សាលាអនុគណក្រុងសៀមរាប​​អះអាងថា ការ​មិនអនុញ្ញាតឱ្យព្រះសង្ឃ តាជី យាយជី និងក្មេងវត្ត សរុប​១៧១ អង្គនាក់ បន្ត​គង់ និងស្នាក់នៅវត្តពោធិលង្កា ខេត្តសៀមរាប ដោយមូលហេតុដើម្បី​​រៀបចំរចនាសម្ព័ន្ធថ្មី។​

កាលពី​ដើម​ខែ​វិច្ឆិកា មានការ​​ប្រកាស​ពី​ការ​បិទ​វត្តពោធិលង្កា ​ក្នុង​ខេត្តសៀមរាប ជា​បណ្តោះអាសន្ន និង​ត្រូវបាន​ផ្សព្វផ្សាយ​លើបណ្តាញ​សង្គម។ អ្នកប្រើ​បណ្តាញ​សង្គម​បាន​​បញ្ចេញ​​យោបល់​ផ្សេងៗ​គ្នា ​ហើយ​នៅថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ​គណៈសង្ឃនាយកនៃកម្ពុជា​បាន​ចេញ​សេចក្តីបំភ្លឺ​ថា ​គណៈសង្ឃ​ក្នុងវត្តពោធិលង្កា​មិនមាន​សាមគ្គីភាព បង្កជាក្រុមបក្សពួក អនាធិបតេយ្យ មិន​គោរព​ធម៌វិន័យ​បាត់បង់​សណ្តាប់ធ្នាប់ និង​អភិសមាចារ​ធ្វើឱ្យ​ប៉ះពាល់​ដល់​តម្លៃ និងសេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា។

សេចក្តីបំភ្លឺរបស់គណៈសង្ឃនាយក​បន្តថា ក្រោយពេលរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើយវិញរួច ទើប​តម្រូវ​ឱ្យ​មាន​ការនិមន្ត និងអញ្ជើញ ព្រះសង្ឃ អាចារ្យ និងដូនជីដែល​​ស្នាក់អាស្រ័យ​នៅ​តាម​បណ្តា​វត្ត​ផ្សេងៗ​ឱ្យ​ចូល​មក​ស្នាក់​អាស្រ័យ​នៅ​ជា​ប្រក្រតីឡើងវិញ។​

យោងតាមសេចក្តីសម្រេចលេខ ១០៧/២៣ ​ពីគណៈសង្ឃនាយកកម្ពុជា ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មាន​ខ្លឹម​សារថា ព្រះមេគណ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បីរំសាយរចនាសម្ព័ន្ធគ្រប់គ្រងវត្តពោធិលង្កា (ពោធិ៍លើ) ដែល​​មានទីតាំងស្ថិតនៅសង្កាត់ស្លាក្រាម ក្រុងសៀមរាប ខេត្ត​សៀមរាប ហើយត្រូវរៀបចំរចនាសម្ព័ន្ធថ្មីសម្រាប់គ្រប់គ្រង និងអាចារ្យវត្តជាបណ្ដោះ​អាសន្ន ដើម្បីដឹកនាំការងារព្រះពុទ្ធសាសនា រហូតមានការសម្រេចតែងតាំងជាផ្លូវការ។

សេចក្តីសម្រេច​របស់​គណៈសង្ឃនាយក​បញ្ជាក់ថា៖ «ព្រះមេគណ ត្រូវរៀបចំឱ្យសមណសិស្សដែលកំពុងសិក្សា មានកន្លែងគង់ស្នាក់នៅបន្តការសិក្សាក្នុងវត្តណាដែលមានសាលាពុទ្ធិកសិក្សា»។

សេចក្តីសម្រេចខាងលើ​ក៏បាន​​បញ្ចប់​តំណែង​គណៈសង្ឃវត្តពោធិលង្កា ៤ អង្គ មានដូចជា ភិក្ខុ កែវ ខូយ ជាចៅ​អធិការវត្ត​ ភិក្ខុ ពេជ្រ ដេវីឌ ជាគ្រូសូត្រស្តាំ ភិក្ខុ ស៊ីញ ស៊ីន ជាគ្រូសូត្រឆ្វេង និងភិក្ខុ សេង សុខុម ព្រះវិន័យធរ។

