មន្ត្រីអ្នកនាំពាក្យ​ក្រសួងព័ត៌មាន ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសមត្ថភាពជំនាញ និងផ្សព្វផ្សាយព័ត៌មានពិត ដែលជាការរួមចំណែក​​លើកកម្ពស់វិស័យ​សារព័ត៌មាន និង​បញ្ចៀសនូវរាល់​បណ្តឹង​ ខណៈ​​ក្នុ​ង​​ឆ្នាំ​​២០២​៣​កន្លង​ទៅ ក្រសួងបាន​ដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន​​ជាង ៤០ករណី។

ការក្រើនរំលឹកនេះ បានធ្វើឡើងក្រោយពី​សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅ​កាត់ ខេម​បូចា បានចេញរបាយការណ៍មួយកាលពីចុងខែមករា ឆ្នាំ២០២៤ ស្តីពី​ស្ថានភាពសារព័ត៌មាន​នៅកម្ពុជា (ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣) ដោយរកឃើញថា អ្នកសារព័ត៌មាន​នៅកម្ពុជា នៅតែបន្តប្រឈមមុខនឹងការយាយី ខណៈពួកគេព្យាយាមធ្វើសេចក្តីរាយការណ៍អំពីបញ្ហា​ និងព្រឹត្តការណ៍​រស៊ើបនៅក្នុងប្រទេស​ ក្នុងនោះត្រឹមរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន​ ៨នាក់ ក្នុងចំណោម ៩ករណី បានរងនូវ​ការប្រឈមផ្នែកផ្លូវច្បាប់ ការគំរាមកំហែង និងការបំភិតបំភ័យ។ ក្នុងរបាយការណ៍នោះ ​ខេមបូចា បន្តថា អ្នកសារព័ត៌មាន នៅតែ​ភ័យខ្លាច​​បញ្ហា​​ផ្លូវ​ច្បាប់ និងការគំរាមកំហែង​តាមរូបភាពផ្សេងៗ ពីសំណាក់អាជ្ញាធរ​ និងអ្នកពាក់ព័ន្ធ​ ​នៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានស្វាគមន៍ចំពោះការចេញរបាយការណ៍នេះ ដោយថា នេះ​ជាផ្នែកមួយនៃការកត់ត្រានូវរឿងរ៉ាវដែលបានកើត​ឡើង ដែលអាចផ្តល់ជាធាតុចូលសម្រាប់ការតាមដាន ស៊ើបអង្កេតឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ដំណោះស្រាយណាមួយ។

លោកបន្តថា ​អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបាន​ចុះបញ្ជី ហើយ​ជួប​ប្រទះបញ្ហាណាមួយ​ ខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ។

លោកថ្លែងថា​៖ «ជាពិសេសក្នុងអាណត្តិទី៧នេះតែម្តង ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ ​បានក្រើនរំលឹកដល់អ្នក​សារព័ត៌មាន និងអង្គភាពសារព័ត៌​មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វ​ផ្សាយព័​ត៌មាន​ពិត ខ្លឹមសារមានគុណភាព ពោលគឺ​ជាព័ត៌​មាន​គ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាព ដើម្បី​ធានាភាពជឿជាក់ ទុកចិត្តបានពីសំណាក់ប្រជាពលរដ្ឋ​ និងសង្គមជាតិទាំងមូល។

លោកមានប្រសាសន៍ថា៖ «សូមសំណូមពរយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យ​​បន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាកសាងទំនាក់ទំនងល្អជា​មួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយ​ត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និង​មិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួន​ជា​អ្នក​សារព័ត៌​មាននោះទេ»។

បើតាមលោក ទេព អស្នារិទ្ធ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងព័ត៌មាន បានទទួល​ដោះស្រាយ​វិវាទរបស់អង្គភាពសារព័ត៌មាន​ចំនួន ៤៣លើក និងបានផ្តល់ជំនួយ​ប្រឹក្សាផ្នែកច្បាប់​ដល់​អង្គភារពសារព័ត៌មានចំនួន ៥០លើក។

ក្រៅពីនោះ លោកថា ក្រសួងបាន​និង​កំពុង​លើកកម្ពស់​គុណភាព​សារព័ត៌មាន តាមរយៈការពង្រឹង​ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ការបង្កើនភាពងាយស្រួលដល់អ្នកសារព័ត៌មាន​ក្នុងការ​ចុះយកព័ត៌មាន និងអនុវត្តអាជីពជាអ្នកសារ​ព័ត៌​មាន ដើម្បីធ្វើឱ្យ​វិស័យសារព័ត៌មាន​ក្លាយជាវិស័យ​ស្នូល​មួយ​សម្រាប់ការអភិវឌ្ឍ​សង្គម​ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

