លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត លើកឡើង​ថា ​សមាគម​កាយ​ឫទ្ធិនារី​កម្ពុជា ជា​យន្តការ​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ ដើម្បី​​ជំរុញ​​ការលើក​កម្ពស់ និង​ការ​​ចូល​រួម​របស់​ស្ត្រី​​ក្នុង​សង្គម ខណៈ​​សង្គម​ស៊ីវិល​​បន្ត​ទាមទារ​ឱ្យ​មាន​ការ​បង្កើន​ឱកាស​ជូន​ស្ត្រី​​ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ។

ក្នុង​ពិធី​បើក​មហា​សន្និបាត​​មិត្ត​កាយឫទ្ធិ​​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​​ខេត្ត​សៀមរាប នា​ថ្ងៃទី​០៥ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២៣ លោក ហ៊ុន​ ម៉ាណែត ​ថ្លែងថា សមាគម​កាយឫទ្ធិ​នារី​​​​កម្ពុជា​​មាន​បេសកកម្ម​​ក្នុងការ​សម្រេច​ឱ្យ​បាន​​ចំពោះ​កុមារី ស្ត្រីវ័​យក្មេង​កម្ពុជា​រស់នៅ​ក្នុង​សីលធម៌ សេរីភាព សមធម៌ សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌ និង​​អត្តសញ្ញាណ​របស់​ខ្លួន។

លោកនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ៖ «តាម​​រយៈ​​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់​កាលទី១​ ​យើង​នឹង​ពង្រឹង​ភាព​ជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ ដែល​​មាន​អរិយធម៌​ខ្ពស់ ​ប្រកប​ដោយ​សីលធម៌ សមធម៌ និង​បរិយាបន្ន ដែល​​ក្នុង​នោះ​ស្ត្រី គឺ​ជា​ស្នូល យើង​នឹង​ជំរុញ​ការ​ចូល​រួម​របស់​យុវតី​ក្នុង​ការ​កំណត់​​ជោគ​វាសនា​របស់​ប្រទេស​​ជាតិ ដែល​មាន​សមាគម​​កាយឫទ្ធិ​នារី​នេះ ​ជា​យន្តការ​ដ៏​ចម្បង​មួយ»។

លោក​ ហ៊ុន ម៉ាណែត ក៏​ប្រកាស​គាំទ្រ និង​អំពាវ​នាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ​ចូល​រួម​ជា​មួយ​ចលនា​នៃ​សមាគម​កាយឫទ្ធិ​នារី​​​​កម្ពុជា​ ដើម្បី​សម្រេច​ឱ្យ​បាន​បេសកកម្ម​នេះ។​

លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នង​ការ​នៃ​សមាគម​កាយឫទ្ធិ​នារី​​​​កម្ពុជា​ និង​ជា​សមាជិក​មិត្ត​កាយ​ឫទ្ធិនារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លើក​ឡើងថា​ ចលនា​កាយឫទ្ធិ​នារី​ គឺ​ជា​សកម្មភាព​ក្រៅ​រដ្ឋាភិបាល​ ​មិន​ប្រកាន់​បក្សពួក​ វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ​​ និង​ជា​ចលនា​កើត​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត​ផ្ទាល់​​របស់​​សមាជិកា​ម្នាក់​​ៗ​ ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំ​ក្នុង​រូបភាព​ណា​មួយ​ឡើយ​។

​លោកស្រី ពេជ ចន្ទមុន្នី ​ដែល​ជាភរិយា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តថា ​ចលនា​កាយឫទ្ធិ​នារី​ មិន​ត្រឹម​តែ​មាន​គោល​ដៅ​ផ្តល់​ភាព​សប្បាយ​រីករាយ​សម្រាប់​កុមារី​ និង​យុវតី​ ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​សកម្មភាព​អប់រំ​ក្រៅ​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​ឱកាស​កុមារី​ និង​យុវតី​ ​សាក​ល្បង​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ផ្សេង​​ៗ​ ដើម្បី​កសាង​ទំនុកចិត្ត​ និង​ការ​ចាប់​អារម្មណ៍​របស់​ពួក​គេ​លើបញ្ហា​សង្គម​ ​​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​​។

Newsroom Cambodia បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​​សមាគម​កាយឫទ្ធិ​នារី​​​​កម្ពុជា ​ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប​។

បើតាម​លោកស្រី ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិក​មិត្ត​កាយឫទ្ធិ​នារី​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​បានចូលរួម​ក្នុង​​ពិធី​បើក​មហា​សន្និបាត​​មិត្ត​កាយឫទ្ធិ​​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លើក​ឡើង​ថា ​ក្នុង​ឆ្នាំ​២០១៨ ​សមាជិក​មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​ប្រចាំ​កម្ពុជា​ មាន​ត្រឹម​តែ​​២០​ ​នាក់​ប៉ុណ្ណោះ​ ហើយ​បច្ចុប្បន្ន​មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​ប្រចាំ​កម្ពុជា កើន​ឡើង​ជាង​ ១,០០០%។

លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល​លើកឡើង​ថា រាជរដ្ឋាភិបាល​មាន​គោល​នយោបាយ​ប្រមូល​ផ្តុំ​កម្លាំង​មហាសាមគ្គីជាតិ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស ដោយ​មិនរើសអើ​ង​ស្ថាប័ន ឬ​អង្គការ​ណា​នោះ​ទេ។​

