ក្រសួង​សុខាភិបាល​ក្រើន​រំឮកពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្នជំងឺ​ផ្តាសាយ​បក្សី H5N1 បន្ទាប់​ពី​ស្ត្រី​អា​យុ​ ២១​​​ឆ្នាំ​ម្នាក់​ ​រស់​នៅ​ក្នុ​​ង​ភូ​មិ​ត្រ​ពាំ​ង​ឬ​ស្សី​ ​ឃុំ​ដំ​ណា​ក់​សុ​ក្រំ​ ​ស្រុ​ក​ដ​​ង​ទ​ង់​ ​ខេ​ត្ត​​កំ​​ព​ត​ ​បាន​ឆ្លង​​​​​​វី​រុ​សនេះ​​។​​

​​សេចក្តីប្រកាស​ព័ត៌មាន​របស់​​ក្រសួង​សុខាភិបាល ចេញ​នៅថ្ងៃទី២៤​ ខែវិច្ឆិកាឆ្នាំ២០២៣​ ​បញ្ជាក់ថា កាលពីថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ត្រីអាយុ២១​​ឆ្នាំម្នាក់ រស់នៅក្នុង​ភូ​មិ​ត្រ​ពាំ​ង​ឬ​ស្សី​ ​ឃុំ​ដំ​ណា​ក់​សុ​ក្រំ ស្រុកដងទង់ ខេត្តកំពត បានចាប់ផ្តើមមានអាការ: រោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣។

សេចក្តី​ប្រកាសព័ត៌មាន​ដដែលប​ន្ត​​ថា នេះ​​ជាករណីវិជ្ជមានវីរុសផ្ដាសាយបក្សី H5N1 ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់​ដោយមានការថែទាំ​យ៉ាង​យកចិត្តទុ​ក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ។

សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដដែលបញ្ជាក់​តាម​ន័យ​ដើម​ថា៖ «ក្រសួងសុខាភិបាល សូមក្រើនរំឮកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់​ប្រុង​ប្រយ័ត្នលើ​ជំងឺ​ផ្តាសាយប​ក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​យើង ហើយក៏សូមជម្រាបដល់បងប្អូនប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬ​មាន​បញ្ហាសុខភាព សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្ស​ច្រើន និង​ត្រូវ​ស្វែង​រក​ការពិគ្រោះ​យោបល់ និង​ការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលអោយបានទាន់ពេលវេលា»។

ចាបើ់ពី​ដើម​ខែ​តុលា ឆ្នាំ​២០២៣​មក មនុស្ស​ពីរនាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បង្សី​នេះ។ កាលពី​ថ្ងៃទី​៩ ខែតុលា កុមារីអាយុ២ឆ្នាំ​ម្នាក់​​រស់នៅភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ​​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​ស្លាប់​​ដោយ​​​វីរុស​ផ្តាសាយ​បក្សី ប្រភេទ H5N1 ហើយ​​​កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ​បុរសអាយុ៥០ឆ្នាំ​ម្នាក់​​រស់​នៅ​ភូមិម្រាក់ទាប ឃុំត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​ក៏​បាន​​ស្លាប់ដោយសារ​វីរុស​ផ្តាសាយបក្សី H5N1 នេះ​ផង​ដែរ។  

នេះ​​ជាករណី​ផ្ដាសាយបក្សីទី៦០​ ដែល​កើត​មាន​លើម​នុស្ស និងបាន​​​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៤០នាក់ ចាប់តាំងពីឆ្នាំ​២០០៥មក។

បើ​តាមក្រសួងសុខាភិបាល ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​បក្សី​ដែលឈឺ ឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមាន​ការធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា៕​