ធនាគារពិភពលោក(WB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៥,៨% នៅឆ្នាំ២០២៤ និងអាចកើនដល់ ៦,១% នៅឆ្នាំ២០២៥ ដោយសារអំណោយផលនៃការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងអចលនទ្រព្យ ស្របពេលបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងមានសន្ទុះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ បើទោះបីពិភពលោកកំពុងជួបវិបត្តិជាច្រើនក្តី។
ការព្យាករណ៍នេះ បានធ្វើឡើងតាមរយៈរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ពីស្នាក់ការកណ្តាលនាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោមចំណងជើងថា បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែមេសា ឆ្នាំ២០២៤ (East Asia and Pacific April 2024 Economic Update)។
របាយការណ៍របស់ធនាគារពិភពលោកនេះ បានលើកឡើងថា សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២៤ អាចកើននៅត្រឹម ៤,៥% ដែលនៅបន្តទាបជាងឆ្នាំមុន ដែលមានកំណើនរង្វង់ ៥,១%។ ក្នុងករណីមិនរាប់បញ្ចូលចិន សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់ទាំង២ អាចកើនក្នុងអាត្រា៤,៦% នៅឆ្នាំនេះ ដែលកើនពីរង្វង់ ៤,៤% ពីឆ្នាំ២០២៣។
សម្រាប់ប្រទេសចិន ប្រភពដដែលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅប្រទេសនេះ ស្រកចុះបន្តិចមកត្រឹមតែ ៤,៥% នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ មានកំណើនអាត្រា ៥,២% ដោយសារចិនមានវិបត្តិបំណុលជាតិក្នុងកម្រិតខ្ពស់ ការធ្លាក់ចុះនិងភាពផុយស្រួយនៃវិស័យអចលនទ្រព្យ បូកបញ្ចូលទាំងសម្ពាធផ្នែកសេដ្ឋកិច្ចពីវិវាទពាណិជ្ជកម្ម។ ដោយឡែក នៅបណ្តាប្រទេសកោះនៅអាស៊ីប៉ាស៊ីហ្វិក កំណើនសេដ្ឋកិច្ចត្រូវធ្លាក់ចុះមកត្រឹម ៣,៦% នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ មានកំណើនរហូត ៥,៦% ដែលការធ្លាក់ចុះនេះ កើតចេញពីសន្ទុះយឺតនៃការងើបឡើងវិញពីវិបត្តិកូវីដ-១៩។
នាសន្និសិទសារព័ត៌មានអំពីការចេញផ្សាយរបាយការណ៍នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា កម្ពុជាអាចនឹងសម្រេចកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៥,៨% នៅឆ្នាំ២០២៤ ដែលតួលេខនេះ កើនឡើងពីរង្វង់ ៥,៤% នៅឆ្នាំ២០២៣។ លោកថា កំណើននេះដោយសារកត្តានាំចេញសម្លៀកបំពាក់ក្នុងវិស័យកាត់ដេរ កំណើនវិស័យទេសចរណ៍ កសិកម្ម ព្រមទាំងវិស័យសំណង់ និងអចលនទ្រព្យ។ លោកថា ការនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងផលិតផលកសិកម្មដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយជាដើម។
លោកសង្កត់ធ្ងន់ថា៖ «ការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលពាណិជ្ជកម្មសកលស្ទុះងើបឡើងវិញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជួយសម្រួលលំហូរវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិនចូលមកកម្ពុជា ដោយសារកម្ពុជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ទាំងពាណិជ្ជកម្ម និងការវិនិយោគ»។
