ជាទូទៅ​ និស្សិត​​សាកល​វិទ្យាល័យ​កម្ពុជា​ដែល​​ជិត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ​​បាន​កើត​ឡើង​រវាង​ការប្រឡងចេញ និងការសរសេរសារណាដើម្បីបញ្ចប់ការសិក្សា។ ជម្រើសទាំងពីរនេះបង្ហាញពីឱកាស និង​បញ្ហា​ប្រឈម​រៀងៗ​ខ្លួន។​​

Newsroom Cambodia នៅ​ថ្ងៃទី២៤ ​ខែកុម្ភៈ ​ឆ្នាំ២០២៤នេះ ​បាន​សម្ភាស​និស្សិត​ដែល​កំពុង​សិក្សា និង​បាន​បញ្ចប់​ការសិក្សា​​​ចំនួន​​៦រូប​ អំពីការ​យល់ឃើញ​របស់​ពួកគេ​​ទាក់​ទង​ទៅ​នឹង​ជម្រើសទាំងពីរនេះ៖

លោក សកល អាយុ២៤ឆ្នាំ ជានិស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​លើកឡើង​​ថា ការសរសេរ​​​សារណា​​មាន​សារសំខាន់​ណាស់ ​ពិសេស​នៅ​ក្នុង​វិស័យ​ការងារ​ដែល​ទាក់ទង​ទៅ​នឹង​ការសរសេរ លើស​ពីនេះ​ទៅ​ទៀត​សម្រាប់​អ្នក​មាន​បំណង​បន្ត​សិក្សាថ្នាក់អនុបណ្ឌិត។

លោកបានប្រាប់ថា៖ «កាលពីអតីតកាលនៅក្នុងការរៀននោះ ខ្ញុំបានប្រលងចេញទេ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​ខ្ញុំ​បម្រើ​ការងារ​នៅ​​ក្នុង​​អង្គការ​អន្តរជាតិ​មួយ​តួនាទី​ជា Grant Officer អ៊ីចឹង​យើង​ធ្វើការ​សរសេរ​ច្រើន​ដើម្បី​យក​កញ្ចប់​ថវិការ​មក​អភិវឌ្ឍន៍​នៅ​ស្រុក​យើង ខ្ញុំ​យល់​ថា​យុវជន​គួរ​តែ​ជ្រើស​យក​ការ​សរសេរ​សារ​ណា ដោយសារ​តែ​ធ្វើ​ឱ្យ​យុវជន​មាន​ការស្រាវជ្រាវ​ច្រើន ជាជាង​ដែល​យើងធ្វើការប្រឡងចេញ ដោយការប្រឡងហ្នឹងគ្រាន់តែជាការធ្វើតែសលើមុខវិជ្ជាមូលដ្ឋានដែលយើងរៀន​៤​ ឆ្នាំ​នោះ​ទេ»។

លោក សកល និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​។ (រូបភាព៖ ណឺ​ មិនា)

លោកបានបន្តថា៖ «បើយុវជនមានបំណងបន្តការសិក្សាថ្នាក់អនុបណ្ឌិតទៀតសោត ខ្ញុំ​ជឿជាក់​ថា​បើ​សិនជា​គាត់​អត់​បាន​ធ្វើ​របាយការណ៍​ស្រាវជ្រាវ​និក្ខេបបទ​ថ្នាក់បរិញ្ញាបត្រទេ គាត់នឹងមានភាពប្រឈមច្រើន»។

លោក គឹម តៃសាង អាយុ២៣ឆ្នាំ ជានិសិ្សត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ន័រតុន​បាន​ប្រាប់​ពី​ភាព​ខុស​ប្លែក​គ្នា​រវា​ង​ការសរសេរ​សារ និង​ការ​ប្រលង​ចេញ រួមទាំងការយល់ឃើញរបស់លោកទៅលើការសរសេរសារណា។

លោកថា៖ «ផ្អែកលើបទពិសោធផ្ទាល់របស់ខ្ញុំ កាលខ្ញុំបញ្ចប់ហ្នឹងគឺខ្ញុំប្រលង [ចេញ] តែ​បើ​ជា​យោបល់​របស់​ខ្ញុំ​ ការសរសេរ​សារណា​ក៏​ជា​រឿង​ល្អដែរ​ដោយសារ​ពួកគាត់​បាន​ស្រាវជ្រាវបន្ថែមហើយបានឡើងធ្វើ Presentation (បទបង្ហាញ) ជាមួយ​​លោកគ្រូ​អ្នកគ្រូដែលគាត់ចាំមើល តែមិនមែនមានន័យថាការប្រលងចេញហ្នឹងយើងអត់បានការស្រាវជ្រាវនោះទេ តែ​ដូច​យើង​ដឹង​ស្រាប់ហើយ ជាទូទៅយើងប្រលងច្រើនទាំងMid Term(ពាក់កណ្ដាលឆមាស) ទាំងFinal(បញ្ចប់) ហើយ​នៅ​មាន​ប្រលងសងទៀត អ៊ីចឹងយើងធ្វើការប្រលងច្រើន ប៉ុន្តែ​ការធ្វើ​សារណា​គឺ​តែ​ម្តង​ហើយ​វា​ទាមទារ​ឲ្យ​យើង​ស្រាវជ្រាវ​ច្រើន»។

