ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​​​ ហ៊ុន ម៉ាណែត​ ​ព្រមាន​​ដកហូតតំណែង​​មន្ត្រី​រាជការ និងកង​កម្លាំង​ប្រដាប់​អាវុធ​​ដែល​​ជាប់ពាក់ព័ន្ធនឹងសកម្មភាពទន្ទ្រានដីព្រៃរដ្ឋធ្វើជាកម្ម​សិទ្ធិ​ដោយ​ខុសច្បាប់ អ្នកវិភាគសង្គម និង​សកម្មជន​បរិស្ថាន ចង់ឃើញ​មន្រ្តី​ពាក់ព័ន្ធ​បង្កើន​សកម្មភាព​​ការងារ​របស់​ខ្លួន​ក្នុងការ​ទប់​ស្កាត់​​ការ​ទន្រ្ទាន​ដីព្រៃ​ពីអ្នកមាន​អំណាច។​

លោកនាយករដ្ឋម​ន្រ្តី​ ហ៊ុន ម៉ាណែត​ ថ្លែង​​ក្នុង​ពិធី​សម្ពោធ​ឆ្លងព្រះបទុមចេតិយ នៅ​វត្តមណីរតនារាម ខេត្ត​ពោធិ៍​សាត់​កាលពី​ថ្ងៃ​ទី​៣១ ខែមិនា ឆ្នាំ​២០២៤នេះ​ ដោយ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ លើ​​​មន្ត្រី​រាជការ និងកង​កម្លាំង​ប្រដាប់​អាវុធ​​ដែល​​ជាប់ពាក់ព័ន្ធនឹងសកម្មភាពទន្ទ្រានដីព្រៃរដ្ឋធ្វើជាកម្ម​សិទ្ធិ​ដោយ​ខុសច្បាប់។

លោក​ថ្លែង​ថា៖​ «​សូម​ឱ្យ​មន្ត្រី​រាជ​ការ​ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ កុំឱ្យ​​មាន​ការពាក់​ព័ន្ធ​ទៅ​លើកិច្ច​ការងារ​នេះ [ការទទន្រ្ទានដីព្រៃរដ្ឋ]​ ព្រោះ​ត្រូវ​ប្រឈម​នឹង​វិធាការ​អនុវត្ត​ច្បាប់​ ហើយអាច​ឈាន​ទៅ​ដល់ការ​បញ្ចប់តួ​នាទី​ ឬមួយក៏​អាច​ដកក្រប​ខណ្ឌ​ចេញ បើសិន​ជា​មាន​ប្រព្រឹត្តិខុសធ្ងន់ធ្ងរ»។

លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ឬហៅកាត់ថា CYN សង្ឃឹមថា​ ការថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីនេះ នឹង​ក្លាយជាគោលការណ៍​សំខាន់មួយ​ដើម្បី​​អនុវត្តលើ​អ្នកមាន​អំណាច​​ពាក់ព័ន្ធ​​នឹងបទ​ល្មើល​ធនធាន​ធម្មជាតិ។​ ​

លោក​បញ្ជាក់​ថា៖ «ខ្ញុំសង្ឃឹមថា អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បានលើក​ឡើង​​​ហ្នឹង នឹងក្លាយ​ទៅ​​ជា​វិធាន​មួយ ក្លាយ​ទៅជា​គោលការណ៍​មួយ​​ ក្នុង​ការអនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ […]។ យើង​ឃើញ​​ហើយ​ថា​​ ​ភាគច្រើននៃអ្នក​ពា​ក់ព័ន្ធ​ជាមួយ​នឹង​បទ​ល្មើស​កាប់បំផ្លាញធនធាន​ធម្មជាតិ​ ធនធាន យកដីព្រៃហ្នឹង គឺមួយចំនួនពួកគាត់​មានខ្សែ គ្នា​ខ្នង ជា​អ្នក​​រកស៊ី​ ឬ​ជាអ្នកធ្វើ​ការងារ​ធំដុំ មានបុណ្យសក្តិ​»។

​ចំណែកលោក សាន់ ម៉ាឡា ប្រធាន​កម្មវិធី​ប​ណ្តាញ និងតស៊ូមតិ​នៃអង្គការភាពជា​ដៃគូ និងការអភិវឌ្ឍ ឬ​ហៅ​កាត់​ថា (PED) បានលើកឡើង​ពាក់​ព័ន្ធ​នឹង​ការព្រមាន​សកម្មភាពទន្ទ្រានដីព្រៃរដ្ឋពី​អ្នក​មានអំណាចថា កម្ពុជា​មិ​នគួរ​ប្រើវប្បធម៌បែបអនុសាសន៍​និយមនោះទេ ពួកគេ​គួរតែអនុវត្តទៅតាម​តួនាទី​របស់ខ្លួន។

