បណ្ដាញសង្គមកំពុង​​មានការ​និយម​ប្រើប្រាស់​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវវ័យ។ ហើយ​ស្ទើ​ជារៀងរាល់ថ្ងៃ គេ​កត់​សម្គាល់​ឃើញ​ថា ចំនួន​កុមារ​ប្រើប្រាស់​​បណ្ដាញស​ង្គមមានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេល​ដែល​បណ្ដាញសង្គម​កំពុ​ង​តែជះ​ផ​ល​អ​វិ​ជ្ជ​មា​ន​យ៉ា​ង​ខ្លាំ​ង​ដ​ល់​កុ​មា​រ​ក​ម្ពុ​ជា​នា​ពេ​ល​ប​ច្ចុ​ប្ប​ន្ន។

ខាង​ក្រោម​នេះគឺ​ ​ជា​កិច្ច​សម្ភាសន៍​ផ្ទាល់​រវាង​លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា ជា​មួយ​លោកថុង វណ្ណយ៉ារ៉ូ សិ​ក្ខា​កាម​មក​​ពី​​ញូសន៍រូម​ខេម​បូ​ឌា (​Newsroom Cambodia)៖

Q: ជម្រាប​សួរលោក មាស ប៊ុនលី​​​​!​

A: បាទ​!​ ជម្រាប​សួរប្អូន។

Q: តើអ្វីទៅជាបណ្ដាញសង្គម?

A: បណ្ដាញសង្គម គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឲ្យមនុស្សទូទៅក៏ដូចជា ប្រជាពលរដ្ឋ​មក​រួមរស់ជាមួយគ្នាក្នុងបរិបទមួយ អាចថា ជាប្រព័ន្ធ​អនឡាញជាមួយគ្នា​ ដែល​អាច​មាន​លទ្ធភាព​ក្នុងកា​រចែករំលែកមាតិកា និងការបញ្ចេញយោបល់ផ្សេងៗទៅតាមប្រធានបទមួយៗ ដែលពួកគេមានចំណាប់អារម្មណ៍ អញ្ចឹងបណ្ដាញសង្គមមានតួនាទីឬក៏មុខងារ ទំនាញ​ដែល​អ្នក​ប្រើប្រាស់​អាចប្រើប្រាស់ទៅតាម​គោល​បំណងរៀងៗខ្លួន ដូចជា​ការសិក្សា ការទំនាក់ទំនង​ធម្មតា​ជា​ល​ក្ខណៈគ្រួសារ និងមិត្តភក្កិ ការចែករំលែកអំពីបញ្ហាដែលពួកគាត់ចាប់អារម្មណ៍ ឬក៏អាចជាការចែករំលែកអំពីយុទ្ធនាការផ្សេងៗទៅតាមប្រធានបទដែលគាត់ចាប់អារម្មណ៍ ។

Q: តើកុមារប៉ុន្មានភាគរយ និងមានអាយុចន្លោះពីប៉ុន្មានដែលកំពុងប្រើបណ្ដាញសង្គម?

A: ប្រទេសកម្ពុជាយើងហ្នឹង​​ស្ថិតនៅក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែល​មានចំនួន​អ្នកប្រើប្រាស់​បណ្ដាញសង្គមច្រើនមានន័យថា​ ​មាន​ការ​ប្រើប្រាស់​​ជាលក្ខណៈសកម្ម។ ហើយ​នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងផងដែរ។​ យុវវ័យភាគច្រើនប្រើប្រាស់​បណ្ដាញ​សង្គម​ជា​រៀងរាល់​​ថ្ងៃ​​តែម្ដង យើងមានការសិក្សាមួយដែលធ្វើឡើងដោយ ការការពារ​រវាង​អង្គការ UNICEF និង​ក្រុម​ប្រឹក្សា​ជាតិ​កុមារ​បានរកឃើញថា យើង​មាន​ក្មេងអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំ ចំនួន៨០​ភាគរយជាអ្នកប្រើប្រាស់អ៊ីនធឺណិត ប៉ុន្តែ​បើ​យោង​តាម​ភាព​ជាក់​ស្ដែង​របាយការណ៍​នេះ​បាន​ឲ្យឃើញថា មានកុមារ និងក្មេងជំទង់ច្រើនជាងនេះ ដែល​កំពុង​ប្រើប្រាស់​បណ្ដាញសង្គមផ្សេងៗនៅក្នុងប្រទេសកម្ពុជា ។

Q: តើ​​បណ្ដាញ​សង្គម​​មាន​ឥទ្ធិពល​បែបណា​ខ្លះទៅ​លើ​កុមារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន?

