សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ កែប្រែវិធានការត្រួតពិនិត្យ​គ្រឿងស្រវឹងនៅតាមដងផ្លូវឡើងវិញ ដោយ​ចាប់ផ្តើមពីម៉ោង១០យប់ ដល់ម៉ោង២រំលងអាធ្រាត តាមការណែនាំរបស់នាយករដ្ឋមន្ត្រី។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​​ណែនាំ​​ឱ្យកង​កម្លាំង​នៅ​ទូទាំង​ប្រទេស សាកល្បងផ្លាស់ប្តូរពេលវេលាត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមដងផ្លូវដែលកំពុងអនុវត្ត ដោយចាប់ផ្តើមពីម៉ោង១០យប់វិញ ដើម្បីជួយសម្រួលដល់អាជីវកម្មនៃវិស័យ​ឯកជន ដែលកំពុងត្អូញត្អែរពីវិធានការរឹតបន្តឹងនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តថា វេលានៃ​ការអនុវត្ត​វិធានការត្រួតពិនិត្យគ្រឿងស្រវឹង ឬវាស់​ជាតិ​អាកុល តាមដងផ្លូវ កន្លងមក​ មាន​​ផលប៉ះពាល់មួយចំនួនទៅដល់បណ្តាអាជីវកម្មលក់ដូរ ជាពិសេសបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន។ លោកបន្ថែម​​ថា ការអនុវត្តវិធាននេះ នៅតែ​អនុវត្ត តែក៏​​​ត្រូវ​ថ្លឹងថ្លែងនឹងទំហំប៉ះពាល់ដល់កត្តាសេដ្ឋកិច្ច ដែលគួរមានការ​​ផ្លាស់ប្តូរពេលវេលាអនុវត្តនៅគ្រប់​ទីតាំង​ចាប់​ពីម៉ោង១០យប់ ដល់ម៉ោង២ រំលងអាធ្រាត្រវិញ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមឱ្យពិនិត្យកែសម្រួលបន្តិច ល្ងាចមិញ[ថ្ងៃទី១៧ ខែមីនា]ខ្ញុំបាន​ដាក់​សារទៅ​ឯកឧត្តម ស ថេត។ ខ្ញុំចេះតែឆ្ងល់ ការទាក់ទងគ្នាទៅអាហារដ្ឋាន ទាល់តែស្រវឹង ឬយ៉ាងម៉េច? អ៊ីចឹង ខ្ញុំ​សុំឱ្យ​​ពិនិត្យមើលកិច្ចការនេះ មិនមែនបញ្ឈប់ការអនុវត្តគោលនយោបាយនេះទេ តែឱ្យមើលម៉ោងបន្តិច ព្រោះកន្លែង​ខេត្ត​ខ្លះ ត្រួតពិនិត្យ​ម៉ោង ៨ល្ងាច។ ដល់អ៊ីចឹង ម៉ោង ៨ល្ងាច គាត់[ពលរដ្ឋ] អត់ចេញទៅតែម្តង អ៊ីចឹងវាប៉ះពាល់ខ្លាំង»

ទោះជាយ៉ាងណា លោក​នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការផ្លាស់ប្តូរពេលវេលានេះ គ្រាន់តែជាការ​សាក​ល្បងសិន បើសិន​ការផ្លាស់ប្តូរនេះ នាំឱ្យមានកំណើនគ្រោះថ្នាក់ចរាចរណ៍ រដ្ឋាភិបាល​នឹងរឹតបន្តឹង​ទម្លាក់​ម៉ោង​មក​វិញ ដែលលោកជ្រើសរើសយកអាយុជីវិតពលរដ្ឋជាមុន ជាជាងយកដង្ហើមរបស់អាហារដ្ឋាន។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍ថា តាមរយៈការណែនាំរបស់​ប្រមុខ​រដ្ឋាភិបាល​នេះ ក្រសួង​ និងផ្នែកពាក់ព័ន្ធ បាន​អនុវត្តដោយសម្រេចរំកិល​ពេល​វេលាពីម៉ោង១០យប់ ទៅម៉ោង២រំលងអាធ្រាត្រវិញ ហើយនិងស្ទាប់ស្ទង់​ស្ថានភាពជាបន្ត។  

លោកថា៖ «ជាការកត់សម្គាល់ វិធានការត្រួតពិនិត្យជាតិស្រវឹងនេះ បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍នៅវេលាយប់មានការថមថយ គួរឱ្យកត់សម្គាល់ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់មានការថមថយ ជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលជាបណ្តុំមនុស្សអ៊ូអរច្រើន បណ្តុំសេដ្ឋកិច្ច»

លោកបន្ថែមថា៖ «យុទ្ធនាការនេះជាការគិតគូរអាយុជីវិត និងផលប៉ះពាល់ដែលកើតចេញពីការបើកបរក្នុងស្ថានភាពស្រវឹង ហើយវាមានអត្ថប្រយោជន៍បន្ថែមដល់ការបង្ការបទល្មើសទូទៅផង ព្រោះមានការពិនិត្យតឹងរឹង​ នាំឱ្យឧក្រិដ្ឋជនមិនហ៊ានប្រព្រឹត្តបទល្មើសផ្តេសផ្តាស»

លោកសក្កដា ជាម្ចាស់អាហារដ្ឋានមួយកន្លែងនៅជាយរាជធានី​ភ្នំពេញ សាទរចំពោះការរំកិលពេល​វេលា​នៃការអនុវត្ត​នេះ ដោយលោក​ថា ចាប់​តាំង​ពី​មាន​យុទ្ធនាការនេះ​មក ហាង​របស់លោក ក៏ដូចជាហាងផ្សេងៗទៀតដែរ ជួបប្រទះការថមថយចំនួនអតិថិជន។

លោកបន្តថា៖ «ជាក់ស្តែង តាំងពីដាក់ទីតាំងពិនិត្យជាតិអាកុលមក ការហូបចុកទទួលទាន បាន​ធ្លាក់​ចុះខ្លាំង ជាពិសេសសម្រាប់អាជីវករបើកហាងផឹកស៊ី លក់ដូរគ្រឿងស្រវឹងជាដើម ដូចបច្ចុប្បន្ន ស្ងាត់ច្រើនជាងមុនឆ្ងាយ[ស្ថាត់ភ្ញៀវ] ដែលមិនដូចមួយរយៈមុនទេ ដែលកាលមុនគេដាក់បារ៉ាស់[គោលដៅពិនិត្យ] មានភ្ញៀវចេញចូលអ៊ូអរច្រើន»។

តែយ៉ាងណា លោក​អំពាវនាវដល់ប្រជាពលរដ្ឋ​ ទទួលទាន​​គ្រឿងស្រវឹងដោយការទទួលខុសត្រូវ ចៀស​វាង​កុំ​បើកបរ ដោយអាចជំនួសដោយការប្រើមធ្យោយបាយផ្សេងៗ តួយ៉ាងការជិះម៉ូតូ​កង់​បី​ជាដើមវិញ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា​ លោកគី សេរីវឌ្ឍន៍ មានប្រសាសន៍​ថា ម្ចាស់​អាជីវកម្ម​ស្ទើ ៩៩% កំពុងត្អូញត្អែរនឹងវិធានការត្រួតពិនិត្យជាតិស្រវឹង ឬវាស់ជាតិអាកុលនេះ ខណៈមនុស្សភាគច្រើនលែងហ៊ានទទួលទានគ្រឿងស្រវឹង ហើយមនុស្សភាគច្រើនឆាប់ចូលផ្ទះលឿនជាងសព្វមួយដង ដែលការណ៍នេះនាំឱ្យប៉ះពាល់ដល់ វិស័យទំនាក់ទំនងសង្គម ការលក់រាយ មានការថមថយចុះ។

លោកបន្តថា៖ «យើងដឹងហើយថា ការពិនិត្យជាតិស្រវឹងនេះសំខាន់ ហើយប្រទេសណាក៏គេធ្វើដែរ ប៉ុន្តែវិធានការនេះអាចប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានវិបត្តិផង។ ខ្ញុំជឿថា ការពន្យាពេលត្រួតពិនិត្យនេះទៅដ​ល់​ម៉ោង១០យប់ នឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលក់រាយ»

