អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកោះហៅសកម្មជនចលនាមាតាធម្មជាតិចំនួន៧រូប ដែលទើបត្រូវ​បាន​ប្រកាស​ជាប់​ពានរង្វាន់ Right Livelihood 2023 នៅ​ប្រទេស​ស៊ុយអែត ឱ្យចូលសវនាការនៅថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពីបទប្រមាថ​ព្រះមហាក្សត្រ និង​រួមគំនិតក្បត់ ខណៈសមាជិក​ក្រុម​នេះ​មួយចំនួន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​។

យោងតាមលិខិតអញ្ជើញមេធាវី​ដែល​​ចេញ​ដោយ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា សកម្មជនចលនាមាតាធម្មជាតិទាំង​ ៧រូប​នោះ​រួម​មាន​ឈ្មោះ ស៊ុន រដ្ឋា ឡុង គន្ធា យឹម លាងហ៊ី ថុន រដ្ឋា ភួន កែវរស្មី លី ចាន់ដារ៉ារុត និងឈ្មោះ​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស។

បើតាមសារ​ទំព័រហ្វេសប៊ុកមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) សរសេរ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ​​​ថា៖ «បន្ទាប់ពីមិន​អនុញ្ញាតឱ្យយុវជនចលនាមាតាធម្មជាតិចេញទៅប្រទេស​ តុលាការ​បាន​ធ្វើ​ការអបអរ​សាទរប​ន្ថែមដល់យុវជនកម្ពុជាដែលទទួលបានពានរង្វាន់ Right Livelihood គឺ​តុលាការកម្ពុជាចាប់ផ្តើមបន្តនីតិវិធីកោះហៅពួកយើងទាំង ៦នាក់ ឲ្យ​ចូល​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំរឿ​ងរួមគំនិតក្បត់ និង ប្រមាថអង្គព្រះមហាក្សត្រ នៅ​ចុង​ខែវិច្ឆិកា​នេះ ហើយអាចជាប់គុករហូតដល់១០ឆ្នាំផងដែរ»។

កញ្ញា ភួន កែវរស្មី សមាជិកសកម្មជនចលនាមាតាធម្មជា​តិបានប្រាប់ញូវស៍រូមខេមបូឌា​ (Newsroom Cambodia) ថា ពួកគេ​មាន​ការបារម្ភ និង​​សោកស្តាយ​ នៅពេលដែ​ល​ដីកាកោះ​ហៅ ឬ​ក៏លិខិតអញ្ជើញ​ធ្វើឡើងអំឡុងពេលដែលសមាជិកពួកគេពីររូបគឺលោកលី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋាកំពុងបំពេញភារកិច្ចទទួលពានរង្វាន់​​នៅ​ប្រទេសស៊ុយអែត​។​

កញ្ញាបានបន្តថា៖ «វាក៏បានបង្ហាញពីភាពផ្ទុយគ្នា​ពី​សំណាក់​ប្រទេស​ដែល​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិតប្រាកដ​ ប្រទេស​ដែល​លើក​កម្ពស់​ស្ថិរភាព​ក្នុង​ការបញ្ចេញមតិ​អី​ហ្នឹង គេ​ស្ងើច​សរសើរ​ទៅ​លើ​យុវជន​ដែល​ខំ​ការពារ​ធនធាន​ធម្មជាតិ​ ថែម​ទាំង​ស្រឡាញ់​ធនធាន​ធម្មជាតិ​នៅ​ក្នុងផ្ទះខ្លួនឯងហ្នឹងគឺគេតែងផ្ដល់ពានរង្វាន់ឲ្យយើងកាន់តែ​ប្រសើរ​អី​ដែរ ​ប្រទេស​កំណើត​របស់​យើង​គឺ​ប្រទេស​កម្ពុជា​ដែល​មាន​រដ្ឋាភិបាល​ដែល​តែងតែ​លើក​ឡើង​និយាយ​ពី​ការគោរ​​​ព​លទ្ធិ​ប្រជាធិបតេយ្យអីហ្នឹង ប៉ុន្តែបែរជាសកម្មជនបរិស្ថាន​របស់​យើង​ត្រូវ​បាន​ជាប់​ពន្ធនាគារ ត្រូវបានចោទពីបទធំធំជារួមគំនិតក្បត់ញុះញង់ប្រមាថព្រះមហាក្សត្រអីជាដើម»។

