ធនាគារពិភពលោក(WB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា​ នឹង​សម្រេច​បាន​ក្នុង​រង្វង់ ៥,៨% នៅឆ្នាំ​២០២៤ និងអា​ច​កើន​ដល់ ៦,១%​ នៅឆ្នាំ២០២៥ ដោយសារអំណោយ​ផល​នៃការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និង​អចលនទ្រព្យ ស្របពេលបណ្តាប្រទេសកំពុង​អភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងមានសន្ទុះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ បើទោះបីពិភពលោកកំពុងជួបវិបត្តិជាច្រើនក្តី។

ការព្យាករណ៍នេះ បានធ្វើឡើង​តាមរយៈ​របាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៤ ពីស្នាក់ការកណ្តាលនាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោមចំណងជើងថា បច្ចុប្បន្នភាព​​ស្ថានភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក ខែមេសា ឆ្នាំ២០២៤ (East Asia and Pacific April 2024 Economic Update)។

របាយការណ៍របស់​ធនាគារពិភពលោក​​​នេះ បានលើកឡើងថា សេដ្ឋកិច្ចនៅក្នុងតំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ក្នុង​ឆ្នាំ​២០២៤ អាច​កើន​នៅ​ត្រឹម ៤,៥% ដែលនៅបន្តទាបជាងឆ្នាំមុន ដែលមាន​កំណើន​រង្វង់ ៥,១%។ ក្នុងករណីមិនរាប់បញ្ចូលចិន សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំប​ន់ទាំង២ អាចកើនក្នុងអាត្រា៤,៦% នៅឆ្នាំនេះ ដែលកើនពីរង្វង់ ៤,៤% ពីឆ្នាំ២០២៣។

សម្រាប់ប្រទេសចិន ​ប្រភពដដែលបានព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ចនៅប្រទេសនេះ​​ ស្រកចុះបន្តិច​មក​ត្រឹម​តែ ៤,៥% នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ មានកំណើនអាត្រា ៥,២% ដោយ​សារ​ចិនមានវិបត្តិបំណុលជាតិក្នុងកម្រិតខ្ពស់ ការធ្លាក់ចុះនិងភាពផុយស្រួយនៃវិស័យ​អចលន​ទ្រព្យ បូកបញ្ចូលទាំងសម្ពាធផ្នែកសេដ្ឋកិច្ចពីវិវាទពាណិជ្ជកម្ម។ ដោយឡែក នៅ​បណ្តាប្រទេស​កោះ​នៅ​អាស៊ីប៉ាស៊ីហ្វិក កំណើនសេដ្ឋកិច្ចត្រូវធ្លាក់ចុះមកត្រឹម ៣,៦% នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ មានកំណើនរហូត ៥,៦% ដែលការធ្លាក់ចុះនេះ កើតចេញពីសន្ទុះយឺតនៃការងើបឡើងវិញពីវិបត្តិកូវីដ-១៩។

នាសន្និសិទសារព័ត៌មានអំពីការចេញផ្សាយរបាយការណ៍នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាន​ថ្លែង​ថា កម្ពុជាអាចនឹងសម្រេចកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៥,៨% នៅឆ្នាំ២០២៤ ដែលតួលេខនេះ កើនឡើងពីរង្វង់ ៥,៤% នៅឆ្នាំ២០២៣។ លោកថា កំណើននេះដោយសារកត្តា​នាំ​ចេញ​សម្លៀកបំពាក់ក្នុងវិស័យកាត់ដេរ កំណើនវិស័យ​​ទេសចរណ៍ កសិកម្ម ព្រមទាំងវិស័យ​សំណង់ និងអចលនទ្រព្យ។ លោកថា ការនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងផលិតផលកសិកម្មដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយជាដើម។

លោកសង្កត់ធ្ងន់ថា៖ «ការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលពាណិជ្ជកម្មសកលស្ទុះងើបឡើងវិញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជួយសម្រួលលំហូរវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិនចូលមកកម្ពុជា ដោយសារកម្ពុជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ទាំងពាណិជ្ជកម្ម និងការវិនិយោគ»។

លោក​កត់​សម្គាល់​ជា​រួម​ថា ប្រាក់ចំណូលរបស់ប្រជាជននៅបណ្តាប្រទេស​កំពុ​ងអភិវឌ្ឍន៍​ក្នុងតំបន់​អាស៊ី​បូព៌ា និងប៉ាស៊ីហ្វិក​ រួមទាំងកម្ពុជា បានវ៉ាដាច់ចំណូលប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍​នៅតំបន់ផ្សេងដែលកើតចេញពីកំណើនផ្នែកវិនិយោគ។ លោកផ្តល់​ជាអនុសាសន៍​ឱ្យបណ្តា​ប្រទេស​ទាំង​នេះ គិតគូរបន្ថែមល់គោលនយោបាយជំរុញការប្រកួតប្រជែង កែលម្អបន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់វិស័យអប់រំ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្នុង​តំបន់។

