ក្រសួង​សុខា​ភិ​បាល​​​អំ​ពាវ​នាវ​​ដល់​សាធារ​ណជន​ ជា​​ពិសេស​យុវវ័យ​​ជៀស​វាង​​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ដោយសារ​វា​អាច​​បណ្តាល​ឱ្យ​មានផលវិបាក​សុខភាព​ធ្ងន់ធ្ងរ។

បើ​តាម​សេចក្ដី​ប្រកាសព័​ត៌​មាន​របស់​ក្រសួង​សុខា​ភិ​បាល​​ចេញ​​នៅ​ថ្ងៃ​ទី​៩​ ខែ​មករា​ឆ្នាំ​២០២៤ ​បាន​ឱ្យ​ដឹងថា​ការ​ប្រើ​ប្រាស់​គឿង​ស្រ​វឹង​ផ្ដល់​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ សេដ្ឋកិច្ច​ និង​សង្គម​​ជា​ពិសេស​សមា​ជិក​គ្រួ​សារ​ មិត្ត​រួម​ការងារ និង​អ្នក​ដទៃ​ផង​ដែរ។

ក្រសួងសុ​ខា​ភិបាល​បាន​បន្ត​​ថា៖ «​ភស្តុ​តាង​ថ្មីៗ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​បង្ហាញ​ថា​ មិន​មាន​កម្រិត​សុ​វត្ថិ​ភាព​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ​ ហើយ​គ្រប់​ផលិត​ផល​គ្រឿង​ស្រ​វឹង​សុទ្ធ​តែ​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ សូម​កុំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅ​ពេល​បើក​បរ ឬកំ​ពុង​បញ្ជា​គ្រឿង​ម៉ាស៊ីន​ផ្សេងៗ​ ពេល​កំពុង​មាន​ផ្ទៃ​ពោះ​ និង​បំ​បៅ​កូន​ដោយ​ទឹក​ដោះ​ ឬ​អ្ន​កមាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​»។

ក្រ​សួងក្រសួង​សុខា​ភិបាល​​បន្ថែ​ម​ថា គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មាន​ផលប៉ះ​ពាល់​ ដូច​ជា​ជម្ងឺ​ក្រិន​ថ្លើម​ មហា​រីក (​មាត់ បំ​ពង់​ក បំ​ពង់​អាហារ ថ្លើម ពោះ​វៀន​ធំ សុ​ដន់ ឈាម​ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សាយ អ​សម្ថ​ភាព​ផ្លូវ​ភេទ ជម្ងឺ​បេះដូង សរសៃ​ឈាម ​(​ខួរក្បាល) បញ្ហា​ផ្លូវ​ចិត្ត​ ខ្សោយ​សាច់​ដុំ  ឆ្អឹង លើស​ជាតិអា​ស៊ីត ខ្លាញ់ សម្ពាធ​ឈាម​​ ជាតិ​ស្ករ​​  ធ្វើឱ្យ​កូន​លូត​លាស់​មិន​ប្រក្រតី​ ហើយ​​​​​​អាចវិវត្ត​ទៅ​រក​ផល​វិបាក​ ​និងស្លាប់​មុន​អាយុ​។

សេច​ក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​​៖ «ជាតិ​អាល់​កុល​ក្នុង​ផលិតផល​​​គ្រឿង​ស្រវឹង​ប៉ះ​ពា​ល់​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់​ភ្លាមៗ​ និង​រយៈ​ពេល​យូរ។ ក្នុង​រយៈ​ពេល​តែ​២​ទៅ​៣​នាទី​តែ​ប៉ុ​ណ្ណោះ​ ​ជាតិ​អាល់​កុល​​អាចជ្រាប​ចូល​ដល់ខួរ​ក្បាល​ ហើយអាច​បង្ក​រោគ​សញ្ញា​ ទៅតាម​កំ​ហាប់​ ការ​ចាប់​ផ្ដើម​និយាយ​ច្រើន ចលនា​អន់​ថយ គំ​ហើញ​ថយ​ចុះ​ និង​ក្អួត​ចង្អោរឬ​បាត់​បង់​ស្មារតី​ ហើយ​ការ​ទទួល​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​បង្ក​ឱ្យ​សន្លប់​ ប្រឈម​នឹង​ជម្ងឺ​ឆ្លង ដូច​ជា​ជម្ងឺ​អេដស៍ និង​ជម្ងឺ​ផ្សេងៗ​ទៀត» ។

ក្រសួង​បន្ថែម​ថា​ លើស​ពី​នេះ​ទៀត វា​អាច​បណ្ដាលឱ្យយុ​វវ័យ​ឈាន​ទៅ​រក​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ថ្នាំ​ជក់​ ដែល​ប្រាស​ចាក​ពី​សីល​ធ៌ម​សង្គម។​ទន្ទឹម​គ្នា​នេះ​ដែរ​​គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ ដូចជា​អំ​ពើ​ហឹង្សា ​ការ​ប្រព្រឹត្ត​បទ​ឧ​ក្រិដ្ឋ​ ជម្លោះ​បុគ្គល ការ​ចំ​ណាយ​ថវិ​កាទៅ​​លើ​ការ​​ទិញ​គ្រឿ​ង​ស្រវឹង​ ការ​ព្យាបាល​សុខ​ភាព​ គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ខាត​បង់​ផ្សេងៗ។

ក្រសួង​អំពាវនាវដល់​សាធារ​ណជន​ ជា​​ពិសេស​យុវវ័យ​​ជៀស​វាង​​ការ​ប្រើ​ប្រាស់​ ហើយ​​ចំ​ពោះ​​អ្នក​​ដែល​​មិន​​ធ្លាប់​​ប្រើប្រាស់​​​សូម​​កុំ​​សាក​​ល្បង​ ​ដោយ​​ឡែក​អ្ន​​ក​​ដែល​កំពុង​​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ គួរ​កាត់​បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​ ដើ​ម្បី​សុខ​ភាព​របស់​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់។

ក្រ​សួង​សុ​ខា​ភិ​បាល​បន្ថែម​ថា​៖ «​អា​ជ្ញា​ធរ​មូល​ដ្ឋាន គ្រួសារ​ សាលា​រៀន ​និង​សហ​គមន៍ ចូល​រួម​បង្កើត​បរិ​យា​កាស​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ដូច​ជា​ការ​អប់​រំ​​ ផ្សព្វ​ផ្សាយ ឱ្យ​បាន​​ទូ​លំ​ទូលាយ និង​លើក​ទឹក​ចិត្ត​គាំ​ទ្រ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ឱ្យ​លះ​បង់​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។ សូម​ស្ថាបន័ផ្សេង​ទៀត​ចូល​រូម​គាំ​ទ្រ​​ននិង​ទប់​ស្កាត់ការ​​ប្រើប្រាស់​ផលិត​ផល​គ្រឿង​ស្រវឹង​ តាម​រយៈ​ការ​ឆ្លើយ​តប​ពហុ​វិ​ស័យ​ដោយ​ផ្ដោត​លើ​ការ​រៀប​ចំ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ផ្សេងៗ ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ឥរិយា​បថ​បុ​គ្គល​ គ្រួ​សារ សហ​គមន៍ ឱ្យ​ជ្រើស​រើស​ទម្លាប់​រស់​នៅ​ដោយ​គ្មាន​ផលិត​ផល​គ្រឿង​ស្រ​វឹង»៕