ជារឿយៗ គេតែងឮអំពីការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្សនិស្សិត​នៅ​តាម​សាលារដ្ឋ និង​ឯកជន​មួយចំនួន​ដោយ​អាច​សិក្សា​ដោយ​មិនបង់ថ្លៃ។ អាហារូបករណ៍​ភាគ​ច្រើន​គឺ​ផ្តល់​ដល់​សិស្សនិស្សិត​​​ដែល​រៀនពូកែ និង​សិស្ស​និស្សិត​​ដែល​ក្រីក្រ។

ហើយថ្មីៗនេះ លោក​ ស​​​ សុខា​ រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ផ្តល់​អាហា​រូប​ករណ៍​​ដល់​សិស្ស​-និស្សិត​ចំនួន​៤០០​កន្លែង​ ដោយ​មាន​ថ្នាក់​បរិញ្ញា​បត្រ​រង​-ថ្នាក់​បរិញ្ញា​បត្រ​ ចំនួ​ន​​៣០០​កន្លែង​ និង​​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ចំនួន​ ១០០​កន្លែង​​ សម្រាប់​ឆ្នាំ​សិក្សា​​២០២៣​-២០២៤​ ដែល​បាន​សហ​ការ​ជា​មួយ​វិទ្យា​ស្ថាន​ខ្មែរ​ជំនាន់​ថ្មី​។​

Newsroom​​ ​​​Cambodia បាន​សម្ភាស​និស្សិត​ចំនួន​៦​រូប​ដែល​មក​ពី​​សាកល​វិទ្យា​ល័យ​ខុស​ៗគ្នា​ក្នុង​រាជ​ធានី​ភ្នំពេញ​ អំពី​ការ​យល់​ឃើញ​របស់​ពួក​គេចំពោះ​ការ​ផ្តល់​អាហា​រូប​ករណ៍​​​ដល់​សិស្ស​-និស្សិត​៖

កញ្ញា​​ កាំង​​ លីហ្សា​ ជា​​និស្សិត​​ឆ្នាំ​​ទី​២​​ នៅ​​សកល​​វិទ្យា​​ល័យ​​ភូមិ​ន្ទ​​នីតិ​​សាស្រ្ត​​ និង​​វិទ្យា​​សាស្រ្ត​​សេដ្ឋ​កិច្ច​​​ បាន​​​លើក​​​ឡើង​​​ថា​​ ​​កញ្ញា​​​គឺ​​​យល់​​ស្រប​​​ថា​​​អាហា​​រូប​ករណ៍​​​ពិ​ត​​ជា​​​អាច​​ជួយ​​និស្សិត​​យ៉ាង​​ច្រើន​​ខ្លាំង​​ណាស់​។​

រូបភាព ៖ កញ្ញា កាំង លីហ្សា

កញ្ញាបានបន្តថា៖  «ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​​ប្រៀប​​បាន​​ដូច​ជា​​ការ​ចាប់​ផ្តើម​​ថ្មី​​ម្តង​​ទៀត​​ ​និង​​ការ​ទទួល​​បាន​​អាហា​រូប​ករណ៍​អាច​សម្រួល​បន្ទុក​ហិរញ្ញ​វត្ថុ​ ដោយ​សិស្សា​នុ​សិស្ស​អាច​ផ្តោត​ទៅ​លើ​ការ​សិក្សា​តែ​ប៉ុណ្ណោះ​ដោយ​មិន​ត្រូវ​ការ​គិត​ពី​បញ្ហា​ការ​ចំណាយ​ទៅ​លើ​ការ​សិក្សា​»។​

លោក​ លីម​ គាសេង​ ជា​និស្សិត​ឆ្នាំ​​ទី២​ នៅ​សាកល​វិទ្យា​ល័យ​អាមេរិក​កាំង​ភ្នំពេញ​ មក​ពីក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ បាន​និយាយ​ថា​​ អាហា​រូបករណ៍​​ប្រៀប​ដូច​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្សា​នុសិស្ស​ និង​ក៏​ជា​ចំណែក​មួយ​សំខាន់​ជួយ​ពួកគេ​បន្ត​ការ​សិក្សា​ឲ្យ​បាន​កាន់​តែ​ខ្ពង់​ខ្ពស់​។

រូបភាព​ ៖ លោក លីម គាសេង

លោក​បាន​បន្ថែម​ថា​៖ «ខ្ញុំ​ក៏​និស្សិត​អាហា​រូប​ករណ៍​មួយ​រូប​ដែរ​ ហើយ​ការ​ផ្ដល់​អាហារូបករណ៍​គឺ​ល្អ​ណាស់​ដល់​សិស្សា​នុ​សិស្ស​រៀន​ថ្នាក់​បរិញ្ញាបត្រ​ខ្ពស់​ទៅ​ថ្ងៃ​មុខ​»។​

កញ្ញា ឡុង សេរីបូរីតា ជា​និស្សិត​ឆ្នាំ​ទី២​ មក​ពី​សាលា​ ខេម​អេដ​ បាន​បញ្ចេញ​មតិ​ថា​ អាហា​រូបករណ៍​ ​ពិត​​ជា​​ជួយ​​​ដល់​​​​ជីវភាព​​និស្សិត​​ខ្លាំង​ណាស់​​សម្រាប់​​ការ​សិក្សា​​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​។

រូបភាព ៖ កញ្ញា ឡុង​ សេរីបូរីតា

កញ្ញា​បន្ត​ថា​​៖ «អាហា​រូប​ករណ៍​អាច​ជួយ​ផ្នែក​ហិរ​ញ្ញវត្ថុ​ ធ្វើឲ្យ​មាន​និស្សិត​ចូល​ធ្វើ​ការងារ​ល្អ​បាន​ច្រើន​ ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ជូន​ដល់​ក្រុម​គ្រួសា​រ និង​អាច​បន្ត​ការ​សិក្សា​បាន​ខ្ពង់​ខ្ពស់​បន្ត​»។

កញ្ញា ទឹម សុខជា ជា​និស្សិត​ឆ្នាំ​​ទី១​ផ្នែក​ព័ត៌មាន​វិទ្យា​​​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ មក​ពី​ខេត្ត​បាត់​ដំបង​ បាន​និយាយ​ថា​ អាហា​រូប​ករណ៍​ពិត​ជា​សំខាន់​ខ្លាំង​ ដែល​ជួយ​ដល់​ការ​សិក្សារៀ​​ន​សូត្រ​ថែម​ទាំង​បាន​រៀន​នូវ​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​និង​អាច​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​។

រូបភាព ៖ កញ្ញា ទឹម​ សុខជា

កញ្ញា​បន្ត​បន្ថែម​ថា​៖ «មាន​ច្រើន​ទី១​​ផ្តល់​ឱកាស​ឲ្យ​សិស្សា​នុសិស្ស​បាន​សិក្សា​រៀន​សូត្រ​បន្ត​ សិស្ស​ដែល​គាត់​អត់​មាន​ធ​ន​ធាន​លក្ខណ:​ថា​ជួយ​បាន​ច្រើន​គឺ​សម្រួល​បន្ទុក​ពេល​យើង​បង់​ថ្លៃ​សាលា​ធ្វើ​ឲ្យ​គាត់​បន្ត​ការ​សិក្សា​នៅ​ជំនាញ​ដែល​គាត់​ស្រលាញ់​ ហើយ​វា​អាច​ជា​ជ្រុង​មួយ​ជួយ​សម្រេច​ដល់​អនាគត​គាត់​»។

កញ្ញា​ ​ឈួន​ សុផារី​  ជា​និសិ្សត​ឆ្នាំ​ទី១​  នៃ​វិទ្យា​សាស្រ្ត​ពាណិជ្ជ​សាស្រ្ត​ មក​ពី​ភ្នំពេញ​បាន​លើក​ឡើង​ថា ​កញ្ញា​ក៏​ជា​សិស្ស​អាហា​រូប​ករណ៍​មួយ​រូប​ដែរ​។

កញ្ញា​សុផារី​បាន​លើក​ឡើង​ថា​៖ «អាហា​រូប​ករណ៍​បាន​ផ្តល់​ផល​ប្រយោជន៏​ច្រើន​ដល់​និសិ្សត​ អាច​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ ធ្វើឲ្យ​មាន​និស្សិត​ចូល​ធ្វើ​ការងារ​ល្អ​បាន​ច្រើន​»៕