របាយការណ៍ប្រចាំឆ្នាំរបស់​អង្គការសង្គមស៊ីវិល​​ដែលធ្វើការផ្នែកសិទ្ធិមនុស្សចំនួន៣ បាន​រកឃើញថា នៅ​ក្នុង​​ឆ្នាំ២០២៣ មានការកើនឡើងជាង១០ភាគរយនៃហេតុការណ៍រឹតត្បិត និងរំលោភបំពានសេរីភាពមូលដ្ឋាន​បើធៀបនឹង​ឆ្នាំ២០២២។

តាមរយៈរបាយការណ៍រួមគ្នាមួយប្រចាំឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលរៀបចំ​ដោយ​គម្រោង​ឃ្លាំមើលសេរីភាពមូលដ្ឋានរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងមជ្ឈមណ្ឌលសាមគ្គីភាព(Solidarity Center) ចេញផ្សាយនៅថ្ងៃទី២៤ ខែមេ​សា ឆ្នាំ២០២៤ បានឱ្យដឹងថា មានការកើនឡើង១១ភាគរយនៃហេតុការណ៍រឹតត្បិត និងរំលោភបំពានសេរីភាពមូលដ្ឋានបើប្រៀបធៀបនឹងឆ្នាំ២០២២។

សេរីភាពជាមូលដ្ឋាន​ដែលអង្គការទាំងនោះបាន​ផ្តោតទៅលើមានចំនួន៣ គឺសេរីភាពខាងសមាគម សេរីភាពខាងការ​បញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ។ របាយការណ៍ដដែល បង្ហាញថា ការអនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​ដោយសន្តិវិធី បានជួបប្រទះការរឹតត្បិត​កាន់តែខ្លាំងឡើងៗ​ដូចជា ការប្រែប្រួលផ្នែក​ច្បាប់​ រួមមានច្បាប់​បោះឆ្នោតដែលបានធ្វើវិសោធនកម្ម ក្នុងអំឡុងពេល​នៃការបោះឆ្នោត​ជាតិឆ្នាំ២០២៣។

របាយការណ៍ក៏​បានបង្ហាញនូវរបក​គំហើញសំខាន់ៗចំនួន៤ រួមមាន ទី១ មាត្រា១៤២ នៃវិសោធនកម្មច្បាប់បោះឆ្នោត​កំណត់គោលដៅទៅលើអ្នកគាំទ្រនយោបាយជំទាស់ពីការអនុវត្តសេរី ភាពខាងការបញ្ចេញមតិដោយសន្តិវិធី និងការមិនអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ។ ទី២ ​ពលរដ្ឋកាន់តែច្រើនឡើងបង្ហាញពីការធ្លាក់ចុះការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន អ្នកសម្តែងមតិផ្នែកនយោបាយជំទាស់​បានក្លាយជាគោលដៅរងគ្រោះ និងទទួលរងនូវការយាយីតាមផ្លូវច្បាប់។ ទី៣ ការយល់ដឹងរបស់សាធារណជនអំពីសេរីភាពមូលដ្ឋានបានថយចុះ ពលរដ្ឋបានកើនឡើង​ភាពភ័យខ្លាចពីផលវិបាកនៅពេលអនុវត្តសេរីភាពទាំងនេះ និងទី៤ អង្គការសង្គមស៊ីវិល និងសហជីពនៅតែមិន​ត្រូវ​បានមើលឃើញថាជាភាគីពាក់ព័ន្ធដ៏មានសារៈសំខាន់ ទោះបីជាមានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ​រដ្ឋាភិបាលក៏ដោយ។

ប្រភពដដែលបញ្ជាក់ថា៖ «ពលរដ្ឋត្រូវបានទទួលរងសកម្មភាព រំលោភបំពាន ការរឹតត្បិត និងការឃ្លាំមើល នៅពេលអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួនក្នុងកម្រិតមួយខ្ពស់ជាងឆ្នាំមុនៗ[…]ការកើនឡើងនៃហេតុការណ៍នេះ គឺពុំមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ពោលគឺកើតឡើងដោយសារតែការបង្ក្រាបទៅលើអ្នកនយោបាយជំទាស់ ក្នុងអំឡុង​ពេលបោះឆ្នោតជាតិឆ្នាំ២០២៣»។