កញ្ញាថា វារឿងដែលអយុត្តិធម៌តាំងពីដើមមកហើយផងដែរ ដែលយើងមិ​នដែល​ទទួល​បាន​ភាព​យុត្តិធម៌​ពីតុលាការនៅក្នុងប្រទេសកម្ពុជា។

កញ្ញាបានបញ្ជាក់ថា៖ « ពួកយើងបានដាក់ពាក្យស្នើសុំ​ទៅ​តុលាការ​ដើម្បី​ពន្យារ​ពេល​សវនាការ​ហើយ​។ ហើយយើង​សង្ឃឹម​ថា​តុលាការ​គាត់នឹង​យោគយល់​ហើយ​អនុញ្ញាត​ឲ្យ​មាន​ការពន្យារ​ពេល​សវនាការ ព្រោះថា​បើ​សិន​ជា​សវនាការ​នៅ​តែ​ដំណើរការ​ទៅ​មុខ​ដោយ​គ្មាន​វត្តមាន​រប​ស់​គ្នាយើងពិភាក្សា»។

លោក ថុន រដ្ឋា សមាជិកមួយរូបទៀតសនៃចលនាមាតាធម្មជា​តិបាននិយាយថា អ្វី​ដែល​ក្រុម​រប​ស់លោកបានធ្វើគឺធ្វើដើម្បីប្រយោជន៍សាធារណៈ និងប្រ​យោជន៍​ធនធាន​ធម្មជាតិ​សម្រាប់ខ្មែរ ក៏ប៉ុន្តែក្រុមលោក​បែរ​ជាទទួលរង​នូវ​ភាព​អយុត្តិធម៌​ពី​តុលាការ​ដោយ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ​ខ្លួន​ឯង​ទៅវិញ។

បើតាមលោក ថុន រដ្ឋា មេធាវីរបស់ក្រុមចលនាមាតាធម្មជាតិ​បាន​ស្នើព​ន្យារ​ពេល​សវនាការ​ហើយ ដោយលោកសង្ឃឹមថាតុលាការនឹងឯកភាពតាមសំណើរបស់ក្រុមលោក។

លោកថា៖ «ខ្ញុំជឿថាតុលាការនឹងព្រមតាមការស្នើសុំ​គេព្រោះតែករណីបើទោះ​យ៉ាងនេះ​គឺ​ជា​ករណី​ព្រហ្មទណ្ឌ​ អ៊ីចឹង​ករណី​ព្រហ្មទណ្ឌគឺ​ចាំបាច់​ណាស់​គឺ​ត្រូវតែ​មាន​ជន​ដែល​ត្រូវ​បាន​ចោទ​ក៏​ដូចជា​មេធាវី​ការពារ នេះបើពួកយើងនៅក្នុងសវនាការជាចាំបាច់ដោយសារតែ ក្នុងច្បាប់​គេ​តម្រូវ​ឲ្យ​ចាំបាច់​ត្រូវ​តែមាន​មេធាវី ​អ៊ីចឹង​ហើយបើសិនជា​មេធាវី​ពួកយើង​មិនមាន​វត្តមាន​ចៅក្រម​សវនាការ​ហ្នឹងក៏​មិនអាចប្រព្រឹត្តទៅបានដែរ ហើយ​ជាពិសេសហ្នឹង​គឺ​ពួកយើង​ក៏​មិនមាន​វត្តមាន​គ្រប់ៗគ្នា»។

សមាជិក​ចលនា​មាតា​ធម្មជាតិ​រូបនេះ​ក៏​បាន​ស្នើឲ្យ​តុលាការ​ទម្លាក់​រាល់​បទ​ចោទប្រកាន់​លើក្រុម​លោកដើម្បីចៀសវាងការរិះគន់ទៅលើតុលាការពីសំណាក់សាធារណៈជន និង​ដើម្បី​មុខមាត់​រដ្ឋាភិបាលអាណត្តិថ្មី។

