ប្រទេស​កម្ពុជាជាប្រទេស​កាន់របប​ប្រជាធិបតេយ្យ មានរដ្ឋធម្មនុញ្ញ​បានចែង​អំពី​ការគោរព​សិទ្ធិមនុស្ស ការគោរព​នូវ​ភាពចម្រុះ​គ្នា ការលើកស្ទួយ​ឱ្យមាន​បរិយាប័ន្ន និង​ការគាំទ្រ​ជនងាយ​រងគ្រោះ ជាពិសេស​ការលើក​កម្ពស់​សិទ្ធិនារី​ដែលជា​ជនងាយ​រងគ្រោះ គឺជា​ការគោរព​សិទ្ធិមនុស្ស។

ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤​ កន្លង​មកនេះ Newsroom Cambodia បានសម្ភាស​ក្រុមអង្គការ​សង្គម​ស៊ីវិល ដែល​មាន​ចក្ខុវិស័យ​ក្នុងការ​លើកស្ទួយ​សិទ្ធិមនុស្ស​ចំនួន ៥ស្ថាប័ន ជុំវិញ​ទស្សនៈ​​របស់ពួកគាត់​ទៅលើ​ការអនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ​នៅក្នុង​ប្រទេសកម្ពុជា៖

កញ្ញា ស្តើង ភារ៉ុង នាយិកា​ប្រតិបត្តិ​​អង្គកា​រ​បន្ទាយស្រី លើកឡើង​ថា តាមរយៈ​ផែនការណ៍​យុទ្ធសាស្ត្រ​នារីរតនៈ​របស់​ក្រសួង​កិច្ចការនារីដែល​អនុវត្ត​ដោយ​អន្តរ​ក្រសួង​នានា មានគន្លឹះ​ល្អសំខាន់ៗច្រើន​ដើម្បី​ជំរុញ​ស្ត្រីមាន​តួនាទី​ក្នុងថ្នាក់ដឹកនាំ និង​លុបបំបាត់​អំពើហិង្សា​យេនឌ័រ ប៉ុន្តែ​ការអនុវត្ត​នៅ​មាន​កម្រិត​​នៅឡើយ។ កញ្ញា​បន្ត​ថា មានកត្តា​ជាច្រើន ដោយកត្តា​សំខាន់ៗនោះ មួយផ្នែកដោយសារ​ធនធាន​មានតិច ថវិការជាតិ​សម្រាប់ក្រសួង​កិច្ចការនារី​នៅលំដាប់ទី២​ក្នុងចំណោម​ថវិកាដែល​តិចបំផុត និងមួយ​ផ្នែកទៀតកង្វះព័ត៌មាន​ដែលពាក់ព័ន្ធ​នឹងគោល​នយោបាន​យេនឌ័រ​ទៅដល់​សហគមន៍។

កញ្ញា ស្តើង ភារ៉ុង (រូបថតផ្ដល់ដោយ៖ ស្តើង ភារ៉ុង)

កញ្ញា​បន្ថែម​​​ថា៖ «ខ្ញុំ​ដឹ​ងថា​ មាន​មតិ​ច្រើន។ អ្វី​ដែល​គេលើក​ឡើង គឺ​ទាក់ទង​ជាមួយ​សមត្ថភាព ​មិនមែនជា​ចំនួន [កំណត់​ចំនួនស្ត្រី​ស្មើនឹង​បុរស]។ ខ្ញុំ​ទទួលស្គាល់​ទៅលើ​សមត្ថភាព ប៉ុន្តែ​កន្លែង​នេះ​ខ្ញុំ​ចង់​បញ្ជាក់ថា វាមាន​សារៈសំខាន់​នៅពេល​យើង​ដាក់​ចំនួន​ឱ្យស្មើគ្នា​នៅក្នុង​​តួនាទី​ជា​អ្នកដឹកនាំ ហេតុអ្វី​សំខាន់? ទីមួយ ទោះបី​បុរសក្ដី ស្ត្រីក្ដី សុទ្ធតែ​ត្រូវ​ការពង្រឹង​សមត្ថភាព​រហូតហ្នឹង។ អ៊ីចឹង​មាន ន័យថា ដាក់​ចំនួនឱ្យ​ស្មើគ្នា បើអ្នកណា​ខ្វះខាត [សមត្ថភាព] បុរស​ក៏ដោយ ស្ថាប័ន​មាន​តួនាទី​​បំពេញ​បន្ថែម។ បើយើង​មិនបាន​ដាក់​ចំនួន​ឱ្យស្មើគ្នា​ទេ អ៊ីចឹង​នៅតែ​មានលេសដោះសារ​មួយថា រក​ស្រ្តីអត់បាន រកអ្នក​ [ស្ត្រី] មាន​សមត្ថភាព​អត់បាន។​ ប៉ុន្តែ​យើង​ភ្លេចថា តើ​អ្នកណាជាកត្តា​ជំរុញ​ឱ្យ​ស្ត្រី​មាន​​សមត្ថភាព? គឺនៅក្នុង​អង្គភាព​ហ្នឹងឯង»។​

អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិ តំណាង​ឱ្យអង្គកា​រ​ក្លាហាន បានបង្ហាញ​យោបល់ថា កម្ពុជា​បច្ចុប្បន្ននេះ នៅមិនទាន់​មានគោល​នយោបាយ​យេនឌ័រ​ជាផ្លូវការ​នៅឡើយទេ ប៉ុន្តែមាន​ផែនការណ៍​យុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រ​ចតុកោណ​និងបញ្ចកោណ និងផែនការណ៍​នារីរតនៈ។ ដោយឡែក ការអនុរត្ត​នៅមិនទាន់​ពេញលេញ​នៅឡើយទេ។ អ្នកស្រី​បានលើក​ពី​ការមើល​ឃើញថា ស្ត្រី​ជាកម្មករ​និងពលករ និងក្នុង​វិស័យ​ការងារ ដែលហ៊ាន​ទាមទារ​សិទ្ធិសេរីភាព​របស់ខ្លួន​ពីការរំលោភបំពាន បានរង​ការគំរាមគំហែង រង​ការបៀតបៀន និង​រហូត​ឈានដល់​ចាប់ដាក់​ពន្ធនាគារ។ ចំណែកឯ ស្ត្រី​ក្នុងវិស័យ​ព័ត៌មាន​ក៏រង​ការបៀតបៀន ហើយ​ស្ត្រី​នៅក្នុង​តំណែង​ថ្នា​ក់ដឹកនាំ​មានតិច​នៅឡើយ។

អ្នកស្រី​បន្ថែម​ថា៖ «ទាំងអស់​គ្នាមាន​តម្រូវការ​ខុសៗគ្នា ស្ត្រី​មានផ្សេង បុរស​មានផ្សេង ហើយ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​និងអ្នក​មិនកំណត់​អត្តសញ្ញាណ​ខ្លួនឯងហ្នឹង៎ ក៏មាន​តម្រូវការ​ខុសៗ​គ្នាដែរ។ អ៊ីចឹង បើសិន​មិនមាន​តំណាង​របស់ពួកគាត់​នៅក្នុង​សេចក្ដី​សម្រេចចិត្តទេ៎! ច្បាស់ណាស់ បញ្ហា​របស់​ពួក​គាត់​​នឹង​មិន​ត្រូវ​​បាន​លើកឡើង មិនត្រូវ​បានឆ្លើយតប មិនត្រូវបាន​រៀបចំចេញជា​ផែនការណ៍​សកម្មភាព​ដើម្បីឆ្លើយតប​ឱ្យបានត្រឹមត្រូវ និង​ពេញលេញ»។

អ្នកស្រី​​បន្ថែមថា៖ «​ដើម្បីឱ្យ​ពួកគាត់​ចូលរួម​ពេញលេញ រាជរដ្ឋាភិបាល​គួរ​តែធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដើម្បីកំណត់​ចំនួនបេក្ខជន​ជាស្ត្រី​ឱ្យស្មើ​បុរស និង​កំណត់​ចំនួន​កូតា [កំណត់​បរិមាណ] ​ស្ត្រី​ក្នុងថ្នាក់ដឹកនាំ​ឱ្យមាន​យ៉ាងហោច​ណាស់ ៤០ទៅ​៥០ភាគរយដែរ។ ហើយ​មួយ​វិញ​ទៀត ត្រូវមាន​ផែនការ​​ថវិការវិនិយោគ​ទៅលើ​ការពង្រឹង​សមត្ថភាព​ស្ត្រី និង​ក្មេងស្រី ហើយបង្ក​លក្ខណៈ​ងាយស្រួយ នៅពេល​ពួកគាត់​អនុវត្តសិទ្ធិ គឺមិនគួរ​មាន​ការបៀត​បៀន រារាំង ឬ​បង្ក្រាប​ផ្សេងៗ​​នោះ​ទេ។ គួរតែមាន​ការលើកទឹកចិត្ត ការស្ដាប់​នូវបញ្ហា​របស់​ពួកគាត់ យកបញ្ហា​របស់ពួកគាត់​មកពិភាក្សា ដោះស្រាយ ឆ្លើយតប»។

កញ្ញា កែវ យ៉ារី មន្រ្តី​​ទទួល​​បន្ទុក​​ទំនាក់ទំនង​​និង​​បណ្ដាញ តំណាង​​ឱ្យ NGO-CEDAW Cambodia បាន​រៀបរាប់​ថា កញ្ញា​មិនទាន់​បាន​​សិក្សា​ស្រាវជ្រាវ មាន​ទិន្នន័យ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ច្បាស់លាស់​នៅឡើយ​ទេ។ ប៉ុន្តែ​តាមរយៈ​កិច្ចការ​ជាសម្ព័ន្ធ​របស់ NGO-CEDAW ជាមួយ​សមាជិក ចំនួនជិ​ត ៣០ស្ថាប័ន ដែល​ជា​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សមាគម ក្នុងនោះមាន​ការពង្រឹង​សមត្ថភាព​ដោយផ្ដោត​ទៅលើ​ការផ្ដល់​​វគ្គ​បណ្ដុះ​បណ្ដាល និង​គាំទ្រឱ្យ​បង្កើត​គោល​នយោបាយ​យេនឌ័រ​សម្រាប់​ស្ថាប័នដែល​ពុំទាន់​មាន​គោល​នយោបាយ​នេះ ហើយ​ជួយ​ពិនិត្យ​ឡើងវិញ​ដើម្បីធ្វើ​បច្ចុប្បន្នភាព សម្រាប់​ស្ថាប័ន​ដែល​មាន​គោល​នយោបាយ​នេះ​រួចហើយ ។

កញ្ញា កែវ យ៉ារី (រូបថតផ្ដល់ដោយ៖ កែវ យ៉ារី)

កញ្ញា កែវ យ៉ារី បាន​ថ្លែង​បញ្ជាក់​ថា៖ «ស្ត្រី​ក្នុង​តំណែង​ដែល​មាន​ភាពជា​អ្នកដឹកនាំ ពួកយើង(NGO-CEDAW) ព្យាយាម​បញ្ចុះ​បញ្ចូល ឬ​តស៊ូមតិ​ឱ្យ​មាន​ភាពចម្រុះ​គ្នា​ក្នុង​ការបោះឆ្នោត។ […] មាន​ការលើក​ឡើង​​មួយ​ចំនួន​ថា ការដាក់​ចំនួន​បេក្ខភាព​ស្ត្រីឲ្យ​ស្នើគ្នា​ជាមួយ​បុរស​ក្នុងតួនាទី​សម្រេចចិត្ត​ មិនសំខាន់​នោះទេ! សំខាន់​ឱ្យតែ​អ្នកមាន​អំណាច​ឬតួនាទី​ក្នុង​ការសម្រេចចិត្ត​ហ្នឹង៎ គាត់ ​[អាច]​ អនុវត្ត ឬ​គោរព​ទៅលើ​យេនឌ័រ​ ឬស្រ្តី[គ្រប់គ្រាន់]។ ប៉ុន្តែ​សម្រាប់ខ្ញុំ ដែលជា​អ្នកធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស សិទ្ធិស្ត្រី យេនឌ័រ​ហ្នឹង គឺនៅតែ​លើកទឹកចិត្ត ហើយ​ជឿជាក់​ថា ការដាក់ចំនួន​ស្ត្រី​ឆ្លាស់​ជាមួយ​បុរស គឺសំខាន់។ តិចឬ​ច្រើន ស្ត្រី​នៅតែជា​អ្នកអាច​យល់សុខទុក្ខ តម្រូវការ​ស្ត្រី​ដូចគ្នា»។

