លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្តេជ្ញានៅចំពោះមុខសមាជិកព្រឹទ្ធសភាថា ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងជំរុញឱ្យនយោបាយការទូតក្នុងក្របខណ្ឌព្រឹទ្ធសភានេះ ប្រព្រឹត្តទៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោកឱ្យកាន់តែល្អប្រសើរបើទោះជាធ្លាប់មានភាពប្រេះឆាដោយការប្រកួតប្រជែងយុទ្ធសាស្រ្តនយោបាយក្តី។
ការថ្លែងរបស់ប្រមុខព្រឹទ្ធសភាជាប់ឆ្នោតថ្មីនេះ ធ្វើឡើងតាមរយៈការថ្លែងសុន្ទរកថា បន្ទាប់ពីខ្លួនត្រូវបានទទួលការបោះឆ្នោតគាំទ្រជាប្រធានដឹកនាំស្ថាប័នព្រឹទ្ធសភាដោយសម្លេងឯកឆន្ទ ៦២សំឡេង ពីសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកដំបូងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។
លោក ហ៊ុន សែន ថ្លែងថា តួនាទីរបស់ព្រឹទ្ធសភាក៏មានសារៈសំខាន់ដែរ លើការអភិវឌ្ឍន៍ទំនាក់ទំនងអន្តរជាតិ ដែលក្នុងនីតិកាលទី៥នេះ ព្រឹទ្ធសភានឹងយកការលើកកម្ពស់ការទូតសភា ជាអាទិភាពចម្បងក្នុងចំណោមអាទិភាពនានា ដើម្បីពង្រឹងចំណងការទូតផង និងស្របពេលដែលពិភពលោកកំពុងប្រទាក់ក្រឡាគ្នា បានបន្តបែកបាក់គ្នាផងនោះ ដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
លោកថ្លែងបន្តថា៖« សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែលមិនធ្លាប់មានពីមុនមក ក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ។ វាចាំបាច់ដែលយើងត្រូវពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិរបស់យើង និងចួលរួមសកម្មក្នុងវេទិកាអន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល » ។
បើទោះបែបណា លោក ហ៊ុន សែន ដែលគេស្គាល់ថាជាអ្នកនយោបាយមានពិសោធន៍គ្រប់គ្រាន់ ក្នុងការធ្វើឱ្យដៃគូចុះខ្សោយក្នុងវិស័យនយោបាយ បានអះអាងជាថ្មីថា ខ្លួននឹងពង្រឹងឱ្យតួអង្គព្រឹទ្ធសភាដើរតួនាទីដែលខ្វះមិនបានសម្រាប់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលតំណាងប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាបន្តចូលរួមលើកកម្ពស់ប្រជាធិបតេយ្យ កំណែទម្រង់រដ្ឋបាលជាតិទាំងវិមជ្ឈការ និងសហវិមជ្ឈការ លើកកម្ពស់យុត្តិធម៌សង្គម និងសិទ្ធិសេរីភាពពលរដ្ឋ។
លោកបន្ថែមថា៖« យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញ របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងនីតិរដ្ឋ។ យើងនឹងខិតខំយ៉ាងណាធានានូវឯកភាពជាតិ និងសាមគ្គីភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូជាតិយើង »។
