មន្ត្រីជាន់ខ្ពស់​​ក្រសួងមហាផ្ទៃ បានលើកឡថា កម្ពុជា ​ស្វាគមន៍​ឥណ្ឌូនេស៊ី ចំពោះការស្នើ​ឱ្យ​​ចែក​រំលែកទិន្ន​ន័យ​ និង​ព័ត៌មានចារកិច្ច ជាពិសេសទៅលើការពង្រឹង​សមត្ថភាពនគរបាល​រវាងប្រទេសទាំង២ ក្នុងគោលដៅប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខណៈបញ្ហានេះជាកង្វល់រួមនៅក្នុងតំបន់ ដែលទាម​ទារកិច្ច​សហការ​ក្នុង​ក្របខណ្ឌពហុភាគីនិយម។

ការស្វាគមន៍របស់មន្ត្រីជាន់ខ្ពស់កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ(Joko Widodo) បានស្នើមកកាន់ភាគីកម្ពុជា​ឱ្យ​ចែករំលែកទិន្នន័យនិងព័ត៌មានចារកិច្ច ជុំវិញការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយសារខ្លួនមានការព្រួយបារម្ភទៅលើបញ្ហានេះដែលកំពុងមានសន្ទុះកើនឡើងសម្រាប់ប្រទេសរបស់ខ្លួន។ ការស្នើរបស់ភាគី​​ឥណ្ឌូនេស៊ី ធ្វើឡើងក្នុងជំនួបទ្វេភាគី​រវាង លោក ចូកូ វីដូដូ និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ អំឡុងភាគីទាំង២ ទៅចូលរួមកិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដួរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍​នៅថ្ងៃទី០៧ ខែមីនា នេះ​​ថា កន្លងមក កម្ពុជាតែងចែករំលែកព័ត៌មាន និងទិ​ន្នន័យ អំពីការ​បង្ក្រាបបទល្មើសនានា ឬអំពីជនភៀសខ្លួន​ទៅកាន់បណ្តាប្រទេសផ្សេងៗ ជាពិសេសបណ្តាប្រទេស​ក្នុងតំបន់ ឬថែមទាំងបង្ហាញតួលេខជាសាធារណៈផង។

លោកស្រីគូសបញ្ជាក់ថា៖ «បើនិយាយរឿងចែក​រំលែក​ព័ត៌មាន ទិន្នន័យ ដូចជាមិនខ្វះអ្វីទេ។ មួយឆ្នាំៗ យើងតែងអញ្ជើញ​តំណាងស្ថានទូតនីមួយៗមកចូលរួម ហើយបើជាមួយបណ្តានីមួយៗ ដឹងហើយថា យើងធ្វើការរបៀបម៉េច ជាមួយ​គ្នា​នេះ។ ខ្ញុំ​មិន​ដឹង​ទេ​ថា ការសុំឱ្យចែករំលែកទិន្នន័យពីភាគីឥណ្ឌូនេស៊ីនោះ ចង់សំដៅលើទិន្នន័យបែបណានោះ បើទិន្នន័យរួមយើងតែងតែបង្ហាញ»

ទោះជាយ៉ាងណា លោកស្រីស្នើឱ្យភាគីឥណ្ឌូនេស៊ី មក​ពិភាក្សា​ចុះអនុស្សារណៈយោគយល់(MOU) ជាមួយកម្ពុជា ទៅលើការចែករំលែក​ព័ត៌​មាន ឬទិន្នន័យដែលខ្លួនចង់បាន។

ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍ដែរ​ថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះគោលបំណងស្នើសុំឱ្យចែករំលែកទិន្នន័យ និងព័ត៌មាន និងរាល់កិច្ចសហប្រតិបត្តិការគ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពីភាគីឥណ្ឌូនេស៊ី និងបណ្តាប្រទេស​នានា ខណៈ​កម្ពុជា មានឆន្ទៈពិតប្រាកដនៅក្នុងការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរមនុស្ស។

