សមត្ថកិច្ចរាជធានីភ្នំពេញ នៅមិនទាន់កំណត់មុខសញ្ញាជនដៃដល់ដែលវាយដំលើអ្នក​ជំនាញកសិ​កម្ម លោក​ នី ណាក់ កាលពី៣ខែមុន​បាននៅឡើយទេ ដោយអះអាងថា កំពុង​តែស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុកដាក់លើករណីនេះ ខណៈជនរងគ្រោះមិនរំពឹងថាទទួលបានយុត្តិធម៌។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក​ សំ វិច្ឆិកា បានឱ្យដឹងថា សមត្ថកិច្ចជំនាញបាននិងកំពុងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវរកមុខជនសង្ស័យដែលប្រដាប់ដោយដំបងដែកវាយលោក នី ណាក់ កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ នៅក្នុងខណ្ឌច្បារអំពៅ បណ្តាលឱ្យរបួសដៃជើង និងបែកក្បាល។

លោកគូសបញ្ជាក់ថា រយៈពេល៣ខែមកនេះ សមត្ថកិច្ចជំនាញមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ ដោយត្រូវការពេលស្រាវជ្រាវបន្តទៀតសិន។

លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងកិច្ចការងារនេះ សមត្ថកិច្ចយើងបាននិងកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ។ អ៊ីចឹងឥឡូវស្ថិតក្នុងដំណើរការស្រាវជ្រាវនៅឡើយទេ ចាំយើងចេញលទ្ធផលយ៉ាងម៉េចចាំយើងជម្រាបជូន»។

នៅពេលដែលអ្នកសារព័ត៌មានសួរថាតើសមត្ថកិច្ចមានរកឃើញតម្រុយអ្វីដែរឬទេ ក្នុងរយៈពេល៣ខែមកនេះ? លោក វិច្ឆិកា បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងកិច្ចការងារនេះ ខ្ញុំមិនទាន់បានជម្រាបជូនទេ ព្រោះអីអ្វីៗវាស្ថិតនៅក្នុងការអង្កេតនិងស្រាវជ្រាវ»។

យ៉ាងណា លោក នី​ ណាក់ ដែលជាជនរងគ្រោះលើករណីនេះ បានថ្លែងថា នេះ​មិនមែនជារឿងចម្លែកនោះទេ ចំពោះការអូសបន្លាយលើការវែកមុខរក​ជនដៃដល់​ដែលប្រើហិង្សាលើរូបលោក។ លោកថា សកម្មជន ឬអ្នកដែលហ៊ានបញ្ចេញមតិរិះគន់ជាសាធារណៈ ដូចរូបលោកភាគច្រើន គឺមិនងាយនឹងទទួលបានយុត្តិធម៌។

លោកចាត់ទុកថាការអូសបន្លាយនេះ ដោយសារតែសមត្ថកិច្ចមិនមានចេតនាចង់វែកមុខជនដៃដល់ ព្រោះលោកថា​កន្លែងកើតហេតុមានកាំមេរ៉ាសុវត្ថិភាពជាច្រើន ប៉ុន្តែសមត្ថកិច្ចបែរជាអះអាងថាមិនអាចចាប់បានមុខជនប្រព្រឹត្តច្បាស់ឡើយ។ លោកថា ខុសពីករណីផ្សេងៗដែលអាជ្ញាធរប្រើរយៈពេលខ្លីក្នុងការស្រាវជ្រាវ ដូចជាករណីចូលរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិន នៅខេត្តសៀមរាប កាលពីពេលកន្លងទៅជាដើម។

លោកថា៖ «ខ្ញុំគ្មានដែលរំពឹងថាបានទទួលយុត្តិធម៌ទេ មិនចំពោះថារឿងឃាតកម្មហ្នឹង សូម្បីតែពីមុនមកដែលរឿងអយុត្តិធម៌ គ្រាន់តែខ្ញុំនិយាយរឿងមាន់ពាក់ម៉ាស់ហ្នឹង ក៏គេចាប់ដាក់គុកអស់ជិត ២ឆ្នាំដែរ ក៏គ្មានយុត្តិធម៌អីដែរ។ អ៊ីចឹងការរំពឹងចង់ឃើញយុត្តិធម៌ គឺមិនមានទេសម្រាប់រូបខ្ញុំ»។

