រដ្ឋាភិបាលកម្ពុជា ស្នើបារាំងបន្តជំនួយផ្នែកអភិវឌ្ឍន៍ធនធានមនុស្សបន្ថែមទៀត ដោយការបង្កើនចំនួនអាហាររូបករណ៍ ជាពិសេសលើផ្នែកសុខាភិបាល និងផ្តល់អ្នកជំនាញការជួយរដ្ឋាភិបាលកម្ពុជាលើផែនការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ ខណៈរដ្ឋាភិបាលបារាំងផ្តល់ភ្លើងខៀវដល់កម្ពុជា។
ការស្នើរបស់កម្ពុជា ធ្វើឡើងតាមរយៈជំនួបរវាងគណៈប្រតិភូរដ្ឋសភាកម្ពុជា និងក្រុមការងារនៃគណៈកម្មការសង្គមកិច្ច នៃរដ្ឋសភាបារាំង អំឡុងដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋសភាកម្ពុជា នៅប្រទេសបារាំង ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។
ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៩ថ្ងៃ នៅបារាំងនេះ អ្នកនាំពាក្យរដ្ឋសភា លោកស្រី ឡោក ខេង បានឱ្យដឹងថា ភាគីកម្ពុជា បានស្នើទៅកាន់ភាគីបារាំង ឱ្យជួយបង្កើនជំនួយអាហាររូបករណ៍ដល់និស្សិតកម្ពុជាឱ្យច្រើនជាងមុន ជាពិសេសផ្នែកសុខាភិបាល ខណៈរដ្ឋាភិបាលកម្ពុជា ចង់ពង្រីកសេវាសុខាភិបាលទៅដល់មូលដ្ឋាន ដែលទាមទារចំនួនបុគ្គលិកសុខាភិបាល និងគ្រូពេទ្យជំនាញច្រើន។
លោកស្រីគូសបញ្ជាក់ថា៖ «ចំណុចនេះ ភាគីបារាំងទទួលយកសំណើរនេះ ក៏ប៉ុន្តែបារាំងប្រាប់យើងវិញដែរថា បច្ចុប្បន្នបារាំងក៏ជួបផលលំបាកខ្វះគ្រូពេទ្យផងដែរ»។
ទន្ទឹមគ្នានេះ លោកស្រីថា ភាគីកម្ពុជា ក៏បានស្នើបារាំងឱ្យជួយលើផែនការបណ្តុះបណ្តាលវិជ្ជាជីវៈ(TVET) ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យក្នុងគោលដៅចំនួន ១លាន ៥សែននាក់ តាមរយៈការផ្តល់អ្នកជំនាញបច្ចេកទេស ខណៈបារាំងបើកភ្លើងខៀវដល់កម្ពុជា ស្របពេលបារាំងក៏កំពុងគិតគូរបញ្ហានេះនៅប្រទេសខ្លួនផងដែរ។
ជុំវិញបញ្ហានេះ លោកកត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បង្ហាញការស្វាគមន៍ចំពោះកិច្ចសហហប្រតិបត្តិការជាមួយបារាំងផ្នែកអភិវឌ្ឍន៍ធនធានមនុស្សនេះ ជាពិសេសទៅលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងកំពុងអនុវត្ត សម្រាប់ផ្តល់ជំនាញដល់យុវជនចំនួន ១,៥លាននាក់ នៅទូទាំងប្រទេស។
លោកថា៖ «បើមានកិច្ចសហការនោះកាន់តែល្អសម្រាប់វគ្គបណ្តុះបណ្តាលជំនាញនៅកម្ពុជា ព្រោះបារាំងជាប្រទេសអភិវឌ្ឍន៍ និងមានបទពិសោធន៏ក្នុងការបណ្តុះបណ្តាលជំនាញ»។
លោកបន្ថែមថា សំណើររបស់តំណាងរដ្ឋសភានេះជាកិច្ចចាប់ផ្តើមមួយ ហើយសម្រាប់នាពេលខាងមុខ ក្រសួងការងារស្វាគមន៍ប្រតិភូបារាំងមកសិក្សា និងពិភាក្សាលើកិច្ចសហប្រិតបត្តិការនេះ។
ទាក់ទិននឹងបញ្ហានេះ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ជារឿងវិជ្ជមានសម្រាប់កម្ពុជា ចំពោះសំណើរសុំបង្កើនជំនួយអាហាររូបករណ៍ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈកន្លងមក បារាំងបានជួយកម្ពុជាច្រើនលើការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យធំៗចំនួន២ ក្នុងនោះមានវិស័យច្បាប់ និងរដ្ឋបាលសាធារណៈ និងវិស័យសុខាភិបាល ឬវេជ្ជសាស្ត្រ។
