សិស្សនិស្សិត ​ជាយុវជនដែល​ពោរពេញ​ដោយថាមពល និងគំនិត​ច្នៃប្រឌិត​ប្រកបដោយ​សក្ដានុពល។ ការចងក្រង​ជាក្រុមបណ្ដាញ​របស់សិស្សនិស្សិត ជាការបង្កើត​ជាក្រុម ក្នុង​គោលបំណង​លើកគុណភាព​នៃការអប់រំ សិទ្ធិអំណាច ផលប្រយោជន៍ និងការពារ​សិទ្ធិស្របច្បាប់​របស់ពួកគេ​ដែលត្រូវបាន​ការពារដោយ​ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

ខាងក្រោមនេះ ជាបទសម្ភាសន៍​រវាងលោក កើត សារ៉ាយ ប្រធានសមាគម​សម្ព័ន្ធនិស្សិត​បញ្ញវ័ន្តខ្មែរ (KSILA) ជាមួយ​នឹងកញ្ញា ជា បញ្ញា សិក្ខាកាម​​មកពី​ញូសន៍រូម​ខេមបូឌា (Newsroom Cambodia)៖

Q: ជម្រាបសួរ លោក!

A: បាទ! ជម្រាបសួរ

Q: លោក​យល់​យ៉ាងណាទៅលើ​ការចងក្រង​ជាក្រុមបណ្ដាញ​របស់សិស្សនិស្សិត ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ផ្សេងៗ​ពាក់ព័ន្ធនឹង​បញ្ហា​របស់​យុវជន​?

A: ខ្ញុំយល់ឃើញថា មានចំណុចបី​ដែលជា​បញ្ហា។ ចំណុចទីមួយ តាមពិត​បញ្ហានេះ វាអត់ទាន់​កើតចំ មិនទាន់​ចំជា​សមូហភាព​កន្លែង​របស់​ពួកគាត់​(សិស្សនិស្សិត​)​តែម្ដង។ ទីពីរ យើងដឹងហើយ នៅក្នុង​សាលារៀន​គេរឹតបន្តឹង​ខ្លាំង។ សូម្បីតែ​ការនិយាយ​ពីនិន្នាការ​នយោបាយ និន្នាការ​ដែលប៉ះពាល់​ដល់​អាជ្ញាធររដ្ឋ គ្រាន់តែ​​ប៉ះដល់​នាយកសាលា គេតែង​ហាមឃាត់ គំរាមគំហែង។ ទីបី សេរីភាព​នៃការសម្ដែងមតិ​នៅទី​សាធារណៈ គឺរដ្ឋាភិបាល​រឹតបន្តឹង​មែនទែន ជាពិសេស​អាជ្ញាធររដ្ឋ​ដើរតួនាទី​ជាអ្នកចាប់ខ្លួន​ដាក់ពន្ធនាគារ​ជាដើម។ អាហ្នឹងហើយ ជាការបំផ្លាញ​ការចងក្រង​សិស្សនិស្សិត។

ហើយបើ​និយាយ​ពីការធ្វើឱ្យ​សិស្សនិស្សិត​មានកា​រ​ចងក្រងគ្នាដើម្បីធ្វើ​កិច្ចការសង្គម តស៊ូមតិ​ហ្នឹង ខ្ញុំ​មើលឃើញ​មធ្យោបាយ​តែមួយទេ គឺឱ្យតែ​មានអ្នកមេគំនិតចាប់ផ្ដើម​មាន​ទស្សនៈវិស័យ គោលការណ៍ វត្ថុបំណង​ច្បាស់លាស់ ហើយ​ទំ​នាក់ទំនង​ជាមួយ​សិស្សនិស្សិត។ ខ្ញុំ​ជឿជាក់ថា ក៏នៅមាន​សិស្សនិស្សិត​ចង់ចូលរួម​តស៊ូមតិ​លើរឿង​អយុត្តិធម៌​សង្គម រឿងអំពើ​អយុត្តិធម៌​ណាមួយ​​នៅក្នុងសង្គម​ដែរ។

Q: តើការចងក្រង​ជាបណ្ដាញ ឬសមាគម​របស់​សិស្សនិស្សិត​នៅតាម​សាលារៀន និងសាកល​វិទ្យាល័យ មានស្ថានភាព​យ៉ាងណាដែរ?

A: ខ្ញុំ​មើល​មិនឃើញ​អំពីរបៀប​នៃការចងក្រង បើយើង​មើល វា​មានមែន គេបង្កើត​ឱ្យមាន​ជាសមាគម ក្រុមនិស្សិត ក្រុម​និស្សិតច្បាប់ ក្រុម​និស្សិត​នីតិរដ្ឋ ក្រុមនិស្សិត​ទស្សនៈវិជ្ជា​អីចឹងទៅ។ ប៉ុន្តែសិស្សនិស្សិត​ទាំងអស់​ហ្នឹង គឺគាត់​អនុលោម​ទៅតាមតែ​គោលការណ៍​ ការណែនាំរបស់​សាលាទេ។ យើង​មើលឃើញ​ថា​ គាត់​មិនអាចមាន​លទ្ធភាព​ធ្វើអ្វី​ដែលមាន​វិសាលភាពជាទំហំ​ហួសពី​ការកំណត់​របស់​សាលាទេ។ អាហ្នឹងហើយ​យើង​មើលឃើញ​ថា លទ្ធភាពនៃ​ការចងក្រង​ហ្នឹង វាអត់អាច​ក្លាយទៅ​ជាចលករ​មួយក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ក្នុងសង្គមទេ។

Q: បើតាម​ស្ថានភាព​នៃប្រព័ន្ធ​អប់រំ​កម្ពុជា​សព្វថ្ងៃ តើ​ការចងក្រង​សិស្សនិស្សិត​សំខាន់​ដែរឬទេ? ហេតុអ្វី?

