អគ្គបញ្ជាការដ្ឋាន​កងទ័ពជើងគោក បញ្ជា​ឱ្យ​​មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក និង​មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ត្រូវ​ចាត់​តាំង​កម្លាំង​សហការជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ថែរក្សា​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ទូទាំង​ប្រទេស។​​

បទបញ្ជាស្តីពី​ការចាត់តាំង​កម្លាំង​ចូលរួមថែរក្សាការពារតំបន់​អភិរក្សព្រៃឈើធម្មជាតិទូទាំង​ប្រទេស ចេញ​ដោយ​អគ្គមេបញ្ជាការ លោក វង្ស ពិសេស ​នៅ​ថ្ងៃទី២ ខែមេសា ឆ្នាំ​២០២៤ មាន​​​ចំនួន​៥​ចំណុច។

អគ្គបញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក​ក៏​បាន​បញ្ជាឱ្យកងទ័ពជើងគោក ជើងទឹក កងរាជអាវុធហត្ថ សហការ​ជាមួយ​​ក្រសួងកសិកម្ម ក្រសួងដែនដី អាជ្ញាធរ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រៀម​ជួយ​អន្តរាគមន៍​ឱ្យ​​​មា​នវិធានការបង្ក្រាបបទល្មើសដែលបានកាប់ទន្រ្ទានតំបន់អភិរក្សព្រៃឈើ។ ចាត់​កម្លាំង​ស្រាវជ្រាវ​រុករក​ជន​ទុច្ច​រិត​​ដែលសម្ងំលាក់ខ្លួនក្នុងព្រៃ ហើយ​កងកម្លាំង​ទាំងអស់​ត្រូវ​ប្រកាន់​ខ្ជាប់​​នូវវិន័យ ដោយ​មិនត្រូវ​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ ។

នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើង​ថា ជារឿង​ដ៏​ត្រឹមត្រូវ​ដែល​អាជ្ញាធរ​មាន​​​សមត្ថកិច្ច​ចាត់វិធានការទប់ស្កាត់ដើម្បីកុំឱ្យ​មានបទល្មើសកើតឡើង ជាពិសេស​នគរបាលយុត្តិធម៌​។

លោកថ្លែងថា៖ «ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់បញ្ហារ៉ាំរ៉ៃនេះ ពីព្រោះអីបញ្ហានេះវាមិន មែនទើបតែកើតឡើងវាជាបញ្ហារ៉ាំរ៉ៃយូរហើយ ដូច្នោះ​ទាល់តែ​មាន​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​ទើបអា​ច​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅ​បាន ហើយ​ត្រូវ​មាន​ការរួម​ចំណែក​ពីភាគី​ពាក់ព័ន្ធ​នានា​ទើប​អាច​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការធានា​ឱ្យ​បាន​នូវ​ការអភិរក្ស»​។

លោក អូត ឡាទីន មន្រ្តីសម្របសម្រួលលើគម្រោងយុត្តិធម៌បរិស្ថាន (CEEJA) និយាយ​ថា លោក​សាទរ​នូវ​បទ​បញ្ជាទាំ​ង​៥​ចំណុច​ដែល​ទើប​ដាក់​ចេញ​ថ្មីៗ​នេះ ទន្ទឹមនឹងនេះលោកក៏មានការ ព្រួយបារម្ភ​ដោយសារ​កម្ពុជា​យើង​គឺ​មាន​ច្បាប់ស្ដីពីព្រៃឈើ ការពារតំបន់ធម្មជាតិ ច្បាប់ចាត់ចែងទ្រព្យសម្បត្តិ រដ្ឋជាដើម ទោះបីជា​មាន​ច្បាប់​នេះ​ហើយ​ក៏​ដោយ ក៏នៅតែបញ្ហាព្រៃឈើមិនត្រូវបានដោះស្រាយល្អប្រសើរទេ ។

លោកបន្តថា៖ « បទបញ្ជាទាំង៥ចំណុចនេះ​ដែលដាក់ចេញ​មក​គឺ​ភាគច្រើន​ផ្ដោត​តែ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​រង្វង់​មន្ត្រី​រាជការ​ក្នុងរង្វង់មន្រ្តីរដ្ឋ​។ ប៉ុន្តែអ្វីដែល​មាន​ការសោក​ស្ដាយ​នឹង​គឺ​អត់មាន​ឃើញ​រំលេច​អំពី​កិច្ច​សហប្រតិបត្តិការ​​ជាមួយ និងដៃគូរអភិវឌ្ឍ​ប្រតិបត្តិការពាក់ព័ន្ធ សមាគម អង្គការមិនមែនរដ្ឋាភិបាល សកម្មជន ហើយនិងមិនបានរំលេចអំពីកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍មូលដ្ឋាន សហគមន៍​ជនជាតិ​ដើម​ភាគតិច ដែលពួកគាត់គឺជាអ្នកអាស្រ័យផលដែលអ្នកនៅកៀកព្រៃផ្ទាល់»។

យោងតាមសេចក្ដីថ្លែងការណ៍រួម​ទិវាព្រៃឈើអន្តរជាតិ គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​បាន​បន្តធ្លាក់​ចុះ​រហូត​ដល់​១៤.២៩% ត្រឹមឆ្នាំ២០១៧ ទន្ទឹមនឹងនេះ ការទន្រ្ទានដីមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ បានបន្តគំរាមគំហែងដល់តំបន់ព្រៃឈើ តំបន់ការពារ តំបន់ព្រៃលិចទឹក និងព្រៃសហគមន៍៕