លោកកត់សម្គាល់ជារួមថា ប្រាក់ចំណូលរបស់ប្រជាជននៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជា បានវ៉ាដាច់ចំណូលប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់ផ្សេងដែលកើតចេញពីកំណើនផ្នែកវិនិយោគ។ លោកផ្តល់ជាអនុសាសន៍ឱ្យបណ្តាប្រទេសទាំងនេះ គិតគូរបន្ថែមល់គោលនយោបាយជំរុញការប្រកួតប្រជែង កែលម្អបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់វិស័យអប់រំ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។
ជាមួយគ្នានេះ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយក្នុងសន្និសីទសារព័ត៌មានដដែលថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានចូលរួមចំណែករុញច្រានកំណើនសេដ្ឋកិច្ចពិភពលោក ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបបញ្ហាប្រឈមជាច្រើន ពិភពលោកមិនប្រាកដប្រជា ខណៈប្រជាជនចាស់ជរាមានចំនួនកាន់តែច្រើន ស្របពេលមានបញ្ហាបម្រែបម្រួលអាកាសធាតុផង។
លោកស្រីអះអាងថា៖ «ប្រទេសក្នុងតំបន់អាចរក្សាសន្ទុះកំណើនរបស់ខ្លួនបាន តាមរយៈការពន្លឿនការបើកឱ្យមានសកម្មភាពច្រើនថែមទៀត សម្រាប់ការវិនិយោគរបស់វិស័យឯកជន ការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ និងការជំរុញផលិតភាព»។
លោកស្រីសង្កត់ធ្ងន់ថា បើទោះបីសេដ្ឋកិច្ចក្នុងតំបន់ពីរនេះ មានកំណើនក្តី ប៉ុន្តែនៅមានភាពយឺតយ៉ាវជាងអំឡុងពេលមុនការរាតត្បាតជំងឺជាសាកលកូវីដ-១៩ ហើយហានិភ័យមួយទៀតដែលជះឥទ្ធិពលដល់កំណើននេះ គឺពាក់ព័ន្ធនឹងលទ្ធិគាំពារនិយម និងភាពមិនប្រាកដប្រជានៃគោលនយោបាយ។
លោកស្រីបន្ថែមថា៖ «ចក្ខុវិស័យនេះ អាចប្រែប្រួលដែរនៅក្នុងសេណារីយោទាប ក្នុងនោះរួមមាន ការបន្តធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកលើសពីការរំពឹងទុក អត្រាការប្រាក់ខ្ពស់ហើយមានរយៈពេលយូរនៅក្នុងសេដ្ឋកិច្ចធំៗ ការកើនឡើងនូវភាពមិនប្រាកដប្រជាអំពីគោលនយោបាយសេដ្ឋកិច្ចនៅជុំវិញពិភពលោក និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោក មាស សុខសេនសាន យល់ស្របចំពោះការព្យាការណ៍របស់ធនាគារពិភពលោក ខណៈស្ថាប័នអន្តរជាតិធំៗផ្សេងទៀត បូករួមការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏យល់ឃើញថា មានសន្ទុះកំណើនស្រដៀងគ្នានេះដែរ។
លោកបន្តថា៖ «សម្រាប់រដ្ឋាភិបាលកម្ពុជា ព្យាករណ៍ផងដែរថា សេដ្ឋកិច្ចគ្រោងសម្រេចបានក្នុងរង្វង់ ៦,៦% ដោយសារការប្រើប្រាស់ម៉ូដែលរៀងៗខ្លួន»។
លោកបន្ថែមថា កម្ពុជាអាចដកស្រង់ចំណុចសំខាន់ៗពីរបាយការណ៍ថ្មីនេះ ពាក់ព័ន្ធទៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកគី សេរីវឌ្ឍន៍ លើកឡើងពីការសិក្សាស្រាវជ្រាវរបស់ខ្លួនដែរថា កំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ស្ថិតក្នុងរង្វង់ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ ឬអាចកើនលើសពីឆ្នាំ២០២៣ បន្តិចបន្តួចក្នុងចន្លោះពី ៥,៨% ទៅ ៦%។ លោកបន្តថា វិស័យដែលអាចមានកំណើនខ្ពស់មានដូចជា វិស័យកាត់ដេរ វាយនភ័ណ្ឌ ផលិតគ្រឿងសង្ហារិម សំបកកង់រថយន្ត និងការផលិតកង់ជាដើម ដែលទាញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែឧស្សាហកម្មនាំចេញទៅផ្សារអឺរ៉ុបវិញ អាចកើនឡើងតែបន្តិចបន្តួច។
