សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជំរុញឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សគ្រូបង្រៀនឱ្យបាន ៤លាន រៀលដែលស្មើនឹង ២៥ភាគរយនៃប្រាក់បៀវត្សតំណាងរាស្ត្រ​​ ដើម្បីជួយបង្កើនគុណភាពវិស័យអប់រំ ខណៈប្រាក់ខែគ្រូបង្រៀនដូចបច្ចុប្បន្ននេះ មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវចាំបាច់ ចំពោះការ​កើនឡើងទំនិញនៅ​​លើ​​​​ទីផ្សារ និងការដោះស្រាយជីវភាពប្រចាំថ្ងៃបាននៅឡើយ ដែលជាហេតុធ្វើឱ្យវិស័យអប់រំនៅកម្ពុជាបន្ត​​ដាំ​​ក្បាលចុះ។ 

សម្រាប់ទិវាគ្រូបង្រៀនពិភពលោក ដែលនៅចំថ្ងៃទី៥ ខែតុលានេះ សមាគមគ្រូបង្រៀនឯករាជ្យបានប្រារព្ធពិធីជួបជុំមួយ ក្នុងទិសដៅដើម្បីដាក់ញត្តិទៅរដ្ឋសភា រដ្ឋាភិបាល និងក្រសួងអប់រំ ទាមទារឱ្យស្វែងរកដំ​​ណោះស្រា​​យ​​បញ្ហា​​​​ចំនួន១០ចំណុច រួមមានស្នើឱ្យដំឡើងប្រាក់បៀវត្សគ្រូបង្រៀនជាដើម។

ពិធីដែលរៀបចំឡើងនៅទីលានប្រជាធិបតេយ្យ ដែលស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹ​​កថ្ងៃ​​ទី​​៥ តុលា នេះមានអ្នក​​ចូល​​រួ​ម​ប្រមាណជាង១០០នាក់ ដែល​មកពីក្រុមអង្គការមិនមែនរដ្ឋាភិបាល គ្រូបង្រៀ​​ន​ ស​​កម្ម​​ជនសង្គម និង​​ពល​​រដ្ឋ​​។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ស្នើឱ្យរដ្ឋាភិបាលថ្មីដំឡើងប្រាក់បៀវត្សគ្រូបង្រៀនឱ្យបាន៤លានរៀល ដែលស្មើនឹងប្រមាណ២៥ភាគរយ បើធៀបនឹងប្រាក់បៀវត្សរបស់តំណាងរាស្ត្រប្រមាណ ១៦លានរៀល។ 

ការស្នើបែបនេះ ដោយសារអ្នកស្រីសង្កេតឃើញថា វិស័យអប់រំមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈដែលគ្រូបង្រៀនក៏បង្ខំចិត្តប្រកបរបរបន្ថែមដូចជា ការលក់ដូរក្នុងសាលារៀន និងការបង្រៀនគួរក្រៅម៉ោង រួ​ម​​​​ទាំងការងារផ្សេងៗទៀត ដែលធ្វើឱ្យបាត់បង់ក្រមសីលធម៌ និងប្រសិទ្ធភាពនៃការបង្រៀននៅសាលារដ្ឋ ដោយសារប្រាក់បៀវត្សមិនអាចឆ្លើយតបការចំណាយចេះតែកើនឡើង ហើយមិនអាចផ្គត់ផ្គង់ជីវភាពប្រចាំ​​ថ្ងៃ​​​បាន។ 

អ្នកស្រីថ្លែងថា៖«ទាមទារប្រាក់ខែឱ្យឡើងហ្នឹង គឺដើម្បីឱ្យពួកគាត់រស់នៅសមស្រប ឈប់ឱ្យយកពេលវេលាទៅបង្រៀនក្រៅ បង្រៀនគួរ លក់នំ និយាយរួមទៅលោកគ្រូអ្នកគ្រូយើងអត់ចង់ធ្វើឱ្យប៉ះពាល់ដល់ការអប់រំទេ ប៉ុន្តែជាកត្តាជីវភាព អ៊ឹចឹងពួកគាត់បង្ខំចិត្ត[…] ប្រទេសណាដែលសេដ្ឋកិច្ចអីក៏ដោយរីកចម្រើនខ្លាំងក៏ដោយសារការអប់រំ។ បើសិនជាការអប់រំធ្លាក់ចុះ បានន័យថាប្រទេសហ្នឹងដាំក្បាលចុះហើយ»។