លោក ហេង គឹមហុង នាយកប្រតិបត្តិ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លើកឡើង​ថា ​ការអនុវត្ត​គោល​នយោបាយ​សមភាព​យេនឌ័រ នៅ​កម្ពុជា​ជិតពីរ​ទសវត្សរ៍​នេះ​ រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុញ​មនុស្ស​គ្រប់​គ្នាឱ្យ​មាន​ឱកាស​ស្មើរគ្នា ដោយសារ ពេលមាន​សង្គ្រាម​ប្រជាជន​កម្ពុជា​ធ្លាប់​ឱ្យ​តម្លៃខ្ពស់​ទៅលើ​តួនាទី​របស់​បុរស​ក្នុង​សង្គ្រាម និង​វប្បធម៌​សង្គម ទើប​ជាប់​ផ្នត់គំនិត​មាន​ភាពលម្អៀង​ទៅលើ​របបបិតា​ធិបតេយ្យ។ លោកបន្ថែម​ថា ក្រោយ​ឆ្នាំ២០០០ ដំណាក់​កាល​ដំបូង គេ​គិតគូរ​ពី​ការលើក​កម្ពស់​ស្រ្តី​និយម​ដែល​ជា​ក្រុម​ភាគច្រើន​ដែល​ងាយរងគ្រោះ ប៉ុន្តែ​ក្រោយ​ឆ្នាំ​២០១៥ គេ​គិតគូរ​ពីពាក្យ​ថ្មី គឺ‌ “យេនឌ័រ” ដែល​ស៊ីជម្រៅ​ទៅលើ​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត បូក​បញ្ចូល​ទាំងអស់ ទាំង​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា ជនមាន​ពិការ​ភាព ហើយ​ស្ត្រី​​នៅតែ​មានរាប់​បញ្ចូល។ បើទោះបី​ជាមាន​ការលើក​កម្ពស់គោល​នយោបាយ​សមភាព​យេនឌ័រ ការអនុវត្ត​ហាក់បីជា​នៅមាន​កម្រិត ចំនួន​ស្ត្រី​ក្នុង​ការប្រកួត​ប្រជែង​ក្របខណ្ឌ​គោល​នយោបាយ និង​ចំនួន​ស្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ហាក់បី​ដូចជា​មិនទាន់​មាន​ចំនួនច្រើន និង​ទូលំ​ទូលាយ​នៅឡើយ។

លោក ហេង គឹមហុង (រូបថតដោយ៖ ជា​ ម៉ារ៉ា)

លោក​បន្ថែម​ទៀតថា មិន​ចាំបាច់​មាន​ការ​កំណាត់​ចំនួន​ស្ត្រី​ឱ្យ​ស្មើ​បុរស​ក្នុង​តួនាទី​មានអំណាច​​សម្រេច​ចិត្ត​​នោះទេ ព្រោះ​បុរស​និង​ស្ត្រី គឺ​ស្មើគ្នា​រួចបាត់​ទៅហើយ។ ជា​មនុស្សម្នាក់​ដូចគ្នា មាន​សមត្ថភាព​ដូចគ្នា រៀន​សូត្រ​ដូចគ្នា គឺ​អាស្រ័យ​ទៅលើ​ចំណេះដឹង​របស់​ពួកគាត់​ទៅវិញ​នោះទេ។ បច្ចុប្បន្ន ស្រី្ត​លែង​ក្លាយជា​ជនងាយ​​រងគ្រោះ​ជាចម្បង​ហើយ (ក្រុម​LGBTIQ+ ជា​ជនងាយ​រងគ្រោះ) ដូច្នេះ​ មិនអាច​កំណត់​សមត្ថភាព​ត្រឹម​តែភេទ​នោះទេ។

លោកបញ្ជាក់​ថា៖ «នៅ​ក្នុង​ការចុះឈ្មោះ​ឈរ​ជា​បេក្ខជន​ក្នុង​ការបោះឆ្នោត ការដើរតួនាទី​សំខាន់​ផ្នែក​នយោបាយ ចំនួន​ស្ត្រី​តិចទៅៗ មាន​ចំនួន​ទាប​បើទោះបី​ជាពេល​ខ្លះ​​មាន​ការកើនឡើង​ឬថយចុះ ប៉ុន្តែ​អត្រា​ហ្នឹង​មិនទាន់​ដល់​៤០ ​ឬ៥០ភាគរយ​ទេ!  […] ប៉ុន្តែ​យើង​មើល​ទៅ​ស្រ្តី​មានសមត្ថភាព​ហើយ ប៉ុន្តែ​គ្រាន់តែ​គ្មានឱកាល បាត់បង់​ឱកាស ហើយ​និង​គ្មាន​ការលើកទឹកចិត្ត​គ្រប់គ្រាន់​»។

