សង្គមស៊ីវិល និង​អ្នកវិភាគ​​លើកឡើង​​ថា ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ រ​ដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​​ពង្រឹង​ច្បាប់ ​និង​ប្រព័ន្ធ​តុលាការ​ ហើយ​ ពលរដ្ឋ​ត្រូវ​សកម្ម​ក្នុង​ការ​ចូលរួម។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​អង្គការ​តម្លាភាព​កម្ពុជា ​(TI)​ អង្គការ​បណ្តាញ​យុវជន​កម្ពុជា ​(CYN)​ និង​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​(CamboJA) ​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ​ក្រោម​មូលបទ‌‌‌‌​ «ការ​ដឹកនាំ​មាន​សុចរិតភាព ​នាំ​មក​នូវ​យុត្តិធម៌​ និង​វិបុលភាព»​ នៅ​ថ្ងៃ​ទី៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៣។​

លោក​ អ៊ឹម​ នរិន្ទ​ នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​(TI)​ ប្រាប់អ្នកសារព័ត៌មាន​​ថា​ កត្តា​សំខាន់​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​គឺ​ការ​អនុវត្ត​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ​ ដោយ​លោក​​ថា ​ទាំង​គោលនយោបាយ​ចតុកោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ចាស់​ និង​គោល​នយោបាយ​បញ្ចកោណ​របស់​រដ្ឋាភិបាល​អាណត្តិថ្មី​សុទ្ធ​តែ​មាន​អភិបាលកិច្ច​ល្អ​ជា​ស្នូល​ដូ​ចគ្នា។​

‌លោ​ក​លើកឡើង​ថា៖​ «អ្វី​ដែល​យើង​ប្លែក​ឃើញ​ជា​សញ្ញា​ខ្លះ​ជា​សញ្ញា​វិជ្ជមានឃើញ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង​ នាយក​រដ្ឋមន្ត្រី​ថ្មី​ហ្នឹង​ក៏​គាត់​មាន​ជា​សារ​មួយ​ចំនួន​ដែលបាន​ចេញ​ជា​សាធារណៈ ​ហើយ​បាន​បង្ហាញ​នូវ​ឆន្ទៈ​ បង្ហាញ​នូវ​អភិក្រម​របស់​ខ្លួន​ដែល​ផ្ដោត​សំខាន់​លើ​ការ​វះកាត់​ ឬ​ក៏​ការ​ងូតទឹក​ដុះក្អែល​អី​ផ្សេងៗ​ ហើយ​យើង​សង្ឃឹម​ថា​គាត់​នឹង​ដឹក​នាំ​ប្រទេស​ហ្នឹង​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​អភិក្រម​របស់​គាត់​ហ្នឹង​ ហើយ​អនុវត្ត​វា​ឱ្យ​បាន​ល្អ»។​

ចំណែក​​​លោក​សាស្ត្រាចារ្យ​ ឯម​ សុវណ្ណារ៉ា ​លើកឡើង​​ថា ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​បាន​ដាក់​ចេញ​យន្ដការ​​ប្រឆាំង​អំពើ​ពុករលួយ​ ក៏​ប៉ុន្តែ​លោក​ថា ​ការ​អនុវត្ត​មិន​ទាន់​​ពេញ​លេញ​នៅ​ឡើយ​​។​

លោក​ថា៖ «ខ្ញុំ​មើល​គោល​នយោបាយ​របស់​រដ្ឋាភិបាល​គាត់​មាន​យន្ដការ​ល្អ​ដែរ​ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ ​ប៉ុន្តែ​ក្រសួង​មន្ទីរ​មួយ​ចំនួន​ដែល​ធ្វើ​បាន​នៅ​ក្នុង​២៧​ក្រសួង​មន្ទីរ​ស្ថាប័ន​ យើង​ឃើញ​មាន​ក្រសួង​មន្ទីរ​ពីរ​បី​ទេ​ដែល​គាត់​ដាក់​វិធានការ​ច្រើន​ ដូច​ក្រសួង​មហាផ្ទៃ​គាត់​ចេញ​វិធាន​ការ​មួយ​ចំនួន។​ ដោយឡែក​ក្រសួង​មន្ទីរ​ផ្សេង​ទៀត​ហាក់​ដូច​ជា​មិន​ទាន់​សកម្ម​ទេ។​ ហើយ​ការ​ដាក់​វិធានការ​ដែល​គាត់​មាន​ប្រសិទ្ធភាព​វា​នៅ​តាម​ខេត្ត​តាម​តំបន់​មួយ​ចំនួន​ទេ​ វា​មិន​ទាន់​ជ្រាប​ដល់​រចនាសម្ព័ន្ធ​ថ្នាក់​ក្រោម​ជាតិ​នៅ​ឡើយ​ទេ​អត់​ទាន់​មាន​ទេ ​ឧទាហរណ៍​ថា​សេវា​ជួរ​មុខ​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​អត់​ទាន់​បាន​ពេញលេញ​ទេ​ គាត់​នៅ​ជួប​ឧបសគ្គ​នៅ​ក្នុង​ការ​ត្រូវ​ការ​ប្រើប្រាស់​ថវិកា​ក្រោម​តុ​ជា​ដើម»។​

