ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ បានទទូចឱ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតទៅលើករណីបាត់ខ្លួនសកម្មជនយោបាយថៃ លោក វ៉ាន់ចាឡើម ដែលបានបាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ខណៈគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានស្នើឱ្យកម្ពុជាពិនិត្យមើលការអនុវត្តរបស់ខ្លួនចំពោះអនុសញ្ញាអន្តរជាតិសម្រាប់ការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។
ក្រុមសិទ្ធិមនុស្សអន្តរជាតិទាំងនោះ រួមមាន អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH), មូលធិនិមូលនិធិកាកបាទវប្បធម៌ (CrCF) និងអង្គការមេធាវីថៃដើម្បីសិទ្ធិមនុស្ស(TLHR)។
តាមរយៈសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ អង្គការអន្តរជាតិទាំង៣នេះ បានជំរុញឱ្យអាជ្ញាធរកម្ពុជាប្រញាប់អនុវត្តនូវអានុសាសន៍របស់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើករណីបាត់ខ្លួនដោយបង្ខំដែលមានឡើងនៅកម្ពុជា ជាពិសេសករណីបាត់ខ្លួនសកម្មជនយោបាយថៃ លោក វ៉ាន់ចាឡើម សាត់សាកសិទ្ធិ (Wanchalearm Satsaksit) និងយុវជនខ្មែរ លោក ខឹម សុផាត។
សេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជា បានទទួលនូវអនុសាសន៍ពីគណៈកម្មាធិការអង្គការសហប្រជាជាតិ ស្តីពី ការបាត់ខ្លួនដោយបង្ខំ (CED) កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីគណៈកម្មាធិការបានត្រួតពិនិត្យរបាយការណ៍ដំបូងរបស់កម្ពុជា នាមាត្រា២៩ នៃអនុសញ្ញាអន្តរជាតិសម្រាប់ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែលកម្ពុជាផ្តល់ជូនកាលពីថ្ងៃទី១៩ និង២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ប្រភពដដែល បន្តទៀតថា គណៈកម្មាធិការ CED បានបង្ហាញក្តីបារម្ភរបស់ខ្លួនទៅលើការអនុវត្តរបស់កម្ពុជា ជាមួយកង្វះខាតលក្ខខណ្ឌច្បាប់ និងកិច្ចសហប្រតិបត្តិបត្តិការរវាងរដ្ឋនិងរដ្ឋ ដើម្បីធានាបាននូវការស៊ើបអង្កេតមួយដែលត្រឹមត្រូវ ធានាចំពោះសិទ្ធិចូលរួមរបស់សាច់ញាតិជនរងគ្រោះទាំង២រូប ក្នុងដំណើរការនីតិវិធីច្បាប់ និងអាចមានលទ្ធភាពជួយកំណត់មុខសញ្ញាស្វែងរក កំណត់ទីតាំង និងរកសេរីភាពដល់អ្នកបាត់ខ្លួនវិញ។
សេចក្តីថ្លែងការណ៍រួមនោះបានគូសបញ្ជាក់ថា៖ «CED បានផ្តល់អនុសាសន៍ថាអ្នកបាត់ខ្លួនទាំងអស់ត្រូវទទួលការ ស្វែងរកដោយមិនបង្អង់យូរ ហើយរាល់ការចោទប្រកាន់អំពីការបាត់ខ្លួនដោយបង្ខំ រួមទាំងករណីរបស់លោក ខឹម សុផាត និង Wanchalearm Satsaksit ត្រូវបានស៊ើបអង្កេតភ្លាមៗ ហ្មត់ចត់ ប្រកបដោយប្រសិទ្ធភាព និងមិនលំអៀង»។
លើសពីនេះ គណៈកម្មាធិការ CED បានផ្តល់អានុសាសន៍បន្ថែមឱ្យអាជ្ញាធរកម្ពុជាធានាដល់សិទ្ធិចំពោះសាច់ញាតិនៃជនបាត់ខ្លួនដោយបង្ខំ ក្នុងនោះមានទាំងសិទ្ធិចូលរួមការដំណើរការស្វែងរក និងស៊ើបអង្កេតនៅគ្រប់ដំណាក់កាលផងដែរ ព្រមទាំងផ្តល់ដំណឹងទៀងទាត់អំពីវឌ្ឍនភាព និងលទ្ធផលស៊ើបអង្កេតជាបន្តបន្ទាប់ដល់គ្រួសាររបស់ជនរងគ្រោះផងដែរ។
CED ក៏បានណែនាំឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមយ៉ាងសកម្មលើការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយរដ្ឋាភិបាលនានាក្នុងតំបន់ តួយ៉ាងរវាងស្ថាប័នតុលាការក្នុងតំបន់ លើការចែករំលែកព័ត៌មាន ភស្តុតាង ជួយដំណើរការស្វែងរក និងកំណត់អត្តសញ្ញាណជនដែលបាត់ខ្លួន ព្រមទាំងរួមគ្នាស៊ើបអង្កេត ដើម្បីនាំមកនូវយុត្តិធម៌ និងទំនួលខុសត្រូវ ជាពិសេសនាំខ្លួនអ្នកដែលពាក់ព័ន្ធប្រឈមមុខនឹងផ្លូវច្បាប់ ដោយលើកឧទាហរណ៍ពីករណីលោកវ៉ាន់ចាឡើម។