លោកបន្តថា៖ «ខ្មែរយើង ឱ្យតែមានអ្នកណាបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រពីបារាំង យើងមានទំនុកចិត្តខ្ពស់។ អ្នករៀនច្បាប់ រដ្ឋបាលសាធារណៈ ពីបារាំង យើងក៏មានទំនុកចិត្តខ្ពស់ ហើយអ្នកទាំងអស់នោះក៏កំពុងមានតួនាទី និងមុខតំណែងសំខាន់ៗនៅជួររដ្ឋាភិបាល និងបណ្តាវិស័យឯកជននានា។ យើងសង្ឃឹមថា បារាំងនៅតែបន្តផ្តល់អាហាររូបករណ៍ដល់កម្ពុជាបន្ថែមទៀត»។
ចំពោះផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈវិញ លោកគិន ភា បញ្ជាក់ថា កន្លងមក នៅមិនទាន់មានកិច្ចសហប្រតិបត្តិការជាដុំកំភួនណាមួយរវាងប្រទេសទាំង២ នៅឡើយ ដោយសារបារាំងផ្តោតលើការបណ្តុះបណ្តាលចំពោះកម្រិតបញ្ញាវន្តជាន់ខ្ពស់ច្រើនជាង ក៏ប៉ុន្តែបារាំងជាប្រទេសរីកចម្រើនផ្នែកឧស្សាហកម្ម ហើយមានកម្លាំងពលកម្មជំនាញច្រើន ដែលអាចមានលទ្ធភាពជួយបណ្តុះបណ្តាលយុវជនកម្ពុជាបាន។
ដោយឡែក លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លើកឡើងថា បារាំងតែងជ្រោមជ្រែងកម្ពុជាជាច្រើនទសវត្សរ៍មកហើយ ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសទៅលើវិស័យសុខាភិបាល ដែលការណ៍នេះ រដ្ឋាភិបាលគួរពិនិត្យលទ្ធភាពពង្រីកសមត្ថភាពគ្រូពេទ្យ ខណៈប្រជាពលរដ្ឋ ជាពិសេសអ្នកមានជីវភាពធូរធារ បាត់បង់ទំនុកចិត្តលើសមត្ថភាពគ្រូពេទ្យ។
ចំណែកផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈវិញ លោកថា ក៏ជារឿងសំខាន់ ដោយសារអាត្រាបោះបង់ការសិក្សារបស់យុវជនកម្ពុជាមានភាគរយខ្ពស់ ជាក់ស្តែងក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ កន្លងមក មានសិស្សប្រមាណ ៣ពាន់នាក់ បោះបង់ការប្រឡង ស្របពេលយុវជនបន្តការសិក្សានៅមហាវិទ្យាល័យមានចន្លោះតែពី ១៤% ទៅ ១៥% ប៉ុណ្ណោះនៃចំនួនសិស្សចប់បាក់ឌុប។
លោកថា៖ «កម្ពុជាយើងមិនទាន់មានភាពច្បាស់លាស់ កំណត់តម្រូវការជំនាញបណ្តុះបណ្តាល ថាជំនាញណាត្រូវទីផ្សារនៅឡើយទេ ហើយយុវជនយើងក៏មិនចូលចិត្តរៀនផង ដែលពួកគាត់ចង់រកស៊ីជាង ដោយសារតម្រូវការប្រាក់ចំណូល មិនមានពេលរៀនវគ្គបណ្តុះបណ្តាលអ្វីទេ។ រដ្ឋាភិបាលក៏ធ្លាប់បង្កើតវគ្គបណ្តុះបណ្តាលច្រើនដែរ តែបរាជ័យ ដោយសារយុវជនយើងមិនចង់រៀន ដូច្នេះរដ្ឋាភិបាលត្រូវសិក្សា និងរៀបចំផែនការឱ្យបានច្បាស់លាស់»។ ទាក់ទងនឹងបញ្ហាអាហាររូបករណ៍ លោកមាស នី ស្នើឱ្យរដ្ឋាភិបាលផ្តល់លទ្ធភាពដល់សិស្សានុសិស្សប្រកបដោយតម្លាភាព ដើម្បីការរីកចម្រើនសង្គមជាតិប្រកបដោយសមធម៌ ចៀសវាងបក្ខពួកនិយម ដោយផ្តល់អាហាររូបករណ៍តែគ្នីគ្នាឯង ឬផ្តល់ទៅដល់យុវជនពីគ្រួសារអ្នកមានអំណាច ភ្លេចគិតដល់យុវជនពីគ្រួសារក្រីក្រ៕