ប្រជាពលរដ្ឋមួយចំនួននៅភូមិចំនួន​៣ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង ស្នើ​យ៉ាង​​ទទូច​ទៅ​កាន់​អាជ្ញាធ​រ​ ប្រគល់ដីបឹងពោធិ៍ចំនួន ៤៧,២២​ហិកតា ជូនប្រជាពលរដ្ឋ​ជាអ្នក​​​អភិរក្ស និង​អាស្រ័យ​​ផល​​​វិញ ក្រោយពួកគាត់ចោទ​អាជ្ញាធរថា​បាន​យកដីបឹងនោះ​ ទៅលក់ឱ្យ​ក្រុមហ៊ុនឯកជន។

លោក ស្ងួន ញឿន ជាប្រជាពលរដ្ននៅក្នុងភូមិឡពាង បាន​បញ្ជាក់​ថា កាលពីឆ្នាំ២០១៦ ប្រជា​ពលរដ្ឋ​នៅ​​​ភូមិ​ឡពាង ភូមិ​សំរោង និងភូមិសូវង្ស បាន​ស្នើ​ទៅខាងអាជ្ញាធរស្ដារទឹកបឹងនោះ​ ដើម្បី​អភិរក្ស​ធន​ធាន​ធម្មជាតិ​ដែល​មាន​នៅក្នុង​បឹង រួមទាំងយកទឹកបឹងយកទៅអាស្រ័យផល ជាពិសេស​សម្រាប់​ធ្វើ​ស្រែ​ប្រាំង និង​ផល​ដំណាំផ្សេង​ទៀត។

ប៉ុន្តែ​ចាប់ពី​ឆ្នាំ២០២២មក មានក្រុមហ៊ុន​មិនស្គាល់ឈ្មោះមួយចំនួន បានទៅ​​កាយដីបឹង ដើម្បី​រក​ប្រភព​បូម​ខ្សាច់ ហើយ​នៅដើមឆ្នាំ២០២៤នេះ លោកថា ឃើញមានក្រុម​ហ៊ុនមួយបាននិងកំពុងធ្វើសកម្មភាពបូមខ្សាច់ ដែលធ្វើឱ្យពលរដ្ឋមានក្តីបារម្ភពីការបាត់បង់បឹងធម្មជាតិ​មួយនេះ។

លោកបន្ដថា៖ «ក្រុមហ៊ុនកាយដីបឹងកន្លែងនេះមួយកញ្ចុប ត្រង់នោះមួយកញ្ចុប [គ្រាមភាសា] កាយ រកតែខ្សាច់ហ្នឹង កាយពេញទឹកពេញដី បានន័យថា វា[ក្រុមហ៊ុន]អត់ស្ដារបឹង គ្មានស្ដង់ដារបូមហ្នឹង​បូមឱ្យខូចតែម្ដងហ្នឹង»

លោកបន្តថា កន្លងមក ប្រជាពលរដ្ឋធ្លាប់ដាក់ស្លាក​ហាមឃាត់ការជីកដី និងបូមខ្សាច់ ដើម្បីទុកផ្ទៃបឹង​​អភិ​រក្ស​ធនធានធម្មជាតិ​ ប៉ុន្ដែមានជនអនាមឹកបាន​ទៅបំផ្លាញស្លាកទាំងនោះចោល ហើយពេលពលរដ្ឋ​រាយការណ៍ទៅអាជ្ញាធរ​ ក៏មិនមានចំណាត់ការ​ថែមទៀត។ ក្រៅពីនោះ លោកថា អាជ្ញាធរបែរជាហាម​ពលរដ្ឋ​មិនឱ្យ​អភិរក្ស និងអនុញ្ញាតឱ្យ​ក្រុមហ៊ុនកាយ​បូមខ្សាច់ទៅវិញ។

បើតាម​លោក ស្ងួន ញឿន កន្លង​មក ពលរដ្ឋក៏ធ្លាប់​បានដាក់ញ្ញត្តិនៅក្រសួងមួយចំនួន​ ដើម្បី​ស្នើឱ្យ​មាន​​ចំណាត់​ការ​សមរម្យ​​លើករណីនេះ និងទុកផ្ទៃបឹងនោះ​សម្រាប់ប្រជាពលរដ្ឋ​​អាស្រ័យផល​។

​លោកលើកឡើងថា៖ «ពួកយើងបានដាក់ញ្ញត្តិ សំបុត្រក្នុងប្រអប់សម្ងាត់​ដែលជាបណ្ដឹងរបស់ពលរដ្ឋ នៅតាមព្រឹទ្ធសភា និងអង្គភាពប្រឆាំងអំពើពុករលួយ និងស្នើសុំទៅកាន់រដ្ឋាភិបាលថ្មី និងអាជ្ញាធរមួយចំនួនសូមជួយដោះស្រាយដោយទុកបឹងនេះ សម្រាប់ប្រជាពលរដ្ឋទុកសម្រាប់ប្រើប្រាស់ និង​អាស្រ័យផល»

