សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​​​ស្នើ​អាជ្ញាធរ​ពាក់​ព័ន្ធ​​អន្តរាគមន៍​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ ខេត្ត​ព្រះ​វិហារ ដោយ​ពួក​គេ​បាន​រក​ឃើញ​ឈើ​ជាង​៣០០​ដើម​ត្រូវ​បាន​អារ​ក្នុង​ឆ្នាំ​២០២៣​។ 

ក្នុង​សារ​ដែល​បង្ហោះ​ជា​​សេចក្ដី​ប្រ​កាស​ព័ត៌មានស្តីពី​ការ​​បូក​សរុប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ក្នុង​ឆ្នាំ​២០២៣​លើទំព័រហ្វេសប៊ុក​របស់​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ចេញ​​នៅ​ថ្ងៃ​ទី​១០​ ខែ​មករា​នេះ​បាន​ឱ្យ​ដឹង​ថា​ នៅ​តំបន់​អូរ​ស្ពង់​ក្នុង​ដែន​ជម្រក​​សត្វ​ព្រៃ​ព្រះរកា​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់​ទ្រាយ​ធំ​។ 

សារ​​ដដែល​បន្ថែម​ថា៖ «បច្ចុប្បន្ន​តំ​បន់​ដែល​កំពុង​បន្ត​កាប់​បំផ្លាញ​យ៉ាង​សកម្ម​មាន​លេខ​និយាមការ​ X៖ 515731 Y៖1546629​ ដែល​មាន​ម៉ាស៊ីន​អារ​ឈើ​យ៉ាង​សកម្ម​ប្រហែល​១០​គ្រឿង​ នៅ​តំបន់​ អូរ​ស្ពង់​ ដែល​ជា​តំ​បន់​សក្ដា​នុ​ពល​ចម្ការ​ច្បោះ​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​យើង​អាស្រ័យ​ផល​»។ 

សារ​ជា​​សេចក្ដី​ប្រ​កាស​ព័ត៌​មានដដែល​​បន្ដ​ថា​ ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០២៣ ​តាម​រយៈ​ការ​ចុះ​ល្បាត​ ៥​ដង​បាន​រក​ឃើញ​មាន​គល់​ឈើ​ដែលត្រូវ​​បាន​កាប់​ផ្តួល​ អារ​ជ្រៀក​មាន​ចំនួន​ ៣៦៦​គល់​ ក្ដារ​បន្ទះ​ចំនួន​ ៣៤២​បន្ទះ ​ឈើ​តាប់​ចំនួន​៣.២​ម៉ែត្រ​គូប​ និង​ឈើ​ប្រ​ភេទ​សសរ​ចំនួន​២៧​ដើម​។ 

លោក​ ស៊ុត​ សាវន​ សមាជិក​សហគមន៍​ជនជាតិ​ដើម​ភា​គ​​តិច​កួយ​​បាន​ប្រាប់​ Newsroom Cambodia​ ថា​ នៅ​ថ្ងៃ​ទី​១០​ និង​ទី​១១​ ខែ​​មករា​នេះ​​ក៏​មាន​ករណី​កាប់​ឈើ​ដែរ​ គឺ​ក្រុម​ជន​ល្មើស​មាន​គ្នា​ជាង​២០​នាក់​បាន​អារ​ឈើ​អស់​៥​ដើម​ ប្រ​ដាប់​ដោយ​រណារ​យន្ត​៥គ្រឿង​ និង​មាន​គោ​យន្ដ​៤​គ្រឿង​នៅ​អូរ​តា​មាក់​។ 

​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរុ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា​ បាន​ស្នើ​​​សុំ​​កិច្ច​អន្តរាគមន៍​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ​និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ជុំវិញការកាប់បំផ្លាញ​ព្រៃ​ឈើ​នេះ​​​។ 

«យើង​ជា​សហគមន៍​សូម​ស្នើរ​សុំ​បន្ថែម​ដល់​អង្គភាព​ប្រឆាំង​បទ​ល្មើស​ធន​ធាន​ធម្មជាតិ ​និង​លោក​អភិបាល​ខេត្ត​ដែល​ស្រលាញ់​ចូល​ចិត្ដ​កំសាន្ដ​ព្រៃ​ឈើ​ធម្មជាតិ​ សូម​ជួយ​ចុះ​ធ្វើ​អន្តរាគមន៍​ តំបន់​កាប់​បំផ្លាញ​ទ្រង់​ទ្រាយ​​ធំ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា​នេះ​ផង​»។ 

​ Newsroom Cambodia​ បាន​ព្យា​យាម​ទាក់​ទង​លោក​ សុង​ ច័ន្ទសុជាតិ​ ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ ប៉ុន្តែ​លោក​បដិសេធ​មិន​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ដោយ​ថា​បញ្ហា​នេះ​ជា​រឿង​ដដែលៗ​។ 