ជាមួយគ្នានេះ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយក្នុងសន្និសីទសារព័ត៌មានដដែល​ថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានចូលរួមចំណែករុញច្រានកំណើនសេដ្ឋកិច្ចពិភពលោក ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបបញ្ហាប្រឈមជាច្រើន ពិភពលោកមិនប្រាកដប្រជា ខណៈប្រជាជនចាស់ជរាមានចំនួនកាន់តែច្រើន ស្របពេលមានបញ្ហាបម្រែបម្រួលអាកាសធាតុផង។

លោកស្រីអះអាងថា៖ «ប្រទេសក្នុងតំបន់អាចរក្សាសន្ទុះកំណើនរបស់ខ្លួនបាន តាមរយៈការពន្លឿនការបើកឱ្យមានសកម្មភាពច្រើនថែមទៀត សម្រាប់ការវិនិយោគរបស់វិស័យឯកជន ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និងការជំរុញផលិតភាព»

លោកស្រីសង្កត់ធ្ងន់ថា បើទោះបីសេដ្ឋកិច្ចក្នុងតំបន់ពីរ​នេះ មានកំណើនក្តី ប៉ុន្តែនៅមានភាពយឺត​យ៉ាវ​ជាង​អំឡុងពេលមុនការរាតត្បាតជំងឺជាសាកលកូវីដ-១៩ ហើយហានិភ័យ​មួយ​ទៀតដែល​ជះ​ឥទ្ធិពលដល់កំណើននេះ គឺពាក់ព័ន្ធនឹងលទ្ធិគាំពារនិយម និងភាពមិនប្រាកដប្រជានៃគោលនយោបាយ។

លោកស្រីបន្ថែមថា៖ «ចក្ខុវិស័យនេះ អាចប្រែប្រួលដែរនៅក្នុងសេណារីយោទាប ក្នុងនោះរួមមាន ការបន្តធ្លាក់​ចុះនៃសេដ្ឋកិច្ចពិភពលោកលើសពីការរំពឹងទុក អត្រាការប្រាក់ខ្ពស់ហើយមានរយៈពេលយូរនៅក្នុងសេដ្ឋកិច្ចធំៗ ការកើនឡើងនូវភាពមិនប្រាកដប្រជាអំពីគោលនយោបាយសេដ្ឋកិច្ចនៅជុំវិញពិភពលោក និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ»

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា​ លោក មាស សុខសេនសាន យល់​ស្រប​ចំពោះ​ការ​ព្យាការណ៍របស់​ធនាគារពិភពលោក ខណៈស្ថាប័នអន្តរជាតិ​ធំៗផ្សេង​ទៀត បូករួមការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏យល់ឃើញថា មាន​សន្ទុះកំណើន​ស្រដៀង​គ្នា​នេះ​ដែរ។

លោកបន្តថា៖ «សម្រាប់រដ្ឋាភិបាលកម្ពុជា ព្យាករណ៍ផងដែរថា សេដ្ឋកិច្ចគ្រោងសម្រេចបានក្នុងរង្វង់ ៦,៦% ដោយ​សារ​ការ​ប្រើ​ប្រាស់​ម៉ូដែល​រៀងៗ​ខ្លួន» 

លោកបន្ថែមថា កម្ពុជាអាចដកស្រង់ចំណុចសំខាន់ៗ​ពីរបាយការណ៍ថ្មីនេះ ពាក់ព័ន្ធទៅលើវិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកគី សេរីវឌ្ឍន៍ លើកឡើង​ពី​ការសិក្សា​ស្រាវ​ជ្រាវ​របស់​​ខ្លួនដែរថា ​កំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ស្ថិតក្នុង​រង្វង់ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ ឬ​អាចកើនលើសពីឆ្នាំ២០២៣ បន្តិច​បន្តួចក្នុងចន្លោះពី​ ៥,៨% ទៅ ៦%។ លោក​បន្តថា​ វិស័យដែលអាចមានកំណើនខ្ពស់​មាន​ដូច​ជា វិស័​យ​កាត់ដេរ វាយនភ័ណ្ឌ ផលិត​គ្រឿង​សង្ហារិម សំបកកង់រថយន្ត និងការ​ផលិតកង់ជាដើម ដែលទាញកំណើនសេដ្ឋ​កិច្ច​ជាតិ ប៉ុន្តែឧស្សាហកម្មនាំចេញទៅផ្សារអឺរ៉ុបវិញ អាចកើនឡើងតែបន្តិចបន្តួច។

ប៉ុន្តែលោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពនេះ វិស័យអាជីវកម្មលក់រាយក្នុងស្រុក សហគ្រាសធុនតូច និងមធ្យម ឬ SME អាចប្រឈមការធ្លាក់ចុះទៅវិញ ខណៈ​​វិស័យ​ធនាគារវិញ ក៏មានការធ្លាក់​ចុះដោយ​សារ​បញ្ហាបំណុលរបស់ប្រជាពលរដ្ឋ។

