លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការចំនួនពីរ គឺយុទ្ធនាការពន្លឿន​ការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ​ដោះស្រាយ​ភាព​មិនប្រក្រតី​នៅ​តាម​តុលាការ ដើម្បី​លើកកម្ពស់សេវាយុត្តិធម៌។

ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៤​ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​​​យុត្តិធម៌បានសម្រេច​ដាក់ចេញឱ្យអនុវត្តយុទ្ធនាការជំរុញ និង​ពន្លឿន​ការដោះ​ស្រាយ​រឿង​ក្តីនៅ​តាម​តុលាការ និង​យុទ្ធនាការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​​នៅ​​តាម​​តុលាការ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះតទៅ ក្នុង​គោល​បំណង​លើក​កម្ពស់​សេវា​យុត្តិធម៌ ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងគោលការណ៍នីតិរដ្ឋ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា​ យុទ្ធនាការជំរុញ និង​ពន្លឿន​ការដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ ត្រូវធ្វើទាំងរឿងព្រហ្មទណ្ឌ និង​រឿងរដ្ឋរដ្ឋប្បវេណី ដើម្បីលើកម្ពស់​​ប្រសិទ្ធភាព​នៃការ​ផ្តល់​សេវាយុត្តិធម៌ជូនពលរដ្ឋ ដោយ​​​ដាក់​ឱ្យអនុវត្តរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះ​តទៅ។

លោក កើត រិទ្ធ លើកឡើងពីគោលបំណងនៃយុទ្ធនាការជំរុញ និងពន្លឿន​ការដោះ​ស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ​ថា៖ «ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយ​ត្រូវ​គោរព​ឱ្យបានម៉ឺងម៉ាត់នូវអភិក្រម លឿន ត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកលើច្បាប់ ដោយ​ត្រូវ​ជៀសវាង​ឱ្យ​បាន​ជា​ដាច់ខាតនូវស្ថានភាព ត្រីងៀត ឆ្លៀតពង»។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ថែមថា​ សម្រាប់​យុទ្ធនាការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិនប្រក្រតី​នៅ​តាម​តុលាការ ត្រូវពិនិត្យភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ចតាមតុលាការ ភាពមិនប្រក្រតី​លើដំណើរសំណុំរឿង និងការសម្រេចសេចក្តីរបស់តុលាការ ហើយ​​ដាក់​ឱ្យអនុវត្តរយៈពេល ៥ឆ្នាំ គិតចាប់ពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះតទៅ។

លោក កើត រិទ្ធ បន្តលើកឡើងពីការអនុវត្តយុទ្ធនាការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិនប្រក្រតី​នៅ​តាម​តុលាការថា៖ «ជាច្រកផ្លូវការមួយ​សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ដោយ ការរំលោភ​បំពាន​ដោយ​ខុសច្បា​ប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលាការ អាចដាក់​ពាក្យ​បណ្ដឹង​អំពី​ភាពមិនប្រក្រតីក្នុងចំណាត់ការរបស់តុលាការ ដើម្បីឱ្យយន្តការទទួលបន្ទុកជួយត្រួតពិនិត្យ និង ជួយដោះស្រាយរកយុត្តិធម៌»។

ជុំវិញការ​ប្រកាស​ដាក់ចេញ​យុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ លោក កែវ ពន្លឺចន្ទ អ្នកជំនាញ​វិទ្យាសាស្ត្រ​​នយោបាយ​ និងច្បាប់​​មិនរំពឹងថា​មានប្រសិទ្ធភាពនោះ​ទេ បើទោះបីជា​មាន​​យន្តការ​ល្អ​ វិធានល្អ ព្រោះ​អំពើ​​ពុក​រលួយ​វា​មាន​វិសាលភាពខ្លាំ​ង​ពេក​​​សម្រាប់កម្ពុជា។

លោក កែវ ពន្លឺចន្ទ បន្តថា៖ «ការពន្លឿនរឿង ឬធ្វើឱ្យមានគុណភាពរឿងអី សុទ្ធតែខ្ញុំមិនមានសង្ឃឹមទេ ចំណុច​​​សំខាន់ គឺចំណុចពុករលួយនេះឯង»។

លោក ​កែវ ពន្លឺចន្ទ បន្ថែមថា ឱ្យតែមានរូបភាពអំពើពុករលួយនៅកន្លែងណា កុំសង្ឃឹមថាទទួលបាន​យុត្តិធម៌ ពុំមានការអនុវត្តត្រឹមត្រូវ ហើយភាគីទាំងសងខាងក៏ពុំអស់ចិត្ត ដោយសាររឿងខ្លះទាក់ទង​អំណាច រឿង​នយោបាយ និងអ្នកមានលុយ។

លោក កែវ ពន្លឺចន្ទ បន្តថា៖ «រឿងវិស័យតុលាការហាក់បីដូចជារឿងដដែលៗ គ្រាន់តែយន្តការដាក់​លម្អ​សង្គម​ប៉ុណ្ណឹង​ យន្តការច្បាប់ប្រទេស​កម្ពុជា​ល្អ គ្រាន់តែការអនុវត្តមិនបានល្អប៉ុណ្ណឹង»។