លោក​និយាយ​ថា៖ «យើងស្នើឱ្យតុលាការទម្លាក់រាល់បទចោទប្រកាន់មកកាន់ពួកយើងទៅ។ បានន័យថា​មិនមាន​អី​ចំណេញ​ទៅ​ដល់តុលាការទេ មានតែការស្តីបន្ទោស មានតែ​ការបន្ត​ចោទ​​ប្រកាន់តុលាការ ការដកជំនឿចិត្តពីសាធារណៈជនទៅកាន់តុលាការ ថា​តុលាការ​ជា​អាយ៉ង​​សម្រាប់អ្នកនយោបាយ ហើយតុលាការធ្វើការតែដើម្បីប្រយោជន៍នយោបាយ ដែល​មិន​ការពារបម្រើប្រយោជន៍ប្រជាជនខ្មែរដូចតែមានចែងនៅក្នុងច្បាប់។​ ហើយ​ជាពិសេស​ហ្នឹង​ក៏​អត់​ចំណេញអីទៅកាន់រដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលឈាមថ្មីបន្តវេន គឺមាន​តែ​ធ្វើ​ឱ្យ​ខូច​ឈ្មោះនៅ​ក្នុងជាតិផងអន្តរជាតិផង ដែល​ការចោទ​ប្រកាន់​យុវជ​នដែ​ល​ស្រលាញ់​ធនធាន​ធម្មជាតិ​ទៅ​ជាក្បត់ជាតិហ្នឹងគឺជារឿងដែលអាម៉ាស់ ជារឿងដែល​ប៉ះពាល់​ឈ្មោះរ​ដ្ឋាភិបាល​ខ្លាំង​ណាស់»។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) បាន​លើក​ឡើង​ថា ក្នុងរដ្ឋធម្មនុញ្ញ​កម្ពុចា​ចែងថា ពលរដ្ឋគ្រប់​មាន​ភាព​សកម្ម​ក្នុងការចូលរួម​ក្នុង​កិច្ច​ការងារ​​សង្គម សេដ្ឋកិច្ច និងនយោបាយទាំងអស់។​ ប៉ុន្តែលោក​ថា សម្រាប់​យុវជន​មាតា​ធម្មជាតិ​ បាន​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​ការពារផលប្រយោជន៍ធនធាន​ធម្មជាតិ និង​ការពា​រផល​ប្រយោជន៍​​ព្រៃឈើជា​ដើម បែរជាមានការរងការចោទប្រកាន់ទៅវិញ។

លោកថា៖ «បើសិនជាសវនាការនឹងបើកឡើង ហើយសម្រេចឱ្យ​អ្នក​ទាំងអស់​នឹង​រួច​ផុត​ពី​ការចោទ​ប្រកាន់ អាហ្នឹងវាល្អដើម្បីឲ្យពួកគេមានសេរីភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្ម និងសិទ្ធិ​សេរីភាពរបស់ខ្លួនក្នុងការជួយចូលរួមជួយការពារផលប្រយោជន៍របស់សង្គម ជាពិសេស​ធនធាន​ជាតិដែ​លពួកគេធ្លាប់ធ្វើកន្លងមក»។

លោក​បន្ថែមថា៖ «ប៉ុន្តែផ្ទុយទៅវិញ យើងមានការព្រួយបារម្ភដែរថា វា​ជា​ការបង្ហាញ​នូវ​ការរឹតត្បិត ការគំរា​ម​កំហែងទៅលើសេរីភាពឡើងវិញ ដោយសារថា យើង​មើល​ឃើញ​អ្នក​ខាងក្រៅ​គេ​ហាក់ដូចជាឲ្យតម្លៃទៅលើពួកគេទាំងអស់ហ្នឹង ផ្ទុយ​ទៅវិញ​ខាង​ប្រទេស​យើង​បែក​គ្នា​ចោទ​ប្រកាន់​ដែល​គំរាម​កំហែង​តាម​ផ្លូវច្បាប់​តាម​ផ្លូវ​តុលាការ​ជំនួសវិញ នោះ​វា​មាន​រឿង​មួយ​ដែល​មើលទៅជារូបភាពមិនល្អទេ វាអាចប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ខាង ស្ថាប័ន​ពាក់ព័ន្ធ ឬក៏រាជរដ្ឋាភិបាលកម្ពុជាយើង»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបានទេ រហូតមកដល់ព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ។

ចលនាមាតាធម្មជាតិទទួលបានពានរង្វាន់ Right Livelihood​ ដែលមា​ន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអ៊ែត ហើយពួកគេនឹងទៅទទួលពានរង្វាន់នេះនៅខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​កម្ពុជា​​មិន​អនុញ្ញាត​ឱ្យពួកគេចេញទៅក្រៅប្រទេសក្នុងមូលហេតុថាមិនចាំបាច់។​ នេះ​ជា​ពានរង្វាន់អន្តរជាតិទី២ ដែលពួកគេទទួលបាន ដោយកាលពីឆ្នាំ២០២១ ចលនា​មាតា​ធម្មជាតិ​​ទទួលបានពានរង្វាន់ Frontlinedefender ដោយសារកិច្ចការពារបរិស្ថាន៕