រដ្ឋាភិបាល​កម្ពុជា ស្នើបារាំងបន្តជំនួយផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស​​បន្ថែម​ទៀត ដោយ​ការ​បង្កើន​ចំនួនអាហារ​រូប​ករណ៍ ជាពិសេសលើផ្នែកសុខាភិបាល និងផ្តល់អ្នកជំនាញ​ការជួយ​រដ្ឋាភិបាល​កម្ពុជា​លើ​ផែន​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ ខណៈរដ្ឋាភិបាលបារាំងផ្តល់​ភ្លើងខៀវដល់កម្ពុជា។

ការស្នើរបស់កម្ពុជា ធ្វើឡើងតាមរយៈជំនួបរវាងគណៈប្រតិភូរដ្ឋសភាកម្ពុជា និងក្រុមការងារនៃគណៈកម្មការសង្គមកិច្ច នៃរដ្ឋសភាបារាំង អំឡុងដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋសភាកម្ពុជា នៅប្រទេស​បារាំង ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ នៅព្រឹកថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៩ថ្ងៃ នៅបារាំងនេះ អ្នកនាំពាក្យរដ្ឋសភា លោកស្រី ឡោក ខេង បានឱ្យដឹងថា ភាគី​កម្ពុជា​ បាន​ស្នើទៅកាន់​ភាគី​បារាំង ឱ្យជួយ​​បង្កើន​ជំនួយអាហារ​រូបករណ៍ដ​ល់​និស្សិត​កម្ពុជាឱ្យច្រើនជាងមុន ជាពិសេសផ្នែក​សុខាភិបាល ខណៈរដ្ឋាភិបាល​កម្ពុជា ចង់ពង្រីកសេវាសុខាភិបាលទៅដល់មូលដ្ឋាន ដែលទាមទារចំនួនបុគ្គលិកសុខាភិបាល និងគ្រូពេទ្យជំនាញច្រើន។

លោកស្រីគូសបញ្ជាក់ថា៖ «ចំណុចនេះ ភាគីបារាំងទទួលយកសំណើរនេះ ក៏ប៉ុន្តែបារាំងប្រាប់យើងវិញដែរថា ប​ច្ចុប្បន្នបារាំងក៏ជួបផលលំបាក​ខ្វះគ្រូពេទ្យផងដែរ»។

ទន្ទឹមគ្នានេះ លោកស្រីថា ភាគីកម្ពុជា ក៏​បានស្នើ​បារាំង​ឱ្យ​ជួយ​​លើផែនការបណ្តុះបណ្តាលវិជ្ជាជីវៈ(TVET) ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរង​ហានិភ័យ​ក្នុងគោលដៅ​ចំនួន ១លាន ៥សែននាក់ តាមរយៈការផ្តល់អ្នកជំនាញបច្ចេកទេស ខណៈបារាំងបើកភ្លើងខៀវ​ដល់​កម្ពុជា ស្រប​ពេល​បារាំងក៏កំពុងគិតគូរបញ្ហានេះនៅប្រទេសខ្លួនផងដែរ។

ជុំវិញបញ្ហានេះ លោកកត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា​ បង្ហាញ​ការ​ស្វាគមន៍​ចំពោះកិច្ចសហហប្រតិបត្តិការជាមួយបារាំងផ្នែកអភិវឌ្ឍន៍ធនធានមនុស្សនេះ ជាពិសេសទៅលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែល​​រដ្ឋាភិបាលកំពុង​យកចិត្តទុកដាក់ ​និងកំពុងអនុវត្ត សម្រាប់ផ្តល់ជំនាញដល់យុវជនចំនួន ១,៥លាននាក់ នៅទូទាំងប្រទេស។

លោកថា៖ «បើមានកិច្ចសហការនោះកាន់តែល្អសម្រាប់វគ្គបណ្តុះបណ្តាលជំនាញនៅកម្ពុជា ព្រោះបារាំងជាប្រទេស​អភិវឌ្ឍន៍ និងមានបទពិសោធន៏ក្នុងការបណ្តុះបណ្តាលជំនាញ»

លោកបន្ថែមថា សំណើររបស់តំណាងរដ្ឋសភានេះជាកិច្ចចាប់ផ្តើមមួយ ហើយសម្រាប់នាពេលខាងមុខ ក្រសួងការងារស្វាគមន៍ប្រតិភូបារាំងមកសិក្សា និងពិភាក្សាលើកិច្ចសហប្រិតបត្តិការនេះ។

ទាក់ទិននឹងបញ្ហានេះ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ​សភា​កម្ពុជា យល់ថា ជារឿងវិជ្ជមានសម្រាប់កម្ពុជា ចំពោះសំណើរសុំបង្កើនជំនួយអាហាររូបករណ៍ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈកន្លងមក បារាំងបានជួយកម្ពុជាច្រើនលើការអភិវឌ្ឍន៍​ធនធានមនុស្ស​លើវិស័យធំៗចំនួន​២ ក្នុងនោះមាន​វិស័យច្បាប់ និងរដ្ឋបាលសាធារណៈ និងវិស័យសុខាភិបាល ឬវេជ្ជសាស្ត្រ។