ប្រភពដដែលបន្ថែមថា ការផ្តល់ប្រាក់បៀវត្សដូចសព្វថ្ងៃសម្រាប់គ្រូបង្រៀនគឺជាហានិភ័យមួយសម្រាប់កម្ពុជា ខណៈវិស័យអប់រំគឺជាផ្នែកមួយដែលមានឥទ្ធិពលក្នុងការផលិតធនធានមនុស្សដែលខ្វះមិនបាន ដែ​​​​ល​​​រដ្ឋា​​​ភិបាលត្រូវយកចិត្តទុកដាក់ជាងគេ។ក្នុងន័យនេះបើពុំដូច្នេះទេគ្រូបង្រៀននឹងមិនមានពេលវេលាគ្រប់​គ្រា​​​​​ន់​​​​ក្នុងការបង្រៀ​​នប្រកបដោយគុណភាពឡើយ។កត្តានេះ ពួកគេត្រូវបង្ខំចិត្តប្រើប្រាស់វិធីផ្សេងៗ ធ្វើ​​យ៉ា​​​​​​ងណា​ឱ្យ​​​​​​​មាន​​​​ចំណូលបន្ថែម ដែលលែងខ្វល់ពីគុណភាពសិក្សា ហើយអ្នករកគ្រោះពិតប្រាកដចុងក្រោយ គឺសិស្សដែលមកពីគ្រួសារដែល​​មា​​ន​​ជី​​វភា​​ព​​ក្រីក្រ។

អ្នកស្រីបន្តថា៖«បើសិនជាមិនលើកម្ពស់សាលារដ្ឋទេ ថ្ងៃក្រោយនឹមានវិបត្តិធំធេងមួយ គឺមានតែសាលាអត់សិស្សរៀន ដោយសារសិស្សទៅរៀននៅសាលាឯកជនអស់។ បើនិយាយពីសិស្សក្រីក្រ គាត់ច្បាស់ជាបោះបង់ការសិក្សា ប៉ះពាល់ធ្ងន់ហ្មងចំពោះសិស្សក្រីក្រ គឺបោះបង់ការសិក្សា ចំណាកស្រុកដោយជួបហានិភ័យខ្ពស់»។ 

អាណាព្យាបាលម្នាក់ដែលមានកូនរៀនថ្នាក់ទី៣ និងទី៤នៅក្រុងតាខ្មៅ លោក ទ្រី វុទ្ធា បានឱ្យដឹងថាកូនរប​​​ស់​លោកទាំង២ គឺកំពុងរៀននៅថ្នាក់បឋមនៅឡើយ ប៉ុន្តែពួកគេចាំបាច់ត្រូវរៀនគួរបន្ថែមដែរ បើទោះជាស្ថិ​​ត​​ក្នុងកម្រិតការសិក្សាទាបនៅឡើយក្តី។ 

ប្រភពដដែលបន្តថា មូលហេតុដែលខ្លួនចំណាយពេលវេលាចូលរួមក្នុងទិវាគ្រូបង្រៀនពិភពលោក នៅ​​ថ្ងៃ​​នេះ ក្នុងគោលបំណងចង់ស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់គ្រូបង្រៀនដែរ ដោ​​យ​ចង់ឃើញគ្រូប​​​ង្រៀ​​​ននៅកម្ពុជាបញ្ចេញឱ្យអស់ពីសមត្ថភាពបង្រៀនសិស្សជាពិសេសសាលារដ្ឋជាជាងបង្រៀនបង្គ្រប់កិច្ចនៅសាលារដ្ឋ ហើយទុកខ្លឹមសារមេរៀនសំខាន់ៗបង្រៀនគួរក្រៅម៉ោង។ 

លោកបន្តថា៖«កាលណាគាត់មានប្រាក់ខែទៅ គាត់បង្រៀនពីចិត្ត ពីឆន្ទៈ អ៊ឹចឹងទៅគាត់បង្រៀនសិស្សមានគុណភាពល្អ ជាជាងគាត់ខំបង្រៀនគួរឱ្យអស់នៅពេលដែលសិស្សឱ្យថ្លៃឈ្នួលគាត់ៗបង្រៀនអស់ ហើយនៅសាលាគាត់បង្រៀនធ្វើម៉េចឱ្យតែចប់ម៉ោង។ វិស័យអបរំយើងគួរតែកាត់បន្ថយការរៀនគួរ ដែលចំ​​ណាយបន្ទុកគ្រួសាររបស់ប្រជាពលរដ្ឋ ដែលចំណាយលុយទៅលើការរៀនគួរផ្សេងៗ។ អ៊ឹចឹងសិស្សអត់ពូកែនៅក្នុង​​សាលា ប៉ុន្តែពូកែអារៀនគួរក្រៅម៉ោងនេះ»។