លោកបន្តថា៖ «ក្នុងករណីមានការទំនាក់ទំនងគ្នា ចង់ដឹងនូវព័ត៌មានដែលពាក់ព័ន្ធទៅនឹងបទល្មើសកើតឡើង និងមុខ​សញ្ញាណាមួយ យើង​មិន​ខ្លាច​អី ក្នុងការសហការដើម្បីឈានទៅរកការបង្ក្រាបនោះឡើយ។ ជាក់​ស្តែង បទ​ល្មើស​ជួញ​​ដូរ​មនុស្ស​នេះ បើកើតនៅទឹកដីរដ្ឋណា រដ្ឋនោះមានកាតព្វកិច្ចដោះស្រាយ បង្ក្រាប​ហើយ តែ​វាចៀសមិ​ន​ផុត​ទេ បទល្មើសនេះមានចរិតរាលដាលក្នុងពិភពលោកនិងតំបន់ ដែលត្រូវការសហការគ្នារវាងប្រទេសនិងប្រទេស»

លោកបញ្ជាក់ថា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ កន្លងមកនេះ កម្ពុជាតែងសហការជារឿយៗជាមួយ​បណ្តាប្រទេសផ្សេងៗ ទាក់ទិននឹងការបង្ក្រាបនិងទប់ស្កាត់អំពើជួញដូរមនុស្សនេះ ដោយ​តែង​ផ្តល់​ដំណឹង ឬស្នើសុំព័ត៌មានអំពើមុខសញ្ញាឧក្រិដ្ឋជន ការជួយជនរងគ្រោះ ជាដើម។

លោកបន្ថែមថា កន្លងមក កម្ពុជាបានសហការជាមួយអង្គការដៃគូ និងប្រទេសជាដៃគូក្នុងការផ្តល់ទស្សនកិច្ចសិក្សាទៅវិញទៅមករវាងមន្ត្រីជំនាញ ព្រមទាំងផ្តល់ព័ត៌មានឱ្យ​គ្នាទៅវិញទៅមក ការផ្តល់ជំនួយ​ក្នុងរូបភាពផ្សេងៗ និង​​ការ​សហការ​បង្ក្រាបមុខសញ្ញាបទល្មើសឆ្លងដែន ក្នុងគោលដៅធានាទប់ស្កាត់និងប្រឆាំងអំពើជួញដូរមនុស្សនេះ។

គួរបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំង២នោះ​ លោកចូកូ វីដូដូ បាន​ថ្លែងកោត​សរសើរ​ដល់​ភាគី​កម្ពុជា​ដែលខិត​ខំប្រឹងដោះស្រាយបញ្ហាជួញដូរមនុស្ស និងបាន​ស្នើឱ្យកម្ពុជា​ចែករំលែកទិន្នន័យ និងព័ត៌មានចារកិច្ច​ ដើម្បីជំរុញការដោះស្រាយបញ្ហាជួញដូរមនុស្ស​កាន់តែមានភាពល្អប្រសើរ​​ថែម​ទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូនេស៊ី TEMPO.CO ដែលបានដកស្រង់ចេញពីសេចក្តីប្រកាសព័ត៌មាននៃខុទ្ទកាល័យប្រធានាធិបតី​ឥណ្ឌូ​នេស៊ី។

ប្រភពដដែល បានឱ្យដឹងថា លោកចូកូ វីដូដូ បានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានជួយពលរដ្ឋឥណ្ឌូនេស៊ីដែលរងគ្រោះពីបទល្មើសជួញដូរមនុស្សដែលកើតឡើងលើទឹកដីកម្ពុជា ខណៈភាគីទាំង២ បានចុះអានុស្សរណៈយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៣ ជុំវិញ​ការទប់ស្កាត់និងបង្រ្កាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដែល​ចាំបាច់ត្រូវយកមកអនុវត្តភ្លាមៗទាំងការចែករំលែក ផ្លាស់ប្តូរព័ត៌មានគ្នា និងការពង្រឹងសមត្ថភាពនគរបាលទាំង២ប្រទេស។

