ក្រសួងបរិស្ថានជំរុញឱ្យរាជធានី ខេត្តទាំង​អស់​​អនុវត្ត​វិធានការ​ទប់ស្កាត់​ និងកាត់​​បន្ថយការ​បំពុល​ខ្យល់​សាធារណៈដែលបង្កដោយ​ភ្លើង​ឆេះព្រៃ ការដុត​សំរាម ​ផ្សែង​ពីរោងចក្រ និង​​​ធូលី​​ពី​ការដ្ឋាន​​សំណង់​ ដើម្បី​ការពារសុខភាព​ប្រជាពលរដ្ឋ និង​​​បរិស្ថាន។ នេះបើយោងតាម​លិខិតរបស់ក្រសួងបរិស្ថាន ចេញ​នៅថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤។

លិខិតស្តីពីវិធានការ​កាត់​​បន្ថយការ​បំពុល​ខ្យល់​សាធារណៈបង្ហាញ​​ថា ចាប់ពីខែធ្នូ ដល់ខែ​មេសា​ គុណភាព​ខ្យល់​នៅទូទាំងប្រទេសកម្ពុជាមាន​ការ​ធ្លាក់​ចុះកំហាប់​ភាគល្អិត​និចល​អណ្តែត​ក្នុង​ខ្យល់ (PM10 និង PM2.5) អាច​មាន​កម្រិត​ខ្ពស់​ ដោយ​សារ​ភ្លើង​ឆេះព្រៃ ការដុត​សំរាម ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ ឧស្សាហកម្ម និងការហុយធូលីពី​ការដ្ឋាន​សំណង ជាហេតុនាំ​ឱ្យប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ និង​​​បរិស្ថាន។

វិធានការទប់ស្កាត់មួយចំនួនដែលក្រសួងបរិស្ថានបានលើកឡើង​គឺដើម្បីកាត់បន្ថយការបំពុលខ្យល់មាន​ដូចជា អប់រំ ណែនាំ​កុំឱ្យដុតរានព្រៃ សំរាម វាលស្មៅ សំណល់កសិកម្ម ទប់ស្កាត់​ការហុយធូលី​នៅការដ្ឋាន​សំណង់ និងសម្អាតធូលីនៅតាមដងផ្លូវទីសាធារណៈជាប្រចាំជាដើម​។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែម​ពីលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថានពាក់ព័ន្ធនឹង​វិធានការទប់ស្កាត់ការបំពុល​ខ្យល់​របស់ក្រសួងបរិស្ថានបាន​ទេ។​

ជុំវិញវិធានការទប់ស្កាត់ការបំពុលខ្យល់របស់ក្រសួងបរិស្ថាននេះ លោក គ្រុយ ម៉ាឡែន អភិបាលរង​ខេត្តកណ្តាល​ ប្រាប់ Newsroom Cambodia ថារដ្ឋបាលខេត្តកណ្តាល​ ពុំទាន់​បានទទួល​លិខិតនេះទេ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា​ កន្លងមករដ្ឋបាល​ខេត្តកណ្តាល​ក៏បានអនុវត្តតាមវិធាន​របស់​​ក្រសួង​ក្នុងការ​​ពិនិត្យ​គុណភាព​ខ្យល់​នៅតំបន់សំខាន់ៗ និងមានឧបករណ៍ត្រឹមត្រូវផងដែរ។

អភិបាលរង លោក គ្រុយ ម៉ាឡែន ​ថ្លែងថា៖ «គុណភាពខ្យល់នៅក្នុងខេត្តកណ្តាលកន្លងមក តាមរយៈមន្ទីរ​បរិស្ថាន​ គឺគុណភាពខ្យល់នៅមិនមានបញ្ហានៅឡើយទេ»។

