ការនាំចូលប្លាស្ទិកមកកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន​ជាង​​ ២១ ​៤៩0 គីឡូក្រាម ថយចុះ៧៥% បើធៀបនឹង​ពេល​ដដែល​កាលពីឆ្នាំ២០២៣។​ នេះបើតាម​សារបង្ហោះលើ​ទំព័រ​ហ្វេសប៊ុករបស់ក្រសួងបរិសា្ថន។​

ក្នុង​សារដែល​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​ក្រសួង​បរិស្ថាន​​កាល​ពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៤​បញ្ជាក់ថា​ មាន​ក្រុមហ៊ុន​តែមួយ​ប៉ុណ្ណោះ​ដែល​បាន​​នាំ​ចូល​ថង់​ប្លាស្ទិក​ប្រើប្រាស់ទូទៅ សរុប​ចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម។ ហើយ​​ការ​នាំ​ចូល​​ថង់​​ប្លាស្ទិក​សម្រាប់​បម្រើ​សង្វាក់​ផលិត​កម្ម មានក្រុមហ៊ុនចំនួន​២ ទទួលបានការអនុញ្ញាត​ពី​ក្រសួង​បរិស្ថាន ក្នុង​បរិមាណចំនួន ៩ ១៥២,៤៤ គីឡូក្រាម​។ សម្រាប់​ត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលប្លាស្ទិកសរុប​ទាំងពី​រ​ប្រភេទ​​មានចំនួន ៨៤​ ៨៧៧,៣៨គីឡូក្រាម។  

យោង​តាមការ​រាយការណ៍របស់​​ UNDP ក្នុងរាជធានី​​ភ្នំពេញតែមួយ ថង់​ប្លាសិ្ទក​ចំនួន​១០​លាន​ថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់​ថ្ងៃ។ ការប្រើប្រាស់ថង់ប្លាសិ្ទកនេះ ស្ថិត​ក្នុង​រូបភាព​ជា​អាជីវកម្ម​លក់ដូរតូចធំ ដូចជាហាងលក់សម្លៀកបំពាក់ តូបអាហារជាដើម។ អាជីវកម្មទាំងនោះ​ ជំរុញឱ្យមានការ​ប្រើថង់ប្លាស្ទិកតម្លៃថោក ដើម្បីខ្ចប់ទំនិញ​ ឬបម្រើសេវាកម្មរបស់ខ្លួន។

ក្នុង​សារដែល​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​ក្រសួង​បរិស្ថាន​ដដែល បាន​ស្រង់​សម្តី​របស់​​លោក​ អ៊ាង សុផល្លែត រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​​ថា ការថយចុះនេះ​ជាសញ្ញា​​វិជ្ជ​​មានបង្ហាញ​ថា​​ កា​រ​អប់រំ​ផ្សព្វផ្សាយ​​ពី​ការ​​អនុវត្ត​យុទ្ធនាការ​កាត់​បន្ថយ​ការប្រើ​ប្លាស្ទិក កន្លង​មក​ទទួល​បាន​ជោគ​ជ័យ​។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់ Newsroom Cambodia បន្ថែម​ថា ការ​ថយ​ចុះ​ការនាំ​ប្លាស្ទិក​​នេះ​កើតចេញពីយុទ្ធនាការ​កាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ក្រសួង ក្រោ​ម​ប្រធាន​បទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងការ​ផ្លាស់ប្តូរផ្នត់គំនិត​លើ​ការប្រើប្រាស់​បា្លស្ទិក​​របស់​​ប្រជា​ពលរដ្ឋ​​​។

លោក ខ្វៃ អាទិត្យា បន្ថែម​ថា៖ «យើងឃើញថាជោគជ័យដោយសារតែ​មាន​ការកែប្រែ ផ្នត់​គំនិត ការឈប់ប្រើប្រាស់ថង់ប្លាស្ទិកនេះ បានន័យថា ប្រជាពលរដ្ឋបានជ្រួតជ្រាប។ តាមរយៈ​នេះ គាត់មានការគិតគូរចំពោះសុខភាព គិតគូរចំពោះបរិស្ថាន អ៊ីចឹងហើយការបញ្ជាទិញ ឬ​ការប្រើប្រាស់អីហ្នឹង មានការថយចុះ»។

ចលនា​​កាត់បន្ថយ​​ការប្រើ​ប្រាស់​ប្លាស្ទិក​ក្រោម​ប្រធាន​បទ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ​» នេះ​ ​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ប្រកាស​​​ចាប់​ផ្តើ​មតាំង​ពីថ្ងៃទី​​១​ ខែកញ្ញា​ ឆ្នាំ​២០២៣​​។ ​

​បើ​តាម​គេហទំព័រ​របស់ UNDP ប្លាស្ទិក​ចំនួន​​ ៤៣០ លាន​តោនត្រូវបាន​ផលិត​ជាប្រចាំឆ្នាំ​ជុំវិញ​ពិភពលោក។ ប្លាសិ្ទក​ មានផ្ទុក​​សារធាតុ​គីមី​ច្រើន​ជាង​១៣,០០០ ប្រភេទ​ដែលមាន​ផលប៉ះពាល់​ដល់​សុខភាពមនុស្ស​ និងធម្មជាតិ​។ សារធាតុ​គីមីនេះ អាចលេច​ចេញពី​ប្លាស្ទិក​ទៅកាន់​ដី​ ខ្យល់ និង​ទឹក​ ទៅ​តាមដំណាក់​កាល​នីមួយ​ៗ​នៃ​វដ្តជីវិត​របស់​បា្លស្ទិក៕