បើតាម​របាយការណ៍របស់សង្គមស៊ីវិលទាំង៣ស្ថាប័ន​​ នៅ​ក្នុង​ចំណោម​ហេតុការណ៍​ចំនួន​៦៣៣ ហេតុការណ៍ពាក់​ព័ន្ធនឹងសេរីភាពមូលដ្ឋាន ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ក្នុងនោះមានហេតុការណ៍ចំនួន ២៥៥​ករណី ជាប់ពាក់ព័ន្ធនឹងការរឹតត្បិត​យ៉ាងតិចមួយ និង ៣៧៧ ជាប់ពាក់ព័ន្ធករណីរំលោភបំពានមានយ៉ាងតិចមួយ។

អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោកស្រី ប្រាក់ ចាន់ម្លី បាន​ប្រាប់ Newsroom Cambodia នៅថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៤នេះ​ថា ករណីរឹតត្បិតសេរីភាពមូលដ្ឋានរបស់​ពលរដ្ឋ គឺកើតមានឡើងអំឡុងពេលបោះឆ្នោត ដែលជាពលពលរដ្ឋ និងគណបក្សនយោបាយ ព្រម​ទាំងសង្គម​ស៊ីវិលផ​ង​នោះ អនុវត្តនូវសិទ្ធិមូលដ្ឋានរបស់ខ្លួន។

លោក​ស្រីមានប្រសាសន៍ថា៖ «ហេតុការណ៍ទាំងអស់នេះ ច្រើនកើតឡើង​ដោយសារតែវាជាពេលវេលា​មួយ​នៅក្នុង​ការរៀបចំបោះឆ្នោតជាតិ ចឹងហើយប្រជាពលរដ្ឋឬក៏អ្នកនយោបាយហ្នឹង នៅក្នុងអំឡុងពេលហ្នឹង គាត់អាចអនុវត្តនូវសេរីភាពមូលដ្ឋានរបស់ពួកគាត់ រួមមានដូចជា សេរីភាពប្រជុំ ឬក៏បញ្ចេញមតិជាដើម ឬក៏ការធ្វើសកម្ម​ភាព​របស់​សមាគម ឬគណបក្សនយោបាយ ចឹងហើយនៅពេលដែលប្រជាពលរដ្ឋគាត់​ចាប់ផ្តើមអនុវត្ត​សេរីភាពរបស់​គាត់ នៅពេលនោះដែរ ក៏យើងរកឃើញមាននូ​វការរឹតត្បិត ឬក៏ការរំលោភបំពានទៅលើការអនុវត្តសេរីភាពរបស់​ពួក​គាត់»។

លោកស្រី ប្រាក់ ចាន់ម្លី បន្តថា រូបភាពនៃការរឹតត្បិត ឬក៏ការរំលោភបំពានសិទ្ធិមូលដ្ឋាន រួមមាន ការឃ្លាំមើលពីសំណាក់​អាជ្ញាធរ​នៅពេលមានការជួបជុំ ការ​ថត​រូប និងការកោះហៅទៅសាកសួរជាដើម។

លោកស្រីថ្លែងថា៖ «យើងរកឃើញមានការឃ្លាំមើលពីខាងសំណាក់អាជ្ញាធរ ទៅលើការអនុវត្ត​សកម្មភាពរបស់អង្គការសមាគម​ ដែលគាត់ធ្វើសកម្មភាព ឬក៏បើកវគ្គបណ្តុះបណ្តាលអីចឹង ហើយក៏មានអាជ្ញាធរគាត់មក​ឃ្លាំមើល​ ឬក៏មកថតរូបកិច្ចប្រជុំ ឬក៏វគ្គបណ្តុះបណ្តាលនៅទីកន្លែងឯកជន​របស់អង្គការសង្គមស៊ីវិល ហើយ​យើង​ក៏ឃើញ​មាន​ការ​ទទួល​រង​នូវទណ្ឌកម្មផ្នែកព្រហ្មទណ្ឌ ដូចជា ការចាប់ខ្លួន ការកោះហៅទៅសាកសួរ ដោយ​សា​រ​តែការអនុវត្ត​សេរីភាពទាំង៣​​នឹងផងដែរ»។

ករណីនេះ លោក​ស្រី ប្រាក់ ចាន់ម្លី ស្នើឱ្យ​អ្នកអនុវត្តច្បាប់ពិចារណាធ្វើបែបណាកុំឱ្យមានការរឹតត្បិត ឬការគាបសង្កត់ដល់ពលរដ្ឋ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ក៏ដូចជាអ្នកនយោបាយ ដើម្បីធានាថាពួកគេ​​​អាចអនុវត្តសិទ្ធិរបស់ពួកគេបានស្របទៅតាមច្បាប់។