ផ្អែកតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយកកម្ពុជាខាងលើ សាលាអនុគណ​ក្រុ​ងសៀមរាប​មាន​វិធានការ​រៀបចំ​ចំពោះវត្តពោធិលង្កា មានដូ​ចជា ព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន​៣៨​អង្គ ត្រូវ​និមន្ត​ទៅគង់នៅវត្តរាជបូណ៌។ ហើយព្រះសង្ឃចំនួន​១០២​អង្គទៀត សូម​និមន្ត​ទំនាក់ទំនង​ជាមួយ​សាលា​​អនុគណ​​ក្រុងសៀមរាប​ដើម្បីរកវត្តស្នាក់នៅបន្ត។ ចំណែក​តាជី យាយជី និងក្មេងវត្តចំនួន​៣១នាក់ ស្នាក់​នៅ​វត្ត​រាជ​បូណ៌ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាបដោយផ្ទាល់នៅវត្តទេពពោធិវង្ស ក្រុង​សៀមរាប ដើម្បីបានវត្តស្នាក់នៅបន្ត។ ​

សាលាអនុគណ​ក្រុងសៀមរាប​បញ្ជាក់ថា មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួ​យបន្ត​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ​លង្កាទៀត​ឡើយ។ បើបុគ្គលណាមិនព្រមចាកចេញ សាលាអនុគណក្រុង និងសហការជាមួយកម្លាំងមានសមត្ថកិច្ច អនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ណាមួយឡើយ។ នេះ​​បើ​​តាម​សេចក្តី​ប្រគេន​-ជូនដំណឹង​របស់សាលាអនុគណៈ​ក្រុងសៀមរាប ចុះថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២៣។

ព្រះតេជគុណ ទេព ភៀន ព្រះវិន័យ​ធរ​គណខេត្តសៀមរាប និង​ជា​អ្នក​នាំពាក្យសាលាគណខេត្តសៀមរាប មាន​សង្ឃដីកា​ប្រាប់ Ne​​​w​​s​​r​​o​​om Cambodia នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា វត្តពោធិលង្កា​ត្រូវ​បាន​បិទ​មួយ​រយៈ ដើម្បី​សន្តិសុខ និង​សម្រប​សម្រួល ហើយព្រះសង្ឃ តាជី យាយជី និងក្មេងវត្ត និមន្ត និងចាកចេញអស់ហើយ នៅ​តែ​គណៈកម្មការរៀបចំ​សណ្តាប់ធ្នាប់ និង​មើល​ការខុស​ត្រូវ​បណ្តោះ​អាសន្ន​​នៅក្នុងវត្ត។

អ្នកនាំពាក្យសាលាគណខេត្តសៀមរាប​មានសង្ឃដីកាបន្តថា ជុំវិញការរំសាយរចនាសម្ព័ន្ធគ្រប់គ្រងវត្ត​ពោធិលង្កា ហើយត្រូវរៀបចំរចនាសម្ព័ន្ធថ្មី ដោយសារមានភាពអត់មានការចុះសម្រុងគ្នា ​បែក​បក្សពួកគ្នា បង្រួបបង្រួម​គ្នា​អត់​បាន។

ព្រះ​តេជគុណ​មានសង្ឃដីកាបញ្ជាក់ថា៖ «មធ្យោបាយ គឺត្រូវស្តារវត្តឡើងវិញ ដើម្បីធ្វើ​ការ​កំណែទម្រង់»។

អ្នកនាំពាក្យសាលាគណខេត្តសៀមរាប​រូបនេះ​​មានសង្ឃដីកាបន្ថែមថា ការតែងតាំង​សមាសភាព​គណៈ​គ្រប់គ្រង​វត្ត​ពោធិលង្កា ត្រូវ​ចាំ​មើល​នីតិវិធី​​នា​ពេល​​ខាងមុខ​។

