ក្រុមអង្គការ​​សិទ្ធិមនុស្សអន្តរជាតិ បាន​ទទូច​ឱ្យ​រដ្ឋាភិបាលកម្ពុជា បើក​ការ​ស៊ើប​អង្កេត​ទៅ​លើករណី​បាត់​ខ្លួន​សកម្មជនយោបាយថៃ លោក វ៉ាន់ចាឡើម ដែលបានបាត់ខ្លួននៅរាជធានី​ភ្នំពេញ កាលពីអំឡុង​ឆ្នាំ២០២០ ខណៈ​គណៈ​កម្មាធិការ​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានស្នើឱ្យកម្ពុជាពិនិត្យមើលការអនុវត្តរបស់ខ្លួនចំពោះ​អនុសញ្ញាអន្តរជាតិសម្រាប់ការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ

ក្រុមសិទ្ធិមនុស្សអន្តរជាតិទាំងនោះ​ រួមមាន​​ អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH), មូលធិនិមូលនិធិកាកបាទវប្បធម៌ (CrCF) និងអង្គការមេធាវីថៃដើម្បី​សិទ្ធិ​មនុស្ស(TLHR)។

តាមរយៈសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២៤ អង្គការ​អន្តរជាតិទាំង​៣នេះ បាន​​​ជំរុញឱ្យអាជ្ញាធរកម្ពុជាប្រញាប់អនុវត្តនូវអានុសាសន៍របស់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើករណីបាត់ខ្លួនដោយបង្ខំដែលមានឡើងនៅកម្ពុជា ជាពិសេសករណីបាត់ខ្លួន​សកម្មជនយោបាយថៃ លោក វ៉ាន់ចាឡើម សាត់សាកសិទ្ធិ (Wanchalearm Satsaksit) និងយុវជនខ្មែរ លោក ខឹម សុផាត​។

សេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជា បានទ​ទួល​​​នូវអនុសាសន៍​​​ពី​គណៈកម្មាធិការអង្គការសហប្រជាជាតិ ស្តីពី ការបាត់ខ្លួនដោយបង្ខំ (CED) កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីគណៈកម្មាធិការ​​​​បានត្រួតពិនិត្យរបាយការណ៍ដំបូងរបស់កម្ពុជា​​ នាមាត្រា​២៩ នៃអនុសញ្ញាអន្តរជាតិសម្រាប់ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែល​កម្ពុជាផ្តល់ជូនកាលពីថ្ងៃទី១៩ និង២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ប្រភពដដែល បន្តទៀត​ថា គណៈកម្មាធិការ CED បាន​បង្ហាញក្តីបារម្ភរបស់ខ្លួន​ទៅលើកា​រ​អនុវត្ត​របស់​កម្ពុជា ជាមួយកង្វះខាតលក្ខខណ្ឌច្បាប់ និង​កិច្ចសហប្រតិបត្តិបត្តិការរវាងរដ្ឋនិងរដ្ឋ ដើម្បីធានាបាននូវការស៊ើបអង្កេត​មួយដែលត្រឹមត្រូវ ធានាចំពោះសិទ្ធិចូលរួមរបស់សាច់ញាតិជនរងគ្រោះទាំង២រូប ក្នុងដំណើរការនីតិវិធីច្បាប់ និង​​អាច​មាន​លទ្ធភាព​ជួយ​កំណត់​មុខ​សញ្ញាស្វែង​រក កំណត់ទីតាំង និងរកសេរីភាពដល់អ្នកបាត់ខ្លួនវិញ។

សេចក្តីថ្លែងការណ៍រួមនោះ​បានគូស​បញ្ជាក់ថា៖ «CED បាន​ផ្តល់​អនុសាសន៍ថាអ្នកបាត់ខ្លួនទាំងអស់ត្រូវ​ទទួល​ការ ស្វែងរកដោយមិនបង្អង់យូរ ហើយរាល់ការចោទប្រកាន់អំពីការបាត់ខ្លួនដោយបង្ខំ រួមទាំងករណីរបស់​លោក ខឹម សុផាត និង Wanchalearm Satsaksit ត្រូវបានស៊ើបអង្កេត​ភ្លាមៗ ហ្មត់ចត់ ប្រកបដោយប្រសិទ្ធភាព និងមិនលំអៀង»