ក្រៅពីលោក ហ៊ុន សែន ដែលត្រូវបានសមាជិកព្រឹទ្ធសភាផ្តល់សេចក្តីទុកចិត្ត សម្រាប់អាណត្តិថ្មីនេះ លោក ប្រាក់ សុខុន ជាមនុស្សដែលលោកទុកចិត្ត ក៏ទទួលសំលេងគាំទ្រឱ្យធ្វើជាអនុប្រធានទី១ និងគាំទ្រ លោក អ៊ុច បូររិទ្ធ ធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភាដែរ។
ជុំវិញករណីនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការយកការទូតសភាជាការងារអាទិភាពរបស់ព្រឹទ្ធសភានេះ គឺមានភាពសមស្របនឹងបរិបទកម្ពុជា និងពិភពលោក ខណៈស្ថាប័នព្រឹទ្ធសភាក៏ដើរតួនាទីសំខាន់លើវិស័យការទូត ដែលអាចធ្វើឱ្យកម្ពុជាកាន់តែមានភាពសកម្មក្នុងកិច្ចការតំបន់ និងអន្តរជាតិ។មិនតែប៉ុណ្ណោះលោក ហ៊ុន សែន ក៏ធ្លាប់ធ្វើការទូតជាងកន្លះសតវត្សរ៍មកហើយ ខណៈដែលលោកប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ក៏ជាអ្នកនយោបាយដែលធ្លាប់មានពិសោធន៍ចាស់វង្សាដូចគ្នា ក្នុងរឿងនយោបាយកាទូតនេះ។
លោកបន្តថា៖«យើងសង្ឃឹមថា ការដឹកនាំស្ថាប័នព្រឹទ្ធសភាពីឥស្សរជនទាំង៣ រូបនេះ នឹងជំរុញការងារការទូតសភាកម្ពុជាកាន់តែមានភាពរស់រវើកឡើង ហើយកម្ពុជាកាន់តែមានតួនាទីសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ព្រឹទ្ធសភារបស់យើងនឹងចួលរួមកំណត់ត្រីវិស័យនយោបាយការបរទេសរបស់យើង » ។
សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់មួយរូបដែរ លោក សេង វណ្ណលី ឯកភាពថាការតាំងចិត្តរបស់អតីតនាយរដ្ឋមន្រ្តីនេះ ទំនងមិនខុសទាស់អ្វីទេ ព្រោះលោកមានពិសោធន៍ជោគជាំរួចមកហើយ រឿងនយោបាយការទូតនេះ។បើតាមលោក សេង វណ្ណលី លោក ហ៊ុន សែន អាចមានប្រៀបជាងអតីតប្រធានព្រឹទ្ធសភាមុនៗចំពោះនយោបាយការទូតនេះ។ហើយលោករឹតតែពូកែក្នុងការដោះស្រាយដែលអាចនិយាយបានថាមានប្រសិទ្ធិភាព និងនៅតែមានឥទ្ធិពលក្នុងការចាត់ចែងការងារនៅពីក្រៅឆាកបានដូចមុនដែរ។
លោកបន្តថា៖« ព្រឹទ្ធសភាក្រោមការដឹកនាំរបស់លោកហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីនេះ លោកមានលទ្ធភាពប្រើប្រាស់ឧបករណ៍ការទូតព្រឹទ្ធសភាមានប្រសិទ្ធភាពជាងប្រធានមុនៗ ដោយសារតែលោកជាអ្នកបង្កើតក្រុមអ្នកបន្តវេន ជាឱពុកនាយករដ្ឋមន្ត្រីផង ហើយលោកទទួលទំនុកចិត្តខ្ពស់ពីរដ្ឋាភិបាល ព្រមទាំងធ្លាប់ជាប្រមុខរដ្ឋាភិបាលកម្ពុជាជិត៤០ឆ្នាំផង ដែលបង្កើនទំនុកចិត្តពីប្រទេសដៃគូរ » ។
