។
បើទោះបែបណា នៅក្នុងអាណត្តិរបស់លោក ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី គេសង្កេតឃើញទាំងមន្រ្តីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កម្រហ៊ានចេញមុខ ធ្វើកិច្ចការដោយឆន្ទះពួកគេណាស់។ជាងនេះទៀត រាល់ពេលដោះស្រាយ ត្រូវស្នើសុំគោលការណ៍ជាមុន បើមិនដូច្នេះទេ គេសង្កេតឃើញ មន្រ្តីក្រោមបង្គាប់នៅក្នុងអាណត្តិរដ្ឋាភិបាលចាស់ ត្រូវបានគេដកចេញ ឬរង់ការស្តីបន្ទោសជាដើម។
ជុំវិញយន្តការរបស់លោកនាយករដ្ឋមន្ត្រីនេះ សម្រាប់នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ ចាត់ទុកថា សារនយោបាយរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះអាចជាសារដាស់តឿនឱ្យមន្ត្រីនៃក្រសួង-ស្ថាប័នត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រកបដោយតម្លាភាព។ប៉ុន្តែលោកថាមន្ត្រីរដ្ឋាភិបាលគួរដឹងពីតួនាទីរបស់ខ្លួន ដោយមិនចាំបាច់ទាល់តែឱ្យថ្នាក់ដឹកនាំដាស់តឿននោះទេ។
លោកបន្តថា៖«មន្ត្រីរាជការគាត់គួរតែបំពេញតួនាទី ភារកិច្ចជាប្រចាំ ទៅតាមមុខងាររបស់ខ្លួន ដោយមិនចាំបាច់ជំរុញ(ពីនាយករដ្ឋមន្ត្រី»។
ស្រដៀងគ្នានេះដែរ អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម និងនយោបាយ លោកបណ្ឌិត មាស នី ក៏ឯកភាពដែរថា នេះអាចជាសារដាស់តឿន ដោយសារកន្លងមកមន្ត្រីមួយចំនួនបានបង្ហាញពីភាពស្ពឹកស្រពន់ ដោយមិនបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទើបជំរុញឱ្យពួកគេកាន់រូបថតរបស់នាយករដ្ឋមន្ត្រី ដើម្បីទាមទារយុត្តិធម៌ ឬដំណោះស្រាយ ពេលជួបបញ្ហាអ្វីមួយ។
ជាងនេះទៀត ភាពអសកម្មរបស់មន្ត្រីក៏អាចដោយសារតែការប្រមូលផ្តុំអំណាចរបស់ថ្នាក់ដឹកនាំដែរ ដោយសារពួកគេមិនហ៊ានអារកាត់ចំពោះការសម្រេចអ្វីមួយដោយត្រូវរង់ចាំគោលការណ៍ជាមុនសិន ព្រោះតែបារម្ភពីការបង្កកំហុស។
លោកបន្តថា៖«មន្ត្រីថ្នាក់ក្រសួងនីមួយៗ បើកាលណាចង់ធ្វើសេចក្តីប្រកាសអី មិនបានមានការអនុញ្ញាតពីនាយករដ្ឋមន្ត្រីជាមុនទេ កាលណាបើត្រូវរួចខ្លួន តែបើខុសអាចនឹងទទួលរងនូវការកែតម្រូវ ឬការរិះគន់ពីមេដឹកនាំខាងលើ »។
គេសង្កេតឃើញថា បើទោះជាកម្ពុជា បានកំណត់អំពីសមាហរណកម្មអំណាច ដែលគេអាចផ្ទេរពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ក្នុងការសម្រេចកិច្ចការដោយមិនត្រូវរង់ចាំការឆ្លងយោបល់ពីថ្នាក់ដឹកនាំកំពូលក្តី ក៏យន្តការនេះ នៅមិនអាចដំណើរការដោយរលូនដែរ។
នៅតាមស្ថាប័នរដ្ឋនីមួយៗ នៅក្នុងអាណត្តិដែលដឹកនាំដោយអតីតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គេតែងសង្កេតឃើញ ការបំពេញកិច្ចការគឺស្ថិតនៅក្រោមពាក្យស្លោក «ធ្វើតាមការចង្អុលបង្ហាញ ឬតាមការបញ្ជា»។ក្នុងន័យនេះ មានន័យថាការសម្រេចកិច្ចការតូចធំអ្វីមួយទៅបាន លុះត្រាមានការយល់ព្រម ឬទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំកំពូលជាមុនសិន ទើបពួកគេអាចអារកាត់ការងារតូចធំនោះបាន។
សម្រាប់សារនយោបាយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកនេះវិញ ក្រុមអ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថាបទបញ្ជានេះទំនងនឹងមិនមានការប្រែប្រួលអ្វីជាដុំកំភួនប៉ុន្មានទេ ព្រោះអំណាច និងសិទ្ធិសម្រេច គេនៅមិនទាន់ឃើញធ្វើវិសោធនកម្ម ប្រកបដោយប្រសិទ្ធិភាព សម្រាប់ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាសេនាធិការរបស់រដ្ឋាភិបាលនៅឡើយ៕