លើសពីនេះ គណៈកម្មាធិការ CED បានផ្តល់អានុសាសន៍បន្ថែមឱ្យអាជ្ញាធរកម្ពុជាធានាដល់សិទ្ធិចំពោះសាច់ញាតិនៃជនបាត់ខ្លួនដោយបង្ខំ ក្នុងនោះ​មានទាំង​សិទ្ធិចូលរួមការដំណើរការស្វែងរក និងស៊ើបអង្កេតនៅគ្រប់ដំណាក់កាលផងដែរ ព្រមទាំងផ្តល់ដំណឹងទៀងទាត់អំពីវឌ្ឍន​ភាព និង​លទ្ធផលស៊ើបអង្កេតជាបន្តបន្ទាប់ដល់គ្រួសាររបស់ជនរងគ្រោះ​ផងដែរ។

CED ក៏​បានណែនាំឱ្យរដ្ឋាភិបាលកម្ពុជា​ចូលរួម​យ៉ាង​សកម្មលើ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការរបស់ខ្លួន​ ជាមួយរដ្ឋាភិបាលនានាក្នុងតំបន់ តួយ៉ាង​រវាង​ស្ថាប័ន​តុលាការ​ក្នុង​តំបន់ លើ​ការ​ចែករំលែក​ព័ត៌​មាន ភស្តុតាង ជួយដំណើរការស្វែងរក និង​កំណត់អត្តសញ្ញាណជនដែលបាត់ខ្លួន ព្រមទាំងរួមគ្នាស៊ើបអង្កេត ដើម្បីនាំមកនូវយុត្តិធម៌ និងទំនួលខុសត្រូវ ជាពិសេសនាំខ្លួនអ្នកដែលពាក់ព័ន្ធប្រឈមមុខនឹងផ្លូវច្បាប់ ដោយលើកឧទាហរណ៍ពីករណីលោកវ៉ាន់ចាឡើម។

​សេចក្តីថ្លែងការណ៍រួម​ដដែលនោះ​ បានបញ្ជាក់ថា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ​បានប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​នៅចុង​ខែកុម្ភៈ ឆ្នាំ២០២៤​ថា ករណីបាត់ខ្លួនរបស់សកម្មជនថៃ​ លោក វ៉ាន់ចាឡើម កាលពីឆ្នាំ២០២០ ត្រូវបានអាជ្ញាធរបិទបញ្ចប់កាស៊ើបអង្កេតទៅហើយ តែទោះជាយ៉ាង​ណា អា​ជ្ញាធរកម្ពុជាមិនបានផ្តល់ដំណឹង និងព័ត៌មានលម្អិតទៅដល់​មេធាវី​ និង​សមាជិកគ្រួសាររបស់ជនរងគ្រោះ​នៅឡើយ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិម​នុស្សកម្ពុជា លោកប៉ា ប៉ុណ្ណារ៉ាដា បានឱ្យដឹងថា ភាគី​កម្ពុជា បាន​ទទួល​យកនូវរាល់សំណើរ និងអានុសាសន៍នានារបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ ពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិសម្រាប់ការពារជនគ្រប់រូបពីការបាត់ខ្លួនដោយ​បង្ខំ។ លោក​​បញ្ជាក់​ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹង​ពិភាក្សា​ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យមើលលទ្ធភាពពន្លឿននីតិវិធី ចំពោះករណី លោក វ៉ាន់ចាឡើម និងករណីពាក់ព័ន្ធផ្សេងៗទៀត។