សេចក្តីថ្លែងការណ៍រួមដដែលនោះ បានបញ្ជាក់ថា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកនៅចុងខែកុម្ភៈ ឆ្នាំ២០២៤ថា ករណីបាត់ខ្លួនរបស់សកម្មជនថៃ លោក វ៉ាន់ចាឡើម កាលពីឆ្នាំ២០២០ ត្រូវបានអាជ្ញាធរបិទបញ្ចប់កាស៊ើបអង្កេតទៅហើយ តែទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាមិនបានផ្តល់ដំណឹង និងព័ត៌មានលម្អិតទៅដល់មេធាវី និងសមាជិកគ្រួសាររបស់ជនរងគ្រោះនៅឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកប៉ា ប៉ុណ្ណារ៉ាដា បានឱ្យដឹងថា ភាគីកម្ពុជា បានទទួលយកនូវរាល់សំណើរ និងអានុសាសន៍នានារបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិសម្រាប់ការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ លោកបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យមើលលទ្ធភាពពន្លឿននីតិវិធី ចំពោះករណី លោក វ៉ាន់ចាឡើម និងករណីពាក់ព័ន្ធផ្សេងៗទៀត។
លោកថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្តល់ឱ្យមកកម្ពុជាក្នុងន័យស្ថាបនា ហើយកម្ពុជាកំពុងពិនិត្យមើលអនុសាសន៍ទាំងនោះផងដែរ។ ករណីបាត់ខ្លួនរបស់លោក វ៉ាន់ចាឡើម គឺកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថា ករណីបាត់ខ្លួនលោក វ៉ាន់ចាឡើម ជាបញ្ហាចម្រូងចម្រាស់រវាងអាជ្ញាធរកម្ពុជា ជាមួយក្រុមសិទ្ធិមនុស្ស និងសាច់ញាតិរបស់គាត់ ជាពិសេសភាគីក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏តែងទទូចឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សក្ខីកម្មជាក់លាក់ផង នៅចំពោះមុខការបិទបញ្ចប់ការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា។
លោកថា៖ «នេះជាបញ្ហាមួយដែលនៅចម្រូងចម្រាស់ ក្នុងនាមជាអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សដែរ យើងទទូចឱ្យអាជ្ញាធរ ជាពិសេសតុលាការធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះឱ្យច្បាស់លាស់ និងអាចផ្តល់ការពិតមួយដើម្បីតម្លាភាពនិងយុត្តិធម៌»។
លោកជឿជាក់ថា សមត្ថកិច្ចនិងផ្នែកពាក់ព័ន្ធរបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតការបាត់ខ្លួនរបស់សកម្មជនថៃរូបនេះ ហើយលោកស្នើឱ្យតុលារការ និងផ្នែកពាក់ព័ន្ធបង្កើនភាពសកម្មចំពោះករណីនេះបន្ថែមទៀត ដើម្បីស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ។
សូមជម្រាបជូនថា លោកវ៉ាន់ចាឡើម សាត់សាកសិទ្ធិ(Wanchalearm Satsaksit) សកម្មជននយោបាយថៃ ដែលគាំទ្រគណបក្សភឿថៃ បានបាត់ខ្លួននៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២០ ដោយមកដល់ពេលនេះ គេនៅមិនទាន់ទទួលព័ត៌មានជាក់លាក់ពីករណីបាត់ខ្លួនរបស់លោកនោះឡើយ។ មួយថ្ងៃ មុនលោកបាត់ខ្លួន លោកបានបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក រិះគន់លើអតីតនាយករដ្ឋមន្ត្រីនៃរបបយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ហើយហៅលោក ប្រាយុទ្ធ ថាជាមេដឹកនាំដែលអសមត្ថភាពក្នុងការដឹកនាំប្រទេស។
ចំណែក យុវជនខ្មែរ ខឹម សុផាត បានបាត់ខ្លួននៅក្នុងហេតុការណ៍នៃការបង្ក្រាបដោយហិង្សាទៅលើបាតុករនៅលើផ្លូវវេងស្រេង អំឡុងពេលកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែ ១៦០ដុល្លារ កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤។
គួរបញ្ជាក់ទៀតថា ការស្នើរបស់អង្គការអន្តរជាតិទាំង៣នេះ ធ្វើឡើងស្របពេលដែលប្រធានគណបក្សភឿថៃ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីរបស់លោក ថាក់ ស៊ីន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែមីនា ខាងមុខនេះ តបតាមការអញ្ជើញរបស់លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