អ្នកស្រី សួន ញ៉េន ជា​ប្រជា​ពលរដ្ឋម្នាក់ទៀតរស់នៅភូមិឡពាង ដែលធ្លាប់អាស្រ័យផលនៅបឹងនោះ​បាន​ឱ្យ​ដឹង​ថា កន្លងមក អាជ្ញាធរ​ធ្លាប់​ប្រាប់​ប្រជាពលរដ្ឋ​ថានឹ​ង​មានក្រុមហ៊ុនមកស្ដារបឹង ដើម្បី​ទទួល​បាន​ទឹក​ប្រើប្រាស់​សម្រាប់​ខែ​ប្រាំង ប៉ុន្តែ​បែរជា​ក្រុមហ៊ុននោះ​បានយកគ្រឿងចក្រស្ដារជម្រៅប្រហែល ១០ម៉ែត្រ ដែលនេះហួសពីកម្រិតស្តង់ដា និង​បានប្រើគ្រឿងចក្រ​បូមខ្សាច់ទៅវិញ។

ករណីនេះអ្នកស្រីបានស្នើទៅអាជ្ញាធរ បញ្ឈប់សកម្មភាពក្រុមហ៊ុន​ និងប្រគល់ដីបឹងនោះឱ្យប្រជាពលរដ្ឋ ថែរក្សា និងអភិរក្សទុកជាប្រយោជន៍សម្រាប់សហគមន៍វិញ។

អ្នកស្រី​ថា៖ «ខ្ញុំសំណូមពរឱ្យឈប់បន្ដស្ដារបឹងហ្នឹងទៀត ឈប់បូមខ្សាច់ហ្នឹងទៀត ទុក​ឱ្យប្រជាពលរដ្ឋអ្នកធ្វើ[អភិរក្ស​]វិញ»

មេឃុំតាជេស អ្នកស្រី​ ស្វាយ​ ស៊ីម បានប្រសាសន៍​យ៉ាង​ខ្លី​ថា៖ «​រឿងដែលប្រជាពលរដ្ឋចោទអាជ្ញាធរថាលក់ ដីបឹងទៅឱ្យក្រុមហ៊ុនបូបខ្សាច់ មិនពិតទេ តែប៉ុណ្ណឹង»​

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឈិន​ សេងងួន មានប្រសាសន៍​ថា លោកពុំបានដឹងរឿងនេះទេ។ តែយ៉ាងណា លោកថា ជាក់ស្ដែង នៅពេលដែលជីក ឬស្ដារធនធានធម្មជាតិ ត្រូវឆ្លងកាត់មន្ទីជំនាញដែលគ្រប់​គ្រង​សម្រាប់​ដោះស្រាយទៅលើបញ្ហានេះ។

លោកថា៖ «គ្រប់កិច្ចការដែលត្រូវជីក ឬស្ដារ ត្រូវឆ្លងកាត់មន្ទីររ៉ែ និងថាមព​ល និងធនធានទឹក ហើយស្រះ​បឹង​ខ្លះ ស្ថិត​នៅក្រោមមន្ទីរធនធានទឹក អីចឹង​មន្ទីរធនធានទឹក​ជា​អ្នកអនុញ្ញាត ហើយខ្ញុំមិនអាចឆ្លើយភ្លាមៗបាននោះទេ ទាល់តែមើលឯកសារ ហើយ​ខ្ញុំនឹងលើកយកបញ្ហាហ្នឹង​ទៅឱ្យអាជ្ញាធរដោះស្រាយ​ជូនប្រជាពលរដ្ឋ»

ចំណែក​ អនុប្រធាន​មន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកំពង់ឆ្នាំង លោក ងុន យ៉ង បដិសេធ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍​​​​​ថា ជាទូទៅ ដី​បឹង​ជា​ដី​សាធារណៈរបស់​រដ្ឋ ហើយ​​​​រដ្ឋមានសិទ្ធិក្នុងការធ្វើ​អនុបយោគ​ជាដីឯកជនរបស់រដ្ឋ សម្រាប់ជួលទៅឱ្យ​ក្រុមហ៊ុន​ធ្វើការអភិវឌ្ឍ។ ប៉ុន្តែ​លោកថា មុននឹងប្រគល់ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ អាជ្ញាធរត្រូវ​មានការ​វាយតម្លៃផលប៉ះពាល់​បរិស្ថាន និងសង្គមជាមុនសិន។ ​​​

លោកបន្តថា ក្នុងករណីមិនមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន ក៏ដូចជាប្រឹក្សាយោបល់ពីសំណាក់​​ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលតែងតែអាស្រ័យផលនៅ​បឹងនោះទេ មានន័យថា ជាការប្រគល់​​​ដី​ដោយ​ខុស​ច្បាប់។

លោកបន្ដថា៖ «បើលក់ដូរ​ដោយមិនមាននិតីវិធីត្រឹមត្រូវ ដូចដែលខ្ញុំបានលើកឡើង អាហ្នឹងវាត្រូវចោទពី​បទ​ព្រហ្មទណ្ឌ ប្រជាពលរដ្ឋអាចប្តឹង​បាន​ ប្រសិនបើតុលាការចាត់វិធានការនិតីវិធីត្រឹមត្រូវ ពាក់ព័ន្ធនឹង​ការ​លក់ដី​ហ្នឹង អាជ្ញាធរណាក៏ដោយ គឺត្រូវមានទោសកម្រិតព្រហ្មទណ្ឌទៀត»