A: បើនិយាយអំពីកុមារមានវ័យជំទង់ដែលមានអាយុចាប់ពី១២​ឆ្នាំឡើងទៅ បណ្ដាញ​សង្គម​បាន​ផ្ដល់​ផល​វិជ្ជមាន​​អាច​ផ្ដល់​ឱ្យពួកគាត់​នៅការសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរចំណេះដឹង និង​ទទួល​​ព័ត៌មាន ប៉ុន្តែបើនិយាយអំពីផលប៉ះពាល់អវិជ្ជមានវិញ ទីមួយគឺបាត់បង់នូវការផ្ដោត អារម្មណ៍​និងស្មារតីរបស់គាត់ ធ្វើឱ្យគាត់លែងផ្ដោតលើបរិស្ថានដែលនៅជុំវិញខ្លួនគាត់ លែង​ផ្ដោត​ទៅលើគ្រួសារ​ ឬ​ក៏​ការងារ​សំខាន់ៗ​របស់​គាត់ជាពិសេសដូចជាការរៀនសូត្រជាដើម ហើយ​អ្វីដែលកាន់តែ​ផ្ដល់​ផល​វិជ្ជមាន​ជាង​នេះ​ទៀត​នោះគឺ​គាត់​អាច​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​បំពាន ការលួងលោម​នៅ​លើប្រ​ព័ន្ធ​អនឡាញ។

មាន​ការសិក្សា​​ច្រើន​ដែល​បាន​បង្ហាញ​អំពី​បញ្ហា​នេះ ​យើង​ឃើញថាអ្នក​ប្រើប្រាស់​​មាន​ប្រហែល​ជា​១៦ភាគរយ​នៃ​យុវជន​ធ្លាប់​បាន​ទទួល​រងគ្រោះពី​រឿ​ងទាក់ទងទៅនឹង​ផ្លូវភេទ អាច​និយាយ​បាន​ថា​ចាប់ផ្ដើមពីពាក្យសម្ដីឡើង​​រហូត​ដល់​រាង​កាយ​ជាដើម​ ដែល​ចាប់ផ្ដើម​ចេញ​ពី​បណ្ដាញ​សង្គម។​ អញ្ចឹងយើងឃើញមានបញ្ហាច្រើនដែលពួកគាត់បានរងគ្រោះហើយមួយវិញទៀត យើង​មើលឃើញ​ថា​ពួកគាត់​ក៏​ជាជ​នរងគ្រោះ​នៃ​ព័ត៌មាន​មិន​ពិត​ដែល​អាច​ធ្វើ​ឲ្យ​ពួកគាត់​ធ្លាក់​ទៅ​ក្នុង​ការរំលោភ​បំពាន ចាញ់បោកគេនឹងអាច​ធ្វើឲ្យគាត់ជួយផ្សព្វផ្សាយព័ត៌មានមិនពិត។​ មួយ​វិញ​ទៀត​ផល​​អវិជ្ជមាន​ទាក់ទង​ទៅនឹ​ងសុខភាពផ្លូវចិត្ត​កើតឡើងព្រោះតែការប្រើប្រាស់​បណ្ដាញ​សង្គម​ដែលគ្មាន​គោលដៅ​ច្បាស់លាស់​ក្នុង​រយៈពេល​យូរ​ធ្វើឱ្យ​សុខភាព​ផ្លូវ​ចិត្ត​ធ្លាក់​ចុះខ្លាំ​ងមែន​ទែន​ ដូចជា​ការឃើញ​​​នូវ​ព័ត៌មាន​ផ្សេងៗ​​ដែល​​ធ្វើ​​ឲ្យ​ផ្លូវ​ចិត្ត​​របស់​គាត់​មាន ការស្រម៉ៃ ការប្រៀបធៀប​​ដែល​អាច​ធ្វើ​ឲ្យសុ​ខភាព​ផ្លូវ​ចិត្តគាត់ធ្លាក់ចុះ បន្ថែម​ពីនេះ​ទៀត​គាត់​អាច​ក្លាយ​​​ជា​ជនគោល​ដៅដែលងាយស្រួលសម្រាប់ ជនប្រព្រឹត្ត​បទល្មើស​រំលោភ​បំពាន​ផ្លូវភេទ កេង​ប្រវ័ញ្ច និង​ការលួងលោម​ដែល​ក្នុង​នោះ​​ផល​​ប៉ះ​ពាល់​មានទាំង​វិជ្ជមាន​ ​និង​អវិជ្ជមាន។

Q: តើកុមារកម្ពុជាប្រឈម​​នឹង​បញ្ហា​អ្វី​ខ្លះ នៅពេល​ដែល​ពួកគេ​ប្រើ​បណ្តាញ​សង្គម?

