អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ​​បានផ្សាយ​ថា កងកម្លាំង​​​​បាន​ប្រើប្រាស់​​អាវុធ​ ​និង​ចាប់ខ្លួន​អ្នកភូមិ​មួយ​ចំនួន​​​​​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​ក្នុងខេត្តព្រះវិហារ។

យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា អ្នកភូមិមួយ ចំនួនត្រូវបានគេរាយការណ៍ថាត្រូវបានអាជ្ញាធរចាប់ និងបញ្ជូនខ្លួនទៅកាន់ក្រុងព្រះវិហារ ដោយ​មិន​ទាន់ដឹង​អំពីទីតាំង​ជាក់លាក់នៃការឃុំខ្លួននៅឡើយ។ លីកាដូបន្ត​ថា អ្នកភូមិមួយចំនួនបានរាយការណ៍ថា កង​កម្លាំង​ប្រដាប់អាវុធចម្រុះដែលប្រដាប់ដោយកាំភ្លើងយន្ត បាន​ចូល​ទៅ​ក្នុងតំបន់ជម្លោះនោះតាំងពីមុន​ពេល​ទៀបភ្លឺ  ហើយ​មាន​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​មួយ​ចំនួន​ចូល​មក​ជាមួយផងដែរ​។

ក្នុង​អត្ថបទខ្លីរបស់អង្គការលីកាដូ​ដដែលបន្ថែម​តាមន័យ​ដើម​ថា៖ «ដោយការភ័យខ្លាចថាទ្រព្យសម្បត្តិ​របស់អ្នកភូមិនឹងត្រូវបានបំផ្លាញ ហើយអ្នកទាំង​នោះ អាច​នឹង​ត្រូវ​បាន​កង​កម្លាំង​ទាំងនោះ​បណ្តេញ​ចេញ​ដោយ​បង្ខំ អ្នកភូមិទាំងនោះបានប្រមូលផ្តុំគ្នា​ទាមទារ​ឱ្យកងកម្លាំង និង​អាជ្ញាធរ​ទាំងនោះ​ចាកចេញ​ពី​តំបន់​នោះ​។ សកម្មភាពប្រឈមមុខដាក់គ្នានេះត្រូវបាន​អ្នកភូមិថតជាវីដេអូបាន ដោយឃើញមានកងកម្លាំង ប្រដាប់​អាវុធ​បាញ់​គ្រាប់កាំ​ភ្លើង​ពិត​ជាច្រើនដង និង​មានការប្រើប្រាស់​គ្រាប់បែកផ្សែងផងដែរ»។

លោក  អំ សំអាត  នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ​យល់ឃើញថា នេះជា​ករណីទី១ក្នុងឆ្នាំ២០២៤ និង​​ជាករណីដំបូង​ក្នុងរដ្ឋាភិបាលអាណត្តិថ្មី​ដែលមានការ​​ផ្ទុះអា​វុធ​ក្នុង​ករណី​ជម្លោះដីធ្លី ដែលបានកើតឡើងនៅស្រុកគូលែន ខេត្តព្រះវិហារ​។

លោកបញ្ជាក់ថា៖ «នៅក្នុងយុគ្គសម័យនេះហើយ មិនគួរមានការផ្ទុះអាវុធក្នុងករណីទំនាស់ដីធ្លីទេ ប្រសិនបើ​ពិនិត្យ​មើល​ទៅ​ស្ថានភាព ឬ​ស្ថានការណ៍​អនុវត្ត​របស់​កងកម្លាំង​អាច​ឈាន​ដល់​មានកាផ្ទុះអាវុធ​ អ្នកដឹកនាំ​ក្រុម​ការងារកងកំលាំងអនុវត្ត ឬអាជ្ញាធរពាក់ព័ន្ធ​គួរពិចារណាក្នុងការដកឃ្លា ដើម្បី​រក​ដំណោះស្រាយ ឬ​យុទ្ធសាស្រ្ត​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បីបញ្ចៀសអំពើហិង្សា ឬការផ្ទុះអាវុធ ដែលនាំ​ឱ្យ​មាន​ការចោទ​ប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស និងបង្កព្យសន​កម្មធន់ធ្ងរ»។​

ឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរង​ខេត្តព្រះវិហារ បាន​​​ចុច​បិទ​​ទូរស័ព្ទពេល​ Newsroom Cambodia កំពុង​ណែនាំខ្លួន​។​

ឧត្តមសេនីយ៍​ត្រី ឆយ បូរិន ស្ន​ងការរង​ខេត្តព្រះវិហារ​ម្នាក់ទៀត​ប្រាប់ Newsroom Cambodia ថា លោក​មិន​ទាន់​ទទួល​បាន​​ព័ត៌មាននៅឡើយ​ទេ​។

លោកបញ្ជាក់ថា៖ «ខ្ញុំប្រចាំការនៅកន្លែង អ៊ីចឹងគេចុះធ្វើឆ្ងាយពីកន្លែង​ខ្ញុំធ្វើការ។ ព័ត៌មាន​ហ្នឹង​ខ្ញុំមិន​ទាន់​បាន​គ្រប់​ជុំ​ទេ​​ដល់ម៉ោងនឹង។​ អត់ទាន់បានក្ដាប់បានថាវាម៉េចទេ ព្រោះអីឆ្ងាយពីខេត្ត ឆ្ងាយណាស់ ប្រហែល​ជា​២០០គីឡូ​ពីកន្លែងខ្ញុំធ្វើការ អត់ទាន់ដឹងថាខាងហ្នុងវាលទ្ធផលយ៉ាងម៉េចទេ»។

​បើតាមអង្គការលីកាដូ ជម្លោះដីធ្លីនេះកើតមានឡើងរវាងក្រុមហ៊ុន សីលាដា​ម៉ិច ខូអិល​ធី​ឌី និងពលរដ្ឋ ជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិម្រេច ភូមិស្រយ៉ង់ត្បូង និងភូមិក្តាក់ ហើយ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ទើប​មកតាំងទីលំនៅនៅក្នុងតំបន់នោះ៕