លោក​អភិបាលរងរូបនេះបន្ថែមថា ខេត្តកណ្តាលមានការយកចិត្តទុកដាក់ក្នុងសំអាត និងអនាម័យតាមផ្លូវ ដោយសារខេត្តនេះកំពុង​មានអភិវឌ្ឍ ទើបឡានដឹកដី ខ្សាច់​មួយចំនួនមានការធ្លាក់ដី ឬខ្សាច់ខ្លះមក​លើផ្លូវ។​ លោក​បន្តថា កិច្ចការនេះត្រូវបានដោះស្រាយដោយអភិបាលខេត្តបង្កើតក្រុមជំនាញដើម្បីសម្រប​សម្រួល និងដោះស្រាយបញ្ហានេះ។​

ជុំវិញ​ការដុតព្រៃ សំរាម វាលស្មៅ សំណល់កសិកម្ម លោក​អភិបាលរង បញ្ជាក់​ថា កន្លងមក​កសិករ​ច្រូត​កាត់ហើយ​មាន​ការដុតចំបើង ឬសំណល់ផ្សេងៗក្នុងស្រែចំការ។

លោកថ្លែង​ថា៖ «បញ្ហានេះតាមរយៈមន្ទីរ ស្រុក ក្រុងទាំងអស់ធ្លាប់ទទួលបានការណែនាំដើម្បី​បញ្ជៀស​បញ្ហា​​នេះ ក្រុង ស្រុក ទាំងអស់បានចាត់វិធានការធ្វើការណែនាំដល់បងប្អូន​ប្រជាកសិករ​ច្រើន​ហើយ»។

ចំណែកលោក ស្រឿម ប៊ុនរិទ្ធ អភិបាលរង​ខេត្តបាត់ដំបងលើកឡើងថា រដ្ឋបាលខេត្ត​បាត់ដំបងបានទទួលលិខិតរបស់ក្រសួង​បរិស្ថាន​ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការបំពុលខ្យល់រួច​ហើយ និងកំពុងរៀបចំផ្សព្វផ្សាយបន្ត។

អ្នកនាំពាក្យខេត្តបាត់ដំបងឲ្យដឹងថា នៅបាត់ដំបង​ពុំសូវមានការបំពុលខ្យល់​ឡើយ ដោយសារមាន​ការជំរុញការ​​ដាំដើម​ឈើ​​តាមដងផ្លូវ ការសម្អាតផ្លូវជាប្រចាំ និងពលរដ្ឋ​ចេះរក្សាចំបើងពុំមាន​ការដុតឡើយ។ លោកបន្តថា ការ​បញ្ចេញផ្សែងពីរោងចក្រក៏ពុំសូវមានដែរ ដោយសារ​ខេត្តបាត់ដំបង​​មាន​រោងចក្រតិចតួច។

អ្នកនាំពាក្យខេត្តបាត់ដំបង​រូបនេះ​បន្តថា៖ «ការបំពុលដោយផ្សែងអីហ្នឹង កន្លងមកបងប្អូនយើងមិនដែលមាន​ការ​ដុតសំរាមពាសវាល​ពាសកាលអីទេ មានតែតាមជនបទមួយចំនួនមានការដុត ប៉ុន្តែក្នុងទីក្រុងមានការ​វេចខ្ចប់​ដោយការប្រមូលដោយ​ក្រុម​ហ៊ុនសំរាម»។

លោក ម៉េត មាសភក្តី​ អ្នកនាំពាក្យរាជធានីភ្នំពេញលើកឡើងថា​ រដ្ឋបាលរាជធានីភ្នំពេញ​មិន​ទាន់ទទួលបាន​ និងមិន​បាន​ដឹងពី​​ខ្លឹមសារ​លិខិតស្តី​ពី​ការទប់ស្កាត់ការបំពុលខ្យល់នៅឡើយទេ គិតត្រឹម​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ​។ លោកបន្តថា ការបកស្រាយសុំពិនិត្យ​ខ្លឹមសារលិខិត​របស់​ក្រសួងសិន។

កាលពីឆ្នាំ២០២០ ក្រសួងបរិស្ថាន​ក៏ធ្លាប់​ចេញ​សេចក្តីជូនដំណឹង​ ដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នា​ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់នេះផងដែរ៕