គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកែសម្រួលគោលការណ៍​ពាក់ព័ន្ធការហែក្បួន​ឃោសនា​​បោះឆ្នោត​ និងការពារសន្តិសុខ ដើម្បីរក្សាសណ្តាប់ធ្នាប់សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

គណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោតបានសម្រេចកែសម្រួល និងឯកភាព​គោល​ការណ៍​លើ​សេចក្តី​ណែនាំ​​ស្តីពី​ការ​ហែក្បួន​ឃោសនាបោះឆ្នោតរបស់គណបក្ស​នយោបាយ សម្រាប់ការបោះឆ្នោត​ជ្រើស​តាំង​​សមាជិក​​​​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាម​ សេចក្តីប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ចេញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបន្ថែមថា គណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោ​តក៏​បាន​សម្រេច​កែ​​សម្រួល​ខ្លឹមសារឯកសារការពារសន្តិសុខបោះឆ្នោត ដូចជាការប្រើប្រាស់គំរូប្រឡង់ដៃសន្តិសុខ ខ្នាត​ខិត្តបណ្ណ និងប្រព័ន្ធការពារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិក​​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

លោក ហង្ស ពុទ្ធា  អ្នកនាំពាក្យគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត ប្រាប់ Newsroom Cambodia ថា ការ​កែសម្រួលការហែក្បួនឃោសនា និង​ការ​ពារ​សន្តិសុខ សម្រាប់​ការបោះឆ្នោតជ្រើសតាំង​សមាជិក​​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺគ្រាន់តែយកឯកសារចាស់​ទាំង​នោះមកពិនិត្យ និងកំណត់ខ្លឹមសារថ្មី​ខ្លះ​ៗតែប៉ុណ្ណោះឱ្យបានច្បាស់ជាងមុន និងងាយយល់។

លោក ហង្ស ពុទ្ធា បន្តថា ការហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិក​​ព្រឹទ្ធសភា នីតិកាលទី៥ ត្រង់ការកំណត់ទំហំ និងទម្រង់នៃការហែក្បួនឱ្យមានលក្ខណៈត្រឹមត្រូវ ព្រោះច្បាប់​តម្រូវឱ្យធ្វើបានតែ ២ ដង ហើយត្រូវមានការជូនដំណឹងពីច្បាស់លាស់ពីទម្រង់ ដើម្បីងាយក្នុងការការពារ​សណ្តាប់ធ្នាប់។

លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖ «បើខ្លួនបានជូនដំណឹងមានន័យថា ធ្វើសកម្មភាពនៅថ្ងៃនោះរាប់ថាម្តង ហើយទំហំនៃម្តងនោះ យើងនិយាយពីការរៀបចំជាក្បួន ការចងបដា ពាក្យស្លោក សារ​នយោបាយ​ភ្ជាប់​តាមរថយន្ត ម៉ូតូ ហើយមានឧបករណ៍បំពងសំឡេង និងមានអ្នកចូលរួមចាប់ពី២០នាក់​ ឡើងទៅ​»។

លោក ហង្ស ពុទ្ធា បន្ថែមថា ការកែទម្រង់នេះ គឺគ្រាន់តែចង់រឮកឡើងវិញ ជាពិសេសចង់ឱ្យមាន​ការ​ជូន​ដំណឹង​សមរម្យមកវិញដើម្បីការពារសន្តិសុខ។ លោកថា សេចក្តីណែនាំស្តីពីការហែក្បួនឃោសនា​បោះឆ្នោត​របស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រៀបចំរួចអស់ហើយ នឹងមានផ្សាព្វផ្សាយឆាប់ៗ។

