សមាជិកគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតកំពុងពិនិត្យលទ្ធភាពក្នុង​ការរៀបចំសំ​ណើ​​​រ​សម្រាប់ស្នើសុំគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោសបម្រើឱ្យសេចក្តីត្រូវការ​សម្រាប់បុ​ណ្យ​​ជាតិសំ​ខាន់ៗ​ នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានដឹកនាំការពិនិត្យបញ្ជីឈ្មោះទណ្ឌិត លោក គឹម សន្តិភាព ឱ្យ​ដឹង​​តាមរយៈការចុះផ្សាយរបស់កាសែតក្នុងស្រុក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះថា នៅចំពោះ​​មុ​ខ​​នេះ គណៈកម្មការជាតិដែលមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផង បានរៀបចំកិច្ចពិ​គ្រោះ​យោ​​បល់ ដោយពិនិត្យទៅលើការបើកផ្លូវឱ្យមានការស្នើសុំបន្ធូរបន្ថយទោស និងលើ​​ក​​​លែង​ទោស សម្រា​ប់​បុ​​ណ្យចូលឆ្នាំថ្មី​ និងបុណ្យវិសាខបូជា ខាងមុខនេះ។

ប្រភពបន្តថា៖«ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមជាមួយឯកឧត្តម ឆែម សាវុធ រដ្ឋលេខា​​ធិការក្រសួងមហាផ្ទៃ បានរួមដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដើម្បីពិនិត្យ ពិភាក្សាលើសំណុំឯកសារនៃសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រ​​ពៃណី​​ជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤នេះ នាសាលប្រជុំក្រសួងយុត្តិធម៌ » ។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបន្ថែម ពីអ្នកនាំពាក្យក្រសួ​ង​​យុត្តិធម៌ លោក គឹម សន្តិភាព​បានទេ នៅថ្ងៃទី៣០ មេសា នេះ ខណៈដែលអ្នកនាំពាក្យក្រសួងម​​ហាផ្ទៃលោ​​ក ទូច សុខ: ក៏ពុំអាចស្នើសុំការផ្តល់ព័ត៌មានបានដែរ។

បើទោះជាបែបណា សម្រាប់អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ​ សា​ទរ​​ចំ​ពោះ​ផែ​នការដែលដាក់ឱ្យមានការបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់​បុណ្យជា​តិ​សំ​​ខាន់​​ៗនេះ​ឡើ​ង​​។ក្រៅពីនេះ ក្នុងនាមជាអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ក៏ចង់ឃើញការអនុវត្តការងារនេះ ធ្វើឡើង​​ដោ​យ​​​​ស្មើភា​ពគ្នាដោយមិនចំពោះបក្សនយោបាយ ឬក្រុមណាមួយនោះទេ ប្រសិនបើរកឃើ​ញថាស្ថាន​ភាព​​ទោ​​​​ស​​​​នោះ ត្រូវលើកលែង ឬត្រូវបន្ធូរបន្ថយគួរដាក់ឱ្យស្ថិតក្នុងកម្មវិធីលើកលែងទោស។

លោកបន្តថា៖«គណបក្សភ្លើងទៀនអបអរសាទរចំពោះព័ត៌មានដែលថានឹងមានការបន្ធូរបន្ថយទោសដល់​​​អ្នកដែលមានទោសហើយកំពុងតែនៅក្នុងពន្ធនាគារ។ជាមួយគ្នានេះ សូមស្នើដល់រាជរដ្ឋាភិបាលពិចារណា​​បន្ធូរបន្ថយទោស និងដោះលែងដល់មន្រ្តី និងសកម្មជននយោបាយ និងសកម្មជនសង្គមនានាដែលកំពុងតែស្ថិតនៅក្នុងពន្ធនាគារឲ្យមានសិទ្ធិសេរីភាពឡើងវិញ ដើម្បីពួកមានសេរីភាពចូលរួមក្នុងគណបក្សនយោ​​បាយដែលគេពេញចិត្តស្របតាមឆន្ទៈ និងរដ្ឋធម្មនុញ្ញរបស់ជាតិ » ។

បើតាមលោក លី សុធារ៉ាយុត្តិ ចាប់ពីដើមឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា មានន្រ្តីគណបក្សភ្លើង​​ទៀ​ន​​ចំ​​នួន១៤នាក់ហើយ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ។របា​យការណ៍​រប​​ស់​​​គ​​ណបក្ស​ជំទាស់មួយនេះ បង្ហាញថា លោក ខឹម ចាន់វណ្ណៈ ប្រធានប្រតិបត្តិស្តីទី រាជធានីភ្នំពេញ លោ​​ក​ស្រី​ ឆាយ ចិន្តា ប្រធានចលនាស្រ្តីខណ្ឌជ្រោយចង្វា អ្នកទាំងពីរត្រូវចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២៤។

ដោយឡែក លោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិខណ្ឌជ្រោយចង្វារ និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិខណ្ឌដូនពេញ អ្នកទាំងពីរត្រូវចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២​៤​ដែ​​រ​​។