លោកបន្តថា៖ «ខ្មែរយើង ឱ្យតែមានអ្នកណាបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រពីបារាំង យើងមានទំនុកចិត្តខ្ពស់។ អ្នករៀនច្បាប់ រដ្ឋបាលសាធារណៈ ពីបារាំង យើងក៏មានទំនុកចិត្តខ្ពស់ ហើយអ្នកទាំងអស់នោះក៏កំពុងមាន​តួនាទី និងមុខតំណែងសំខាន់ៗនៅជួររដ្ឋាភិបាល និងបណ្តាវិស័យឯកជននានា។ យើងសង្ឃឹមថា បារាំងនៅតែបន្តផ្តល់អាហាររូបករណ៍ដល់កម្ពុជាបន្ថែមទៀត»

ចំពោះផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ​វិញ លោកគិន ភា បញ្ជាក់ថា កន្លងមក នៅ​មិនទាន់មានកិច្ចសហ​ប្រតិបត្តិការជាដុំកំភួនណាមួយរវាងប្រទេសទាំង២ នៅឡើយ ដោយសារបារាំងផ្តោតលើការបណ្តុះបណ្តាលចំពោះកម្រិតបញ្ញាវន្តជាន់ខ្ពស់ច្រើនជាង ក៏ប៉ុន្តែបារាំងជាប្រទេស​រីកចម្រើន​ផ្នែក​ឧស្សាហ​កម្ម ហើយមានកម្លាំងពលកម្មជំនាញ​ច្រើន ដែលអាចមានលទ្ធភាពជួយបណ្តុះបណ្តាលយុវជនកម្ពុជាបាន។

ដោយឡែក លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លើកឡើងថា បារាំងតែងជ្រោម​ជ្រែង​កម្ពុជា​ជា​ច្រើន​ទសវត្សរ៍មកហើយ ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស​ទៅលើវិស័យសុខាភិបា​ល ដែលការណ៍នេះ​ រដ្ឋាភិបាលគួរពិនិត្យលទ្ធភាពពង្រីកសមត្ថ​ភាព​គ្រូពេទ្យ ខណៈ​ប្រជាពលរដ្ឋ ជាពិសេសអ្នកមានជីវភាព​ធូរធារ បាត់បង់ទំនុកចិត្តលើសមត្ថភាពគ្រូពេទ្យ។

ចំណែកផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈវិញ លោកថា ក៏ជារឿងសំខាន់ ដោយសារអាត្រាបោះបង់ការ​សិក្សារបស់យុវជនកម្ពុជាមានភាគរយខ្ពស់ ជាក់ស្តែងក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០២៣ កន្លង​មក មានសិស្សប្រមាណ ៣ពាន់នាក់ បោះបង់ការប្រឡង ស្របពេលយុវជនបន្តការសិក្សានៅមហាវិទ្យាល័យមានចន្លោះតែពី ១៤% ទៅ ១៥% ប៉ុណ្ណោះនៃចំនួនសិស្សចប់បាក់ឌុប។

លោកថា៖ «កម្ពុជាយើងមិនទាន់មានភាពច្បាស់លាស់ កំណត់តម្រូវការជំនាញបណ្តុះ​បណ្តាល ថាជំនាញណា​ត្រូវទីផ្សារនៅឡើយទេ ហើយយុវជនយើងក៏មិនចូលចិត្តរៀនផង ដែលពួកគាត់ចង់រកស៊ីជាង ដោយសារតម្រូវការប្រាក់ចំណូល មិនមានពេលរៀនវគ្គបណ្តុះបណ្តាលអ្វីទេ។ រដ្ឋាភិបាលក៏ធ្លាប់បង្កើតវគ្គបណ្តុះបណ្តាល​ច្រើន​​ដែរ តែ​បរាជ័យ ដោយសារយុវជនយើងមិនចង់រៀន ដូច្នេះ​រដ្ឋាភិបាលត្រូវសិក្សា និងរៀបចំផែនការឱ្យបានច្បាស់លាស់» ទាក់ទងនឹងបញ្ហាអាហាររូបករណ៍ លោកមាស នី ស្នើឱ្យរដ្ឋាភិបាលផ្តល់លទ្ធភាពដល់សិស្សានុសិស្សប្រកបដោយតម្លាភាព ដើម្បីការរីកចម្រើនសង្គមជាតិប្រកបដោយសមធម៌ ចៀសវាងបក្ខពួកនិយម ដោយផ្តល់អាហាររូបករណ៍តែគ្នីគ្នាឯង ឬផ្តល់ទៅដល់យុវជនពីគ្រួសារអ្នកមានអំណាច ភ្លេចគិតដល់យុវជនពីគ្រួសារក្រីក្រ៕