ប្រជាសហគមន៍បឹងតាមោកចំនួន ២នាក់ ក្នុងចំណោម៣នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ក្នុងដីកាបង្គាប់ឱ្យចូលខ្លួនជាលើកទី២ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា បានដាក់កំហិតឱ្យ អ្នកស្រី ប្រាក់ សុភា អ្នកស្រី សឿន ស្រីសុទ្ធ និង អ្នកស្រី ស៊ា ដាវី ត្រូវចូលបំភ្លឺនៅតុលាការ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ទាក់ទិននឹងការ «យកឈើចាក់បំបុកក្រុមការងាររដ្ឋបាលខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់» កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការបន្ទាប់ពីបញ្ចប់ការសាកសួរ អ្នកស្រី ស៊ា ដាវី ដែលរងការចោទក្នុងសំណុំរឿងនេះ មានប្រសាសន៍ថា ចៅក្រមបានសាកសួរពីការប្រើហិង្សា គប់ដុំថ្ម ការរស់នៅគ្មានរបៀបរៀបរយ ថែមទាំងលើកយកភស្តុតាងជារូបភាពអ្នកស្រី ប្រាក់ សុភា កាន់ដុំថ្មនៅក្រោយផ្ទះប្រជាសហគមន៍អំឡុងពេលកើតហេតុ [ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣] មកសួរនាំ។ ប៉ុន្តែ អ្នកស្រី ដាវី តបថា សកម្មភាពក្នុងរូបភាពនោះ គឺអ្នកស្រី សុភា បានកាន់ដុំថ្មក្រោយអាជ្ញាធរចាកចេញពីកន្លែងកើតហេតុរួចហើយ។
អ្នកស្រីបានបន្តបដិសេធ ចំពោះការសួរនាំរបស់ចៅក្រមពាក់ព័ន្ធនឹងការចោទប្រកាន់របស់តំណាងអយ្យការថា បានប្រព្រឹត្តអំពើហិង្សា និងគប់ដុំថ្មដាក់អាជ្ញាធរ។
អ្នកស្រី និយាយថា៖«សម្រាប់ពួកខ្ញុំដែលជាប់ចោទ ០៣នាក់នេះ ពួកខ្ញុំអត់បានធ្វើអំពើហិង្សាទេ។ ពួកខ្ញុំគ្រាន់កាន់ទូរសព្ទថតឡាយពេលអាជ្ញាធរចុះកាត់[ស្ពានឈើ] តែពួកខ្ញុំ បែរពួកខ្ញុំជាទទួលរងអាជ្ញាធរប្ដឹងឡើងតុលាការថា ពួកខ្ញុំប្រព្រឹត្តអំពើហិង្សាវាយអាជ្ញាធរ យកឈើចាក់បំបុកជាការចោទប្រកាន់លាបពណ៌ ដោយមិនខ្មាស់អៀនលើពលរដ្ឋខ្លួនឯង»។
អ្នកស្រី ដាវី បន្តថា តុលាការបានអះអាងថា ទីតាំងកើតហេតុនៅផ្លូវលេខ១៥១ ខាងមុខលំនៅឋានសហគមន៍ ប៉ុន្តែជាក់ស្ដែងស្ថិតនៅខាងក្រោយផ្ទះប្រជាពលរដ្ឋ។
ក្នុងការសួរដេញដោលព្រឹកនេះ បើតាមអ្នកស្រី ដាវី ឱ្យដឹងថា ចៅក្រមស៊ើបសួរបដិសេធក្នុងការឃុំខ្លួនប្រជាសហគមន៍ តាមការស្នើសុំពីព្រះរាជអាជ្ញា ដោយតម្រូវឱ្យធ្វើកិច្ចសន្យាមិនផ្លាស់ប្ដូរទីលំនៅ និងចូលបំភ្លឺរាល់ការកោះហៅរបស់តុលាការ។
ជុំវិញករណីនេះ ប្រជាសហគមន៍ ធ្លាប់បានអះអាងថា ជនបង្កហេតុគឺជាអាជ្ញាធរ ដែលប្រដាប់ដោយរណារ និងបានចុះមកកាប់បំផ្លាញស្ពានឈើរបស់ពលរដ្ឋ ហើយបណ្ដាលឱ្យពលរដ្ឋរងរបួសថែមទៀត។
ចំណែក អ្នកស្រី សឿន ស្រីសុទ្ធ ដែលបានចូលទៅបំភ្លឺនៅតុលាការដែរនោះ ក៏បានបដិសេធចំពោះការចោទដែរថា អ្នកស្រីបានកាន់ឈើ និងចាក់បំបុកអាជ្ញាធរនៅថ្ងៃកើតហេតុ។
អ្នកស្រី និយាយថា៖«ខ្ញុំយល់ឃើញថាវាពិតជាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ»។
Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា បានទេ។
បើតាមអង្គការសង្គមស៊ីវិល គិតមកដល់ពេលនេះ មានប្រជាសហគមន៍បឹងតាមោកចំនួន៩នាក់ហើយ ដែលរងពាក្យបណ្ដឹងទាក់ទិននឹងការតវ៉ាដីធ្លីនេះ ក្នុងនោះមានពលរដ្ឋខ្លះរងការចោទប្រកាន់ចំនួន ២ករណី ខណៈពលរដ្ឋខ្លះទៀតរងការចោទប្រកាន់មួយករណី។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត អំពាវនាវឱ្យតុលាការអនុវត្តតាមនីតិវិធីច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ ដោយជៀសវាងគ្រាន់តែយកភស្តុតាងចេញពីអាជ្ញាធរមូលដ្ឋានជាអំណះអំណាង។
លោកបន្តថា៖«យើងសំណូមពរឱ្យតុលាការពិនិត្យមើលម្ដងទៀត ហើយអាចទម្លាក់ការចោទប្រកាន់លើប្រជាពលរដ្ឋ ពួកគាត់អត់មានធ្វើអ្វីខុស នៅពេលណាដែលដីគាត់ត្រូវបានបោះបង់ ក្រុមហ៊ុនរំលោភទីតាំងដីរបស់គាត់បើសិនជាមិនឱ្យគាត់ទាមទាររកដំណោះស្រាយតវ៉ាអី តើគាត់ទៅកន្លែងណា»។
អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បដិសេធផ្តល់សម្ភាសន៍ ដោយឱ្យអ្នកសារព័ត៌មាន សួរលោកដោយផ្ទាល់នៅអធិការរដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។
ក្នុងការចូលបំភ្លឺកាលពីព្រឹកថ្ងៃម្សិលមិញនេះ គឺពុំមានវត្តមាន អ្នកស្រី ប្រាក់ សុភា តំណាងសហគមន៍បឹងតាមោក ដែលរងការចោទប្រកាន់ដែរនោះទេ ខណៈបច្ចុប្បន្នអ្នកស្រីបានគេចខ្លួនទៅកាន់ប្រទេសជិតខាងកម្ពុជា ដើម្បីស្វែងរកសិទ្ធិជនភៀសខ្លួន កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ៕