សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញថា អ្នក​សារ​ព័ត៌មាន​ចំនួន​ ៤៤ ​នាក់ ​និង​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ប្រឈម​មុខ​នឹង​ការ​យាយី​គ្រប់​ទម្រង់ ​ក្នុង​ឆ្នាំ ​២០២៣​ ​ជា​ពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​នៅ​មុន​ការ​បោះ​ឆ្នោត​សកលត្រូវចាបើផ្តើម​។

របាយការណ៍ឃ្លាំមើលប្រចាំឆ្នាំ២០២៣របស់អង្គភាពសារព័ត៌មាន ខេមបូចា ដែលចេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បា​ន​​​សង្ខេបបញ្ហាផ្សេងៗ និងធ្វើបច្ចុប្បន្នភាពទាក់ទងនឹងសេរីភាពសារពត៌មាន​ និងសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកសា​​រពត៌មាននៅកម្ពុជា ​ពិសេស​ស្ថានភាពសារព័ត៌មានក្នុងអំឡុងការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។

របាយការណ៍រកឃើញថា មានការយាយីប្រឆាំងអ្នកសារព័ត៌មាន ៣៣ករណី ដោយ២០ករណី ជាការគំរាម ៦ករណី ជាការយាយីតាមប្រព័ន្ធឌីជីថល។ ដោយឡែកចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាន មាន១៣ករណី ក្នុងនោះអ្នកសារព័​ត៌មា​ន៦នាក់ ត្រូវបានឃុំខ្លួន។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វ​​ផ្សា​យ​​អនឡាយចំនួន ៦ករណី ត្រូវរដ្ឋាភិបាលបិទ និងដកហូតអាជ្ញា​ប័​​ណ្ណ នៅក្នុងឆ្នាំ២០២៣។

របាយការណ៍បន្តបញ្ជាក់ថា ក្នុងចំណោមបញ្ហាប្រឈមជាច្រើនដែលអ្នកសារព័ត៌មានកម្ពុជាប្រឈមមុខ និងការភ័យខ្លាចប​ញ្ហា​ផ្លូវច្បាប់ នៅតែបន្តជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់ពួកគេ។ ប្រភពដដែលបន្តថា​ អ្នកសារព័ត៌មានតែងតែមានអារម្ម​​ណ៍​​ថា មានការបំភិតបំភ័យ ឬការគំរាមកំហែងពីសកម្មភាពរបស់រដ្ឋាភិបាល អាចជាសកម្មភាពប៉ូលិស ឬសន្តិសុខ ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានដោយគ្រាន់តែបំពេញការងាររបស់ខ្លួន។

កំណត់​ត្រា​មួយ​ផ្នែក​នៃ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​ ខេមបូចា​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោ​ច​ណាស់​ ៦ ​នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ដាក់​ពន្ធនាគារ​ រីឯ​ឆ្នាំ​ ២០២២​មាន​ ៧ ​នាក់។ ​ការ​ចោទ​ប្រកាន់​ពី​បទ​ជំរិត​ទារ​ប្រាក់​ និង​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ត្រូវ​បាន​ប្រើ​ប្រាស់​ជាទូទៅ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​អនឡាញ​ដោយ​ប្រើ​ក្រម​ព្រហ្មទណ្ឌ»។​

លោក ណុប វី នាយកប្រតិបត្តិ​ នៃសមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា បាន​លើក​ឡើង​ថា កត្តាមួយចំនួនដែលត្រូវបានកត់ត្រា និងវាយតម្លៃនៅក្នុងរបាយការណ៍ គឺកត្តាទី១ ទាក់ទងនឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័​ត៌​​​មាន ដោយអ្នកសារព័ត៌មានមួយចំនួនអនុវត្តមិនសូវបានពេញលេញ។ជាងនេះទៀតការប្រើប្រាស់ផ្លូវច្បាប់ ក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ជាច្រើនទៅដល់អ្នកសារព័ត៌មាន ហើយមានករណីចោទប្រកាន់មួយចំនួនត្រូវបានប្រើប្រាស់ច្បាប់ក្រមព្រហ្មទណ្ឌ ចំណែកឯច្បាប់ស្តីរបបសារព័ត៌មាន ដែលមានតាំងពីឆ្នាំ១៩៩៥មក មិនត្រូវបានប្រើប្រាស់។