ចំណែក​លោក​ វ៉ា ឈុនហុង អ្នកសិក្សាផ្នែកច្បាប់ និងសង្គម មានយោបល់ថា យុទ្ធនាការរបស់ក្រសួង​យុត្តិធម៌​ដែលបានដាក់ចេញទៅលើការពន្លឿន ការត្រួតពិនិត្យភាពមិនប្រក្រតី ការដោះស្រាយរឿងក្តី​នៅ​តាម​តុលាការ គឺគ្រាន់តែជាយន្តការផ្នែករដ្ឋបាលរបស់អង្គនីតិប្រតិបត្តិ។ ហើយមានប្រសិទ្ធ​ភាពកម្រិតណា​ គឺ​អាស្រ័យ​ទៅ​លើស្ថាប័នតុលាការ។

លោក​ ឈុនហុ​ង បន្តថា ស្ថាប័នតុលាការ ដែលមាន​ឧត្តម​ក្រុមប្រឹក្សានៃអង្គចៅក្រម គួរតែបង្កើតនៅ​ក្រុម​ការងារត្រួតពិនិត្យ ដោះស្រាយការពន្លឿនរឿងក្តី ភាពអសកម្មនៃរឿងក្តី ឬបញ្ហាផ្សេងទៀត ព្រោះ​តុលាការជា​​អ្នកអនុវត្តច្បាប់ អាចមើលឃើញពី​បញ្ហានៅក្នុង​សង្គមជាក់ស្តែង។

លោក​ ឈុនហុង បន្តថា៖ «ប្រធានស្ថាប័នតុលាការ រាល់សំណុំរឿង​នីមួយៗ​ គឺមាន​ការចាត់​ឱ្យ​ធ្វើ​ការងារ​ទៅ​តាម​លំដាប់​នីមួយៗរៀងៗខ្លួន ដូច្នេះហើយស្ថាប័នតុលាការ​គឺ​គាត់​​ដឹង​​ច្បាស់អំពី តើសំណុំ​រឿងហ្នឹង​កក​ស្ទះ​ដោ​​យសារអ្វី មានការយឺតយ៉ាវដោយសារអ្វី មូលហេតុអ្វីរឿង​ហ្នឹងអត់ទៅមុន ឬ​ក៏​មាន​បញ្ហា​ដោះស្រាយ​មិន​ចេញ»។

លោក​ ឈុនហុង បន្តថា លោក​​ចង់ឱ្យមានការបែងចែកឱ្យដាច់​រវាងអំណាចនីតិប្រតិបត្តិ និង​អំណាច​តុលាការ​ ដោយ​​អំណាចនីតិប្រតិបត្តិ​អាច​ធ្វើ​ការងារ​ផ្នែក​រដ្ឋបាល​ ​ហើយ​អំណាច​តុលាការ ត្រូវ​អនុវត្ត​កិច្ច​ការងា​រ​ទៅ​តាម​អង្គហេតុ អង្គច្បាប់ និងការសម្រេចសេចក្តីដោយ​មិន​មាន​សម្ពាធ​ពី​ខាងស្ថាប័នណាមក​។

លោក​ វ៉ា ឈុនហុង មានការបន្ថែមជាចុងក្រោយថា៖ «ស្ថាប័នតុលាការ […] ​ចៅក្រម អ្នកធ្វើការនៅ​ស្ថាប័ន​តុលាការ​មានចំនួនតិច ដូច្នេះហើយគួរជ្រើសរើស​ធនធានមនុស្ស​ឱ្យបាន​ច្រើន ជៀសវាងការកកស្ទះ​សំណុំ​រឿង ការដោះស្រាយ​មិនទាន់ និងមួយទៀតពាក់ព័ន្ធប្រសិទ្ធភាព​នៃ​ដោះស្រាយ​រឿងក្នុងស្ថាប័នតុលាការ»។

ពាក់ព័ន្ធចំនួនចៅក្រមធ្វើការនៅតាមតុលាការ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​លើកឡើងថា​ ចៅក្រម​ត្រូវ​ធ្វើ​ការជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន ដើម្បីទទួល​បាន​ធនធានមនុស្សល្អៗ។​

បើតាមឯកសារខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ទំព័រ១៧ ចេញ​ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថា៖ «ការបន្តពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ត្រូវបានគ្រោងថវិកាចំនួន ១០,៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ២,៥ លានដុល្លារអាម៉េរិក​»។

បន្ទាប់ពីក្រសួងយុត្តិធម៌បិទបញ្ចប់សន្និសីទសារព័ត៌មាន គឺមានការផ្សព្វផ្សាយសេចក្តីជូនដំណឹងដែលមាន​ខ្លឹមសារអាចឱ្យសាធារណជនអាចទាក់ទងទៅ ក្រុមការងារទទួលពាក្យបណ្តឹង តាមរយៈលេខទូរសព្ទ ០៩៩ ៤៤៤ ១៨១ និងដែលមានលោក ជិន ម៉ាលីន លោក សេង ឌីណា និងអ្នកផ្សេងទៀតជា​ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ៕