លោកបញ្ជាក់ថា៖ «អូ​! អា​ហ្នឹង​សួរ​ដដែលៗ​ពីរ​បី​អង្គភាព ​[សារព័ត៌មាន]​ ហើយ​។ ​អញ្ជើញ​មក​មន្ទីរ​[បរិស្ថាន]​ មក​ខ្ញុំ​ជូន​ព័ត៌មាន​បង​»​។ 

លោក ហេង គឹម​​ហុង​ នាយក​ប្រតិបត្តិ​សហគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​ បាន​ប្រាប់​ថា រដ្ឋា​ភិ​បាល ​ឬ​មន្ត្រី​ពាក់​ព័ន្ធ​​គួរ​យក​ចិត្ត​ទុក​ដាក់​ និង​ដោះ​ស្រាយ​ករណី​បទល្មើស​ព្រៃឈើ​​​នេះ​ជា​បន្ទាន់​ ដើម្បី​ឲ្យ​ដឹង​ថា បញ្ហា​នេះ​បន្ត​កើត​ឡើង​ដោយ​សារ​តែ​ការ​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​របស់​មន្ត្រី ​ឬ​ក៏​​មក​ពី​គោល​នយោបាយ​​នៅ​មាន​កម្រិត​។

លោក ហេង គឹម​ហុង ថា​៖ «រដ្ឋា​ភិ​បាល​គួរ​តែ​គិត​ពិ​ចារណា​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ធម្មជាតិ​ ត​ទៅ​មុខ​ទៀត​ គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​មន្ត្រី​របស់​ខ្លួន​នៅ​មូល​ដ្ឋាន​ថា​ហេតុ​អ្វី​បាន​ជា​រដ្ឋា​ភិ​បាល​ រដ្ឋ​មន្រ្តី ​ឬ​ក៏​នាយក​រដ្ឋមន្រ្តី បាន​ដាក់​ទិស​ដៅ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត​កាល​ពី​​អាណត្តិ​ចាស់​រហូត​ទៅ​ដល់​អាណត្តិ​ថ្មី ​ប៉ុន្តែ​បទ​ល្មើស​​នៅ​តែ​កើត​មាន​ឡើងអ៊ី​​ចឹង​»។​

លោក​បន្ត​ថា​៖ «បើ​សិន​ជា​រក​ឃើញ​ថា​គោល​នយោបាយ​មាន​ចំណុច​ខ្សោយ​ត្រូវ​កែ​សម្រួល​ឡើង​វិញ​ជា​បន្ទាន់​តែ​បើ​គោល​នយោបាយ​មាន​លក្ខណៈ​ពេញ​លេញ​ ហើយ​ការ​ប្តេជ្ញា​របស់​រដ្ឋា​ភិ​បាល​គ្រប់​គ្រាន់​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មន្រ្តី​មូល​ដ្ឋាន​នៅ​ក្នុង​ដែន​នីមួយៗ​នឹង​អត់​មាន​ការ​ប្តេជ្ញា​ចិត្ត​ ចឹង​ប្រហែល​ជា​ត្រូវ​ពិនិត្យ​ មើល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​វិជ្ជា​ជីវៈ​ហើយ​នឹង​មន្រ្តី​នឹង​តែ​ម្តង​ដើម្បី​កុំ​ឲ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋ​ចេះ​តែ​មាន​ តែ​ផ្ទុយ​ទៅ​វិញ​ភាព​នៃ​ការ​អនុវត្ត​ជាក់​ស្តែង​របស់​មន្រ្តី​នឹង​នៅ​តែ​បណ្តែត​បណ្តោយ​ធ្វេស​ប្រហែស​បង្ក​ឲ្យ​មាន​បទ​ល្មើស​ជា​ច្រើន​កើត​មាន​ឡើង​បន្ត​ទៅ​ទៀត​»។​

រដ្ឋាភិបាល​បាន​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា​តាម​រយៈ​អនុ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​៩ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​ មាន​ផ្ទៃ​ដី​ទំហំ​ ៩០,៣៦១​ហិកតា​ ស្ថិត​ស្រុក​ចំនួន​៣​ រួម​មាន​ ស្រុក​ជាំក្សាន្ត​ ស្រុក​ត្បែង​មាន​ជ័យ ​និង​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​។ ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ថែ​ទាំ​ទី​ជម្រក​សត្វ​ព្រៃ​ និង​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី ​ព្រម​ទាំង​ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​ពី​សហគមន៍​មូល​ដ្ឋាន​ក្នុង​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​៕​