A: វាសំខាន់! ហេតុអ្វី​បានថា​សំខាន់?! នៅបរទេស ការឱ្យ​សិស្សនិស្សិត​រៀនធ្វើការ​ជាមួយគ្នា​ជាក្រុម គេបណ្ដុះ​តាំងពីក្មេង។ នៅពេល​វិស្សមកាល គេដឹកនាំ​សិស្សនិស្សិត​ទៅបោះតង់ មានការគេង ការលេង​ជាមួយគ្នា។ វាជារឿង​សំខាន់​ណាស់ នៅក្នុង​សាលារៀន តាម​សាកល​វិទ្យាល័យអី​ជាដើម គេធ្វើ​យ៉ាងណា​ត្រូវបង្រៀន​សិស្ស​បង្កើតជាក្រុម ឱ្យគាត់​រៀនសហការ​គ្នាជាក្រុម។ អាចថា​ក្រុម​របស់ពួកគាត់​ហ្នឹង​មិនត្រឹមតែ​វិវឌ្ឍ​ធ្វើកិច្ចការ​ជាក្រុមទេ នៅក្លាយ​ទៅជាអ្នកចូល​ទៅបម្រើ​កិច្ចការ​សង្គមទៀត។ ជាពិសេស​គាត់អាច​រៀនពី​របៀប​ធ្វើការងារ​ ការអត់ធ្មត់ ចេះយោគយល់ និងចេះ​អធ្យាស្រ័យគា្ន។

Q: តើរាជរដ្ឋាភិបាល និងភាគី​ពាក់ព័ន្ធ​គួរមានការ​គាំទ្រ​បែបណាខ្លះដែរទេ? ហេតុអ្វី? បើគាំទ្រ ក្នុងរូបភាព​បែបណាខ្លះ?

A: តាមពិតទៅ កន្លងមក​រដ្ឋាភិបាល​ជាអ្នកគាំទ្រ។ ពីព្រោះ​អាហ្នឹង​រដ្ឋាភិបាល​ជាអ្នកបាន​​ធ្វើសច្ចាប័ន​នៅអង្គការ​សហ​ប្រជាជាតិ។ បើនិយាយ​ឱ្យមែនទែន​ទៅ រដ្ឋាភិបាល​មានតួនាទី​ជាអ្នក​លើកទឹកចិត្ត និងការពារ ហើយ​មាន​យន្តការណ៍​ក្នុងការ​ជំរុញ ធ្វើយ៉ាងណា​ឱ្យទៅ​បានយ៉ាងរលូន ដោយ​មិនស្មុគស្មាញ​ពេកទេ ដោយ​មិនលំបាក​ពេកទេ។ ប៉ុន្តែ​រដ្ឋាភិបាល​រាងប្រាសចាក ដោយសារ​តែឥឡូវនេះ អាជ្ញាធររដ្ឋ ពិសេស​រដ្ឋាភិបាល​ដើរតួនាទី​ទៅជា​អ្នក​រារាំង ទៅជាអ្នក​ធ្វើឱ្យ​លទ្ធភាព​ទាំងអស់​ហ្នឹងស្មុគស្មាញ។​

Q: ជាចុងក្រោយ តើលោក​មានសារ ឬសំណូមពរ​អ្វីដែរ​​?

A: ខ្ញុំមាន​សំណូមពរ​ទៅកាន់​និស្សិតថា យើងត្រូវ​មាន​សុទិដ្ឋិនិយម ប្រសិនបើ​យើងចង់​ធ្វើអ្វី​ឱ្យមាន​ប្រសិទ្ធភាពក្នុ​ងសង្គម យើង​ត្រូវចងក្រង​គ្នាជាក្រុម។ សម្លេង​យើង​កាន់តែ​ច្រើន ធ្វើឱ្យ​ប្រសិទ្ធភាព​ជំរុញ​ទៅរក​ការដោះស្រាយ​កាន់តែមាន​ប្រសិទ្ធភាព​ដែរ។ ចង់ជួយ​សង្គមជាតិ មិនអាច​ធ្វើតែ​ម្នាក់ឯងទេ។ ត្រូវ​ចងក្រងគ្នា គិតគូរ​ចំណុច​ពីណា​ក៏បាន។ បង្កើតគ្នា​ទៅជាក្រុម ហើយសាក​ធ្វើអ្វី​ដែល​អ្នកចង់ធ្វើ។ នេះ​ជារបៀប ដែល​ដើរទៅរក​ការចូលរួម​ព្យាបាល​ជម្ងឺសង្គម។

Q: អរគុណលោក កើត សារ៉ាយ!

A: បាទ! អរគុណ៕