អ្នកជំនាញកសិកម្មដែលត្រូវបានជនមិនស្គាល់មុខជាច្រើននាក់ ព្រួតវាយកាលពីកញ្ញាកន្លងទៅដដែលបារម្ភថា កម្ពុជានឹងជួបវិបត្តិសង្គមធ្ងន់ធ្ងរប្រសិនបើនៅតែប្រកាន់និន្នាការ និងអនុវត្តច្បាប់ស្តង់ដារ២បែបនេះទៀត។

លោកបារម្ភថា៖ «ឱ្យតែអ្នកណាដែលមាននិន្នាការមិនស្របជាមួយនឹងរដ្ឋាភិបាល មានរឿងអ្វីកើតឡើងមិនងាយនឹងទទួលបានយុត្តិធម៌ ឬក៏ទទួលបានការការពារសិទ្ធិឱ្យបានស្មើភាពគ្នាចំពោះប្រជាពលរដ្ឋទូទៅនោះទេ»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា ការអូសបន្លាយពេលស្រាវជ្រាវនេះ មិនបានឆ្លុះបញ្ចាំងពីអសមត្ថភាពរបស់ស្ថាប័នមានសមត្ថកិច្ចឡើយ ព្រោះមានករណីមួយចំនួនផ្សេងទៀត សមត្ថកិច្ចអាចវែកមុខបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ យ៉ាងណា លោកថា មានតែករណីសកម្មជនបក្សប្រឆាំង និងអ្នកដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលប៉ុណ្ណោះទេ ដែលសមត្ថកិច្ចអូសបន្លាយពេល ធ្វើឱ្យមានការរិះគន់លើការអនុវត្តន៍ច្បាប់របស់អាជ្ញាធរកម្ពុជា។

លោកថ្លែងថា៖ «ករណីមួយចំនួនទៀត ដូចជា សមត្ថកិច្ចស្រាវជ្រាវ និងស៊ើបអង្កេតលឿនណាស់ រកជនដែលប្រព្រឹត្តហ្នឹងលឿន ប៉ុន្តែដោយសាររឿងនេះយើងឃើញថាកាម៉េរាក៏មាន ហើយការប្រព្រឹត្តិហ្នឹងវាហាក់ដូចជាមានសញ្ញាណ​ខ្លះក្នុងការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវ។ ប៉ុន្តែផ្ទុយទៅវិញមកដល់ឥឡូវរកមុខសញ្ញា ឬជនដែលពាក់ព័ន្ធមិនទាន់ឃើញ»។

ជាមួយគ្នា លោក អំ សំអាត ទទូចឱ្យអាជ្ញាធរបន្តស្រាវជ្រាវលើករណីនេះ ឱ្យបានរហ័សតាមដែល​​អាចធ្វើទៅបាន ចៀសវាងរងការរិះគន់កាន់តែធ្ងន់ធ្ងរថា មានពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ។

បើតាម លោក នី ណាក់ លោកត្រូវបានជនមិនស្គាល់មុខចំនួន ៤នាក់ ក្នុងចំណោមមនុស្ស ៨នាក់ ព្រួតវាយនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងពេលដែលលោកកំពុងជិះម៉ូតូជាមួយ​ភរិយា ចេញពីឃ្លាំងជីកំប៉ុសនៅព្រែកថ្មី ជិតវត្តចំពុះក្អែក កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។

ជនរងគ្រោះដែលត្រូវបានគេស្គាល់ថាជាអ្នកហ៊ានរិះគន់ពីភាពអវិជ្ជមានរបស់រដ្ឋាភិបាលរូបនេះ បានរម្លឹកថា ការរងអំពើហិង្សានេះកើតឡើងក្រោយពេលដែលលោកបានសរសេររិះគន់ក្រសួងការងារជុំវិញរបាយការណ៍ថាពលរដ្ឋកម្ពុជាចំនួន៩៩ភាគរយមានការងារធ្វើ និងរិះគន់ដល់មន្ត្រីនៃក្រសួងកសិកម្មថាចុះជួបកសិករដើម្បីតែថតរូប ប៉ុន្តែមិនបានជួយដោះស្រាយបញ្ហាជូនពួកគេ។​

លោកឱ្យដឹងដែរថា នៅក្នុងហេតុការណ៍នោះ លោកបានរងរបួសបែកក្បាលជាង៣០ថ្នេរ និងរបួសដៃជើង ដោយការវាយនឹងដំបងដែក ដែលបណ្តាលឱ្យបាត់បង់ឈាមច្រើន និងត្រូវសម្រាកព្យាបាលជិត២ខែ៕