ការរៀបចំសមាសភាពថ្មីនៅវត្ត​ពោធិលង្កា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ចៅ​អធិការ​វត្ត​រាជបូណ៌ ក្រុងសៀមរាប មានសង្ឃដីកាប្រាប់ New​​​s​​r​​o​​om Cambodia នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា​រចនាសម្ព័ន្ធ​នៅវត្ត​ពោធិលង្កាដែល​ត្រូវរៀបចំថ្មី គឺសមាសភាពថ្មីទាំងស្រុង អត់មានអ្នកចាស់ទេ។ ហើយ​ពេល​រៀបចំ​រួចរាល់ ព្រះសង្ឃ តាជី យាយជី និងក្មេងវត្ត​ដែល​ធ្លាប់គង់ និងស្នាក់នៅវត្ត​ពោធិលង្កា ត្រូវត្រឡប់ទៅវិញ។

សម្ដេច ពិន សែម មានសង្ឃដីកាបន្ថែមថា​‌៖ «ការរៀបចំនេះ គឺពុទ្ធចក្រអ្នករៀបចំទាំងស្រុង គ្មាន​អាណាចក្រ​ចូលរួម​ឡើយ សូមកុំយល់ច្រឡំលើរដ្ឋាភិបាល»។

ចំណែក លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មិនបានឆ្លើយតបសំណួរពី Newsroom Cambodia អំពី​មូលហេតុនៃការរៀបចំរចនាសម្ព័ន្ធថ្មី ការរៀបចំដោយរបៀបណា និងពេលណាដែលត្រូវរៀបចំ​ឡើយ​។

លោក សោ គន្ធា មន្ត្រីអធិកានៃមន្ទីអប់រំខេត្តសៀមរាប​លើកឡើងថា វត្តពោធិលង្កា​មាន​បញ្ហា​​​​ជាង ២០​ឆ្នាំ​មក​ហើយ។ លោក​ថា កន្លង​ទៅ​គ្រូសូត្រស្តាំ​ប្រព្រឹត្តបទល្មើស ហើយសមត្ថកិច្ចចាប់បាន និងត្រូវ​ចាប់ផ្សឹក។ ហើយ​មិនយូ​រ​ប៉ុន្មានក៏​មាន​គ្រូសូត្រស្តាំស្លៀកស្បង់ខ្លួនឯងមកនៅក្នុងវត្តវិញ ដោយតាំងខ្លួនជាចៅអធិការ រហូត​ដល់​មាន​​​ទំនាស់​ផ្សេងៗ។

លោក សោ គន្ធា​ បន្ថែមថា ការដោះស្រាយវិវាទផ្ទៃក្នុង និងការរំងាប់អាទិករ ដោយគណសង្ឃខេត្តសៀមរាប និង​អាជ្ញាធរ​ចំពោះវត្តពោធិលង្កា ពិតជាដោះស្រាយដោយត្រឹមត្រូវ និងច្បាស់លាស់។ លោក​ថា អាទិករ ឬហៅថា​ វិវាទ​នេះ​មាន​​​ច្រើន​ដូចជា ការបង្កើត​បក្ស​ពួក​សង្ឃ ហើយសង្ឃប្រភេទនេះ គេហៅថា អនន្តរិយកម្ម ធ្វើ​ឱ្យ​សង្ឃ​ឈ្លោះ​គ្នា។

មន្ត្រីអធិការ​នៃមន្ទីអប់រំ​រូបនេះ​បន្ថែមថា៖ «អនន្តរិយកម្ម ​គឺត្រូវតែ​បញ្ចេញ​ព្រះសង្ឃ​ទាំង​អស់ឱ្យគង់ខាងក្រៅសិន ពុទ្ធបរិស័ទ​​គឺ​មាន​អំណាច​សម្រាប់ដោះស្រាយរឿងនេះ បើថាអត់​ទេ មេគុណ អនុគុណ ឬក៏អាជ្ញាធរដែនដីជាអ្នក​មាន​អំណាច  ដើម្បី​ជៀស​វាង​ប្រើអំពើ​ហិង្សា  រៀបចំខាងនៅក្នុងសារថ្មី ប្រសិនពុទ្ធបរិស័ទ​ពេញ​ចិត្តអង្គណា និមន្ត​អង្គ​នោះ​ចូល​វិញ»។