មិនខុសគ្នាទេ គ្រូបង្រៀននៃសាលាបឋមសិក្សាមួយក្នុងខណ្ឌជ្រោយចង្វារ លោក ជូរ ប៊ុនថេង ក៏ឯកភាព​​ដែ​​រ​​ថា ក្រ​​សួ​​ង​​អប់រំគួរពង្រាយគ្រូបង្រៀនកម្រិតបឋមសិក្សាទៅតាមទីជនបទឱ្យបានច្រើន ដើម្បីពង្រឹងគុណភា​ពសិស្ស ចៀសវាងគ្រូម្នាក់តែមានសិស្សពី៧០ ឬ៨០នាក់ក្នុងមួយថ្នាក់។ ជាពិសេសលោកស្នើឱ្យរដ្ឋាភិបាលគិតគូរដល់ការបង្កើនប្រាក់បៀវត្សគ្រូបង្រៀនឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន ដោយថាប្រាក់ខែខ្វះ​​មុខ​​ខ្វះ​ក្រោយបែប​​នេះ​ នឹងធ្វើឱ្យគុណភាពនៃការបង្រៀនពុំសូវមានប្រសិទ្ធភាព សូម្បីលោកក៏ត្រូវដើរបង្រៀនតាមផ្ទះបន្ថែមដែរ។

លោកបន្តថា៖«ប្រាក់បៀវត្សសព្វថ្ងៃគ្រាន់តែរស់ ក៏ប៉ុន្តែមិនអាចធ្វើឱ្យជីវភាពគ្រូបង្រៀនមានការរីកចម្រើន ឬ​​ក៏សមរម្យបានទេ គ្រាន់តែអាចមួយរស់បាន។ កាលណាប្រាក់ខែតិច គឺគាត់រកមុខរបរទី២ ទី៣ថែម ហើ​​យកាលណាទៅរកទៅ វាធ្វើឱ្យការស្រាវជ្រាវ ឬក៏ពង្រឹងចំណេះដឹងរបស់គាត់ផ្តល់ទៅឱ្យសិស្សគឺទៅតា​​មហ្នឹងដែរ»។​

ឯកសាររបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថាពីឆ្នាំ២០១៣-២០២៣ ប្រាក់ខែគ្រូប​​ង្រៀន សម្រាប់ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តមនៅឆ្នាំ២០២៣ ទទួលបានប្រាក់បៀវត្សអតិបរមាជាង២,១លានរៀល និ​​ង​​អប្បបរមាជាង ១,៦លានរៀល។

ឯកសារដដែល ឱ្យដឹងថា រីឯគ្រូកម្រិតមូលដ្ឋាន ទទួលបានប្រាក់បៀវត្សអតិបរមាជាង ១,៩លានរៀល និងអប្បបរមានជិត១,៥លានរៀល។ ដោយឡែក សម្រាប់គ្រូកម្រិតបឋម និងមតេយ្យទទួលបានប្រាក់បៀវត្សអតិបរមា១,៤លានរៀល និងអប្បបរមាជាង ១,៧លានរៀល។ 

បន្ថែមលើរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រី ឃួង វិច្ឆិកា មានប្រ​​សា​សន៍ថា ក្រសួងអប់រំបានយកចិត្តទុកដាក់លើគ្រូបង្រៀន ជាពិសេសនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សចំនួន៤ដងមកហើយ និងផ្តល់សេវាគាំពារសង្គមថែមទៀត។ 

ជាមួយគ្នានេះ អ្នកស្រី​ អះអាងថា ដើម្បីឱ្យវិស័យអប់រំមានប្រសិទ្ធភាពបាន ចាំបាច់ត្រូវយកចិត្តទុកដាក់ពី​​ភាគីពាក់ព័ន្ធមួយចំនួន ក្នុងនោះសិស្សានុសិស្សផ្ទាល់ក៏ជាភាគីសំខាន់ និងខ្វះមិនបានដែរ។ 

