លោក សេង ផល្លី គឺជា​សមាជិកសហគមន៍បណ្ដាញព្រៃឡង់នៅខេត្តកំពង់ធំ និងជាគណៈ​កម្មការព្រៃសហគមន៍ក្បាលខ្លា។ លោក​បាន​ចូលរួម​យ៉ាង​សកម្មក្នុងការ​ល្បាត​ព្រៃ ឃាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ដាំដើមឈើ កសាងហេដ្ឋារចនាសម្ព័ន្ធ​ទាំងនៅ​ព្រៃឡង់ និង​ព្រៃសហគមន៍​ក្បាលខ្លា។

នៅថ្ងៃទី៥ ថ្ងៃសុក្រ ខែមេសា ឆ្នាំ២០២៤ សិក្ខាកាម​សារព័ត៌មាន Newsroom Cambodia សម្ភាស៍ លោក សេងផល្លី អំពីសកម្មភាព​ និង​បទពិសោធន៍​របស់​លោក​ពាក់ព័ន្ធនឹងការការពារព្រៃឈើ៖

Q: ជម្រាបសួរលោក សេង ផល្លី!

A: បាទ ជម្រាបសួរ!

Q: ជាដំបូង​នាង​ខ្ញុំ​ចង់​ដឹង​ថា ហេតុអ្វីបានជាលោកសម្រេចចិត្ត​ចូលរួម​ក្នុងសកម្មភាព ការពារ​បរិស្ថាន និងព្រៃឈើដោយ​ផ្ទាល់?

A: បាទ! ដោយសារតែខ្ញុំសម្រេចចិត្តការពារធនធានធម្មជាតិ ដូចជាបរិស្ថាន ដូចជាព្រៃឈើ ព្រោះ​ខ្ញុំមើលឃើញថា ព្រៃឈើ​វា​មាន​សារៈប្រយោជន៍​សំខាន់​ដូចជា​ពួកខ្ញុំ​ដែល​រស់នៅ​ជាប់​នឹង​ព្រៃឈើ គឺយើងបានទទួលផលអនុផលពីព្រៃឈើ ទាំងបោចវល្លិ៍ រើសជ័រអីផ្សេងៗ ហើយ​និង​ថ្នាំ​ឱសថ​បុរាណមួយចំនួនដែល​យើងអាចយកមកដាំហូបបាន។​ ហើយមួយទៀត ឈើ​បាន​ផ្ដល់​ផលប្រយោជន៍ឱ្យយើងច្រើន គឺវាផ្ដល់ទាំងអុកស៊ីហ្សែន ហើយ​វា​ផ្ដល់​ទាំង​ប្រភព​ទឹក​ឱ្យ​យើង​ប្រើប្រាស់ធ្វើកសិកម្មដែរ នៅជុំវិញសហគមន៍របស់ខ្ញុំ​។

Q: ក្នុងនាមលោកជាសកម្មជនការពារព្រៃឈើ តើលោក​បានធ្វើសកម្មភាពអ្វីខ្លះ​ក្នុង​ការការពារ​បរិស្ថាន?

A: បាទនៅក្នុងសហគមន៍របស់ខ្ញុំ ដូចជានៅក្នុងដែនជម្រកព្រៃឡង់ ភាគច្រើន​ខ្ញុំ​ចូលរួម​ល្បាតយ៉ាង​តិច​ក៏១ខែ ៣ដង សម្រាប់ការល្បាតព្រៃ ហើយ​មួយទៀត​យើង​បាន​ដាំដើមឈើ​បន្ថែម នៅពេលមានរដូវភ្លៀងធ្លាក់គឺជារៀងរាល់ឆ្នាំ។ អរគុណ ។

Q: តើលោក ប្រឈមនឹងបញ្ហាអ្វីខ្លះ​ក្នុងនាមជាសកម្មជនការពារព្រៃឈើ?

A: សកម្មជនព្រៃឈើគឺយើងប្រឈមច្រើន ទី១ប្រឈម​នឹង​បទល្មើស​ដែល​គាត់​មាន​អាវុធកែ​ច្នៃនៅ​ក្នុងព្រៃ ទី២ប្រឈមទៅលើ​បញ្ហាផ្លូវច្បាប់ ព្រោះយើងយល់ឃើញថា យើង​មើល​មក​រាល់ថ្ងៃ​វា​ហាក់បីដូចជាអ្នកការពារព្រៃឈើ វាមានសម្ពាធជាងអ្នកទៅកាប់ព្រៃឈើ ហេតុអី​បាន​យើ​ង​លើកឡើងមកចឹង ព្រោះដោយសារ​សកម្មជនការពារព្រៃឈើ រាល់ថ្ងៃ​ដូចជា​ការពារ​ព្រៃឡង់ ហើយក្រសួងបរិស្ថានគាត់ព្យាយាមមិនឲ្យសហគមន៍ព្រៃឡង់ចូលទៅក្នុងព្រៃឡង់ទេ ហើយ​ហេតុអីបានអត់ឱ្យចូល ព្រោះ​យើង​ចង់​ចូល​ទៅ​នឹង​ក្នុង​ព្រៃឡង់​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ ឬអត់ ទីពីរយើងមើលឃើញថា ការដឹកជញ្ជូនឈើចេញពីព្រៃឡង់នៅតែមាន ដល់​ពេល​សហគមន៍​ចូលគាត់អត់ឱ្យចូល ចឹង​ហើយ​បាន​ថា​បទល្មើស​កាប់ឈើ​វា​ងាយស្រួល​ចូល​ជាង​សកម្ម​ជនការពារព្រៃឈើ ។

Q: តើកត្តាអ្វីដែលធ្វើឱ្យលោកនៅតែបន្តធ្វើការងារនេះ ទាំងដែលលោករងនូវការគំរាមគំហែង និង​ការបំបាក់ទឹកចិត្ត?