លោក​បាន​រៀបរាប់​បន្ថែម​ថា៖ «រដ្ឋាភិបាលត្រូវ​គិតគូរ​បន្ថែម​ទៅលើ​គោលការណ៍​សមភាព​យេនឌ័រ ផ្សាភ្ជាប់​នឺង​គោលនយោបាយ​កិច្ចគាំពារ​សង្គម។ បាន​ន័យថា បើសិន​ស្ត្រី​ឬបុរស​ចេញមក​ធ្វើការ​ខាងក្រៅ អត់ភ័យ​អត់បារម្ភ​កុមារ​ឬមនុស្សចាស់​នៅផ្ទះ ឬមាន​ទារកដ្ឋាន​នៅកន្លែង​ធ្វើការ។ […] ជាក់ស្ដែង នៅ​ CYN (សមាគម​បណ្ដាញ​យុវជន​កម្ពុជា) យើង​មាន​ការលើក​កម្ពស់។ ដំណើរ​ការជ្រើលរើស​បុគ្គលិក​ផ្តល់ឱកាស​ស្មើៗ​គ្នា​លើ​ជន​គ្រប់រូប​មិនប្រកាន់​និន្នការភេទ ជន​មាន​ពិការភាព ដោយ​ប្រកាន់ភាព​ចម្រុះ និង​បញ្ជ្រាប​យេនឌ័រ​នៅក្នុង​​វគ្គ​បណ្តុះ​បណ្ដាល។ សូម្បី​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន(សមាគម) បើ​ស្ត្រីស្មើ​បុរស យើង​រើស​ស្ត្រី»។

លោក អំ សំអាត ជានាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ តំណាង​ឱ្យអង្គការ​សម្ព័ន្ធ​ខ្មែរជំរឿន និង​ការពារសិទ្ធិ​​មនុស្ស (LICADHO) បាន​លើក​ឡើងថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​​អនុវត្ត​គោលនយោបាយ​យេនឌ័រ​របស់ខ្លួន​ដែរ ប៉ុន្តែ​នៅ​មិនទាន់​ពេញលេញ ស្រ្តី​ជា​អ្នក​ដឹកនាំ​នៅមាន​ភាគរយ​តិច​នៅឡើយ។ ក្រុម​បុរសស្ត្រី​ដែល​ស្រឡាញ់​ភេទដូចគ្នា ការកែភេទ និង​អ្នកស្រឡាញ់​ទាំងពីរ​ភេទ​នៅមាន​ការរើស​អើង និង​មិនទាន់​មាន​ការបញ្ជ្រាប​ចំណេះដឹង​ផ្នែកនេះ​ច្បាស់​នៅឡើយ។ ចំណែក​ការអនុវត្ត​គោលនយោបាយ​យេនឌ័​រ​របស់​លីកាដូ ចំនួន​បុគ្គលិក​សរុប​មាន​ស្ត្រី​៥០ភាគរយ​ជាង និង​មានការផ្ដល់​អទិភាព​​ដល់​ជន​មាន​ពិការភាព។ ទោះបី​ជាយ៉ាងណា​ក៏ដោយ លោក​បាន​ទទួលស្គាល់​ថា ទោះបី​មាន​ការលើក​កម្ពស់​យ៉ាងណា ក៏​នៅ​មិនទាន់​បាន​ពេញលេញ​ដែរ ត្រូវតែ​មានការ​បំពេញ​បន្ថែម​ទៀត និង​មាន​ភាព​ចាំបាច់ ក្នុង​ការបញ្រ្ជាប​គោលនយោបាយ​នេះ​នៅតាម​ស្ថាប័ន​នីមួយៗ។

លោក អំ សំអាត (រូបថតដោយ៖ ជា ម៉ារ៉ា)

លោក​បញ្ជាក់ថា៖ «វាជា​ការល្អ​​ ដែល​អាចឱ្យ​ស្រ្តីមាន​តួនាទី​សម្រេច​ដែរ ពីព្រោះ​បញ្ហារបស់ស្រ្តី មាន​តែស្ត្រី​ទេ​ដែលដឹង​ជាង​បុរស […] ហើយ​ជាការ​ទាក់ទាញ​មួយ​ដើម្បី​ឱ្យបុរសៗ​ហ្នឹង យល់ដឹង​ពីបញ្ហា​របស់ស្ត្រី។ និយាយ​ទៅ៎​ដឹង​ពី​​សមត្ថភាព​និង​លទ្ធភាព​របស់​ស្ត្រី​ដែល​ចូលរួម​ក្នុងការ​សម្រេចចិត្ត​ហ្នឹង វា​​មិន​ខុស​ពីបុរស​អ្ហេ៎! អត់​មានអី​ដែលត្រូវ​បែងចែក។ បើ​គ្មានការ​ចូលរួម​របស់​ស្ត្រី​នៅក្នុង​ការសម្រេចចិត្ត វាអាច​ប៉ះពាល់ អត់អាច​គ្រប​ដណ្ដប់»៕