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា​ ដើម្បី​កាត់​បន្ថយ ​ឬ​ប្រឆាំង​អំពើ​ពុក​រលួយ​ ត្រូវ​ទាមទារ​ឱ្យ​មាន​គោលការណ៍​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ​ហើយ​ពលរដ្ឋ​ត្រូវ​មាន​ភាព​សកម្ម​ និង​ឱ្យ​តំណាង​រាស្ត្រ​មាន​ឯកត្កនាម​ ឬ​ពលរដ្ឋ​ជា​អ្នក​រើស​តំណាង​រាស្ត្រ។​

លោក ​ប៉ែន ​បូណា ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល ​បាន​និយាយ​ថា​ នៅ​កម្ពុជា​មាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​តាំង​ពី​យូរ​មក​ហើយ​គឺ​តាំង​ពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ​មក​ម៉្លេះ។​

លោក​ថា៖​ «រាជ​រដ្ឋាភិបាល​មិនមែន​ទើប​តែ​រដ្ឋាភិបាល​ថ្មី​នេះ​ទេ​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង​ យើង​បាន​ធ្វើ​យូរ​ណាស់​ហើយ​ តាំង​ពី​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​ យើង​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​យើង​បាន​ចាត់​ទុក​អភិបាលកិច្ច​ល្អ​ជា​ស្នូល​នៃ​ការ​កែ​ទម្រង់»។​

លោក​បាន​បន្ត​ថា​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​បន្ត​ប្រឆាំង​នឹង​អំពើ​ពុករលួយ ​ដោយ​បាន​ចាត់ទុក​តម្លាភាព​ជា​ស្នូល​នៃយុទ្ធសាស្ត្រ​បញ្ចកោណ។​

«យើង​បាន​ធ្វើ​កិច្ច​ការងារ​ច្រើន​ណាស់​ដើម្បី​លុប​បំបាត់​ ឬ​ក៏​កាត់បន្ថយ​អំពើ​ពុក​រលួយ​ មាន​ការ​បើក​ប្រាក់​ខែ​តាម​ធនាគារ​ មាន​ការ​បង់ពន្ធ​អចលនទ្រព្យ ​បង់ពន្ធ​ផ្លូវ​ឡាន​ផ្លូវ​អី​ហ្នឹង​ដាក់​នៅ​តាម​ធនាការ​ អ្វីៗ​បន្តិច​ទៀត​មាន​ App​ [កម្មវិធី]​ មាន​អី​ បង់​ថ្លៃ​នេះ​ថ្លៃ​នោះ ​ទាំង​អស់​ហ្នឹង​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កាត់​បន្ថយ​កុំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ហ្នឹង​ឯង​ ហើយ​លទ្ធផល​ទទួល​បាន​ច្រើន​ ហើយ​រាជ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៧​នេះ​នៅ​តែ​បន្ត​កិច្ច​ប្រឹងប្រែង​ សម្ដេច​ធិបតី​លោក​ថា​តម្លាភាព​ហ្នឹង​សំខាន់​ណាស់​ សំខាន់​ជា​ស្នូល​នៃ​យុត្តិសាស្ត្រ​បញ្ចកោណ»។​

បើ​តាម​របាយការណ៍​ពី​សន្ទស្សន៍​អំពើ​ពុករលួយ​ឆ្នាំ​២០២២ ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​(Transparency ​International​ Cambodia)​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១៥០ ​ក្នុង​ចំណោម​១៨០​ប្រទេស ដែល​មាន​ន័យ​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា​ស្ថិតក្នុង​កម្រិត​ធ្ងន់ធ្ងរ​​​នៅឡើយ​៕​