ក្រៅពីនេះ លោក សរ សុខា ប្រធានប្រតិបត្តិស្រុកស្ទឹងហាវ លោក ស៊ុន ស៊ន សកម្មជនឃុំកែវផុស លោក ឯក​ បេន អតីតប្រធានស្តីប្រតិបត្តិខេត្តកំពង់ស្ពឺ លោក ដាង ប៊ុនហាក់ អតីតអនុប្រធា​​នគណៈ​​កម្មា​​ធិ​​កា​រ​​ប្រ​តិ​​បត្តិរាជធានីភ្នំពេញ លោក គឹម ថាយមុន្នី ចៅសង្កាត់រងទី២ សង្កាត់ស្ទឹងមានជ័យ២ លោក កឹម ហុង ចៅ​ស​​ង្កា​​ត់រងទី២ សង្កាត់អូរឬស្សី៤ លោក សាន សឿង អតីតសមាជិកគណៈកម្មាធិការនាយក គណ​​ប​ក្ស​​ភ្លើ​ង​​ទៀ​ន ត្រូវចាប់ខ្លួនកាលពីថ្ងៃទី៩ មេសា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ លោក យិន ភាន បេក្ខជនលេខរៀងទី៣ ស្រុកស្ទឹងត្រង់ លោក ស្រ៊ី មាន បេក្ខ​ជន​​លេខ​រៀ​ងទី៤ ស្រុកស្ទឹងត្រង់ និងលោក គង់ ថារ៉េត អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ក្រុងកំពង់ចាម អ្នក​​ទាំងបីនាក់ ត្រូវចាប់ខ្លួនក្នុងពេលតែមួយ កាលពីថ្ងៃទី៩ ខែមេសា ដែរ។

អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លើកឡើងថា ក្នុងចំណោមន្រ្តីបក្សនយោបាយទាំងនោះ ការចាប់​ខ្លួន​​​​ពួកគេគឺធ្វើឡើងដោយគ្មានហេតុផល គ្មានដីកា និងគ្មានភស្តុតាងអ្វីទាំងអស់។

យ៉ាងនេះក្តី លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Lica​d​​ho) ចាត់ទុកថា ការអនុវត្តក្នុងការបន្ធូរបន្ថយទោស តាមពិតទៅគឺមានចែងនៅក្នុងច្បា​ប់រួចហើយ។​លោក​បន្តថា បើទោះជាបែបណា ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល ក៏ឃើញការអនុវត្តសម្រាលស្ថានទម្ងន់ទោស ឬ​​លើ​កលែងទោសនេះ ធ្វើឡើងដោយភាពស្មោះត្រង់ និងអាចជឿទុកចិត្តបាន។

លោកបន្តថា៖«កិច្ចប្រជុំដើម្បីពិនិត្យឯកសារលើសំណុំឯកសារស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលកន្លងហួស និង ពិធីបុណ្យវិសាខបូជាខាងមុខនេះជាការអនុវត្តន៍តាមព្រះរាជក្រឹត្យ។ប៉ុន្តែយើងជាអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សចង់ឃើញការបន្ធូរបន្ថយទោដ និងការលើកលែងទោសដល់ទណ្ឌិតគឺមានតម្លាភាព គឺទណ្ឌិតដែលគោរពតាមលក្ខខណ្ឌនៃច្បាប់ត្រូវទទួលបានសិទ្ធិក្នុងការបន្ធបន្ថយទោស និងការលើកលែងទោសដូចគ្នាដោយគ្មានការរើសអើងនិន្នាការនយោបាយ ឬអ្នកមាន អ្នកក្រ»

គេសង្កេតឃើញថា កន្លងទៅការអនុវត្តគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោសនេះ ក៏ត្រូវ​​រង់​កា​​​រ​រិះគន់ដែរថា ជាយន្តការដែលធ្វើឡើង ហាក់មិនបានឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ ជាពិសេស​កា​រ​​អនុ​វត្តទៅលើទណ្ឌិតជាបក្សប្រឆាំង សកម្មជនសង្គម និងអង្គការ សមាគមទេ។ស្ថានទម្ងន់ទោសភាគច្រើន សម្រាប់ពួកគេ គឺតែងអនុវត្តជាអតិបរិមានៃទោស ដែលរកឃើញដោយតុលាការតែម្តង។ បើទោះជាបែបណា ព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដែលចេញកាលពីខែមករា ឆ្នាំ២០២១ នៅក្នុងបញ្ញត្តិមាត្រា ៣ កំណត់ថា ពិធីបុណ្យសំខាន់ៗ ដែលត្រូវបន្ធូរបន្ថយទោស និងលើកលែ​​ង​​ទោស ត្រូវអនុវត្តសម្រាប់បុណ្យ៖ ចូលឆ្នាំ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក និងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។មិនតែប៉ុណ្ណោះ ទណ្ឌិតដែលត្រូវពិចារណា​ក្នុងការលើកលែ​ង​​ទោ​ស និងបន្ធូរបន្ថយទោសទៅបាន លុះត្រាអនុវត្តឱ្យបាន១ភាគបី នៃទោសនៅក្នុងពន្ធនាគារសិន៕