លោក ប៉ែន បូណា បន្ថែមថា៖ «រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​លើក​កម្ពស់​សមភាព​យេនឌ័រ​តាមរយៈ​ការផ្តល់​តម្លៃ​ដល់​ការចូលរួម​របស់​ស្ត្រី​ក្នុង​គ្រប់​សកម្មភាព​ទាំង​សង្គម សេដ្ឋកិច្ច និង​នយោបាយ»។

ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ពី​សារសំខាន់​នៃការ​ចូលរួម​របស់​សមាគម​កាយឫទ្ធិ​នារី​​​​កម្ពុជា​ក្នុង​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រដ្ឋាភិបាល ​​​​​ លោកស្រី អេង ចាន់ឌី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) យល់ថា​ ការលើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ជារឿង​សម​ហេតុផល​មួយ​ ដែល​សមាគម​កាយឫទ្ធិ​នារី​​​​កម្ពុជា អាច​ជួយ​លើក​មុខមាត់​ប្រទេស​ក្នុង​កិច្ចការ​យេនឌ័រ និង​លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្ត្រី​នៅ​កម្ពុជា។ ប៉ុន្តែ​អ្នកស្រី​ថា ​​​ការលើក​កម្ពស់​ស្រ្តី គឺ​ត្រូវ​ធ្វើ​ឡើង​សម្រាប់​ស្រ្តី​គ្រប់គ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។​

លោកស្រី អេង ចាន់ឌី បន្តថា៖ «ការផ្តល់​ឱកាស​ឱ្យ​ស្ត្រី មាន​ន័យ​ថា​ការបង្កើន​ឱកាស​ឱ្យ​បាន​កាន់​​តែ​ច្រើន។ ហើយ​ឱកាស​នោះ គឺ​មិនមែន​សម្រាប់តែស្ត្រី​ដែល​គាត់​មានឱពុក ឬ​ម្តាយ​ដែល​ធ្លាប់​ជា​អ្នក​ដឹក​នាំ​ទេ គឺ​ឱកាស​សម្រាប់​ស្ត្រី​ផ្សេងៗ​ទៀត​ផង​ដែរ មិន​ថា​ស្ត្រី​ដែល​មាន​ពិការភាព ស្ត្រី​ដែល​មកពី​ជនប​ទ តំ​បន់​ដាច់​ស្រយាល អ្នក​ដែល​ស្រលាញ់​ភេ​ទ​ដូចគ្នា ជនជាតិ​ដើម​ភាគ​តិច»។

លោកស្រី អេង ចាន់ឌី មើល​ឃើញ​ថា ជា​ទូទៅ​ស្ត្រី​ដែល​គាត់​មាន​ពិការភាព ឬ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ និង​អ្នក​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា្ន​ តែង​មាន​ឱកាស​តិចតួច បើធៀប​​នឹង​ស្ត្រី​ដែល​រស់​នៅ​ទីក្រុង ឬ​​រៀន​នៅ​មហា​វិទ្យាល័យ ឬ​មក​ពី​គ្រួសារ​ដែល​គាត់​មាន​ជីវភាព​ធូរធារ​ ឬ​មាន​អំណាច។

បើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលចំនួន ៥ ​ចេញ​កាលពី​ខែ​សីហា ឆ្នាំ​២០២៣​លើកឡើងថា ស្ត្រី​ដែល​ជា​សមាជិករដ្ឋសភា នីតិកាលទី៧ មានចំនួន ១៦រូប ស្មើនឹង​១២,៨ នៃ​ចំនួន​សមាជិករដ្ឋសភា​សរុប ១២៥រូប។ ​ចំនួនស្ត្រីដែលជាសមាជិករដ្ឋសភា នីតិកាលទី៧ បាន​ថយ​ចុះ ៨% បើ​ធៀប​នឹង​ចុង​នីតិកាលទី៦​ ដែលមាន​ស្ត្រីជាសមាជិករដ្ឋសភាចំនួន ២៦រូប ស្មើនឹង​២០,៨% នៃ​ចំនួន​សមាជិក​រដ្ឋសភាសរុប ១២៣រូប។

ចំនួនស្ត្រីដែលជាសមាជិករដ្ឋសភា និង​ការ​ថយ​ចុះ​ខាង​លើ សង្គម​ស៊ីវិល​ទាំង​៥យល់​​ឃើញ​ថា មិនទាន់ឆ្លើយតបគ្រប់គ្រាន់នូវភាពជាតំណាងរបស់ស្ត្រី និងខ្វះ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​អ្នក​ដឹកនាំក្នុងការបង្កើនតំណាងជាស្ត្រីជាប់ឆ្នោត ដែលនាំឱ្យ​ប៉ះពាល់​ដូច​ជា មិន​អាច​សម្រេច​បាន​គោលដៅសមភាពយេនឌ័រ កង្វះការឆ្លើយតប​នឹង​តម្រូវ​ការ​យេនឌ័រ​ និង​បង្អាក់​ទឹក​ចិត្ត​ស្ត្រី​ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​សង្គម​៕​