A: កុមារកម្ពុជា​មានបញ្ហាច្រើន។​  ប្រសិន​បើផ្ដោត​លើ​បញ្ហា​អវិជ្ជ​មាន ទីមួយ​កុមារ​អាច​ក្លាយ​ទៅ​ជា​ជន​គោលដៅ​មាន​ន័យ​ថា កាលណា​​កុមារផ្សា​រភ្ជាប់​ទៅ​ជាមួយ​បណ្ដាញសង្គម​គេ​អាច​ធ្វើការ​ទំនាក់ទំនង​មកកាន់គាត់បាន ដែលបង្ក​ជាភាពងាយស្រួលក្នុងការប្រើប្រាស់ និង​បោកបញ្ឆោត​ឬក៏​អាចឈានទៅដល់ការរំលោភបំពាន​ លួងលោម។ ហើយប្រសិនបើ​គ្មាន​បញ្ហា​នេះ​កើត​ឡើង​នោះ​ទេ ក៏​ពួកគាត់​អាច​ក្លាយ​ជា​ជនរងគ្រោះនៃ​បញ្ហាផ្លូវចិត្ត ពីព្រោះកា​រប្រើប្រាស់​បណ្ដាញ​​សង្គម ពីព្រោះពួកគាត់ទទួលបានព័ត៌មានច្រើនពីមួយថ្ងៃទៅមួយថ្ងៃហើយ​មិនមែន​ជាព័ត៌មាន​ដែលបង្ក​​ឲ្យ​​មានភាពសប្បាយរីករាយ និង​ការរីកចម្រើន​ទៅលើការគិត​របស់​ពួកគាត់​​នោះ​​ទេ​ដែល​អាច​ធ្វើឲ្យពួកគាត់មានលក្ខណៈថប់អារម្មណ៍ និង​​បាក់ទឹកចិត្ត ដែល​ជា​ប្រភព​មួយ​ធ្វើ​ឲ្យ​បាត់បង់នូវ​ការលូតលាស់របស់​កុមារ ដូចជា​កុមារ​លែងលេង​ល្បែង​ពិត​ប្រាកដ ប៉ុន្តែ​បែរ​ជា​ងាក​ទៅលេង​ល្បែងអនឡាញ ហើយ​លែង​និយាយ​ជាមួយ​គ្រួសារ ហើយ​បែរ​ជា​ងាក​ទៅ​និយាយលេងជាមួយនឹងមិត្តភក្កិអនឡាញដែលធ្វើឲ្យបាត់នូវ​សមត្ថ​ភាព​នៃ​ការទំនាក់​ទំនង​ក្នុងការ​រស់នៅក្នុងសង្គមដែលអាចធ្វើឲ្យក្លាយជាប្រភពនៃបញ្ហាផ្លូវចិត្ត។

Q: ហេតុអ្វី​បាន​ជា​បញ្ហា​ទាំង​នោះ​បន្ត​កើត​មាន​លើ​កុមារ?

A: ទាក់ទងនឹងបញ្ហានេះ វា​នៅ​តែ​បន្ត ពីព្រោះថា​ការប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​នៅតែ​បន្ត​ដោយ​ពុំមា​នចំណេះដឹងដែលទាក់ទង​ទៅនឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ ឬ​បណ្ដាញសង្គម​មិន​បាន​ត្រឹមត្រូវ ហើយ​វា​ក៏ជា​បញ្ហាលំបាកផងដែរ ព្រោះថា ការប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​គឺជា​​រឿ​ងផ្ទាល់ខ្លួនដែលធ្វើដោយការស្ម័គ្រចិត្ត ដូច្នេះវាពិបាកក្នុងការគ្រប់គ្រង។​ ហើយ​មួយវិញ​ទៀត​ក្រុមហ៊ុន​បណ្ដាញសង្គមដែលក្នុងនោះ​មានក្រុម​ហ៊ុនច្រើនដូចជា Tik Tok Facebook Instagram និងបណ្ដាញសង្គមផ្សេងៗទៀត ក្នុងនោះគោលដៅរបស់គេគឺចង់ឲ្យមានអ្នកប្រើ​ប្រាស់ច្រើន អញ្ចឹងការរៀបចំ ក៏ដូចជាការរចនាគឺដើម្បី​ទាក់ទាញ​យុវជន ក៏​ដូចជា​កុមារ​ក្នុង​ការប្រើប្រាស់។ អញ្ចឹង​សរុបសេចក្តីមកវិញ​ បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​ឡើង​ ដោយសារ​ចំណេះដឹង​​របស់យើងនៅមានកម្រិត ហើយយើងត្រូវតែ​បន្តផ្សព្វផ្សាយអប់រំគ្នាទៅវិញទៅ​មក។​