លោក ហង្ស ពុទ្ធា បន្ថែមពាក់ព័ន្ធនឹង​ការប្រើប្រាស់គំរូប្រឡង់ដៃសន្តិសុខ ខ្នាត​ខិត្តបណ្ណ និងប្រព័ន្ធការពា​រ​សន្តិសុខ​សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិក​​ព្រឹទ្ធសភា នីតិកាលទី៥ ថាជាទម្រង់ចាស់ដដែល គ្រាន់តែរំឭកណែនាំមន្ត្រីនៃគណៈកម្មការ​ជាតិរៀបចំការ​បោះឆ្នោតដែលចូលថ្មី មន្ត្រីចាស់ គណបក្ស​នយោបាយ និងភាគីពាក់ព័ន្ធឱ្យបានដឹង​ពីព័ត៌មានទាំងនេះ​ប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា បន្តថា​៖ «កាលណាមានប្រឡង់ដៃតរូបភាពបែបហ្នឹង គឺជាសន្តិសុខបោះឆ្នោត អ្នកដែល​អត់មានគឺអត់ពាក់ព័ន្ធលើបញ្ហាហ្នឹងទេ»។

បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចេញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រង់ជំពូកទី៦ ការឃោសនាបោះឆ្នោត ប្រការ ៦.១៨ កំណត់ថា គ្រប់​សកម្មភាព​ឃោសនា​បោះឆ្នោត​រប​ស់គណបក្សនយោបាយត្រូវរក្សានូវសណ្តាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អ និងត្រឹមត្រូវតាមពេលវេលា ទីកន្លែងកំណត់ តាមដងផ្លូវ ទីប្រជុំជន និង ទីសាធារណៈ។

ជុំវិញការកែសម្រួលខ្លះៗពីការហែក្បួនឃោសនា និងការការពារសន្តិសុខ​ សម្រាប់ការបោះឆ្នោត​ព្រឹទ្ធសភា នីតិកាលទី៥ លោក គីមសួរ ភីរិទ្ធ សមាជិកគណបក្សឆន្ទៈខ្មែរ លើកឡើងថា លោក​មិនទាន់បាន​ទទួល​សេចក្តី​​ណែនាំ​​​ស្តីពី​ការ​ហែក្បួន​ឃោសនា និង​ការការពារ​សន្តិសុខ​ពាក់ព័ន្ធការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៥។

លោក គីមសួរ ភីរិទ្ធ បន្តថា៖ «ខ្ញុំអត់ទាន់បានឃើញសេចក្តីណែនាំថ្មីទេ ក៏ប៉ុន្តែខ្ញុំគិតថាអត់មានអីលំបាកទេ​ ព្រោះបោះឆ្នោតព្រឹទ្ធសភានេះអត់ចាំបាច់ហែអីច្រើនទេ អ្នកបោះឆ្នោតគឺតែក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជា​អង្គបោះឆ្នោតរបស់គេក្នុងបក្សនីមួយៗ អ៊ីចឹងគេប្រជុំជួបតែអង្គបោះឆ្នោតរបស់គេឃោសនាប៉ុណ្ណឹងបាន​ហើយ»។

ចំណែកលោក អឿន សំអុល នាយកខុទ្ទកាល័យគណបក្សកម្លាំងជាតិ លើកឡើងដែរថា ​ពេល​នេះ​លោក​ទើប​តែ​ទទួលបានលិខិតអញ្ជើញពីគណៈកម្មាធិការ​ជាតិរៀបចំ​ការ​​បោះ​ឆ្នោត ដើម្បីចូលរួម​ប្រជុំ​អំពី​ការហែ​ក្បួន​​ឃោសនា និងការការពារសន្តិសុខ​ សម្រាប់ការបោះឆ្នោត​ព្រឹទ្ធសភាព នីតិកាលទី៥។

លោក អឿន សំអុល បន្តថា៖ «គជប គេហៅទៅជួបថ្ងៃ១៥ តយើងទៅសិន គេណែនាំអីខ្លះ ព្រោះយើងទើប​បានទទួលលិខិតព្រឹកមិញ»។

​Newsroom Cambodia​ បាន​ព្យា​យាម​ទាក់​ទង​លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ​លោក​​មិន​ឆ្លើយ​តប។

យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១៧ ត្រង់មាត្រា ១៦​ បានចែងថា ការឃោសនាបោះឆ្នោតមានទិសដៅឲ្យបេក្ខជន និងគណបក្សនយោបាយដែលបានចុះបញ្ជី ធ្វើការ​ផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល។ ហើយ​បក្ស​ដែល​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្ស​ឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណបក្សកម្លាំងជាតិ៕