កញ្ញា មាន លីសា សកម្មជនចលនាមាតាធម្មជាតិ មានប្រសាសន៍ថា កន្លងមក សកម្មជនបរិស្ថាន ក៏ដូចជាអ្នកការពារ​សិទ្ធិមនុស្ស ព្រមទាំងប្រជាពលរដ្ឋ​រងគ្រោះដោយសារដីធ្លីជាដើមនោះ ពិត​ជា​បាន​រង​នូវការ​​រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​ និងត្រូវបាន​អាជ្ញាធរ​ឃ្លាំមើល​សកម្មភាពរបស់ពួកគេជាប្រចាំ​ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាពផ្លូវចិត្ត​ផងដែរ។

កញ្ញា​ថា៖ «យើងដឹងហើយថា យើងរស់នៅក្នុងប្រទេសដែលអត់មាននីតិរដ្ឋ​ គ្មានការគោរពសិទ្ធិ​ទាល់តែសោះហ្នឹង ទាក់ទ​ងជាមួយនឹងសេរីភាពដើរហើរមួយចំនួន ដែលយើង​ជាសកម្មជន យុវជន និងជាពិសេសអ្នកដែលការពារសិទ្ធិមនុស្ស អ្នកការពារធនធានធម្មជាតិ​ ដែលពួកគាត់ធ្វើដំណើរ ក៏ត្រូវបានរឹតត្បិត មានន័យថា ចុះ​ទៅតំបន់​ព្រៃ ឬក៏ចុះទៅតំបន់ការពារធម្មជាតិនានា ដើម្បីអនុវត្ត​នូវសិទ្ធិរបស់ពួកគាត់​ក្នុងកិច្ចការពារបរិស្ថានហ្នឹង ក៏ត្រូវ​បានរឹតត្បិតយ៉ាង​ឃោឃៅច្រើនដែរ»។

ជុំវិញរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា ស្ថានភាពនៃការអនុវត្តសិទ្ធិសេរីភាពនៅប្រទេសកម្ពុជា មិនបានធ្លាក់ចុះដូចរបាយការណ៍នេះ​ទេ។ ផ្ទុយទៅវិញ លោកថា ចំនួនអ្នកបំពានច្បាប់មាន​ការកើនឡើងទៅវិញទេ។

លោកមានប្រសាសន៍ថា៖ «សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការបញ្ចេញមតិនយោបាយអីហ្នឹង គឺអត់មានថយចុះទេ ប៉ុន្តែអ្វីដែលអាចកើតឡើង គឺអ្នកបំពានច្បាប់ អ្នកបញ្ចេញមតិដោយរំលោភសិទ្ធិអ្នកដទៃ រំលោភក្រមសីលធម៌ហ្នឹង​អាច​កើន ចឹងយើងត្រូវបែងចែងឱ្យ​ច្បាស់រវាងពីរហ្នឹង បើសិនជាការបញ្ចេញមតិក្នុងក្របខណ្ឌរង្វង់ច្បាប់ក្នុងការ​គោរពសិទ្ធិអ្នកដទៃ ប្រទេសកម្ពុជាយើងហ្នឹង វាបរបូណ៍ហូរហៀរ អត់មានពីណាទៅធ្វើអីទេ កុំឱ្យ​​តែធ្វើ​ខុសច្បាប់​ កុំឱ្យ​តែទៅ​បំពារបំពានអ្នកដទៃ អាហ្នឹងគេមានវិធានការណ៍»។

របាយការណ៍ប្រចាំ២០២២ ស្តីពី ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលចេញដោយអង្គការ​-សមាគម​ទាំង​៣ដដែលនេះ កាលពីខែកញ្ញា ឆ្នាំ២០២៣ បានកត់ត្រាហេតុការណ៍សរុបចំនួន ៥៦៦​ករណី ទាក់ទងនឹងការអនុវត្តសេរីភាពមូលដ្ឋានក្នុងឆ្នាំ២០២២។ ក្នុងចំណោមនោះមាន ៣៥៤ ករណី បង្ហាញថា មានការរឹតត្បិតឬការរំលោភសេរីភាពមូលដ្ឋានយ៉ាងហោចណាស់មួយករណី។

របាយការណ៍នោះ បន្តថា​ ហេតុការណ៍ពាក់ព័ន្ធនឹងការរឹតត្បិត ឬការរំលោភសេរីភាពមូលដ្ឋាន ត្រូវបានកត់ត្រានូវ គ្រប់​រាជធានី-ខេត្តនៃប្រទេសកម្ពុជា ក៏ប៉ុន្តែករណីភាគច្រើន កើតឡើងនៅក្នុងរាជធានីភ្នំពេញ ដោយ​មាន​ហេតុការណ៍​ចំនួន ២៨៧ ករណី​ត្រូវបានកត់ត្រា៕