ប្រជាសហគមន៍បឹងតាមោកចំនួន ២នាក់ ក្នុងចំណោម៣នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ក្នុងដីកាបង្គាប់ឱ្យចូលខ្លួនជាលើកទី២ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា បានដាក់កំហិតឱ្យ​ អ្នកស្រី ប្រាក់ សុភា អ្នកស្រី សឿន ស្រីសុទ្ធ និង អ្នកស្រី ស៊ា ដាវី ត្រូវចូល​បំភ្លឺនៅតុលាការ នា​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ទាក់ទិននឹងការ «យកឈើ​ចាក់បំបុកក្រុមការ​ងារ​រដ្ឋបាលខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់» កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការបន្ទាប់ពីបញ្ចប់ការសាកសួរ អ្នកស្រី ស៊ា ដាវី ដែលរង​ការចោទ​ក្នុងសំណុំរឿងនេះ ​មានប្រសាសន៍ថា ចៅក្រមបានសាកសួរពីការប្រើហិង្សា គប់ដុំថ្ម ការរស់នៅគ្មានរបៀបរៀបរយ ថែមទាំងលើកយកភស្តុតាងជារូបភាពអ្នកស្រី ប្រាក់ សុភា កាន់ដុំថ្មនៅក្រោយផ្ទះប្រជាសហគមន៍អំឡុងពេលកើតហេតុ [ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣] មកសួរនាំ។ ប៉ុន្តែ អ្នកស្រី ដាវី តបថា សកម្មភាពក្នុងរូបភាពនោះ គឺអ្នកស្រី សុភា បានកាន់ដុំថ្មក្រោយអាជ្ញាធរចាកចេញពីកន្លែងកើតហេតុរួចហើយ។

អ្នកស្រីបានបន្តបដិសេធ ចំពោះការសួរនាំរបស់ចៅក្រមពាក់ព័ន្ធនឹងការចោទប្រកាន់របស់តំណាង​អយ្យការថា បានប្រព្រឹត្តអំពើហិង្សា និងគប់ដុំថ្មដាក់អាជ្ញាធរ។

អ្នកស្រី និយាយថា៖«សម្រាប់ពួកខ្ញុំដែលជាប់ចោទ ០៣នាក់នេះ ពួកខ្ញុំអត់បានធ្វើអំពើហិង្សាទេ។ ពួកខ្ញុំគ្រាន់កាន់ទូរសព្ទថតឡាយពេលអាជ្ញាធរចុះកាត់[ស្ពានឈើ] តែពួកខ្ញុំ បែរពួកខ្ញុំជាទទួលរងអាជ្ញាធរប្ដឹងឡើងតុលាការថា ពួក​ខ្ញុំប្រព្រឹត្តអំពើហិង្សាវាយអាជ្ញាធរ យកឈើចាក់បំបុកជាការចោទប្រកាន់​លាបពណ៌ ដោយមិនខ្មាស់អៀនលើពលរដ្ឋខ្លួនឯង»។

អ្នកស្រី ដាវី បន្តថា តុលាការបានអះអាងថា ទីតាំងកើតហេតុនៅផ្លូវលេខ១៥១ ខាងមុខលំនៅឋានសហគមន៍ ប៉ុន្តែជាក់ស្ដែងស្ថិតនៅខាងក្រោយផ្ទះប្រជាពលរដ្ឋ។

ក្នុងការសួរដេញដោលព្រឹកនេះ បើតាមអ្នកស្រី ដាវី ឱ្យដឹងថា ចៅក្រមស៊ើបសួរបដិសេធក្នុងការឃុំខ្លួនប្រជាសហគមន៍ តាមការស្នើសុំពីព្រះរាជអាជ្ញា ដោយតម្រូវឱ្យធ្វើកិច្ចសន្យាមិនផ្លាស់ប្ដូរទីលំនៅ និងចូលបំភ្លឺរាល់ការកោះហៅរបស់តុលាការ។

ជុំវិញករណីនេះ ប្រជាសហគមន៍ ធ្លាប់បានអះអាងថា ជនបង្កហេតុគឺជាអាជ្ញាធរ ដែលប្រដាប់ដោយរណារ និងបាន​ចុះមកកាប់បំផ្លាញស្ពានឈើរបស់ពលរដ្ឋ ហើយបណ្ដាលឱ្យពលរដ្ឋរងរបួសថែមទៀត​។

ចំណែក អ្នកស្រី សឿន ស្រីសុទ្ធ ដែលបានចូលទៅបំភ្លឺនៅតុលាការដែរនោះ ក៏បាន​បដិសេធចំពោះការចោទដែរថា អ្នកស្រី​បានកាន់ឈើ និងចាក់បំបុកអាជ្ញាធរនៅថ្ងៃកើតហេតុ។

អ្នកស្រី និយាយថា៖«ខ្ញុំយល់ឃើញថាវាពិតជាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ»។

Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា បានទេ។

បើតាមអង្គការសង្គមស៊ីវិល គិត​មកដល់ពេលនេះ មានប្រជាសហគមន៍​បឹងតាមោកចំនួន៩នាក់​ហើយ ដែលរងពាក្យបណ្ដឹងទាក់ទិននឹងការតវ៉ាដីធ្លីនេះ ក្នុងនោះមានពលរដ្ឋ​​ខ្លះរងការចោទប្រកាន់ចំនួន​ ២ករណី ខណៈពលរដ្ឋ​​ខ្លះទៀត​រងការចោទប្រកាន់មួយ​​ករណី។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត អំពាវនាវឱ្យតុលាការអនុវត្តតាមនីតិវិធីច្បាប់ ដើម្បីផ្តល់​យុត្តិធម៌ដល់ប្រជាពលរដ្ឋ ដោយជៀសវាងគ្រាន់តែយកភស្តុតាងចេញពីអាជ្ញាធរមូលដ្ឋានជាអំណះអំណាង។

លោកបន្តថា៖«យើងសំណូមពរឱ្យតុលាការពិនិត្យមើលម្ដងទៀត ហើយអាចទម្លាក់ការចោទប្រកាន់លើប្រជាពលរដ្ឋ ពួក​គាត់អត់មានធ្វើអ្វីខុស នៅពេលណាដែលដីគាត់ត្រូវបានបោះបង់ ក្រុមហ៊ុនរំលោភទីតាំងដីរបស់គាត់បើសិនជាមិនឱ្យគាត់ទាមទាររកដំណោះស្រាយតវ៉ាអី តើគាត់ទៅកន្លែងណា»។

អភិបាលខណ្ឌព្រែកព្នៅ លោក  ធឹម  សំអាន បដិសេធផ្តល់សម្ភាសន៍ ដោយឱ្យអ្នកសារព័ត៌​មាន​ សួរលោកដោយផ្ទាល់នៅអធិការរដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។

ក្នុងការចូលបំភ្លឺកាលពីព្រឹកថ្ងៃម្សិលមិញនេះ គឺពុំមានវត្តមាន អ្នកស្រី ប្រាក់ សុភា តំណាងសហគមន៍បឹងតាមោក ដែល​រងការចោទប្រកាន់ដែរនោះទេ ខណៈបច្ចុប្បន្ន​អ្នកស្រី​បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាងកម្ពុជា​ ដើម្បី​ស្វែង​រក​សិទ្ធិ​ជនភៀស​ខ្លួន​ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣​នេះ​៕