ប៉ុន្តែលោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពនេះ វិស័យអាជីវកម្មលក់រាយក្នុងស្រុក សហគ្រាសធុនតូច និងមធ្យម ឬ SME អាចប្រឈមការធ្លាក់ចុះទៅវិញ ខណៈវិស័យធនាគារវិញ ក៏មានការធ្លាក់ចុះដោយសារបញ្ហាបំណុលរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «ពលរដ្ឋនៅតែត្អូញត្អែរទោះបីសេដ្ឋកិច្ចកើនឡើង តួយ៉ាងវិស័យលក់រាយ ភោជនីយដ្ឋាន ការដឹកជញ្ជូនក្នុងស្រុកមានការថមថយ។ បញ្ហាទាំងនេះ ខ្លះកើតចេញពីការបោកប្រាស់ក្នុងវិស័យអចនលទ្រព្យ ការបោកប្រាស់វិនិយោគដីធ្លី ការវិនិយោគបោកប្រាស់របស់ CIC ជាដើម ដែលធ្វើឱ្យពលរដ្ឋផ្អាកការចាយវាយ ធ្វើឱ្យវិស័យលក់រាយធ្លាក់ចុះ»។
លោកសំណូមពរឱ្យរដ្ឋាភិបាល បន្តអនុគ្រោះពន្ធដល់បណ្តាអាជីវកម្មខ្នាតតូច ដើម្បីឱ្យវិស័យនេះមានការរីកចម្រើន បង្កើតការងារជូនពលរដ្ឋ និងអាចទប់ស្កាត់ការនាំចូលខ្លះ ហើយរដ្ឋាភិបាលត្រូវធានាដល់វត្ថុធាតុដើមនៃផលិតក្នុងស្រុកធុនតូច ការគាំទ្រផ្នែកបច្ចេកទេសជាដើម និងការជំរុញដល់ពលរដ្ឋចូលរួមសិក្សាជំនាញវិជ្ជាជីវៈ ដើម្បីជាចលកររុញច្រានកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។
សម្រាប់ លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចវិញ គាំទ្រចំពោះការព្យាករណ៍របស់ធនាគារពិភពលោក ក្រោមហេតុផលដែលកម្ពុជាអាចគ្រប់គ្រងអតិផរណាបាន មិនឱ្យហក់ឡើងខ្ពស់ ក្នុងស្ថានភាពដែលពិភពលោកជួបវិបត្តិសេដ្ឋកិច្ចតាំងពីឆ្នាំ២០២២ ហើយកម្ពុជាមានអំណោយផលលើវិស័យឧស្សាហកម្ម វិស័យកាត់ដេរ កម្មន្តសាល ជាមួយកំណើនវិស័យសំណង់ និងអចលទ្រព្យ។
ចំពោះកំណើនវិស័យសំណង់ និងអចលទ្រព្យ លោកបានលើកឡើងពីទិដ្ឋភាពជារួមនៃកំណើនគម្រោងវិនិយោគផ្នែកសាងសង់របស់រដ្ឋាភិបាលជាច្រើន តួយ៉ាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បើទោះបីវិស័យអចលទ្រព្យ និងសំណង់ឯកជន មានបញ្ហាជាប់គាំងខ្លះៗក្តី និងមានការត្អូញត្អែរលើការបោកប្រាស់ជាដើម។ លោកថា កម្ពុជាមានកំណើនវិស័យទេសចរណ៍នារយៈពេលចុងក្រោយនេះ ដែលអំណោយផលដល់វិស័យសេវាកម្ម ហើយកម្ពុជាក៏ទទួលបានកំណើនវិនិយោគផ្ទាល់ពីបរទេសផង(FDI)។
លោកសង្កត់ធ្ងន់ថា៖ «សេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងផ្នែកម៉ាក្រូសេដ្ឋកិច្ច ទោះបីពិភពលោកប្រទះវិបត្តិសង្គ្រាមនានាក្តី ប៉ុន្តែវិស័យលក់រាយ ការទិញដូរ មានការធ្លាក់ចុះទៅវិញ ជាពិសេសបញ្ហាអចលនទ្រព្យឯកជន ដែលប្រទះវិបត្តិបំណុល»។
លោកស្នើដល់រដ្ឋាភិបាលបង្កើនការដោះស្រាយ និងគិតគូរទៅដល់វិស័យលក់រាយ ជាពិសេសវិស័យអចលទទ្រព្យឯកជនដែលកំពុងជាប់គាំង ដើម្បីធានាដល់ជីវភាពប្រជាពលរដ្ឋ ជាមួយនឹងកំណើនផ្នែកម៉ាក្រូសេដ្ឋកិច្ច។
គួរជម្រាបជូនថា កាលពីដើមខែកុម្ភៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៤ នឹងមានកំណើនក្នុងអត្រា ៦,១% កើនពីចំនួន ៥,៣% កាលពីឆ្នាំ២០២៣ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ជាពិសេសប្រទេសចិន និងអាមេរិក ខណៈធនាគារជាតិនៃកម្ពុជាបានព្យាករណ៍ក្នុងកម្រិត ៦,៤%៕