ចំណែក ​សេចក្តីប្រកាសព័ត៌មាន​ពីក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅ​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ អំពីលទ្ធផលនៃកិច្ចប្រជុំពិសេសអាស៊ាន-អូស្ត្រាលី ក៏បានបញ្ជាក់​ដែរថា អំឡុងបំពេញ​ទស្សន​កិច្ច​នៅ​អូស្រ្តាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​​បា​ន​​ពិភាក្សា​អំពី​ការ​បង្កើនកិច្ច​​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន រួមទាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យាផងដែរ ជាមួយមេដឹកនាំប្រទេសទាំង៦ ដែលជួបពិភា​ក្សា​​ទ្វេភាគី ក្នុងនោះមាន វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី អូស្ត្រាលី និងនូវែលសេឡង់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា​ លើកឡើងថា កិច្ចសហប្រតិបត្តិការចែក​រំលែកព័ត៌មាន​ចារកិច្ច រវាងរដ្ឋនិងរដ្ឋ ពិតជាមានសារៈសំខាន់ក្នុងវត្ថុបំណងសន្តិសុខ ប៉ុន្តែកិច្ចការងារនេះ ត្រូវធ្វើឡើងដោយរក្សាការសម្ងាត់ ដែលជាកិច្ចសហប្រិតបត្តិការជំរុញការតាមដាន ចាប់ខ្លួន ឧក្រិដ្ឋជនឆ្លងដែន មិនថា​បញ្ហា​ជួញ​ដូរ​មនុស្ស បញ្ហាគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតឡើយ។

លោកបន្ថែមថា៖ «កម្ពុជា​គួរ​តែ​មាន​ឆន្ទៈ​នយោបាយ​លើ​បញ្ហា​ប្រឆាំង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​នេះ ដោយប្រាកដ​ប្រជា ប​ង្កើន​សមត្ថភាព​ការងារ​ចារកិច្ចដោយសមធម៌ សមត្ថភាពកងកម្លាំង​ខ្លួន ដើម្បីកុំឱ្យឧក្រិដ្ឋជនយកទីតាំងកម្ពុជា​ដើម្បីប្រព្រឹត្តបទល្មើសបំផ្លាញមុខមាត់កម្ពុជា»

សម្រាប់ លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍ​សង្គម​និង​សេដ្ឋ​កិច្ច គាំទ្រ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ពហុភាគីនិយម ទៅលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាម​រយៈ​ការ​ចែករំលែក​ព័ត៌​មាន និង​ទិន្នន័យ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ​លោក​ចង់ឃើញកិច្ចសហការនេះជាក្របខណ្ឌតំបន់អាស៊ានទាំងមូល បន្ថែមលើកិច្ចសហការទ្វេភាគីរដ្ឋនិងរដ្ឋ ដោយសារបញ្ហាជួញដូរមនុស្សជាបញ្ហាធំ ខណៈកម្ពុជាតែងរងការរិះគន់លើបញ្ហាពីរង្វង់មតិអន្តរជាតិ។

លោកសង្កត់ធ្ងន់ថា៖ «កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ កម្រិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទៅលើការទប់ស្កាត់អំពើជួញដូរមនុស្សនេះ គឺតាមការវាយតម្លៃរបស់ភ្នាក់ងារសហរដ្ឋអាមេរិក កម្ពុជានៅមានកម្រិតទាបខ្លាំងណាស់ គឺស្ថិតនៅក្នុងបន្ទាត់ក្រហម ជាការខាតបង់របស់កម្ពុជាពាក់ព័ន្ធទៅនឹងជំនួយនានា តួយ៉ាងពី USAID ជាដើមដែលដាក់កំហិតលើកម្ពុជា»