លោកថ្លែងប្រាប់​ Newsroom Cambodia តាមរយៈ​ប្រព័ន្ធ​តេឡេក្រោម​ថា៖ «ចំពោះ​ខ្ញុំយល់​ឃើញថា​ កម្ពុជា​មិនគួរ​បណ្តែល​បណ្តោយ​ឱ្យ​មាន​វប្បធម៌​តាមបែប​អនុសាសន៍​​និយម​ អនុសាសន៍​ជាធំនោះទេ។  […] អ្នក​អនុវត្ត​ច្បាប់​ហាក់បី​ដូចជា​ប្រងើយ​កន្តើ​យ​ និង​មិនធ្វើទៅ​តាម​តួនាទី​របស់ខ្លួនដែល​មាន​ចែងក្នុង​ច្បាប់​ […] តែងតែ​ចុះ​ប្រតិបតិ្តការ​ ឬក៏​ដោះស្រាយ​បញ្ហាណាមួយ​​ ដោយ​ផ្អែក​ និង​រងចាំ​អនុសាសន៍​​ពី​សំណាក់​ថា្នក់​លើ​របស់​ខ្លួន​»។

​លោក បណ្ឌិត មាស​​ នី ​អ្នកវិភាគបញ្ហាសង្គមយល់​​ថា បញ្ហាទន្រ្ទានដី​ពី​អ្នកមាន​អំណាចនេះ កើតមាន​យូរមកហើយ តែមិនទទួលបានការដោះស្រាយ​នៅឡើយ​។

លោក​​បញ្ជាក់​ថា៖ «យើងឃើញដីនៅ​តាម​បណ្តោយព្រំដែន​ ដូចនៅរតនគីរី​​ នៅ​មណ្ឌលគីរី​​អី​ហ្នឹង ដីភាគច្រើន​ វាកម្មសិទ្ធិ​របស់អ្នក​មានអំណាច​ធំ។ សូម្បី​តែ​រដ្ឋាភិបាល​ពីអាណត្តិ​​មុន ប្រកាស​ឈប់ជួបអី​ យើងក៏នៅ​តែបញ្ហា​​អត់មានប្រសិទ្ធភាព​។ […]​ ដីនៅតាមព្រំដែន​ខ្មែរយើងមិនមានម្ចាស់​ទេ ពី​ដើមមក​ជាដី​របស់រដ្ឋ តែ​ដល់អី​ឥលូវ​វា​ក្លាយជាកម្មសិទ្ធិរបស់អ្នកត្រួតត្រា​នៅតាមតំបន់ហ្នឹង»​។

លោក​បន្ថែម​ថា វាជា​មោទន​ភាពនៃ​រដ្ឋាភិបាលអាណត្តិថ្មីនេះ​ប្រសិន​បើ​អាច​អនុវត្ត​បាន​​។

លោកថ្លែងថា៖ «បើធ្វើបានគឺល្អហើយ ក៏ប៉ុន្តែ​ខ្ញុំព្រួយបារម្ភថាប៉ះធំធេងពេក អាទំហំហ្នឹង​មើល​ទៅវា​មិន​តូច​ប៉ុន្មាន​ទេ​។ អ្នកដែលមាន​អំណាច​កាន់ដីធ្លី​តាម​តំបន់មួយ ហើយអ៊ីចឹងទៅ​ បើ​ធ្វើបានវាជាមោទនភាពធំ​សម្រាប់រដ្ឋាភិបាលអណ្តិតនេះ​»។ ​

Newsroom Cambodia បាន​ទាក់ទង​ទៅ​លោក អេង ហ៊ី អ្នកនាំពាក្យ​​គណៈកម្មការ​ជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធន​ធានធម្មជាតិ​ ប៉ុន្តែ​​អ្នកទទួល​ទូរស័ព្ទ​ប្រាប់​ថា លោក អេង ហ៊ី កំពុង​ជាប់​រវល់។​

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់គេហទំព័រ Newsroom Cambodia កាលពី​ថ្ងៃចន្ទ​ថា អ្នក​ដែល​​ប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ បើទោះបីជាជនស៊ីវិល ឬមន្ត្រីរាជការ នឹង​មិន​អាច​គេច​ផុត​ពី​ការទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់​បានឡើយ។

គួរបញ្ជាក់​ថា កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០១៦ ក្នុងអាណត្តិ​លោក​ ហ៊ុន សែន បានចេញ​សេចក្តី​សម្រេច​សី្តពី​ «ការ​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធន​ធានធម្មជាតិ» មានគោលដៅ​សំខាន់​ដើម្បិ​ចុះទប់​ស្កាត់ និងបង្ក្រាប​បទល្មើសធនធានជាតិ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់៕