បើតាមលោក ណុប វី ទិដ្ឋភាពនយោបាយក្នុងសង្គម ក៏ជាផ្នែកមួយគំរាមកំហែងទៅដល់អ្នកសារព័ត៌មានដែរ ជាពិសេស ទា​​ក់​​​ទងគំរាមកំហែងប្រព័ន្ធផ្សាព្វផ្សាយ​ ដែលស្ថាប័នមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារជាដើម។

លោកបញ្ជាក់ថា៖«បើកាលណាមានការគំរាមកំហែង មានការយាយីទៅដល់អ្នកសារព័ត៌មាន និយាយរួមវាមានផលប៉ះពាល់ហ្នឹងហើយ។ ដោយសារយើងដឹងថាតួនាទីសំខាន់របស់សារព័ត៌មាន គឺជាអំណាចទី៤ ដែលជួយពិនិត្យតាមដាន និងជួយផ្តល់ព័ត៌មានទៅដល់សាធារណៈជន ក្នុងន័យការពារផលប្រយោជន៍សាធារណៈ។ មួយទៀតតួនាទីតាមដាន ឃ្លាំមើលចំពោះការអនុវត្តតួនាទី ភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច»

ក្នុងនាមជាអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក ណុប វី យល់ឃើញថាកាលណាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌​​មា​ន​​ឯករាជ្យចុះខ្សោយ ឬរឹតត្បិត នោះនឹងធ្វើឱ្យការតាមដាននៃការអភិវឌ្ឍសង្គមចុះខ្សោយ ហើយបណ្តាលឱ្យគ្មានតម្លាភាព និងគណនេយ្យភាពក្នុងសង្គម ហើយកត្តានេះក៏ជះផលប៉ះពាល់ដល់ដំណើរការទូទៅនៃលទ្ធិប្រជាធិបតេយ្យ​ថែមទៀត​​ផង​​។តែយ៉ាងណាក៏ដោយ លោក ណុប វី យល់ថានៅតែមានដំណោះស្រាយ​ ដែលទាមទារឱ្យមានការចូលរួមជាទូទៅ តាមរយការអប់រំ ពង្រឹងសមត្ថភាព និងក្រមសីលធម៌វជ្ជាជីវៈរបស់អ្នកសារព័ត៌មានផ្ទាល់ ដោយឡែកអាជ្ញាធរមានសមត្ថកិច្ចត្រូវយកច្បាប់របបសារព័ត៌មាន មកអនុវត្តឱ្យមានប្រសិទ្ធភាពផងដែរ។ ជាមួយគ្នានេះ អង្គភាពសារព័ត៌មានក៏ត្រូវមានគោលការណ៍ ឬវិន័យផ្ទះខ្លួនដើម្បីការពារ និងគាំទ្រទៅដល់អ្នកសារព័ត៌មានរបស់ខ្លួនឯងជាដើម។

លោកបន្តថា៖ «ច្បាប់មួយចំនួនដែលគំរាមកំហែងដល់ការងារសារព័ត៌មាន ដូចជាច្បាប់ស្តីពីទូរគមនាគមន៍ អនុក្រឹត្យស្តីច្រ​ក​ទ្វារអ៊ីនធើណេតជាតិ និងសេចក្តីព្រាងទាក់ទងជាមួយសន្តិសុខព័ត៌វិទ្យា (Cyber security) គឺគួរតែមានការបើកទូ​លាយក្នុងការពិភាក្សា ពិគ្រោះយោបល់ឱ្យបានទូលំទូលាយ ដើម្បីធានាថាច្បាប់ហ្នឹង គឺផ្តល់ផលប្រយោជន៍ និងការពារដល់ការអនុវត្តសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន»

និស្សិតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ នៃសាកលវិទ្យាល័យកម្ពុជា លោក អ៊ឹង ស៊ា លើកឡើងថា ជាទូទៅពេលអ្នកកាសែតចុះទៅយកព័ត៌មានផ្ទាល់ អាជ្ញាធរហាក់មិនមានការសហការដោយល្អជាមួយអ្នកកាសែតទេ តែងបង្កផលលំបាក​​ជា​​និច្ច រាល់ពេលចុះបំពេញការងារនៅមូលដ្ឋាន។ តែផ្ទុយទៅវិញ អាជ្ញាធរតែងតែសួរនាំ គំរាមកំហែង ជីកឬសជីកគល់ដល់អ្នកកាសែត ថែមទាំងមានការប្រើប្រាស់អំពើហិង្សាមកលើពួកគេ ដែលនាំឲ្យមានរបួសស្នាមជាដើម ដែលវាផ្ទុយនឹងច្បាប់ស្តីពីរ​​ប​​ប​​សារព័ត៌មានទៅទៀត។

លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា សន្ទស្សនៃការគម្រាមកំហែងទៅលើអ្នកកាសែត ជាពិសេសអ្នកកាសែតឯករាជ្យដែលមានវិជ្ជាជីវៈក្នុងការផលិតព័ត៌មានក្នុងឆន្ទះបម្រើប្រជាពលរដ្ឋ កំពុងតែមានការកើនឡើងដោយមិនមានសញ្ញាណាដែលថមថយនៅឡើយ »

លើសពីនេះទៅទៀត លោក អ៊ឹង ស៊ា សង្កេតឃើញថា កាលណាសារព័ត៌មានឯករាជ្យបាត់បង់ នោះមាន័យថាលំហូរនៃព័ត៌​​​មាន​ពិត សុក្រឹត និងយុត្តធម៌ មានការថយចុះជាលំដាប់។មិនតែប៉ុណ្ណោះ នៅពេលសេរីភាពព័ត៌មានបាត់បង់ ប្រជាពលរដ្ឋក៏​​បាត់បង់ប្រភពព័ត៌មានដែល​ឯករាជ្យ និងជឿទុកចិត្ត ហើយបញ្ហារបស់ប្រជាពលរដ្ឋដែលត្រូវការព័ត៌មានបែបនេះ ដើម្បីផ្ញើ​​សា​រឱ្យអាជ្ញាធរបានដឹង វាលែងដំណើរការកើត។ក្នុងន័យនេះវាជាសញ្ញាមួយ គួរឲ្យព្រួយបារម្មណ៍ ដែលរដ្ឋាភិបាលគួរយកចិត្ត​​ទុកដាក់ និងគិតគូរឡើងវិញ។

លោកបន្តថា៖«ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានឯករាជ្យ ខ្ញុំសូមសំណូមពរឲ្យអាជ្ញាធរ ពាក់ព័ន្ធចូលរួមយ៉ាងសកម្មជាមួយអ្នកកាសែតឯករាជ្យ ក្នុងការយកព័ត៌មានដើម្បីបម្រើប្រជាពលរដ្ឋទូទៅ ជាជាងបំបាក់ស្មារតីពួកគាត់។  ខ្ញុំគិតថាការដែលអាជ្ញាធរ បិទសារព័ត៌មានឯករាជ្យ ដូចក្នុង ករណីVODជាដើម វាជាការគម្រាមកំហែងសេរីភាពសារព័ត៌មានឯករាជ្យយ៉ាងធ្ងន់ធ្ងរ»

ហាក់មិនខុសគ្នាទេ អ្នកសារព័ត៌មាន​សេរី​ ​កញ្ញា ហ៊ន ថូវ៉ាន ក៏ឯកភាពដែរចំពោះរបាយការណ៍ដែលរកឃើញនេះ តែទិដ្ឋភាពនៅ​​ក្នុ​​ងរដ្ឋាភិបាលចាស់ ដូចជាការគំរាមកំហែង មានការបិទស្ថាប័នព័ត៌មាន និងការប្រើប្រាស់អំពើហិង្សាទៅលើអ្នកកា​​សែ​​ត​​​​ជាដើម ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះករណីទាំងអស់នោះមានដែរ តែនៅក្នុងស្ថានភាពកំពុងវាយតម្លៃ និងតាមដានបន្តទៀត ថាតើវានឹងអាចមានផលអាក្រក់ដូចក្នុងរដ្ឋាភិបាលចាស់ក៏យ៉ាងណា? ។

ប្រភពបន្តថា តាមបទពិសោធន៍ក្នុងរយៈពេលប៉ុន្មានខែមកនេះ សម្រាប់អាណត្តិរដ្ឋាភិបាលថ្មី ហាក់ដូចជាល្អប្រសើរជាងមុ​​ន ដោយសារពេលរូបគេចុះទៅយកព័ត៌មាននៅតាមក្រសួងស្ថាប័នមួយចំនួន ដូចជាក្រសួងការងារ​ និងទីលានប្រជាធិបតេយ្យជាដើម អាជ្ញាធរហាក់មិនបានរឹតត្បិតសិទ្ធិសេរីភាពដូចពីមុនទេ។

