មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងថា រយៈពេល២ខែដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ៣០០កន្លែង ក្នុងភូមិសាស្ត្រគោលដៅ ១៩រាជធានី-ខេត្ត និងបានឃាត់ខ្លួនមនុស្ស ៤៩២នាក់។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មានប្រសាសន៍នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ថា ក្នុងចំណោមទីតាំងល្បែងទាំង ៣០០កន្លែងដែលបានបង្ក្រាប សមត្ថកិច្ចបានចាត់វិធានការច្បាប់ទៅលើទីតាំងចំនួន៦៩ ប៉ុណ្ណោះ ខណៈ ២៣១ទីតាំងផ្សេងទៀត ដែលជាទីតាំងល្បែងតូចតាច សមត្ថកិច្ចសម្រេចចាត់នីតិវិធីត្រឹមវិធានការរដ្ឋបាល តាមរយៈការអប់រំបុគ្គលចំនួន ៣៣៩នាក់ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ ។
លោកបន្តថា ទីតាំងល្បែងទាំង៦៩ ដែលចាត់វិធានការច្បាប់ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅកាន់តុលារការ ដែលក្នុងនោះមានជនសង្ស័យចំនួន ១៩៤នាក់។ លោកបញ្ជាក់ថា ទីតាំងល្បែងទាំងនោះ មានដូចជា ល្បែងអនឡាញខុសច្បាប់ ល្បែងភ្នាល់តាមអ៊ីនធើណែតជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណ និងទីតាំងល្បែងជល់មាន់ អាប៉ោង បៀរនិងល្បែងភ្នាល់នានានៅតាមមូលដ្ឋានជាដើម។
លោកទូច សុឃៈ សង្កត់ធ្ងន់ថា៖ «សកម្មភាពអនុវត្តរបស់យើងនេះ គឺអនុវត្តតាមបទបញ្ជា និងគោលការណ៍ “សម្អាតផ្ទះយើង” របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដឹកនាំកម្លាំងជំនាញតាំងពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ស្នងការដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងជាប្រចាំ ដើម្បីប្រសិទ្ធផលនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន អំឡុងពេលទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទប់ស្កាត់នូវការរីករាលដាលនូវទីតាំងល្បែងស៊ីសង ជាពិសេសល្បែងអនឡាញនៅកម្ពុជានោះ លោកស្នើឱ្យអ្នកវិនិយោគទាំងឡាយ កុំវិនិយោគទៅលើជំនួញល្បែងនេះ។
លោកថា៖ «គោលដៅរបស់យើង គឺពង្រាយរោងចក្រ ពង្រាយការងារ បង្កើនចំណូលទៅដល់ប្រជាពលរដ្ឋ អត់មានត្រូវការពង្រាយទីតាំងល្បែងនោះទេ ស្របច្បាប់ក៏ដោយ អីក៏ដោយ លុបចោលទៅ វាអត់ចំណេញទេ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់។ ប៉ុន្តែលោកថា ចំនួននេះ នៅមានភាពតិចតួចនៅឡើយ បើធៀបនឹងសកម្មភាពលេងស៊ីសងខុសច្បាប់យ៉ាងសន្ធឹកសន្ធាប់ទូទាំងប្រទេស ដែលរដ្ឋាភិបាល ជាពិសេសសមត្ថកិច្ចត្រូវខិតខំបន្ថែមទៀត ដើម្បីធានាដល់នយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
លោកថ្លែងថា៖ «ការចុះបង្ក្រាបទាំងនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អ តែទោះជាយ៉ាងណា ការធ្វើឱ្យមានប្រសិទ្ធភាពលើប្រតិបត្តិការចុះបង្ក្រាបជារឿងសំខាន់ ទី១ មិនត្រូវយោគយល់ ទី២ មិនត្រូវឱ្យមន្ត្រីណានៅពីក្រោយខ្នង ឬខ្នងបង្អែកក្រុមលេងនិងបើកបនល្បែង ហើយទី៣ ការអនុវត្តត្រូវធ្វើជាប្រចាំ មិនត្រូវធ្វើហើយឈប់ និងទី៤ មន្ត្រីពាក់ព័ន្ធត្រូវប្រកាន់តួនាទីភារកិច្ចនិងគោលដៅរបស់ខ្លួនឱ្យខ្ជាប់ខ្ជួន មិនរងចាំតែបទបញ្ជា និងការចង្អុលបង្ហាញនោះទេ»។
លោកស្នើឱ្យរដ្ឋាភិបាល ជាពិសេសស្ថាប័នពាក់ព័ន្ធធ្វើការរឹងបណ្តឹង និងត្រួតពិនិត្យមន្ត្រីដែលបម្រើការនៅតាមមូលដ្ឋាន ឬមន្ត្រីពាក់ព័ន្ធ ចៀសវាងមន្ត្រីអនុវត្តច្បាប់ណាមួយមានការជាប់ពាក់ព័ន្ធនឹងការគប់គិត បក្ខពួកនិយម ជាមួយទីតាំងល្បែងស៊ីសងខុសច្បាប់ និងបញ្ហាអំពើពុករលួយក្នុងពេលអនុវត្តច្បាប់ជាដើម ដែលអាចជាឧបសគ្គធំនៃការអនុវត្តច្បាប់។
ដោយឡែក លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា កត់សម្គាល់ឃើញថា នាមួយរយៈពេលចុងក្រោយនេះ មានការកើនឡើងនៃសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ និងល្បែងផ្សងសំណាងយ៉ាងគគ្រឹកគគ្រេងនៅតាមមូលដ្ឋាន។ លោកយល់ថា បញ្ហាទាំងនេះ អាចដោយសារពលរដ្ឋយល់ថា ជាការផ្សងសំណាង ឬជាការលេងល្បែងជាដំណោះស្រាយបញ្ហាជីវភាព ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋធ្លាក់ជាដើម។
ចំពោះវិធានការបង្ក្រាបរបស់សមត្ថកិច្ច លោកថា៖ «ការបង្ក្រាបទាំងតាមផ្លូវច្បាប់ ទាំងវិធានការរដ្ឋបាល អប់រំ ណែនា ជាវិធានការចាំបាច់ដើម្បីបង្ក្រាបការលេងល្បែងនេះ។ តែទោះជាយ៉ាងណា វិធានការទាំងនេះគួរធ្វើឡើងដោយយុត្តិធម៌ មិនមានការរើសអើង និងត្រូវអនុវត្តជាប្រចាំ ចៀសវាងបង្ក្រាបតែមួយឆាវ ហើយសកម្មភាពល្បែងស៊ីសងទាំងនេះស្ទុះងើបឡើងវិញនៅពេលក្រោយ»។
គួរជម្រាបជូនថា នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ ស សុខា បានដាក់ចេញបទបញ្ជាដោយម៉ឺងម៉ាត់ ឱ្យបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ ទីតាំងល្បែងផ្សងសំណាងគ្រប់ប្រភេទ ឬឡូតូខុសច្បាប់ជាដើម នៅតាមមូលដ្ឋាននានាននៅទូទាំងប្រទេស។ ចំណែក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងសារពិសេសដោយណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបទីតាំងលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយសារទិន្នន័យបង្ហាញថាចំនួនទីតាំងល្បែងអនឡាញ កំពុងប្រតិបត្តិការច្រើនជាងចំនួនដែលបានចុះបញ្ជីរតាមផ្លូវច្បាប់៕