មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកឡថា កម្ពុជា ស្វាគមន៍ឥណ្ឌូនេស៊ី ចំពោះការស្នើឱ្យចែករំលែកទិន្នន័យ និងព័ត៌មានចារកិច្ច ជាពិសេសទៅលើការពង្រឹងសមត្ថភាពនគរបាលរវាងប្រទេសទាំង២ ក្នុងគោលដៅប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខណៈបញ្ហានេះជាកង្វល់រួមនៅក្នុងតំបន់ ដែលទាមទារកិច្ចសហការក្នុងក្របខណ្ឌពហុភាគីនិយម។
ការស្វាគមន៍របស់មន្ត្រីជាន់ខ្ពស់កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ(Joko Widodo) បានស្នើមកកាន់ភាគីកម្ពុជាឱ្យចែករំលែកទិន្នន័យនិងព័ត៌មានចារកិច្ច ជុំវិញការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយសារខ្លួនមានការព្រួយបារម្ភទៅលើបញ្ហានេះដែលកំពុងមានសន្ទុះកើនឡើងសម្រាប់ប្រទេសរបស់ខ្លួន។ ការស្នើរបស់ភាគីឥណ្ឌូនេស៊ី ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោក ចូកូ វីដូដូ និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ អំឡុងភាគីទាំង២ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដួរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍នៅថ្ងៃទី០៧ ខែមីនា នេះថា កន្លងមក កម្ពុជាតែងចែករំលែកព័ត៌មាន និងទិន្នន័យ អំពីការបង្ក្រាបបទល្មើសនានា ឬអំពីជនភៀសខ្លួនទៅកាន់បណ្តាប្រទេសផ្សេងៗ ជាពិសេសបណ្តាប្រទេសក្នុងតំបន់ ឬថែមទាំងបង្ហាញតួលេខជាសាធារណៈផង។
លោកស្រីគូសបញ្ជាក់ថា៖ «បើនិយាយរឿងចែករំលែកព័ត៌មាន ទិន្នន័យ ដូចជាមិនខ្វះអ្វីទេ។ មួយឆ្នាំៗ យើងតែងអញ្ជើញតំណាងស្ថានទូតនីមួយៗមកចូលរួម ហើយបើជាមួយបណ្តានីមួយៗ ដឹងហើយថា យើងធ្វើការរបៀបម៉េច ជាមួយគ្នានេះ។ ខ្ញុំមិនដឹងទេថា ការសុំឱ្យចែករំលែកទិន្នន័យពីភាគីឥណ្ឌូនេស៊ីនោះ ចង់សំដៅលើទិន្នន័យបែបណានោះ បើទិន្នន័យរួមយើងតែងតែបង្ហាញ»។
ទោះជាយ៉ាងណា លោកស្រីស្នើឱ្យភាគីឥណ្ឌូនេស៊ី មកពិភាក្សាចុះអនុស្សារណៈយោគយល់(MOU) ជាមួយកម្ពុជា ទៅលើការចែករំលែកព័ត៌មាន ឬទិន្នន័យដែលខ្លួនចង់បាន។
ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍ដែរថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះគោលបំណងស្នើសុំឱ្យចែករំលែកទិន្នន័យ និងព័ត៌មាន និងរាល់កិច្ចសហប្រតិបត្តិការគ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពីភាគីឥណ្ឌូនេស៊ី និងបណ្តាប្រទេសនានា ខណៈកម្ពុជា មានឆន្ទៈពិតប្រាកដនៅក្នុងការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរមនុស្ស។
លោកបន្តថា៖ «ក្នុងករណីមានការទំនាក់ទំនងគ្នា ចង់ដឹងនូវព័ត៌មានដែលពាក់ព័ន្ធទៅនឹងបទល្មើសកើតឡើង និងមុខសញ្ញាណាមួយ យើងមិនខ្លាចអី ក្នុងការសហការដើម្បីឈានទៅរកការបង្ក្រាបនោះឡើយ។ ជាក់ស្តែង បទល្មើសជួញដូរមនុស្សនេះ បើកើតនៅទឹកដីរដ្ឋណា រដ្ឋនោះមានកាតព្វកិច្ចដោះស្រាយ បង្ក្រាបហើយ តែវាចៀសមិនផុតទេ បទល្មើសនេះមានចរិតរាលដាលក្នុងពិភពលោកនិងតំបន់ ដែលត្រូវការសហការគ្នារវាងប្រទេសនិងប្រទេស»។
លោកបញ្ជាក់ថា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ កន្លងមកនេះ កម្ពុជាតែងសហការជារឿយៗជាមួយបណ្តាប្រទេសផ្សេងៗ ទាក់ទិននឹងការបង្ក្រាបនិងទប់ស្កាត់អំពើជួញដូរមនុស្សនេះ ដោយតែងផ្តល់ដំណឹង ឬស្នើសុំព័ត៌មានអំពើមុខសញ្ញាឧក្រិដ្ឋជន ការជួយជនរងគ្រោះ ជាដើម។