កញ្ញាបន្តថា៖«សម្រាប់ខ្ញុំក្នុងរយៈពេលអាចថាជាង១០០ថ្ងៃដំបូងនៃការតំណែងរបស់នាយករដ្ឋមន្ត្រីថ្មី ឃើញថាស្ថានភាពវាអាចមានភាពធូរស្រាលជាងមុន ទៅលើខាងផ្នែកអាជ្ញាធរ គាត់លែងប្រើប្រាស់កម្លាំងគំរាមកំហែង ប៉ុន្តែក៏យើងមិនអាចសន្និដ្ឋានបានថាស្ថានភាពទាំងអស់ហ្នឹង វានឹងបន្តនៅល្អជាងមុខ ឬក៏អាក្រក់ជាងមុនទេ អាចថាវាស្ថិននៅក្នុងតំណាក់កាលកំពុងតែសង្កេតមើល»។

ដោយឡែក អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក ​ទេព ​អស្នារិទ្ធ​ លើកឡើងថា សិទ្ធិសេរីភាពសារព័ត៌មាន ឬអ្នក​សារ​ព័ត៌មាន​ទាំង​អស់​នៅ​កម្ពុជា​ មានច្បាប់ព័ត៌មានការពារ​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ​ស្រប​តាម​វិជ្ជាជីវៈ និងសិទ្ធិរបស់​​ពួក​​​គេ ​ដោយ​គ្មាន​ការ​រំខាន​ណា​មួយ​ឡើយ។​

លោក​បញ្ជាក់ថា៖ ​«ហើយ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ​និង​សិទ្ធិ​ទទួល​បាន​នូវ​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ដោយ​រាជ​រដ្ឋាភិបាល​ពី​អាណតិ្ត​មួយ​ទៅ​អាណតិ្ត​មួយ​ជារហូត​មក​ ជា​ពិសេស​នៅ​ក្នុង​អាណត្តិ​ទី ​៧ ​នេះ​តែ​ម្តង ​ក្រសួង​ព័ត៌មាន​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផ្តល់​ការ​គាំពារ​ សិទិ្ធសេរីភាព និង​ការ​ការពារ​សិទ្ធិ​ដល់​អ្នក​សារ​ព័ត៌មាន​»។​

បើទោះជាបែបណា កាល​ពី​ខែ​កុម្ភៈ ដើមឆ្នាំ២០២៣ ​ក្រសួង​ព័ត៌មាន​បាន​លុប​​អាជ្ញា​បណ្ណប្រព័ន្ធផ្សព្វផ្សាយ​​សំឡេង​​ប្រជា​​ធិ​​ប​​តេយ្យ ​វីអូឌី(VOD) ​តាម​ប​​ញ្ជា​រប​​ស់​​អតីត​នាយក​រដ្ឋមន្រ្តី​លោក ​ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​ថា​ លោក ​ហ៊ុន ម៉ាណែត ​ចុះ​ហត្ថលេខា​ជំនួស​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ក្នុង​ការ​ផ្តល់​ជំនួយ​ ១០០.០០០​ ដុល្លារ​ដល់​ប្រទេស​តួកគី ​ស​​ម្រាប់​គ្រោះ​រញ្ជួយ​ដី។ការបិទទ្វារនៅពេលនេះ ក្រោមហេតុផលថា ​វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​ដល់​កិត្តិយស​ និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន »។

នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​រាំង​​​ខ្ទប់​គេហ​ទំព័រ​សារ​ព័ត៌មាន​មួយ​ចំនួន ​ក្នុង​នោះ​មាន​សារ​ព័ត៌មានវិទ្យុ ​អាស៊ីសេរី ​ស្ថាប័នព័ត៌មាន ឌឺខេមបូ ដេលី (The Ca​​​m​bodia Daily) ​និង​គេហ​ទំព័រ​កំណត់​ត្រា ដែល​គ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ស្ថិតក្នុងស្ថានភាព ដែលរដ្ឋាភិបាលរងការរិះគន់នេះ អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border) ​បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស ​នៅ​ឆ្នាំ ​២០២៣​ ដែល​មាន​ន័យ​ថា ​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់ ​ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕​