ក្រោម​​​អាណត្តិ​​ទីមួយ​​​នៃ​ការ​ដឹកនាំ​​របស់​​លោក​​​នាយ​ក​រដ្ឋ​​មន្រ្តី ហ៊ុន ម៉ាណែត លោក​​បាន​​ដាក់​ចេញ​​​ឱ្យ​មាន​​​កំណែ​​​ទម្រង់​​យ៉ា​ង​​ច្រើន ដោយ​​​​ផ្តោត​​ជា​ចម្បង​​​លើ​​កា​រ​ផ្តល់​​សេវា​​​សុខា​ភិបាល ការផ្តល់​​សេវា​​សាធា​រណៈ និង​​វិស័យ​អប់រំ។ លោក​​លើក​​ឡើង​​​ពី​​កំណែ​ទម្រ​ង់​​​​ជ្រើស​រើ​ស​​​មន្ត្រី​ក្របខ័ណ្ឌ​​​ក្នុង​​អាណត្តិ​ថ្មី ដោយ​​កា​រ​ប្រលង​​​ត្រូវ​​តែ​​​មាន​​​តម្លាភាព​ សុក្រឹត​ភាព និ​ង​សមត្ថ​ភាព។

កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦នាក់ នៅសាកល​​​វិទ្យាល័យ​​ពីការ​​យល់​ឃើញ​​​របស់ពួក​គេ​​​​ទាក់​ទង​​​នឹង​​​កំណែ​​ទម្រង់ការ​​​ប្រលង​​មន្ត្រី​​ក្របខ័ណ្ឌ​ក្នុង​អាណត្តិ​ថ្មី៖​

លោក សែ វិសាល អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៤ មកពីដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ ។ (រូបភាព៖ ប៉ោក លក្ខិណា)

លោក សែ វិសាល អាយុ ២៤ឆ្នាំ ជា​និស្សិត​ឆ្នាំទី៤ មក​ពី​ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរនៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា លោក​​នាយ​ករដ្ឋ​​មន្រ្តី ហ៊ុន ម៉ាណែត អនុ​វត្តបែប​​នេះបានផ្តល់ឱកាសដល់យុវជនជំនាន់ថ្មីឱ្យទទួលបានសិទ្ធិ និងឱកាស​​​ស្មើភាពគ្នា​ក្នុងការប្រលង​ចូល​បម្រើ​ការងារ​ក្នុ​ង​ក្របខ័ណ្ឌ​រដ្ឋ។

លោក​និយាយ​ថា៖ «ខ្ញុំ​​ធ្លាប់​​ប្រលង​​គ្រូ​​អប់​​រំកាយ តែ​​លទ្ធ​ផល​​មិន​​ជាប់​ទេ។ នៅ​​ក្នុង​​ការ​ប្រលង​ក្របខ័ណ្ឌ​​ឥលូវនេះ មា​ន​ការកែប្រែ​​ហើយ ដោយ​​មិ​ន​ចាំ​បាច់​​មា​នខ្សែរយៈ ឬ​ក៏លុយ​​​ដើម្បី​​សូក​ប៉ាន់​គឺ​​មាន​​ភាព​​យុត្តិធម៌ និង​អ្នកមាន​សមត្ថភា​ព​​សាកស​ម​នឹង​ទទួល​[ប្រលងជាប់]»។

រូបថត កញ្ញា វួន ស្រីមុំ ជានិស្សិតមកពីសាកលវិទ្យាល័យអន្តរជាតិ (IU)។ (រូបភាព៖ ប៉ោក លក្ខិណា)

កញ្ញា វួន ស្រីមុំ អាយុ ២២ឆ្នាំ ជា​និស្សិត​មក​​ពីសាកលវិទ្យាល័យ​អន្តរជាតិ (IU) ជំនាញ​ពេទ្យ​ធ្មេញ​​បាន​​និយាយ​ថា កញ្ញា​មានក្តីរីករាយ​ដោយសារតែ​ការប្រលង​មិនត្រូវការបណ្តាញរយៈ ឬ​​ប្រើ​​សំណូក​ ដោយ​​កំណែ​​ទម្រង់​​ថ្មីនេះ​បានផ្តល់​ឱកាស​ច្រើន​ដល់​អ្នកមានសមត្ថភាពពិត។

កញ្ញានិយាយថា៖ «ការកែទ្រមង់​ជួយឱ្យ​កន្លែង​ការងារ​មាន​ភាពប្រសើរ​ជាងមុន។ អ្នកខ្លះ​​បើ​ចូល​​តាម​​​ខ្សែ និងមាន​លុយ ប៉ុន្តែ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​បម្រើ​ការងារ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បើទោះ​បីជា​គាត់​មិនមាន​ឱកាស​បានចូល​ជាមន្ត្រី តែ​គាត់​អាច​មានសមត្ថភាព​ធ្វើការ»។

កញ្ញា ងាំ ឆៃលី ជានិស្សិតអក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ (រូបភាព៖ ប៉ោក លក្ខិណា)

កញ្ញា ងាំ ឆៃលី មាន​អាយុ ២០ឆ្នាំ​ ជានិស្សិត​អក្សរសាស្ត្រខ្មែរ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំ​ពេញ និយាយ​ថា កញ្ញា​​គាំទ្រ​​ទាំងស្រុង បើសិន​ជា​លោក​​​នាយ​ករដ្ឋ​​មន្រ្តី ហ៊ុន ម៉ាណែត អាច​ធ្វើ​បានដូច​ការ​សន្យា។ កញ្ញា​ចង់​ឱ្យ​មាន​មន្រ្តី​ដែល​បម្រើ​ការងារ​មាន​សមត្ថភាព​ពិត​ជា​ជាង​មន្ត្រី​ប្រើសំណូក។

កញ្ញា ងាំ ឆៃលី លើក​ឡើង​ថា៖  «បើ​សិន​គាត់[គ្រូបង្រៀន]មាន​សមត្ថភាព​ពិតប្រាកដ គាត់​ផ្តល់​ជំនាញ​​ជាក់​លាក់​ដល់​សិស្ស ធ្វើ​ឱ្យ​ធនធានមនុស្ស​ជំនាន់​ក្រោយ​កាន់​តែ​ខ្លាំង​ទៅ មិន​ដូច​អ្នក​ដែលសូក ​[ថវិការ]​ ដែល​គាត់​អត់​សូវ​មាន​សមត្ថភាព ធ្វើឱ្យ​សមត្ថភាព​សិស្ស​កាន់​តែ​ថយ»។

កញ្ញាបន្ថែមថាបើ​អ្នក​រៀន​ពិ​តប្រកដ​គាត់​មាន​ចំណេះដឹង និង​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​ទៀត​​អាច​ជួយ​ឱ្យ​​​សិស្ស​​កើន​​ចំណេះ​​ដឹង​ធនធាន​​មនុស្ស​កាន់​តែ​​មាន​​សមត្ថភាព​។

កញ្ញា កែវ សុភ័ក្រ មានអាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ មកពីដេប៉ាតឺមង់គណិតវិទ្យា។ (រូបភាព៖ ប៉ោក លក្ខិណា)

កញ្ញា កែវ សុភ័ក្រ មាន​អាយុ ២០ឆ្នាំ ជា​​និស្សិត​​ឆ្នាំទី២ មក​ពី​ដេប៉ាតឺម៉ង់​​គណិតវិទ្យា នៃ​សាកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញ (RUPP) និយាយ​ថា កញ្ញា​​ពិតជា​​សប្បាយ​​ចិត្ត​ព្រោះ​​​កន្ល​ង​មក​​កញ្ញា​​តែង​តែ​​​​​ខ្លាច​​ថា​មាន​ការ​ប្រើ​បណ្តាញ​ ដែល​នាំឱ្យ​កញ្ញា​ប្រលង​ប្រជែង​មិន​ឈ្នះ​គេ។

កញ្ញា​លើក​ឡើ​ងថា៖ «ខ្ញុំ​ឮ​ក្រសួង​ប្រកាស​ថា​​ ​ប្រលង​ផ្តោត​លើ​សមត្ថភាពខ្ញុំចង់ប្រលងក្របខ័ណ្ឌ​ដែរ និងខ្ញុំ​សង្ឃឹម​ថា​ សមត្ថភាព​របស់​ខ្ញុំ​ក៏​អាច​ទៅ​រួច​ដែរ។ ខ្ញុំ​ចង់​សាកល្បង»។

កញ្ញា កែវ សុភ័ក្រ ក៏​បាន​អរគុណ​ដល់​ក្រសួង​ដែល​បាន​ផ្តល់​ឱកាស និង​លើក​កម្ពស់​ការ​ប្រលង​ដោយ​​ផ្អែក​​លើ​សមត្ថភាព។

កញ្ញា គី ចាន់ម៉ីយី អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ មកពីដេប៉ាតឺម៉ង់ជីវវិទ្យា។ (រូបភាព៖ ប៉ោក លក្ខិណា)

កញ្ញា គី ចាន់​ម៉ីយី អាយុ ២១ឆ្នាំ​ជា​និស្សិត​ឆ្នាំទី៣​​ មក​ពី​ដេប៉ាតឺម៉ង់​ជីវវិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​​បាន​​លើក​ឡើងថា កំណែ​​ទម្រង់​​ប្រលង​ក្របខ័ណ្ឌ​​​ពិតជា​​​មានសារៈ​​សំខា​ន់​​ក្នុងការ​ផ្តល់​​ឱកាស​​ដល់​​យុវជន​​បាន​ប្រលង​​បញ្ចេញ​​សមត្ថភាព​​របស់​ខ្លួន​​ដោយ​​មាន​​ភាព​ជឿជាក់​ក្នុង​ក្របខ័ណ្ឌ​​​តម្លាភាព សុក្រឹត​ភាព ដោយ​​មិនបាច់​​បារម្ភថា មិនមាន​​ខ្សែ ឬមានភាពអយុត្តិធម៌។

កញ្ញា​និយាយថា៖ «កំណែ​ទម្រង់​ប្រលង​មន្ត្រី​ក្របខ័ណ្ឌ​ថ្មីនេះ ច្បាប់​នៃការប្រលង​មានការ​តឹង​រ៉ឹងដែលវាជាលក្ខខណ្ឌ មួយ​​ដែល​ធ្វើឱ្យ​យុវជន​យើង​គឺត្រូវ​តែ​ចាំ​ថា អ្នក​ចេះ​គឺជាប់។ ដូច្នេះ អ្នក​ត្រៀម​​ខ្លួន​​ដើម្បី​​ប្រល​​ង​​​ត្រូវ​​ខិត​ខំ​​​ប្រឹង​ប្រែង​ខ្លាំង​ដើម្បីប្រលង​ជាប់»។

ព្រះអង្គ ជា ធៀង មានអាយុ ២៤ឆ្នាំ មកពីដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
(រូបភាព៖ ប៉ោក លក្ខិណា)

ព្រះអង្គ​ ជា ធៀង មាន​អាយុ ២៤ឆ្នាំ ​មកពីដេប៉ាតឺម៉ង់​អក្សរសាស្ត្រខ្មែរ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញមា​នសង្ឃដីកាថា លោកពិតជា​​មានសេចក្តីអំណរ​​ជាអណេក​កប្បការដោយសារ​​​រដ្ឋាភិបាល​​បាន​កំណែ​ទម្រង់​ប្រលង​មន្ត្រី​ក្របខ័ណ្ឌ​ក្នុង​អាណត្តិថ្មី ដោយការ​ប្រលង​នេះផ្តល់​ឱកាសដល់​បញ្ញវន្ត​បាន​បញ្ចេញ​ចំណេះដឹង និង​សមត្ថភាព​អស់លទ្ធភាព។

ព្រះអង្គ​​មាន​​សង្ឃដីកា​​ថា៖ «មិនថាធ្វើការ​នៅស្ថាប័ន​ណា​ទេ ឱ្យ​តែ​​បាន​​ប្រលង​​ចេញ​​ពី​សមត្ថភាព​យើង កន្លែង​នោះនឹង​​សម្បូរ​​ទៅ​​ដោយ​​បញ្ញវន្ត ដែល​​​អាច​​អភិវឌ្ឍ​​ទីតាំង​​ដែល​​ខ្លួ​ន​នៅ […] ដោយភាគ​ច្រើន​​បញ្ញវន្ត​​​អាច​​ធ្វើកា​រ​​បាន​​លឿន និង​​គ្មាន​​ការ​យឺតយ៉ាវ និង​​គ្មា​ន​​កា​រ​ប្រើ​សំណូក​សូកប៉ាន់»៕