លោកបន្ថែមថា កន្លងមក កម្ពុជាបានសហការជាមួយអង្គការដៃគូ និងប្រទេសជាដៃគូក្នុងការផ្តល់ទស្សនកិច្ចសិក្សាទៅវិញទៅមករវាងមន្ត្រីជំនាញ ព្រមទាំងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ការផ្តល់ជំនួយក្នុងរូបភាពផ្សេងៗ និងការសហការបង្ក្រាបមុខសញ្ញាបទល្មើសឆ្លងដែន ក្នុងគោលដៅធានាទប់ស្កាត់និងប្រឆាំងអំពើជួញដូរមនុស្សនេះ។
គួរបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំង២នោះ លោកចូកូ វីដូដូ បានថ្លែងកោតសរសើរដល់ភាគីកម្ពុជាដែលខិតខំប្រឹងដោះស្រាយបញ្ហាជួញដូរមនុស្ស និងបានស្នើឱ្យកម្ពុជាចែករំលែកទិន្នន័យ និងព័ត៌មានចារកិច្ច ដើម្បីជំរុញការដោះស្រាយបញ្ហាជួញដូរមនុស្សកាន់តែមានភាពល្អប្រសើរថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូនេស៊ី TEMPO.CO ដែលបានដកស្រង់ចេញពីសេចក្តីប្រកាសព័ត៌មាននៃខុទ្ទកាល័យប្រធានាធិបតីឥណ្ឌូនេស៊ី។
ប្រភពដដែល បានឱ្យដឹងថា លោកចូកូ វីដូដូ បានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានជួយពលរដ្ឋឥណ្ឌូនេស៊ីដែលរងគ្រោះពីបទល្មើសជួញដូរមនុស្សដែលកើតឡើងលើទឹកដីកម្ពុជា ខណៈភាគីទាំង២ បានចុះអានុស្សរណៈយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៣ ជុំវិញការទប់ស្កាត់និងបង្រ្កាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដែលចាំបាច់ត្រូវយកមកអនុវត្តភ្លាមៗទាំងការចែករំលែក ផ្លាស់ប្តូរព័ត៌មានគ្នា និងការពង្រឹងសមត្ថភាពនគរបាលទាំង២ប្រទេស។
ចំណែក សេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ អំពីលទ្ធផលនៃកិច្ចប្រជុំពិសេសអាស៊ាន-អូស្ត្រាលី ក៏បានបញ្ជាក់ដែរថា អំឡុងបំពេញទស្សនកិច្ចនៅអូស្រ្តាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យាផងដែរ ជាមួយមេដឹកនាំប្រទេសទាំង៦ ដែលជួបពិភាក្សាទ្វេភាគី ក្នុងនោះមាន វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី អូស្ត្រាលី និងនូវែលសេឡង់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា កិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មានចារកិច្ច រវាងរដ្ឋនិងរដ្ឋ ពិតជាមានសារៈសំខាន់ក្នុងវត្ថុបំណងសន្តិសុខ ប៉ុន្តែកិច្ចការងារនេះ ត្រូវធ្វើឡើងដោយរក្សាការសម្ងាត់ ដែលជាកិច្ចសហប្រិតបត្តិការជំរុញការតាមដាន ចាប់ខ្លួន ឧក្រិដ្ឋជនឆ្លងដែន មិនថាបញ្ហាជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតឡើយ។
លោកបន្ថែមថា៖ «កម្ពុជាគួរតែមានឆន្ទៈនយោបាយលើបញ្ហាប្រឆាំងបទល្មើសជួញដូរមនុស្សនេះ ដោយប្រាកដប្រជា បង្កើនសមត្ថភាពការងារចារកិច្ចដោយសមធម៌ សមត្ថភាពកងកម្លាំងខ្លួន ដើម្បីកុំឱ្យឧក្រិដ្ឋជនយកទីតាំងកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសបំផ្លាញមុខមាត់កម្ពុជា»។
សម្រាប់ លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច គាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីនិយម ទៅលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមរយៈការចែករំលែកព័ត៌មាន និងទិន្នន័យដល់គ្នាទៅវិញទៅមក។ លោកចង់ឃើញកិច្ចសហការនេះជាក្របខណ្ឌតំបន់អាស៊ានទាំងមូល បន្ថែមលើកិច្ចសហការទ្វេភាគីរដ្ឋនិងរដ្ឋ ដោយសារបញ្ហាជួញដូរមនុស្សជាបញ្ហាធំ ខណៈកម្ពុជាតែងរងការរិះគន់លើបញ្ហាពីរង្វង់មតិអន្តរជាតិ។
