ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន​អតីតអភិបាលក្រុងកែប លោក ខេង យ័ន ជាបណ្តោះអាសន្ន ក្រោមបទចោទ​ «រំលោភ​អំណាច» និង «សម្អាត​ប្រាក់»​។

កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ក្រោយរកឃើញថាអតីតមន្ត្រីរូបនេះ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្តបានឱ្យដឹងថា ក្រោយធ្វើការ​សាកសួរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេចឃុំខ្លួនលោក ខេង យ័ន  នៅពន្ធនាគារព្រៃស​ជាបណ្តោះអាសន្ន ក្រោមការចោទពីបទ «រំលោភ​អំណាច» និង «សម្អាត​ប្រាក់»​។

លោកថ្លែងថា​៖ «ក្រោយពីនីតិវិធីនៅតុលាការបញ្ចប់ កាលពីថ្ងៃអាទិត្យម្សិលមិញ[ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤]ហ្នឹង គឺតុលាការបានសម្រេចឃុំខ្លួនគាត់[លោក ខេង យ័ន]បណ្តោះអាសន្នសិនហើយ ចឹងពាក់ព័ន្ធទៅនឹងគាត់ មកដល់ពេលនេះគឺចៅក្រមស៊ើបបានសម្រេចឃុំខ្លួនគាត់ទៅកន្លែងឃុំខ្លួនហើយ»

គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែម​​ជុំវិញករណីនេះពី លោក ប្លង់ សុផល អ្នក​នាំពាក្យ​នៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ បានទេ ដោយលោក​បដិសេធផ្តល់​បទសម្ភាសន៍។

ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន ក៏ពុំអាចសុំការអត្ថាធិប្បាយ​បានដែរ។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បង្ហាញការ​គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាល​នៅក្នុងការបោសសំអាតមន្ត្រីមិនល្អ ជាពិសេសមន្រ្តីដែលជាប់ពាក់ព័ន្ធនឹងការស៊ីសំណូក​សូក​ប៉ាន់ និងប្រព្រឹត្តិអំពើពុករលួយជាដើម។

លោកលើកឡើងថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែធ្វើការអនុវត្ត ឬយុទ្ធនាការសំអាតមន្ត្រីដែលអត់ប្រសិទ្ធភាពចោល ឬពុករលួយហ្នឹងជាប្រព័ន្ធនៅគ្រប់ស្ថាប័ន គ្រប់ក្រសួង គ្រប់ការិយាល័យសាធារណៈទាំងអស់ ជាពិសេសនៅរាល់ក្រសួងទាំង​ឡាយ​ណា​ដែល​ទទួលបន្ទុកក្នុងការផ្តល់សេវាជូនពលរដ្ឋ»។

លោកបញ្ជាក់បន្ថែមថា៖ «ការបោសសំអាត ឬស៊ើបអង្កេតមន្រ្តីដែលជាប់ពាក់ព័ន្ធដោយមិនមានការរើសអើង គ្រប់មន្រ្តីទាំ​ង​តូច ទាំងធំ ទាំងខ្សែរអត់ខ្សែគួរតែធ្វើ ហើយបើសិនជាសង្ស័យគួរ​ធ្វើការស៊ើបអង្កេតស៊ីជម្រៅ ក្នុងករណីមានភស្តុតាងគ្រប់គ្រាន់ គួរតែអនុវត្តច្បាប់ដែលមានជាធរមាន»។

​អតីតអភិបាលក្រុងកែប នៃខេត្តកែប លោក ខេង យ័ន ត្រូវ​បានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្របពេលដែលប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​ចេញអនុក្រឹត្យមួយ ដោយ​បញ្ចប់តំណែងលោក ខេង យ័ន​​ ក្រោយរកឃើញថារូបលោក​បាន​ប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់​ដល់ផលប្រយោជន៍រដ្ឋ និងផល​ប្រយោជន៍របស់ប្រជាពលរដ្ឋ​ជាច្រើន។​​​

មាត្រា៣៨ នៃច្បាប់ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានចែងអំពីបទសម្អាតប្រាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល ឬរហូតស្មើតម្លៃកម្មវត្ថុនៃការសម្អាតប្រាក់។

ចំណែក មាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចែងថា បទរំលោភអំណាច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។

គួរបញ្ជាក់ថា​ ​លោក ខេង យ័ន មានឋានន្តរស័ក ថ្នាក់លេខ២ ត្រូវបានតែងតាំងជាអភិបាល នៃគណអភិបាល ក្រុងកែប កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២២៕