​ហើយ​​ទាក់ទង​នឹង​អាជ្ញាធរ និង​រាជរដ្ឋាភិបាល ក៏​ត្រូវ​បង្កើន​គោលការណ៍​ណែនាំ​ទៅ​លើ​បញ្ហា​នេះ​ផង​ដែរ ព្រោះប​ញ្ហានេះ​គឺជា​រឿង​ក្តៅគគុក​ដែ​លត្រូវដោះ​ស្រា​យ​ដើម្បី​ធានា​ថា កុមារ​មាន​សុវត្ថិភាព​នៅ​លើបណ្ដាញសង្គម។

Q: តើ​អ្នកពាក់ព័ន្ធ​គួរ​ធ្វើ​បែប​ណា​ដើម្បី​ទប់​ស្កាត់ និង​ការពារ​កុមារ​ពី​បញ្ហា​ទាំង​នោះ?

A: សម្រាប់ UNICEF អ្វីដែលយើងចង់បានបំផុតគឺកុមារ ក្មេងជំទង់ យុវជន និងអ្នកប្រើប្រាស់​ទូទៅ​មាន​សុវត្ថិភាព​​នៅលើ​ប្រព័ន្ធ​អន​ឡា​ញ។​ ហើយយើងចង់ឃើញថា​ប្រព័ន្ធ​អនឡាញ និង​បណ្ដាញសង្គម​នឹង​ក្លាយ​ជាឧបករណ៍មួយជាជំនួយផ្ដល់នូវផលវិជ្ជមាន​ដល់ការសិក្សា​ការរស់នៅ​ ការស្រាវជ្រាវ ការទំនាក់ទំនង។ អញ្ចឹង​យើងនឹ​ង​បន្តការផ្សព្វផ្សាយ​អប់រំ​ទៅ​ដល់​កុមារ និង​យុវជន​ឱ្យ​មាន​ចំណេះ​ដឹ​ង​ មូលដ្ឋាន​សម្រាប់​ពួកគាត់​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​​ទាំង​នោះ​ឲ្យ​មាន​សុវត្ថិភាព។ ហើយយើងក៏បានធ្វើការជាមួយអង្គការក្រៅ​រដ្ឋា​ភិបាល ក៏ដូចជា​រដ្ឋាភិបាល​ក្នុង​ការបង្កើត​នូវ​ប្រព័ន្ធ​រាយការណ៍​ដែល​មាន​លេខ​ទូរស័ព្ទ​ជាដើម សម្រាប់​​ឲ្យ​ពួកគាត់​ធ្វើការទាក់ទង​នៅពេល​ដែល​មាន​បញ្ហា ឬ​ក៏មុនពេលដែលមានបញ្ហាហើយ UNICEF ក៏បានបង្កើតនូវយុទ្ធនាការទាក់ទងជាមួយនឹងបញ្ហាអនឡាញដែលពាក់ព័ន្ធទៅនឹង​សុខ​ភាព​ផ្លូវចិត្តដល់កុមារដើម្បីធ្វើយ៉ាងណាឲ្យកុមារមានសុវត្ថិភាព មួយវិញទៀត UNICEF កំពុងធ្វើការជាមួយរាជរដ្ឋាភិបាល​ និង​ក្រ​សួង​ដែល​ពាក់ព័ន្ធ​ក្នុង​ការផ្ដល់​នូវ​គោលការណ៍​ណែនាំ ក៏​ដូចជា​ក្រប​ខណ្ឌ​ច្បាប់​ផង​ដែរ ដើម្បី​ជួយដ​ល់​កុមារ​ឲ្យ​ទទួល​បាន​សុវត្ថិភាព​នៅ​ពេល​ដែល​ពួកគាត់​ប្រើប្រាស់ប្រព័ន្ធអនឡាញ។

Q:  បាទ! សូម​អរគុណ​ មាស​ ប៊ុនលី​!

A:  បាទ!​ អរគុណ៕