ក្រុមកូដករ និងសហជីព បន្តទាមទារឱ្យថៅកែ​ថ្មី​របស់​ក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយ​បញ្ចប់វិវាទការងារឱ្យ​​បាន​​ឆាប់​ ហើយ​ងាក​មកគោរពច្បាប់ការងារ​​ឱ្យបានត្រឹមត្រូវឡើងវិញ។

កូដករណាហ្គាវើលដ៍ អ្នក​ស្រី មុំ សុវត្ថិន្ធ មានប្រសាសន៍ថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលបានអូស​បន្លាយរយៈពេលជិត ៣ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយបញ្ចប់នៅឡើយ។ អ្នកស្រី​បន្តថា កាលពីថៅកែក្រុមហ៊ុនចាស់នៅមានជីវិត គាត់បានហៅក្រុមកូដករទៅចរចារកដំណោះស្រាយ​ ប៉ុន្តែសម្រាប់ថៅកែថ្មីដែលជាកូនប្រុសរបស់គាត់វិញ គឺមិនដែលហៅកូដករទៅជជែកវែកញែកពីបញ្ហា ក្នុង​ការស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​នោះ​ឡើយ។

អ្នក​ស្រី​ថា៖ «ប្រសិនបើអត់មានវឌ្ឍនភាពនោះទេ ខាងក្រសួងអត់រៀបចំការចរចាឱ្យ​ទៀត​ទេ ទាល់​តែភាគី​ទាំង​សង​ខាង​មាន​វឌ្ឍនភាពអីមួយ បានក្រសួងណាត់ឱ្យ​មកចរចា»។

ករណីនេះ អ្នកស្រីបានជំរុញដល់ថៅកែថ្មី បន្តរកដំណោះស្រាយ​បញ្ចប់វិវាទ និងទទួលយក​ពួក​គាត់​ចូលធ្វើការ​វិញ។

អ្នកស្រី មុំ សុវត្ថិន្ធ និយាយ​ថា៖ «ថៅកែថ្មីដែលឡើងជំនួសឪពុកហ្នឹង នឹងដោះស្រាយវិវាទ មិនត្រឹមតែមុខមាត់​រប​ស់ក្រុមហ៊ុន តែជាមុខមាត់ប្រទេសជាតិយើងផង​ដែរ ដោយ​បញ្ហារំលោភសិទ្ធិការងារនៅ​ណាហ្គាវើលដ៍បាន​ជៈឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំងមកលើ​ប្រទេសកម្ពុជា»។

កូដករណាហ្គាវើលដ៍ម្នាក់ទៀត​​ អ្នក​ស្រី និ​ ស្រីអូន លើកឡើងថា កន្លងទៅ ការរំលោភសិទ្ធិការងារ និងការរើសអើងគ្រប់រូបភាពពីសំណាក់ក្រុមហ៊ុនទៅ​​លើកម្មករ ជារឿងអយុត្តិធម៌បំផុត​ ដែលពួកគាត់​ពុំអាច​ទទួល​យក​បាន​ឡើយ ហើយនឹងបន្ត​ប្ដេជ្ញាចិត្តទាមទារទាល់តែមានដំណោះស្រាយ។ 

អ្នកស្រីថា៖«ខ្ញុំចង់ស្នើឱ្យដោះស្រាយតាមមាត្រាដែលមានចែងនៅក្នុងច្បាប់ការងារ ឱ្យត្រឹមត្រូវតាម ផ្លូវច្បាប់​គឺ​គ្រប់​គ្រាន់ហើយ ខ្ញុំមិនត្រូវការអីលើសពីហ្នឹង​ទេ»។

ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លោក ចេន លីបគង់ (Chen Lip Keong) បានទទួលមរណភាព​ក្នុង​វ័យ ៧៥ឆ្នាំ ដោយសារ​ជំងឺ កាល​ពី​ថ្ងៃ​ទី៨ ធ្នូ ឆ្នាំ២០២៣ ​កន្លង​ទៅ។ ក្រោយ​ពី​អតីត​អគ្គនាយក​ក្រុមហ៊ុន​ណាហ្គា​ខភ៍ (NagaCorp) បាន​​ទទួល​មរណភាព​​ទៅ ​ក្រុមប្រឹក្សាភិបាល​​​នៃ​ក្រុម​ហ៊ុន​​នេះ បាន​​តែង​តាំង​កូន​ប្រុស​លោក ចេន លីបគង់ គឺ​លោក ចេន យីហ្វុង (Chen Yiy Fon) ឱ្យ​ឡើង​កាន់​ដំណែង​ជំនួស​ឪពុក។

គេហទំព័រ Newsroom Cambodia ពុំអាចស្វែងរកការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក ចេន យីហ្វុង ថៅកែថ្មីរបស់ក្រុមហ៊ុនណាហ្គាបានទេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ 

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ករណីវិវាទការ​ងារ​នៅក្រុមហ៊ុន​ណាហ្គា​នេះ ក្រសួង​បាន​ដោះ​ស្រាយ​មក​ជា​ហូរហែ​មក​ហើយ។

លោកបន្ត​ថា៖ ​«រីឯក្រុមហ៊ុនណាហ្គាវើលដ៍ក៏​បាន​ផ្ទេរប្រាក់បំណាច់ និង​​សំណង​បញ្ចប់​កិច្ច​សន្យា​ការ​ងារ ចូល​គណនី​ធនាគារអតីតបុគ្គលិកទាំង ៣៧៣នាក់នោះ រួចរាល់​មក​ហើយដែរ​»។