យ៉ាងនេះក្តី សម្រាប់លោក សេង វណ្ណលី មើលឃើញថា នយោបាយការទូតរបស់លោក ហ៊ុន សែន នៅក្នុងតួនាទីជាប្រធានព្រឹទ្ធសភានេះ ប្រហែលបានត្រឹមជួយផ្ចុងផ្តើមធ្វើយ៉ាងណាអាចជួយទប់អំណាចឱ្យកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត មានលំនឹង ប៉ុន្តែចំពោះក្រុមប្រទេសបច្ចឹមលោក នៅតែមើលឃើញនយោបាយរបស់លោក ហ៊ុន សែន ក្នុងរឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមានរូបភាពមិនល្អ។ក្នុងន័យនេះដើម្បីផ្តល់ការជឿទុកចិត្តព្រឹទ្ធសភាគួរជ្រោមជ្រែងឱ្យរដ្ឋាភិបាលអនុវត្តឱ្យបានពេញលេញដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមមនុស្ស ជាពិសេសពង្រឹងវិស័យយុត្តិធម៌សង្គម។
ដោយឡែក លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាវិញ មានប្រសាសន៍ថា តួនាទីរបស់ប្រធានព្រឹទ្ធសភាពិតជាមានសារៈសំខាន់ដែលជាប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រហើយក៏ជាប្រមុខការទូតដែរ ខណៈការទូតសភាវិញក៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងទំនាក់ទំនងអន្តរជាតិ។ ក៏ប៉ុន្តែកម្ពុជាជាប្រទេសតូចដែលមិនសូវមានឥទ្ធិពលលើកិច្ចការអន្តរជាតិ ហើយរងការរិះគន់លើការអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផង។
ទោះជាយ៉ាងណា លោកថា កម្ពុជាអាចមានជម្រើសការទូតសភាប្រសើររបស់ខ្លួន តួយ៉ាងការបោះឆ្នោតលើសេចក្តីសម្រេចនៅអង្គការសហប្រជាជាតិ ដើម្បីគាំទ្រចំពោះប្រយោជន៍នៃសន្តិភាពពិភពលោក និងប្រយោជន៍ជាតិ ពីព្រោះកម្ពុជាមិនមានឥទ្ធិពលអ្វីច្រើនទេ ដោយសារជាប្រទេសតូច ជាប្រទេសក្រីក្រ ហើយមានបញ្ហាខ្លួនឯងច្រើនទៀតដែលត្រូវដោះស្រាយ។
លោកបន្តថា៖«ព្រឹទ្ធសភាយើងទើបបង្កើតថ្មីៗដើម្បីសម្របសម្រួលទំនាស់នយោបាយកន្លងមកប៉ុណ្ណោះ ដែលកន្លងមកហាក់មិនសូវមានឥទ្ធិពលនោះទេ ក៏ប៉ុន្តែការងារច្បាប់អ្វីដូចជាមិនសូវឃើញមានទេ ច្បាប់នីមួយៗ ឱ្យតែឆ្លងពីរដ្ឋសភាហើយ ព្រឹទ្ធសភាដូចមិនបានកែប្រែអ្វីច្រើនទេ ក្រៅពីផ្តល់អានុសាសន៍ » ។
ព្រឹទ្ធសភាត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើមរបស់លោក សុខ អាន ដែលជាអតីតឥស្សរជនននយោបាយជាន់ខ្ពស់កម្ពុជា ដែលការបង្កើតនេះ ក្នុងគោលដៅដោះស្រាយភាពជាប់គាំងនយោបាយរបស់ជាតិ ដែលដំបូងឡើយមានលោកជា ស៊ីម ធ្វើជាប្រធាន ហើយក្រោយមកទៀត ស្ថាប័ននេះដើរតួនាទីជាអ្នកសម្របសម្រួលការងាររវាងរដ្ឋសភា និងរដ្ឋាភិបាល ដើម្បីដោះស្រាយវិបត្តិនយោបាយ និងស្ថេរភាពជាតិ។
បើទោះបែបណា លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមមនុស្សកម្ពុជា ធ្លាប់រិះគន់ព្រឹទ្ធសភានេះថា ជាស្ថាប័នដែលមិនបានបម្រើផលប្រយោជន៍សាធារណៈទេ ផ្ទុយទៅវិញជាកន្លែងដែលរដ្ឋត្រូវចំណាយលុយដោយគ្មានបានផលអ្វីទាល់តែសោះ។ជាអ្នកធ្លាប់ការពារសិទ្ធិមនុស្ស លោក អ៊ូ វីរៈ ធ្លាប់ស្នើឱ្យរំលាយស្ថាប័ននេះម្តងជាពីរដង ដោយចាត់ទុកថាជាការខ្ជះខ្ជាយថវិកាជាតិ៕