សមាជិកគណបក្សកម្លាំងជាតិប្រមាណ ២០០នាក់ បានធ្វើបាតុកម្មដោយសន្តិវិធីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ទាមទារឱ្យតុលាការ និងស្ថាប័នពាក់ព័ន្ធ ទម្លាក់ការចោទប្រកាន់ និងដោះលែងថ្នាក់ដឹកនាំប្រចាំខេត្តកំពង់ស្ពឺ និងកំពង់ចាមនៃគណបក្សកម្លាំងជាតិ គឺលោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊។
ការធ្វើបាតុកម្មនៅទីស្នាក់ការគណបក្សកម្លាំងជាតិ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ បានធ្វើឡើងក្រោយពីមានការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊ ដាក់ក្នុងពន្ធនាគារ។ លោក អ៊ុ វីរៈរដ្ឋ ជាមន្រ្តីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ខណៈលោក មឺ សេងហ៊ ជាអនុប្រធានក្រុមការងារបណ្តោះអសន្នរបស់គណបក្សកម្លាំងជាតិនៅខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
អនុប្រធានក្រុមការងាររាជធានីភ្នំពេញនៃគណបក្សកម្លាំងជាតិ លោក ឈួ ផេង បានឱ្យដឹងថា ការធ្វើបាតុកម្មនេះ ក្នុងគោលបំណងសុំឱ្យមានការដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិទាំង ២រូប ដែលពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
លោកថ្លែងថា៖ «ការចាប់ ការចោទនេះ គឺជារឿងនយោបាយសុទ្ធសាធ មិនមែនជាការអនុវត្តច្បាប់ទេ កន្លងមកដូចលោក អ៊ំ វិរៈរដ្ឋ លោកនាយករដ្ឋមន្រ្តីចាស់ អគ្គមសេនាបតីតេជោ [ហ៊ុន សែន] បានសម្រួលរឿងនេះហើយ ហើយក៏បានធ្វើកិច្ចការនេះជាមួយក្រសួងយុត្តិធម៌ និងតុលាការដែរ ដើម្បីដោះបន្ទុករឿងហ្នឹង តែមកដល់ពេលគាត់ចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ក៏ចោទ ហើយចាប់គាត់[…] ចំពោះលោកគា វិសាល គឺជារឿងជេរប្រមាថ មិនមែនជារឿងព្រហ្មទណ្ឌទេ យើងគិតថាជារឿងនយោបាយសុទ្ធសាធដែលចាប់ពួកគាត់ហ្នឹង»។
ជុំវិញគម្រោងធ្វើបាតុកម្មនេះដែរ លោក ឈួ ផេង បានឱ្យដឹងដែរថា កន្លងមក គណបក្សកម្លាំងជាតិ បានជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ តែរដ្ឋបាលរាជធានីមិនអនុញ្ញាត ដោយបានណែនាំឱ្យធ្វើនៅទីស្នាក់ការគណបក្សកម្លាំងជាតិវិញ។ លោកបន្តថា ដោយសារតែអាកាសធាតុក្តៅពេក គណបក្សបានសម្រេចថា មិនធ្វើ ៣ថ្ងៃទេ គឺធ្វើតែមួយព្រឹកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ។
លោកបន្ថែមថា៖ «យើងមិនដឹងថា តុលាការបន្ទន់ឥរិយាបទ ឬក៏ទម្លាក់បទចោទចំពោះគាត់ឬអត់ទេ តែយើងឃើញរឿងអយុត្តិធម៌ យើងត្រូវតែតវ៉ាសម្តែងមតិក្នុងរបបប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្តែករណីនេះប្រសិនបើតុលាការយល់ថា រដ្ឋាភិបាលនេះ ប្រជាធិបតេយ្យពិតមែន គាត់ត្រូវតែពិចារណាសំណុំរឿងពួកគាត់ឡើងវិញ»។
Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា អ្នកនាំពាក្យក្រសួងយុតិ្តធម៌ លោក ជិន ម៉ាលីន ដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបនៅឡើយ គិតត្រឹមរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា គ្មានអ្នកណាមានសិទ្ធិទៅបង្គាប់បញ្ជាលើប្រព័ន្ធតុលាការនោះទេ ព្រោះអ្វីៗគឺជាឆន្ទានុសិទ្ធិរបស់តុលាការដែលជាអ្នកសម្រេចប៉ុណ្ណោះ។
លោកថ្លែងថា៖ «ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសច្បាប់ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ មានតែស្ថាប័នរបស់តុលាការទេ ដែលជាអ្នកសម្រេចថា បុគ្គលហ្នឹងមានទោសឬគ្មានទោស ហើយមានទោសកម្រិតណា គឺតុលាការ គ្មានបុគ្គលណាផ្សេងឬក្រុមណាមួយ អាចមកទាមទារដាក់សម្ពាធលើតុលាការឱ្យធ្វើតាមចិត្តរបស់ខ្លួនបានទេ»។
ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ជាធម្មតា នៅពេលដែលមានការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួន ដោយគ្រាន់តែធ្វើសកម្មភាពនយោបាយ គឺគណបក្សនយោបាយតែងតែចាត់ទុកថាជាការគំរាមកំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញសកម្មភាពនយោបាយ និងរំលោភសិទ្ធិមនុស្ស។ ជាមួយគ្នានេះដែរ លោកថា ទាំងអង្គការជាតិ និងអង្គការអន្តរជាតិមួយចំនួន និងអង្គការសហប្រជាជាតិ តែងសម្តែងការព្រួយបារម្ភ ពីស្ថានភាពនយោបាយ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកថ្លែងថា៖ «ការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំង និងសកម្មជនការពារសិទ្ធិមនុស្ស នាំឱ្យមានការិះគន់ថាជាការគំរាមកំហែង បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិ និងសេរីភាពជាមូលដ្ឋាន […] ដើម្បីកុំឱ្យកម្ពុជាទទួលបានការរិះគន់បន្ថែមទៀតទាក់ទងនឹងការធ្វើទុកបុកម្នេញ ការគម្រាមកំហែង ការប្រព្រឹត្តទៅលើសកម្មជនគណបក្សប្រឆាំង ដូចកន្លងមក អ្នកនយោបាយទាំងអស់គួរតែជជែកគ្នា តម្កល់អត្ថប្រយោជន៍ជាតិ តម្កល់អត្ថប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយដោះស្រាយវិបត្តិនយោបាយសេសសល់ ដើម្បីបញ្ជប់ ធ្វើយ៉ាងណាដើម្បីស្តារនូវលទ្ធិប្រជាធិបតេយ្យ និងកាគោរពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសលំហសេរីភាពនយោបាយ»៕