ពលរដ្ឋចំនួន៥២គ្រួសារបានប្រមូលផ្តុំគ្នាតវ៉ាសុំឱ្យមានការដោះស្រាយករណីទិញផ្ទះបង់រំលស់នៅបុរីទ្រីគ្រីម ក្នុងរាជធានីភ្នំពេញតាំងពីឆ្នាំ២០២១ប៉ុន្តែមិនទទួលបានផ្ទះ ដោយសារតែវិវាទរវាងម្ចាស់បុរី និងម្ចាស់ដី ខណៈពេលនេះម្ចាស់បុរីត្រូវជាប់ពន្ធនាគារ ហើយពួកគេកំពុងប្រឈមនឹងការបាត់បង់ផ្ទះ និងធ្លាក់ចូល​​ក្នុង​​បំ​​ណុល។

អតិថិជន នៃបុរីទ្រីគីម ម្នាក់គឺអ្នកស្រី លឹម លីណា បានប្រាប់គេហទំព័រ Newsroom Camodia នៅថ្ងៃ​​ទី​​៣ ខែវិច្ឆិកា នេះថា ពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហានេះមានចំ​​នួន៥២គ្រួសារ ដោយក្នុងនោះមា​​នពលរដ្ឋខ្លះទិញផ្ទះចំនួន២ល្វែង ដោយក្នុងនោះផ្ទះមួយល្វែងមានតម្លៃចាប់ពី៥ទៅ១២ម៉ឺនដុល្លារ។

អ្នកស្រីបន្ថែមថា អ្នកដែលបានទិញផ្ទះល្វែងបង់រំលស់នៅក្នុងបុរីមួយនេះចាប់ផ្តើមតាំងពីអំ​​ឡុង​​ឆ្នាំ២០​​២​​១​មក ដោយគិតមកទ​ល់​បច្ចុប្បន្នបង់រំលស់បានប្រមាណ៩០ភាគរយហើយ ប៉ុន្តែក្រោយពីម្ចាស់បុរីត្រូវជាប់ពន្ធនាគារ សំណ​​ង់​ផ្ទះល្វែងរបស់ពួកគេត្រូវជាប់គាំង ព្រោះតែម្ចាស់ដីគឺលោក ស៊ួន គីមស្រ៊ុន បិទទ្វារ​​មិន​​ឱ្យ​​​​​​សាងសង់ ក្រោមហេតុផលថាភាគីបុរីមិនទាន់បានផ្តល់តម្លៃដីឱ្យលោកគ្រប់គ្រាន់នៅឡើយ។

បើតាមអ្នកស្រី លឹម លីណា បញ្ហានេះកំពុងបង្កទៅជាការប្រឈមដល់អតិថិជនទាំងជាង៥០គ្រួសារ ដែល​​ពួក​​គេម្នាក់ៗ ត្រូវបាត់បង់ផ្ទះ និងបង់ខាតទាំងថវិកាថែមទៀតផង។ប្រភពដដែលបន្តថា អតិថិជនទាំង​​អ​​ស់ ភាគច្រើនគឺជាកម្មកររោងចក្រ អ្នករត់កង់បី និងអ្នកខ្ចីបំណុលធនាគារ ខណៈដែលម្ចាស់ដីបដិសេធក្នុង​​កា​​រ​​ដោះស្រាយ។​

អ្នកស្រីបន្តថា៖«ងាយនឹងរងគ្រោះមែនទែន ព្រោះអីទី១ម្ចាស់បុរីកំពុងជាប់ពន្ធនាគារហើយ។ ទី២ ម្ចាស់ដីកំពុងប្តឹងរំលាយកិច្ចសន្យាទៀត ហើយពួកខ្ញុំរាល់ថ្ងៃហ្នឹងអត់ដឹងថាទៅដោះស្រាយជាមួយអ្នកណាទេ បើម្ចាស់បុរីជាប់ពន្ធនាគារហើយម្ចាស់ដីអត់ព្រមមានដំណោះស្រាយអីជាមួយអតិថិជនទាំង៥២ផ្ទះហ្នឹងសោះ »។

គេសង្កេតឃើញថា មានអតិថិជនរបស់បុរីទ្រីគីម ប្រមាណជាង៥០នាក់កាលពីថ្ងៃទី២ ខែវិច្ឆិកា បានប្រមូ​ល​​​​ផ្តុំគ្នាតវ៉ានៅខាងមុខនេះ ដែលស្ថិតក្នុងខណ្ឌដង្កោ​ រាជធានីភ្នំពេញ ដើម្បីសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយ​អន្ត​​រាគមន៍​​ជុំ​​វិញករណីពួក​គេទិញផ្ទះបង់រំលស់ក្នុងបុរីនេះជិតគ្រប់ចំនួនហើយ ប៉ុន្តែមិនទទួលបានផ្ទះ។ 

ពលរដ្ឋដែលចូលរួមតវ៉ា បានប្រាប់គេហទំព័រ Newsroom Cambodia ថាគិតមកទល់ពេលនេះ​ ផ្ទះដែលពួកគេបានទិញទាំងនោះត្រូវផ្អាកសាងសង់ ព្រោះតែម្ចា​​ស់​បុរី គឺលោក ហេង ទ្រី ត្រូវជាប់ពន្ធនាគារនៅអំ​​ឡុ​​ងខែកញ្ញាកន្លងទៅ ក្រោយមានវិវាទជា​​មួយម្ចាស់ដីដែ​​ល​​បុរីសាងសង់លើដីនោះ ក្រោមហេតុផល ចេ​​ញ​​មូល​ប្បទានប័ត្រគ្មានសាច់ប្រាក់។

អតិថិជនម្នាក់ទៀត លោក តែត ចាន់ដារ៉ា ឱ្យដឹងថា លោកបានប្រម៉ែប្រមូលថវិកាអស់ពីខ្លួនបាន២ម៉ឺនដុ​​ល្លារ ដើម្បីបង់ឱ្យម្ចាស់បុរីនេះកាលពីឆ្នាំ២០២២ ដោយរំពឹងថាអាចផ្លាស់ប្តូរជីវភាពពីការស្នាក់នៅផ្ទះជួល មកស្នាក់នៅផ្ទះផ្ទាល់ខ្លួនវិញ ប៉ុន្តែលោកមិននឹងស្មានថាចុងក្រោយបែរជាត្រូវលុងខ្លួនបែបនេះ។

លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ព្រោះបារម្ភថាការចំណាយថវិការាប់ម៉ឺនដុល្លារដើម្បីទិញផ្ទះនេះនឹងពិបាកទទួលបានមកវិញ ដោយសារម្ចាស់ដីប្រើប្រាស់វិធានការច្បាប់ព្រ​​មាន​​រំលាយកិច្ចសន្យាទិញ-លក់ ចំណែកឯអតិថិជនគ្មានលទ្ធភាពដោះស្រាយតាមផ្លូវច្បាប់។

លោកបន្តថា៖«បើយើងតតាំងតាមផ្លូវច្បាប់ យើងមិនដឹងថាត្រូវតតាំងរបៀបណាទេ បើលុយយើងអស់ហើ​​យ យើងមានលុយឯណាជួលមេធាវីដូចពួកគាត់»។

មិនខុសគ្នាទេ អតិថិជ​​នម្នាក់ទៀត លោក ហ៊ីង សំណាង ដែលបង់រំលស់​ផ្ទះក្នុងបុរីនេះចំនួន៣ល្វែងដែរ​ ជា​​មួយបងប្អូន២នាក់ផ្សេងទៀត បានអះអាងថា លោកបង់រំលស់អស់ចំនួន២៧ម៉ឺនដុល្លាររួចមកហើយ ពោ​​​​ល​​​​​នៅខ្វះ៣ម៉ឺនដុល្លារទៀតនឹងត្រូវចប់ជាស្ថាពរ។លោកស្នើឱ្យម្ចាស់ដីលោកឧកញ៉ា ស៊ួន គឹមស្រ៊ុន និងអាជ្ញាធរពា​​ក់​​ព័ន្ធចូលរួមដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ព្រោះថាបញ្ហានេះកំពុងគំរាមកំហែងសេដ្ឋកិ​ច្ច​​ពួកគេ។ 

បើតាមលោក ហ៊ីង សំណាង ជាក់ស្តែងលោកត្រូវបង់ការឱ្យធនាគារមួយខែ៨០០ដុល្លារអាមេរិក ដោយ​​សា​​​​រ​​ត្រូវសងបំណុលធនាគារ៥ម៉ឺនដុល្លារដើម្បីបង្គ្រប់ជាមួយលុយសន្សំជាយូរមកហើយ។

លោកបន្តថា៖«ខ្ញុំចង់ឱ្យគាត់(លោក ស៊ួន គឹមស្រ៊ុន)មកដោះស្រាយ ពីព្រោះឥឡូវគាត់បានដាក់ពាក្យប្តឹងរំលាយកិច្ចសន្យាដើម្បីយកដីគាត់វិញ ហើយគាត់នឹងប្រហែលជាអាចប្រឈមវាយផ្ទះខ្ញុំចោល»។

គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបពីលោក ស៊ួន គីមស្រ៊ុន ជាម្ចាស់ដីដែល​កំពុង​​មា​​ន​​ទំ​​នាស់ជាមួយម្ចាស់បុរីទ្រីគីម បានភ្លាមៗទេ គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកានេះ។

ចំណែក មន្ត្រីផ្នែករដ្ឋបាល នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិន​មែន​​ធ​​នា​​​​គារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ធាម សុផានិត បានបញ្ជា​​ក់​​ដោ​​យ​​​ខ្លីថា សំណើដែលប្រជាព​​ល​​រដ្ឋបានដាក់ទៅនិយ័តករ លោកបានបញ្ជូនបន្តទៅកាន់ផ្នែកដោះស្រាយទំនាស់រួចរាល់ហើយ។ 

លោកបញ្ជាក់ថា៖«ឯកសារដែលពួកគាត់បានដាក់មក ពួកខ្ញុំបានបញ្ជូនទៅខាងអ្នកដោះស្រាយវិវាទឱ្យគាត់ដោះស្រាយបន្តហើយ»។ 

លោក ហេង ទ្រី ដែលគេស្គាល់ថាជាម្ចាស់ បុរីទ្រីគ្រី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២​​០​​២​៣​ ក្រោមបទចោទ«រំលោភទំនុកចិត្ត និងចេញមូលប្បទានគ្មានទឹកប្រាក់ »។សព្វថ្ងៃម្ចាស់បុរីនេះកំពុងឃុំ​​ខ្លួន​​​​បណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

យ៉ាងនេះក្តី នាយកបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត មានប្រសាសន៍ថានេះអាចចាត់ទុកជាវិបត្តិមួយដែលអាជ្ញាធរត្រូវតែពិនិត្យឱ្យបានច្បាស់លាស់មុននឹងអនុ​​ញ្ញា​​​តឱ្យ​​មា​នការវិនិយោគផ្នែកអចលនទ្រព្យ ព្រោះលោកថាករណីនេះអាចក្លាយជាបទពិសោធន៍មួយដែលបង្ហាញពីភាពមិនច្បាស់ការសម្រាប់ម្ចាស់ដី និងម្ចាស់គម្រោងលក់បុរី ដែលបង្កការលំបាកដល់រដ្ឋាភិបាលក្នុងការដោះស្រាយ។ 

ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធគួរណាស់ស្រាក់ដៃគ្នា ក្នុងការដោះស្រាយបញ្ហានេះឱ្យបានលឿន បើពុំដូ​​ច្នេះ​​​​​​ទេលោកថាអ្នកដែលរង់ផលប៉ះពាលគឺជាអតិថិជនទៅវិញទេ។

លោកបន្តថា៖«នេះវាជារឿងមួយដែលពិបាក បើទុកឱ្យប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុនដោះស្រាយ វាអត់អាចទៅរួចទេ អ៊ឹចឹងវាគួរណាស់តែអាជ្ញាធរពាក់ព័ន្ធចូលរួមក្នុងការសម្របសម្រួលណាមួយដែលអាចធ្វើឱ្យមានដំណោះស្រាយសមស្រប ដែលអាចទទួលយកបានទាំងអស់គ្នា »។ 

នេះមិនមែនជាលើកទី១ទេ ដែលអតិថិជនបុរីទ្រីគីមគម្រោងទី១០ ផ្ទុះការតវ៉ាទាមទារឱ្យមានការដោះស្រាយ។ កាលពីថ្ងៃទី០៣ និងថ្ងៃទី០៦ ខែតុលាកន្លងទៅ ក៏ពួកគេបានមកប្រមូលផ្តុំគ្នាឈរមុខសាលាខណ្ឌដង្កោ និងលើកបដារស្នើឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ម្តងហើយដែរ ដោយថាបានទិញផ្ទះបង់រំសល់ផ្ទះក្នុងបុរីខាងលើនេះ ដោយមានកិច្ចសន្យាពីម្ចាស់បុរីត្រឹមត្រូវ ប៉ុន្តែនៅដើមខែមករា ឆ្នាំ២០២៣ ម្ចាស់ដីបានបិទផ្លាក ហាមមិនឱ្យម្ចាស់បុរីសាងសង់បន្ត ខណៈនៅអំឡុងខែកញ្ញាកន្លងទៅនេះ ម្ចា​​ស់​​បុរីទ្រីគីម ក៏ត្រូវឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស ក្រោមបទចោទ «រំលោភទំនុកចិត្ត និងចេ​​​​មូលប្បទានគ្មានទឹកប្រាក់ »៕​