លោកបានបន្តថា៖ «ខ្ញុំគិតថាការធ្វើសារណាគឺល្អជាង ទោះជាលំបាកបន្តិចតែវាបានផ្តល់បទពិសោធឲ្យយើងបានច្រើន»។

លោក គឹម តៃសាង និសិ្សត​​​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ន័រតុន។ (រូបភាព៖ ណឺ មិនា)

កញ្ញា ព្រំ ន័រ អាយុ២៣ឆ្នាំ បច្ចុប្បន្ននៅភ្នំពេញ សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានលើកឡើងថា ការប្រលង​ចេញ​គឺ​ល្អ​ប្រសើរ​ជាង ព្រោះមិនត្រូវការពេលវេលាដើម្បីស្រោជ្រាវពេកទេ។

កញ្ញាបានថ្លែងថា៖ «វាអត់សូវចំណាយពេលលើយើងច្រើន ដោយសារយើងគ្រាន់តែប្រលងចេញទៅហើយហ្មង ដល់ពេល​យើង​ធ្វើ​សារណាទៅយើងត្រូវចំណាយពេលច្រើនរករបាយការណ៍រកអ៊ីចឹង» ។

កញ្ញា ព្រំ ន័រ និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ (រូបភាព៖ ជា ម៉ារ៉ា)

លោក សាង សែន អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅព្រែកលៀប សិក្សានៅសាកលវិទ្យាល័យភូមិន្ទ បានលើកឡើងថា មាន​សារ​សំខាន់ទាំងពីរ ព្រោះសម្រាប់និស្សិតណាដែរមិនចាំបាច់ចង់ស្រោវជ្រាវច្រើនគាត់អាចរើសយកការប្រលងចេញ សម្រាប់​​និ​ស្សិតណាមានបំណងចង់ទៅរៀននៅក្រៅប្រទេសបន្តគាត់អាចរើសយកការធ្វើសារណា​។

លោកថ្លែងថា៖ «និស្សិតដែលអាចថាគាត់ល្មម អត់ចាំបាច់ត្រូវស្រោវជ្រាវច្រើនគាត់ប្រលងចេញធម្មតាទៅ ចំណែក​ឯ​និស្សិត​ដែល​គាត់​ត្រូវសរសេរសារណា ត្រូវត្រៀម​ប្រលង​ទៅ​ក្រៅ​តទៀត​គាត់​សរសេរ​សារណា​ទៅ​មាន​ក្រេឌីត​សម្រាប់​ការទៅ​ប្រលង​នៅ​ក្រៅ»​។

លោក សាង សែន និស្សិត​សាកលវិទ្យាល័យភូមិន្ទ។ (រូបភាព៖ ណឺ មិនា)

កញ្ញា គីមឡាង អាយុ២១ឆ្នាំ​ ជានិស្សិត​នៅសាលាភូមិន្ទភ្នំពេញ រៀនជំនាញអក្សរសាស្រ្តខ្មែរ​ ឆ្នាំទី៣​ កញ្ញាបាន​លើកឡើងថា ការសរសេរសារណា​ល្អជាងការប្រឡងចេញ។​​

កញ្ញាបានថ្លែងថា៖ «​ការសរសេរសារណាល្អច្រើន ដោយសារមានអត្តិភាពស្រាវជ្រាវបានច្រើនជាងការប្រឡងចេញ»។

កញ្ញា គីមឡាង និស្សិត​នៅសាលាភូមិន្ទភ្នំពេញ។ (រូបភាព៖ ជា ម៉ារ៉ា)

កញ្ញា ស្រីណូ អាយុ២២ឆ្នាំ សព្វថ្ងៃជាបុគ្គលិកអង្គការមួយកន្លែងរស់នៅទីក្រុងភ្នំពេញ បានលើកឡើងថា ការប្រឡង​ចេញ​មាន​ភាព​ងាយ​ស្រួលជាង។​

កញ្ញាបានថ្លែងថា៖ «​ការប្រឡងចេញមានភាពងាយស្រួលហើយមានតែ​បីទៅបួនមុខវិជ្ជាដើម្បីប្រឡង​ ព្រោះលោកគ្រូ អ្នកគ្រូបានដាក់គម្រោង​សំណួរឱ្យ​យើងត្រៀម​​ មួយវិញទៀតការសរសេរសារណាក៏មានភាពងាយស្រួលដែរ ព្រោះ​មាន​ពេល​ធ្វើការ​ច្រើន មិនបាច់ទៅរៀននៅសាលា​ ដល់ពេលថ្ងៃធ្វើសារណាឡើងធ្វើតែម្តង ហើយវាម្យ៉ាងម្នាក់»៕

កញ្ញា ស្រីណូ បុគ្គលិកអង្គការ។ (រូបភាព៖ ណឺ មិនា)