ជាមួយគ្នានេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់លើបញ្ហានេះ ដែលជាផលចំណេញដល់ប្រទេសកម្ពុជាទៅថ្ងៃក្រោយ តួយ៉ាងកិច្ចសហការ និង​ការទទួលជំនួយពីប្រទេស​​សេរី នឹងអាចស្តារមុខមាត់ប្រទេសកម្ពុជាស​ម្រាប់ការវិនិយោគនិងលំហូរទេសចរណ៍។

ដោយឡែក លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ​ សង្កត់ធ្ងន់ថា បញ្ហាជួញដូរមនុស្ស កម្ពុជានៅតែជាប់ចំណាត់ថ្នាក់លេខ៣ នៅក្នុងបញ្ជី​ខ្មៅរបស់សហរដ្ឋអាមេរិក ដែលនេះ​ជារឿងមិនល្អ និង​ជះឥទ្ធិពលអាក្រក់​ដល់​កម្ពុជា ហើយ​ត្រូវតែ​បង្កើនការ​បង្ក្រាបនិងទប់ស្កាត់ ជាពិសេសបង្កើនកិច្ចសហ​ការជាមួយបណ្តាប្រទេសនានាទាំងប្រទេស​ជិត​ខាង និង​តំបន់ តួយ៉ាងសហការជាមួយឥណ្ឌូនេស៊ីនេះជាដើម។

លោកបន្តថា៖ «ដើម្បីឱ្យកិច្ចសហការមានប្រសិទ្ធភាព យើងគួរបង្កើនការជជែកគ្នាបន្ថែមទៀតទៅលើយន្តការកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន ចែករំលែកបទពិសោធន៍​គ្នា ទៅវិញទៅមក។ កន្លងមកកម្ពុជាបានប្តេជ្ញាចិត្តនិងសហការជាមួយប្រទេសនានាផងដែរដូចជា ការពង្រឹងសមត្ថភាព កម្រិតបច្ចេកទេសជាដើម»

លោកអំពាវនាវឱ្យរដ្ឋាភិបាលបន្ថែមការយកចិត្តទុកដាក់ទៅលើការប្រឆាំងអំពើជួញដូរមនុស្សនេះ ក៏ដូចជាបង្កើនទំហំកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូឱ្យកាន់តែស៊ីជម្រៅ ដោយសារបញ្ហានេះជាបទល្មើសឆ្លងដែន។

គួរជម្រាបជូនថា នៅខែសីហា ឆ្នាំ២០២៣ កម្ពុជានិងឥណ្ឌូនេស៊ីបាន​ចុះហត្ថលេខា​លើ អនុស្សរ​ណៈ​នៃការយោគយល់(MOU) រវាងក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលជាតិឥណ្ឌូនេស៊ី ពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការលើកកម្ពស់ការកសាងសមត្ថភាពធនធានមនុស្សរវាងប្រទេសទាំង២ ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបាម្ភនៃការកើនឡើងបទល្មើសឆ្លងដែននៅក្នុងតំបន់។ នៅខែតុលា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានចេញរបាយការណ៍របស់ខ្លួន ស្តីអំពីប្រតិ​បត្តិ​ការ​ឆបោកតាមប្រព័ន្ធអ៊ីនធើណែត ដែលគូសបញ្ជាក់ថា អំពើជួញដូរមនុស្សបានកើនឡើងនិង​រីកសាយភាយ​ពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបោកបញ្ឆោតមនុស្សឱ្យមកប្រព្រឹត្តបទល្មើសតាមអនឡាញ ដោយនៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយ មានជនរងគ្រោះប្រមាណជាង ១សែននាក់។ របាយការណ៍នេះទៀតសោត បានលើកហេតុផលថា កម្ពុជាមិនទាន់មានឆន្ទៈដោះស្រាយប​ញ្ហាទាំងនេះ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានចេញមុខបដិសេធខ្លឹមសាររបស់របាយការណ៍នេះភ្លាមៗ៕