ចំពោះ តេជគុណ ភារម្យ ជាព្រះសង្ឃធ្លាប់គង់នៅវត្តពោធិលង្កា អស់​រយៈពេល ៥ ឆ្នាំ ហើយ​ត្រូវ​បាន​ទៅគង់​បន្តជា​បណ្តោះអាសន្ននៅវត្តស្វាយ ក្រុងសៀមរាប​ មានសង្ឃដីកាថា ព្រះសង្ឃដែលប្តូរពីវត្តពោធិលង្កា ទៅ​គង់​នៅ​វត្តថ្មី គឺកន្លែងធម្មតា ដោយមន្ត្រីសង្ឃខេត្តសៀមរាបបានបែងចែកទៅតាមវត្ត ហើយនៅតាម​វត្ត​នីមួយៗ​បាន​រៀបចំ​ទទួល​ដោយមានទាំងកន្លែងសម្រាក និងចង្ហាន់មាន​គ្រប់គ្រាន់​។​

តេជគុណ ភារម្យ មានសង្ឃដីកាបន្ថែមថា៖ «សម្រាប់ព្រះសង្ឃដែលចេញ គឺចេញតែមួយរយៈទេ ដើម្បី​ឱ្យ​មន្ត្រីសង្ឃ​រៀបចំទីកន្លែឱ្យបានស្អាតល្អ ហើយពេលរៀបចំរួចគេនឹងអនុញ្ញាតឱ្យត្រឡប់ទៅវិញ»។

ចំណែក តេជគុណ​ លឹម​ ប៊ុនថាត​ គង់នៅខេត្តបាត់ដំបង មានសង្ឃដីកាថា បើគិតទៅតាមវិន័យ ប្រសិន​បុគ្គល​ណា​ធ្វើ​ខុស ​គ្រាន់​តែ​មាន​ចំណាប់​ការទៅលើបុគ្គលនោះ ហើយ​វត្ត​ដំណើរការ​ជា​ធម្មតា គឺអត់អាចមានការរំសាយសង្ឃ ឬបំបែក​សង្ឃ។

ចំពោះព្រះសង្ឃដែលប្រព្រឹត្តខុសនូវទោសបញ្ញត្តិ គឺមានគណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ ព្រះវិន័យធរ លោក​ជា​អ្នក​ត្រូវ​ចាត់ចែងកិច្ចការទាំងអស់។ ចំណែកគណៈគ្រប់គ្រងសង្ឃ មានសិទ្ធិតែងតាំង និង​សិទ្ធិ​ដក​តំណែង​​ព្រះចៅ​អធិការវត្ត គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង ព្រះវិន័យធរ ប្រសិន​ប្រព្រឹត្ត​ខុស​នូវ​ទោស​បញ្ញត្តិ ឬ​ច្បាប់​រដ្ឋផ្សេងៗ។

ព្រះអង្គ​បន្តថា ​មន្ត្រីសង្ឃ​មិនគួរ​ឱ្យព្រះសង្ឃ​និមន្តចេញ ឬ​អ្នក​រស់​នៅ​ក្នុង​វត្ត​នោះ មានតាជី​ យាយជី កូន​សិស្ស​ផ្សេងៗត្រូវចេញក្រៅនោះទេ។ ព្រះអង្គថា អ្នកប្រព្រឹត្តអំពើបញ្ហា​ផ្សេងៗដែ​ល​​មាន​តែ​ប៉ុន្មាន​អង្គនោះ គួរតែ ​មានន​​ព្រះវិន័យធរ មន្ត្រីសង្ឃផ្សេងៗដោះស្រាយប៉ុន្មានអង្គនោះចេញទៅបាន​ហើយ មិន​ចាំបាច់​ជម្លៀស​លោក​ចេញក្រៅ​នោះ​ទេ​៕