A: កត្តាដែលជំរុញឱ្យខ្ញុំធ្វើបែបនឹង ព្រោះខ្ញុំមើលឃើញថា ខ្ញុំស្រលាញ់ធនធានធម្មជាតិ ពួក​យើង​រស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ ពួកយើង​ថា​អ្វី​ដែល​យើង​អត់​ធនធាន​ធម្មជាតិ​គឺ​អត់​បាន បើធនធានធម្មជាតិអត់យើងបាន។ ហើយ​មួយ​ទៀត​ព្រោះ​ព្រៃ​វា​ផ្ដល់​សារៈសំខាន់​ខ្លាំង​មែន​ទែន ព្រោះវាអាចដូចអ្វីដែលខ្ញុំនិយាយខាងដើមមិញ វាអាច​បញ្ចេញ​អុកស៊ីហ្សែន​​ឱ្យ​យើង​​ដក​ដង្ហើម​ស្រួល វាអាច​ជា​អាង​ស្តុប​ទឹ​ក​ដោយ​ស្វ័យ​ប្រវត្តិ​ឱ្យមានទឹកប្រើប្រាស់ធ្វើកសិកម្ម […] ចឹង​ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​ការស្រលាញ់ព្រៃឈើ ចង់ចូលរួមការពារវា និង​អភិរក្ស​វា​ឲ្យ​នៅគង់​វង្ស។

Q: តើរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជួយដោះស្រាយ​តាមរយៈការអនុវត្តរបស់លោក កន្លងមកដែរឬទេ?

A: ខ្ញុំគិតថារឿងនឹងវាមាន២ ពេលខ្លះ​ដែល​យើង​ចាប់​បាន​បទល្មើស គឺគាត់បានអនុវត្តទៅ​តាម​ផែនការ​ច្បាប់មួយចំនួនដែរ ពេលខ្លះក៏​គាត់​មួយ​ចំនួន​ទៀត​បើក​ដៃ​ឱ្យ​ឈ្មួញនៅ​តែ​ហ៊ាន​កាប់​ឈើ ។ ហេតុអីបានយើងនិយាយថារាជរដ្ឋាភិបាលបើកដៃឱ្យឈ្មួញកាប់ឈើ ព្រោះយើង​មើល​ឃើញ​ថា ការដឹកចេញឈើវាជារូបភាពទ្រង់ទ្រាយធំមែនទែន ។ ហើយ​ហេតុអ្វី​បាន​ជា​ដឹក​កាត់​ទី​រួមស្រុក ដឹកកាត់ទីប្រជុំជន នៅតែអត់មានការខ្នាក់ខ្នាញ់ពីអាជ្ញាធរ ពេល​ខ្លះមា​ន​ការសម្រួល​ពី​អាជ្ញាធរ​ទៀត ឱ្យ​មាន​ការដឹកចេញទៅដល់ខ្លាំង ឬក៏ដេប៉ូផ្សេងៗ ។

Q: ជាចុងក្រោយ តើលោកមានអ្វីជាសារ ឬសំណូមពរទៅដល់យុវជនជំនាន់នេះ និង​ជំនាន់​ក្រោយពាក់ព័ន្ធនឹងការការពារព្រៃឈើ?

A: បាទ! ជាកិច្ចបន្ទាប់ខ្ញុំក៏សូមស្នើ​សុំបងប្អូននៅក្នុងស្រុក ឬក្រៅស្រុក ឲ្យ​មាន​ការចូលរួម ទោះ​មិ​​នបានចូលរួមផ្ទាល់ក៏ចូលរួមប្រយោល ហើយជាពិសេសយុវជន​ដែលជាទំពាំងស្នងឬស្សី ឲ្យ​គាត់​មាន​ការរៀន​ទៅ​ថ្នាក់​បណ្ឌិត ឬក៏ថ្នាក់សាលា​ផ្សេងៗ ឬក៏រៀនជំនាញទៅលើព្រៃឈើ ទៅ​លើ​បរិស្ថាន​ផ្សេងៗ ឱ្យ​គាត់​ផ្ដោត​សំខាន់​ទៅ​លើ​ចុះ​មក​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ​ចង់​ដឹង​ថា​តើ​ឈើ​នៅ​ក្នុង​តំបន់​មូលដ្ឋាន ឬ​ក៏​តំបន់​ព្រៃឡង់ ឬ​ក៏​តំបន់​ព្រៃ​ផ្សេងៗ​នឹង តើ​វា​មាន​ការកាប់​រាន​ខ្លាំង​អត់។ ហើយចង់ឱ្យ​គាត់ចូលរួមដើម្បីកាត់បន្ថយក្នុងការកាប់បំផ្លាញព្រៃឈើនោះផងដែរ ។

Q: អរគុណច្រើនសម្រាប់ការផ្ដល់បទសម្ភាស!

A: បាទ! អរគុណ៕