អ្នកស្រីបន្តថា៖«យើងជឿថាដើម្បីឱ្យមានគុណភាព ក្រៅពីគណៈគ្រប់គ្រង គុណភាពគ្រូ គឺយើងឃើញថាកត្តាសហគមន៍ និងសិស្សខ្លួនឯងជាកត្តាជំរុញ ដូច្នេះមានកត្រាជំរុញច្រើនដែលចូលរួមឱ្យការអប់រំមួយមា​​គុណភាពបាន»។

អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០២២ ធ្លាប់បានប្រកាសថា នៅឆ្នាំ២០២៣ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ក្នុងនោះគ្រូបង្រៀន ត្រូវចាត់ទុកជាគោលដៅសំខាន់ដែ​​ល​​​នឹងត្រូវដំឡើងច្រើនជាងគេ។ លោកចាត់ទុកថា ប្រាក់ខែគ្រូបង្រៀនមិនអាចធ្វើអ្នកមានបានឡើយ ប៉ុ​​ន្ដែគ្រូបង្រៀនអាចជួយសិស្សធ្វើជាអ្នកមានបាន ដូច្នេះត្រូវតែយកចិត្ដទុកដាក់ចំពោះគ្រូបង្រៀន។

ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញ នៅចំថ្ងៃនៃការ​ប្រារព្ធទិវាគ្រូបង្រៀនក្រោមប្រធានប​​ទ​​«គ្រូប​​​ង្រៀនជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព » នេះ មិនបានបញ្ជាក់ពីការដំឡើងប្រា​​ក់​​បៀវ​​ត្ស​​​​​ជូ​​ន​គ្រូបង្រៀនទូទៅដូចអ្វីដែលអតីតនាយករដ្ឋមន្ត្រី ដែលជាឪពុករបស់លោក ធ្លាប់​បានសន្យានោះទេ។ 

ជំនួសដោយការស្ងៀមស្ងាត់នេះ លោក ហ៊ុន ម៉ាណែត លើកឡើងចំពោះតែការដំឡើងប្រាក់ឧបត្ថម្ភដល់គរុសិស្ស ដែលបានប្រឡងជាប់ហើយកំពុងសិក្សា ដោយយកបៀវត្សសរុប គុណ៧០ភាគរយ ដែលស្មើនឹងប្រ​​​មា​ណ១លានរៀល។

យ៉ាងនេះក្តីលោកអះអាងពីមហិច្ឆិតារបស់លោកថា នៅចន្លោះអាអាណត្តិទី១ និងទី២ដែលលោកដឹកនាំ គឺចង់ឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ ក្លាយជាសាលារៀនមានគុណភាពល្អអាចទទួលយកបាន។

លោកបន្តថា៖«មហិច្ឆតារបស់ខ្ញុំ ក្នុងមួយអាណត្តិ ពីរអាណត្តិនេះ សាលារដ្ឋទាំងអស់មិនចាំបាច់មានកូនចៅ ប្រជាពលរដ្ឋវេចបង្វេចពីស្រុកមួយទៅស្រុកមួយ ទៅរៀនសាលាមួយទៀត ព្រោះគ្រប់សាលាទាំងអស់ សាលារដ្ឋរបស់យើងចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ក្លាយជាសាលាល្អអាចទទួលបាន​នៅមូលដ្ឋាន»។

ផ្ទុយពីនេះ អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើង​​ទៀ​​ន លោក រ៉ុង ឈុន មានប្រសាសន៍ថា ដើម្បីជំរុញឱ្យវិស័យអប់រំរីកចម្រើនបាន​ លុះត្រាតែរដ្ឋាភិបាលយក​​ចិត្ត​ទុកដាក់លើគ្រូបង្រៀនជាមុន ព្រោះបើកាលណាគ្រូមានជីវភាពខ្វះខាត ប្រាកដណាស់ពួកគាត់នឹងមិនអាចផ្តោតលើការបង្រៀនបានល្អនោះទេ។

លោកបន្តថា៖«ទាក់ទងនឹងជីវភាពនេះ វាប៉ះពាល់ទៅដល់ការអប់រំណាស់ ពីព្រោះថាក្រពះ ដូចពាក្យស្លោ​​សមាគមអ៊ឹចឹង«ក្រពះឃ្លានបង្រៀនមិនកើត»ទេបងប្អូន។អ៊ឹចឹងបើយើងគិតពង្រឹងគុណភាពអប់រំ ត្រូវដោះ​​ស្រាយបញ្ហាគ្រូបង្រៀនជាមុន»៕