មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងថា រយៈ​ពេល​២​ខែ​ដើម​​​​ឆ្នាំ​២០២៤នេះ សមត្ថកិច្ច​ក្រសួងមហា​ផ្ទៃ​ បាន​ចុះប​ង្ក្រាបទីតាំងល្បែងស៊ីសង​ខុស​ច្បាប់​ចំនួន ៣០០កន្លែង​ ក្នុង​ភូមិ​សាស្ត្រគោល​ដៅ ១៩រាជធានី-ខេត្ត និង​​បាន​ឃាត់ខ្លួនមនុស្ស ៤៩២នាក់។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មានប្រសាសន៍​នៅ​ថ្ងៃទី០៤ ខែមីនា​ ឆ្នាំ២០២៤​ថា ក្នុង​ចំណោម​ទីតាំង​ល្បែង​ទាំង ៣០០កន្លែង​ដែល​បាន​បង្ក្រាប សមត្ថកិច្ចបាន​ចាត់វិធាន​ការ​ច្បាប់​ទៅលើទីតាំងចំនួន​៦៩ ប៉ុណ្ណោះ ខណៈ​ ២៣១ទីតាំងផ្សេងទៀត ដែលជាទីតាំងល្បែងតូចតាច​ សមត្ថកិច្ចសម្រេចចាត់នីតិវិធីត្រឹមវិធានការរដ្ឋបាល តាមរយៈការអប់រំបុគ្គលចំនួន ៣៣៩នាក់​ និងឱ្យធ្វើកិច្ចសន្យា​បញ្ឈប់​សកម្ម​ភាព​លេងល្បែងស៊ីសងខុសច្បាប់ ។

លោកបន្តថា ទីតាំងល្បែងទាំង៦៩ ដែលចាត់វិធានការច្បាប់ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅកាន់តុលារការ ដែលក្នុងនោះមានជនសង្ស័យចំនួន ១៩៤នាក់។ លោកបញ្ជាក់ថា ទីតាំងល្បែងទាំងនោះ មានដូចជា ល្បែងអនឡាញខុសច្បាប់ ល្បែងភ្នាល់តាមអ៊ីន​ធើណែត​ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណ និង​ទីតាំងល្បែង​ជល់មាន់ អាប៉ោង បៀរនិងល្បែងភ្នាល់នានា​នៅ​តាមមូលដ្ឋានជាដើម។

លោកទូច សុឃៈ សង្កត់ធ្ងន់ថា៖ «សកម្មភាពអនុវត្តរបស់យើងនេះ គឺអនុវត្តតាមបទបញ្ជា និងគោលការណ៍ “សម្អាតផ្ទះយើង” របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បាន​បញ្ជា​ដឹកនាំ​កម្លាំងជំនាញតាំងពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ស្នងការដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប​ល្បែង​ស៊ីសងជាប្រចាំ ដើម្បីប្រសិទ្ធផលនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។

​ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាសហគមន៍ខ្មែរ នៅទី​ក្រុងម៉ែលប៊ន​ អំឡុងពេល​​ទៅបំពេញទស្សនកិច្ចនៅប្រទេស​​អូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទប់ស្កាត់នូវ​ការរីករាល​ដាល​នូវ​ទីតាំង​ល្បែង​ស៊ីសង ជាពិសេសល្បែងអនឡាញនៅ​កម្ពុជា​នោះ​ លោក​ស្នើឱ្យអ្នកវិនិយោគទាំងឡាយ កុំវិនិយោគទៅលើជំនួញល្បែងនេះ។

លោក​ថា៖ «គោលដៅរបស់យើង គឺពង្រាយរោងចក្រ ពង្រាយការងារ បង្កើនចំណូលទៅដល់ប្រជាពលរដ្ឋ អត់មានត្រូវការពង្រាយទីតាំងល្បែងនោះទេ ស្របច្បាប់ក៏ដោយ អីក៏ដោយ លុបចោលទៅ វាអត់ចំណេញទេ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព លោក យង់ គិមអេង សាទរចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់។​ ប៉ុន្តែលោក​ថា ចំនួន​នេះ នៅ​មាន​ភាព​តិចតួចនៅឡើយ បើធៀបនឹងសកម្មភាពលេងស៊ីសងខុសច្បាប់​យ៉ាងសន្ធឹកសន្ធាប់ទូទាំងប្រទេស ដែលរដ្ឋាភិបាល ជាពិសេសសមត្ថកិច្ចត្រូវខិតខំបន្ថែមទៀត ដើម្បី​ធានាដល់នយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