លោកបន្ថែមថា គិតត្រឹមថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២៤ ក្នុងចំណោមអតីតបុគ្គលិកទាំង ៣៧៣​នាក់​នោះ មាន​អតីត​បុគ្គលិក​ចំនួន ២៩៣នាក់ បាន​យល់ព្រមទទួលយកការទូរទាត់នូវប្រាក់​បំណាច់ និង​សំណង និង​នៅ​សល់​ត្រឹម ៨០នាក់។ លោក​បន្តថា ក្នុង​ចំណោមអតីតបុគ្គលិក​ ៨០នាក់នេះ គឺមានអតីតបុគ្គលិកមួយចំនួន​ មានការងារថ្មីធ្វើរួចហើយ ហើយ​អ្នក​ដែលបន្តធ្វើកូដកម្មតវ៉ាទាមទារ​​​មាន​ប្រហែល​​ជាង ២០នាក់ប៉ុណ្ណោះ។

លោក កត្តា អ៊ន បានសង្កត់ធ្ងន់ថា៖ ​«ប្រសិនបើក្រុមកូដករ និងក្រុមហ៊ុនណាហ្គាវើលដ៍ មានវឌ្ឍន​ភាព​ថ្មី​ចង់​ដោះ​ស្រាយ​បញ្ហានេះ​ និងមានចេតនាចង់បញ្ចប់ជម្លោះ​ អាចស្នើសុំមកគណៈកម្មការសម្រាប់ការ ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម-បាតុកម្មនៅក្រុមមុខសញ្ញា ដើម្បីបើកការសម្រុះសម្រួលបន្ដទៀត។ ប៉ុន្ដែរ​ហូត​​មក​ដល់​ពេល​នេះ គណៈ​កម្ម​ការ​សម្រាប់​ការ​ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅក្រុមមុខសញ្ញា មិន​ទាន់​បាន​ទទួល​សំណើរ​ថ្មី​ណា​មួយ​នៅ​ឡើយ​»។

ប្រធាន​​សហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន យល់ថា​ ដើម្បីដោះស្រាយបញ្ហាវិវាទការងារនេះទៅបាន អាជ្ញាធរពាក់ព័ន្ធគួរតែ​ឈរលើ​គោលការណ៍​យុត្តិ​ធម៌ ហើយ​យក​បញ្ហានី​មួយៗ​ដោះស្រាយ​ដោយ​មាន​ភាគីពាក់ព័ន្ធ​ចូលរួម។ ​លោកស្រីបានជំរុញឱ្យ​​ក្រុមហ៊ុន និងភាគីពាក់ព័ន្ធ រកដំណោះស្រាយ​ជូនកូដករ​ឱ្យបានឆាប់។

លោកស្រីថា៖​ «ក្រសួងត្រូវតែប្រើប្រាស់អំណាចរបស់ខ្លួន ដែល​ជា​អំណាច​រដ្ឋបាលហ្នឹង ឱ្យទៅ​ស្ថាប័ន​វិស័យ​ឯកជន ឬនិយោជកហ្នឹង ត្រូវតែអនុវត្តទៅតាម​ការ​គោរពសទ្ធិជាមូលដ្ឋាន ឬក៏​សិទ្ធិសេរីភាព​របស់​សហជីព និង​ក្រុម​កូដករ នេះទី១ ហើយទី២ ប្រសិនបើ​មិនអនុវត្តអីនោះទេ ស្ថាប័ន​រដ្ឋបាល​ក្រសួង​ត្រូវ​មាន​ឆន្ទៈ ឬ​យន្ដការ​ក្នុង​ការ​ដោះ​ស្រាយ ក៏​ដូចជាដាក់​បន្ទុកទៅឱ្យស្ថាប័នក្រុមហ៊ុននោះអនុវត្ត​»។

លោកស្រីបន្ថែម​ថា៖«ក្រុមហ៊ុនអាចចរចាជា​មួយថ្នាក់ដឺកនាំ​សហជីព​ ដើម្បី​យក​កម្មករ​ដែល​នៅ​សេស​សល់​ទៅ​ធ្វើ​ការ​វិញ​។ រី​ឯបញ្ហាដែលនៅសេសសល់ ​គួរតែស្វែងរកដំណោះស្រាយ​ដោយ​សន្ដិ​វិធី ​ហើយ​​កុំខ្លាច​អន់​​អី​ កុំខ្លាច​បាក់​មុខ​អី»។

គួរ​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០២១ ក្រុមហ៊ុន​កាស៊ី​ណូ​ណាហ្គា​វើលដ៍​ បាន​បញ្ឈប់​កម្មករ​និយោជិត​ប្រមាណ​ ១ ៣០០​នាក់​ពី​ការងារ។ ការ​បញ្ឈប់​នេះ ​នាំឱ្យមាន​ការ​តវ៉ា​ជាបន្តបន្ទាប់ ក្នុងរយៈពេល​ជិត ៣ឆ្នាំមកនេះ ​ពី​សំណាក់កូដករដែលជា​​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នេះ ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ចេតនា​ក្នុង​ការ​បំបាត់​សហជីព​ឯក​រាជ្យ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ៕