នាយកប្រតិបត្តិ​អង្គការខេមបូចា លោក ណុប វី មានប្រសាសន៍ថា បើពិនិត្យមើលក្នុងស្ថានភាព​បច្ចុប្បន្ន អ្នកសារព័ត៌មាននៅតែបន្តរងការរឹតត្បិត និងការ​​គំរាមគំហែងទៅតាម​រូបភាព​ខុសៗ​ពីគ្នា និង​ទៅតាមទម្រង់នៃស្ថានភាពដែលពួកគាត់ជួបប្រទះ។ លោកក៏មើលឃើញដែរថា បច្ចុប្បន្ន ក៏នៅមាន​អ្នកសារព័ត៌មានមួយចំនួន​តូច នៅមិនទាន់គោរពវិជ្ជាជីវៈ និងក្រមសីលធម៌ផង​ដែរ ដែល​ករណីនេះ លោក​ស្នើ​យ៉ាង​​ទទូចដល់អ្នកសារព័ត៌មាន ត្រូវ​ពង្រឹងការអនុវត្តក្រមសីលធម៌​វិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានពិត ដើម្បីឱ្យ​វិស័យមួយនេះកាន់តែមានភាពប្រសើរឡើង។

លោកបានថ្លែងបន្ត​ថា«អ្វីដែលយើងទាមទារឱ្យ​អាជ្ញាធរ រដ្ឋាភិបាលឱ្យ​គាត់ពង្រឹងនូវការពារការអនុវត្តច្បាប់ និងការការពារដល់អ្នកសារព័ត៌មាន រួមទាំងការផ្តល់មធ្យោបាយផ្សេងៗដើម្បីឱ្យ​ពួកគាត់អាចអនុ​វត្ត​ការងារកាន់តែប្រសើរឡើង»។

កាលពីចុងខែធ្នូ ឆ្នាំ២០២៣ ខេមបូចា ក៏បានចេញរបាយការណ៍ឃ្លាំមើលប្រចាំឆ្នាំរបស់ខ្លួនផងដែរ ដោយ​បានរកឃើញអ្នក​សារ​ព័ត៌មាន​ចំនួន​ ៤៤​​នាក់ ​និង​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ បាន​ប្រឈម​​មុខ​​នឹង​ការ​យាយី​គ្រប់​ទម្រង់ ​ក្នុង​ឆ្នាំ​​២០២៣​ ​ជា​ពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​នៅ​មុន​ការ​បោះ​ឆ្នោត​សកលត្រូវចាប់ផ្តើម​។

របាយការណ៍បន្តថា មានការយាយីប្រឆាំងអ្នកសារព័ត៌មាន ៣៣ករណី ដោយ២០ករណី ជាការគំរាម ៦ករណីជាការយាយីតាមប្រព័ន្ធឌីជីថល។ ដោយឡែកចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាន មាន១៣ករណី ក្នុងនោះអ្នកសារព័​ត៌មា​ន៦នាក់ ត្រូវបានឃុំខ្លួន។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វ​​ផ្សា​យ​​អនឡាញ​ចំនួន ៦ករណី ត្រូវរដ្ឋាភិបាលបិទ និងដកហូតអាជ្ញា​ប័​​ណ្ណ នៅក្នុងឆ្នាំ២០២៣។ ប្រភពដដែលបន្តថា​ អ្នកសារព័ត៌មានតែងតែមានអារម្ម​​ណ៍​​ថា មានការបំភិតបំភ័យ ឬការគំរាមកំហែងពីសកម្មភាពរបស់រដ្ឋាភិបាល អាចជាសកម្មភាពប៉ូលិស ឬសន្តិសុខ ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានដោយគ្រាន់តែបំពេញការងាររបស់ខ្លួន។

កំណត់​ត្រា​មួយ​ផ្នែក​នៃ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០២៣ ​របស់​ ខេមបូចា​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោ​ច​ណាស់​ ៦ ​នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ដាក់​ពន្ធនាគារ​ រីឯ​ឆ្នាំ​ ២០២២​មាន​ ៧ ​នាក់។ ​ការ​ចោទ​ប្រកាន់​ពី​បទ​ជំរិត​ទារ​ប្រាក់​ និង​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ត្រូវ​បាន​ប្រើ​ប្រាស់​ជាទូទៅ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​អនឡាញ​ដោយ​ប្រើ​ក្រម​ព្រហ្មទណ្ឌ»។​

ចំណែក ​របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការ​អ្នកកាសែត​​​គ្មាន​ព្រំដែន​ ក៏បានចាត់ចំណាត់ថ្នាក់​កម្ពុជា​នៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោម ១៨០ប្រទេស នៅ​ឆ្នាំ២០២៣ ខណៈឆ្នាំ២០២២ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀង ១៤២ ក្នុងចំណោម ១៨០ប្រទេស ដែលមានន័យថា បន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារ​ការ​កើនឡើង​នៃការ​ធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាល​លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