លោកថ្លែងថា៖ «ការចុះបង្ក្រាបទាំងនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អ តែទោះជាយ៉ាងណា ការធ្វើឱ្យមានប្រសិទ្ធ​ភាព​លើ​ប្រតិបត្តិការចុះបង្ក្រាបជារឿងសំខាន់ ទី១ មិនត្រូវយោគយល់ ទី២ មិនត្រូវឱ្យមន្ត្រីណានៅពីក្រោយ​ខ្នង ឬខ្នងបង្អែកក្រុមលេងនិងបើក​បន​ល្បែង ហើយទី៣ ការអនុវត្តត្រូវធ្វើជាប្រចាំ មិនត្រូវធ្វើហើយឈប់  និងទី៤ មន្ត្រីពាក់ព័ន្ធត្រូវប្រកាន់តួនាទីភារកិច្ចនិងគោលដៅរបស់ខ្លួនឱ្យខ្ជាប់ខ្ជួន មិនរងចាំតែបទបញ្ជា និង​ការចង្អុល​បង្ហាញ​នោះទេ»

លោកស្នើឱ្យរដ្ឋាភិបាល ជាពិសេសស្ថាប័នពាក់ព័ន្ធធ្វើការរឹងបណ្តឹង និងត្រួតពិនិត្យមន្ត្រីដែលបម្រើ​ការនៅតាមមូលដ្ឋាន ឬមន្ត្រីពាក់ព័ន្ធ ចៀសវាងមន្ត្រីអនុវត្តច្បាប់ណាមួយមានការជាប់ពាក់​ព័ន្ធនឹងការគប់គិត បក្ខ​ពួក​និយម ជាមួយទីតាំងល្បែងស៊ីសងខុសច្បាប់ និង​បញ្ហាអំពើពុករលួយក្នុងពេលអនុវត្តច្បាប់ជាដើម ដែលអាចជាឧបសគ្គធំនៃការអនុវត្តច្បាប់។

ដោយឡែក លោកប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា កត់សម្គាល់ឃើញថា នា​មួយ​រយៈពេលចុងក្រោយនេះ មានការកើនឡើងនៃសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ និង​ល្បែងផ្សងសំណាងយ៉ាងគគ្រឹកគគ្រេង​នៅតាមមូលដ្ឋាន។ លោកយល់ថា បញ្ហាទាំង​​នេះ អាចដោយសារពលរដ្ឋយល់ថា ជាការផ្សងសំណាង ឬ​ជា​ការលេង​ល្បែង​ជាដំណោះស្រាយបញ្ហាជីវភាព ស្របពេល​ដែល​ស្ថានភាពសេដ្ឋកិច្ច​របស់ពលរដ្ឋធ្លាក់ជាដើម។

ចំពោះវិធានការបង្ក្រាបរបស់សមត្ថកិច្ច លោកថា៖ «ការបង្ក្រាបទាំងតាមផ្លូវច្បាប់ ទាំងវិធានការរដ្ឋបាល អប់រំ ណែនា ជាវិធានការចាំបាច់ដើម្បីបង្ក្រាបការលេងល្បែងនេះ។ តែទោះជាយ៉ាងណា វិធានការទាំងនេះគួរធ្វើឡើងដោយ​យុត្តិធម៌ មិនមានការរើសអើង និងត្រូវអនុវត្តជាប្រចាំ ចៀសវាងបង្ក្រាបតែមួយឆាវ ហើយសកម្ម​ភាពល្បែងស៊ីសងទាំងនេះស្ទុះងើបឡើងវិញនៅពេលក្រោយ»

គួរជម្រាបជូនថា នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ ស សុខា បានដាក់ចេញបទបញ្ជាដោយម៉ឺងម៉ាត់ ឱ្យបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំ​ខុស​ច្បាប់ ទីតាំង​ល្បែង​ផ្សងសំណាងគ្រប់ប្រភេទ ឬឡូតូខុសច្បាប់ជាដើម នៅតាមមូលដ្ឋាននានាននៅទូទាំងប្រទេស។ ចំណែក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងសារពិសេសដោយ​​ណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបទីតាំងលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយសារទិន្នន័យបង្ហាញថាចំនួនទីតាំងល្បែងអនឡាញ កំពុងប្រតិបត្តិការច្រើនជាងចំនួនដែលបានចុះបញ្ជីរតាមផ្លូវច្បាប់៕