លោកបន្តថា៖ «ពលរដ្ឋនៅតែត្អូញត្អែរទោះបីសេដ្ឋកិច្ចកើនឡើង តួយ៉ាងវិស័យលក់រាយ ភោជនីយ​ដ្ឋាន ការ​ដឹកជញ្ជូន​ក្នុងស្រុកមានការថមថយ។ បញ្ហាទាំងនេះ ខ្លះកើតចេញពីការបោកប្រាស់ក្នុងវិស័យអចនលទ្រព្យ ការបោកប្រាស់វិនិយោគដីធ្លី ការវិនិយោគបោកប្រាស់របស់ CIC ជាដើម ដែលធ្វើឱ្យពលរដ្ឋផ្អាកការចាយវាយ ធ្វើឱ្យវិស័យលក់រាយធ្លាក់ចុះ»

លោកសំណូមពរឱ្យរដ្ឋាភិបាល បន្តអនុគ្រោះពន្ធដល់បណ្តាអាជីវកម្មខ្នាតតូច ដើម្បីឱ្យវិស័យ​នេះ​មានការរីកចម្រើន បង្កើតការងារជូនពលរដ្ឋ និងអាចទប់ស្កាត់ការនាំចូលខ្លះ ហើយ​​រដ្ឋាភិបាលត្រូវធានាដល់វត្ថុធាតុ​ដើម​នៃផលិតក្នុងស្រុកធុនតូច ការគាំទ្រផ្នែកបច្ចេកទេសជាដើម និង​ការ​ជំរុញដល់ពលរដ្ឋចូលរួមសិក្សាជំនាញ​វិជ្ជាជីវៈ ដើម្បីជាចលកររុញច្រានកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

សម្រាប់ លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​វិញ​ គាំទ្រចំពោះការព្យាករណ៍​របស់​ធនាគារពិភពលោក ក្រោមហេតុផលដែលកម្ពុជាអាចគ្រប់គ្រងអតិផរណាបាន មិនឱ្យហក់ឡើងខ្ពស់​ ក្នុងស្ថានភាពដែលពិភពលោកជួបវិបត្តិសេដ្ឋកិច្ចតាំងពីឆ្នាំ២០២២ ហើយកម្ពុជាមានអំណោយផលលើវិស័យឧស្សាហកម្ម វិស័យកាត់ដេរ កម្មន្តសាល ជាមួយកំណើនវិស័យសំណង់ និងអចលទ្រព្យ។

ចំពោះកំណើនវិស័យសំណង់ និងអចលទ្រព្យ លោក​​បាន​លើកឡើងពី​ទិដ្ឋភាពជារួមនៃកំណើន​គម្រោង​វិនិយោគ​ផ្នែក​សាងសង់​របស់រដ្ឋាភិបាលជាច្រើន តួយ៉ាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បើទោះបីវិស័យអចលទ្រព្យ និងសំណង់ឯកជន មានបញ្ហាជាប់គាំងខ្លះៗក្តី និងមានការត្អូញ​ត្អែរ​លើ​ការ​បោក​ប្រាស់​ជាដើម។ លោកថា កម្ពុជាមានកំណើនវិស័យទេសចរណ៍នារយៈពេលចុងក្រោយនេះ ដែលអំណោយផលដល់វិស័យសេវាកម្ម ហើយកម្ពុជាក៏ទទួលបានកំណើនវិនិយោគផ្ទាល់ពីបរទេសផង(FDI)។

លោកសង្កត់ធ្ងន់ថា៖ «សេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងផ្នែកម៉ាក្រូសេដ្ឋកិច្ច ទោះបីពិភពលោកប្រទះវិបត្តិសង្គ្រាមនានាក្តី ប៉ុន្តែវិស័យលក់រាយ ការទិញដូរ មានការធ្លាក់ចុះទៅវិញ ជាពិសេសបញ្ហាអចលនទ្រព្យឯកជន ដែលប្រទះវិបត្តិបំណុល»

លោកស្នើដល់រដ្ឋាភិបាលបង្កើនការដោះស្រាយ និងគិតគូរទៅដល់វិស័យលក់រាយ ជាពិសេសវិស័យអចលទទ្រព្យឯកជនដែលកំពុងជាប់គាំង ដើម្បីធានាដល់ជីវភាពប្រជាពលរដ្ឋ ជាមួយនឹងកំណើនផ្នែកម៉ាក្រូសេដ្ឋកិច្ច។

គួរជម្រាបជូនថា កាលពីដើមខែកុម្ភៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) បាន​ព្យាករ​ណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​ឆ្នាំ​​២០២៤​ នឹងមាន​កំណើន​ក្នុង​អត្រា ៦,១% កើន​ពី​ចំនួន ៥,៣​%​ កាលពី​ឆ្នាំ​​២០២៣ ដែល​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ប្រទេស​ចិន និង​អាមេរិក​​ ខណៈ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ព្យាករណ៍​​ក្នុង​កម្រិត ៦,៤​%៕