ទោះជាយ៉ាងណា លោកថា ដើម្បីជំរុញការកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ គេមិនត្រឹមប្រើតែវិធានពិនិត្យជាតិស្រវឹងនេះនោះទេ ដែលមន្ត្រីជំនាញគួរបង្កើនការសិក្សាវិភាគលើកតា្តនាំឱ្យគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសការដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរដល់ជនបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលល្មើសច្បាប់ ចៀសវាងមានករណីលើកលែងណាមួយ។

ដោយឡែក លោក គង់ រតនៈ ​អ្នកជំនាញ ​និងជាអ្នកពិគ្រោះ​យោបល់​ផ្នែកសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក យល់ថា ការបង្កាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយគ្រឿងស្រវឹងនេះ រដ្ឋាភិបាល គួរ​គិត​ពី​បញ្ហាបច្ចេកទេស ជាជាង​ការ​​គិតពីពេលវេលាណា​ដែលត្រូវ​ដាក់​គោលដៅ​ត្រួត​ពិនិត្យជាតិ​ស្រវឹង​ ព្រោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង អាចបង្កគ្រោះថ្នាក់បាន​គ្រប់ពេល មិន​​ថា ពេល​​​ល្ងាច ព្រលប់ ឬ​យប់​ជ្រៅ។

តែយ៉ាងណា លោកថា ចំណាត់ការនេះ ជាការថ្លឹងរវាងបញ្ហាសេដ្ឋកិច្ច និងសុវត្ថិភាព​តាម​ដងផ្លូវ ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋ។

លោកបន្តថា៖ «បញ្ហាសេដ្ឋកិច្ចវាអាចមានផលប៉ះពាល់ក្នុងកម្រិតណា ជាការមើលឃើញរបស់លោក[នាយករដ្ឋមន្ត្រី] ប៉ុន្តែសម្រាប់ខ្ញុំ សុវត្ថិភាពជារឿងសំខាន់ បើយើងមិនព្រមគិតគូរ យកចិត្តទុកដាក់នោះទេ វាអាចបណ្តាលឱ្យមានផលប៉ះពាល់រយៈពេលវែង»

អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោករូបនេះ ចង់ឃើញការបន្តរឹងបន្តឹងច្បាប់ និងការអប់រំផ្សព្វផ្សាយអំពីចរាចរណ៍ផ្លូវគោកនេះដំណាលគ្នា ដើម្បីអាចឱ្យប្រជាពលរដ្ឋជ្រាបអំពីផលលំបាកនៃការបើកបរដោយស្ថានភាពស្រវឹង ដើម្បីសុវត្ថិភាពតាមដងផ្លូវ ខណៈ​លោកថា កន្លងមក គ្រោះថ្នាក់ចរាចរណ៍មួយភាគធំ បង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹង។

គិតត្រឹមរយៈពេលជាង ១ខែ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៃយុទ្ធនាការពិនិត្យជាតិស្រវឹងតាមដងផ្លូវនៅពេលរាត្រីនៅទូទាំងប្រទេសកម្ពុជានេះ ដោយរកឃើញអ្នកបើកបរក្នុងឥទ្ធិពលស្រវឹងសរុប ២ ១១៣នាក់ ក្នុងនោះអ្នកបើកបរម៉ូតូចំនួន ១ ២០១នាក់។ នេះបើតាម​ការឱ្យដឹងពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ចំណែក អ្នកនាំពាក្យ​អគ្គសង្នការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យ​ដឹងដែរថា រយៈពេល ១៨ថ្ងៃ នៅខែមីនា ឆ្នាំ២០២៤ យានយន្តប្រមាណ ២៦០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាក​វិន័យ ក្នុងនោះមានម៉ូតូ ១៩៦គ្រឿង និងរថយន្ត ៦៤គ្រឿង។ ប្រភពដដែល បន្តថា រយៈពេល ១៨ថ្ងៃនេះផងដែរ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩១នាក់ របួស ១៩៣នាក់ (របួសធ្ងន់ ១១៥នាក់)៕