លោកសង្កត់ធ្ងន់ថា៖ «កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ កម្រិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទៅលើការទប់ស្កាត់អំពើជួញដូរមនុស្សនេះ គឺតាមការវាយតម្លៃរបស់ភ្នាក់ងារសហរដ្ឋអាមេរិក កម្ពុជានៅមានកម្រិតទាបខ្លាំងណាស់ គឺស្ថិតនៅក្នុងបន្ទាត់ក្រហម ជាការខាតបង់របស់កម្ពុជាពាក់ព័ន្ធទៅនឹងជំនួយនានា តួយ៉ាងពី USAID ជាដើមដែលដាក់កំហិតលើកម្ពុជា»។
ជាមួយគ្នានេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់លើបញ្ហានេះ ដែលជាផលចំណេញដល់ប្រទេសកម្ពុជាទៅថ្ងៃក្រោយ តួយ៉ាងកិច្ចសហការ និងការទទួលជំនួយពីប្រទេសសេរី នឹងអាចស្តារមុខមាត់ប្រទេសកម្ពុជាសម្រាប់ការវិនិយោគនិងលំហូរទេសចរណ៍។
ដោយឡែក លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ សង្កត់ធ្ងន់ថា បញ្ហាជួញដូរមនុស្ស កម្ពុជានៅតែជាប់ចំណាត់ថ្នាក់លេខ៣ នៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលនេះជារឿងមិនល្អ និងជះឥទ្ធិពលអាក្រក់ដល់កម្ពុជា ហើយត្រូវតែបង្កើនការបង្ក្រាបនិងទប់ស្កាត់ ជាពិសេសបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសនានាទាំងប្រទេសជិតខាង និងតំបន់ តួយ៉ាងសហការជាមួយឥណ្ឌូនេស៊ីនេះជាដើម។
លោកបន្តថា៖ «ដើម្បីឱ្យកិច្ចសហការមានប្រសិទ្ធភាព យើងគួរបង្កើនការជជែកគ្នាបន្ថែមទៀតទៅលើយន្តការកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន ចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក។ កន្លងមកកម្ពុជាបានប្តេជ្ញាចិត្តនិងសហការជាមួយប្រទេសនានាផងដែរដូចជា ការពង្រឹងសមត្ថភាព កម្រិតបច្ចេកទេសជាដើម»។
លោកអំពាវនាវឱ្យរដ្ឋាភិបាលបន្ថែមការយកចិត្តទុកដាក់ទៅលើការប្រឆាំងអំពើជួញដូរមនុស្សនេះ ក៏ដូចជាបង្កើនទំហំកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូឱ្យកាន់តែស៊ីជម្រៅ ដោយសារបញ្ហានេះជាបទល្មើសឆ្លងដែន។
គួរជម្រាបជូនថា នៅខែសីហា ឆ្នាំ២០២៣ កម្ពុជានិងឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់(MOU) រវាងក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលជាតិឥណ្ឌូនេស៊ី ពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការលើកកម្ពស់ការកសាងសមត្ថភាពធនធានមនុស្សរវាងប្រទេសទាំង២ ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបាម្ភនៃការកើនឡើងបទល្មើសឆ្លងដែននៅក្នុងតំបន់។ នៅខែតុលា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានចេញរបាយការណ៍របស់ខ្លួន ស្តីអំពីប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធើណែត ដែលគូសបញ្ជាក់ថា អំពើជួញដូរមនុស្សបានកើនឡើងនិងរីកសាយភាយពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបោកបញ្ឆោតមនុស្សឱ្យមកប្រព្រឹត្តបទល្មើសតាមអនឡាញ ដោយនៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយ មានជនរងគ្រោះប្រមាណជាង ១សែននាក់។ របាយការណ៍នេះទៀតសោត បានលើកហេតុផលថា កម្ពុជាមិនទាន់មានឆន្ទៈដោះស្រាយបញ្ហាទាំងនេះ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានចេញមុខបដិសេធខ្លឹមសាររបស់របាយការណ៍នេះភ្លាមៗ៕