លោក​ថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្តល់ឱ្យមកកម្ពុជាក្នុងន័យស្ថាបនា ហើយ​កម្ពុជាកំពុងពិនិត្យមើលអនុសាសន៍ទាំងនោះផងដែរ។ ករណីបាត់ខ្លួនរបស់លោក វ៉ាន់ចាឡើម គឺកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ»

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថា ករណី​បាត់​ខ្លួន​លោក វ៉ាន់ចាឡើម ជាបញ្ហា​ចម្រូង​ចម្រាស់​រវាង​អាជ្ញាធរកម្ពុជា ជាមួយ​​ក្រុម​​សិទ្ធិមនុស្ស និង​សាច់​ញាតិ​របស់​គាត់​ ជាពិសេស​ភាគី​ក្រុមសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ ក៏តែង​ទទូច​ឱ្យ​រដ្ឋាភិបាលកម្ពុជា ផ្តល់សក្ខីកម្មជាក់លាក់​ផង នៅចំពោះមុខការបិទ​បញ្ចប់​ការស៊ើប​អង្កេតរបស់អាជ្ញាធរកម្ពុជា។

លោកថា៖ «នេះជាបញ្ហាមួយដែលនៅចម្រូងចម្រាស់ ក្នុងនាមជាអង្គការសង្គមស៊ីវិល​ធ្វើការផ្នែកសិទ្ធិមនុស្សដែរ យើងទទូចឱ្យអាជ្ញាធរ ជាពិសេសតុលាការធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះ​ឱ្យច្បាស់លាស់ និងអាចផ្តល់ការពិតមួយដើម្បីតម្លាភាពនិងយុត្តិធម៌»

លោកជឿជាក់ថា សមត្ថកិច្ចនិងផ្នែកពាក់ព័ន្ធរបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតការបាត់ខ្លួនរបស់សកម្មជន​ថៃរូប​នេះ ហើយ​​លោកស្នើឱ្យ​តុលារការ និងផ្នែកពាក់ព័ន្ធ​បង្កើន​ភាព​សកម្ម​ចំពោះករណីនេះបន្ថែមទៀត ដើម្បីស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ។

សូមជម្រាបជូនថា លោកវ៉ាន់ចាឡើម សាត់សាកសិទ្ធិ(Wanchalearm Satsaksit) សកម្មជននយោបាយថៃ ដែលគាំទ្រគណបក្សភឿថៃ បានបាត់ខ្លួននៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២០ ដោយ​មក​ដល់​ពេល​នេះ​ គេនៅ​មិនទាន់ទទួលព័ត៌មានជាក់លាក់ពីករណីបាត់ខ្លួនរបស់លោកនោះឡើយ។ មួយ​ថ្ងៃ មុន​លោក​បាត់​ខ្លួន លោកបានបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេស​​ប៊ុក​​ រិះ​គន់​លើ​អតីត​នាយក​រដ្ឋមន្ត្រីនៃរបប​យោធា​ថៃ​ លោក ប្រាយុទ្ធ ចាន់​អូចា​ (Prayuth Chan-ocha) ហើយហៅលោក ប្រាយុទ្ធ ថា​​​ជា​​​មេដឹក​នាំ​​ដែល​​​អ​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​។

ចំណែក យុវជនខ្មែរ ខឹម សុផាត បានបាត់ខ្លួន​នៅក្នុងហេតុការណ៍នៃការ​​បង្ក្រាបដោយហិង្សាទៅលើបាតុ​ករ​នៅលើផ្លូវវេងស្រេង អំឡុងពេលកម្មករ​ធ្វើបាតុកម្ម​ទាមទារប្រាក់ខែ ១៦០ដុល្លារ កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤។

គួរបញ្ជាក់ទៀតថា ការស្នើរបស់អង្គការអន្តរជាតិទាំង៣នេះ ធ្វើឡើង​ស្របពេល​ដែល​​ប្រធានគណបក្ស​ភឿថៃ លោក​ស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ដែលជា​កូនស្រីរបស់​លោក ថាក់ ស៊ីន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែមីនា ខាងមុខនេះ តបតាមការអញ្ជើញ​របស់លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