អ្នក​វិភាគ​សង្គមមើល​ឃើញ​ថា ក្នុងរយៈពេល២៥ ឆ្នាំមកនេះ កម្ពុជា​បាន​ទាញ​យក​ផល​ប្រយោជន៍​ជា​​ច្រើ​ន​ពី​សមាគម​អាស៊ាន​​ទាំង​ផ្នែក​សន្តិសុខ ការ​ទូត និង​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំ​​នួនដែរ ក្នុងពេលដែលកម្ពុជាទទួលបានផលវិជ្ជមាន ក្នុងក្របខណ្ឌអាស៊ាននេះ។

កម្ពុជា បាន​ចូល​ជា​សមាជិក​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​មេសា ឆ្នាំ​១៩៩៩។ គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ទី​១០​របស់​អាស៊ាន​ មានរយៈ​ពេល​២៥ឆ្នាំ​ហើយ។នៅ​ថ្ងៃ​អង្គារ ​ទី​៣០ ខែមេសា​នេះ គឺ​ជា​ខួប​រយៈ​ពេល​២៥​ឆ្នាំ ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​​​​កាត់​ថា អាស៊ាននេះ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានឱ្យដឹងថាក្នុងរយៈពេល២៥ឆ្នាំមកនេះ ការចូលជាសមាជិកអាស៊ាន ជួយឱ្យកម្ពុជាមានឱកាសធ្វើសមាហរណកម្មខ្លួនចូលក្នុងនិម្មាបនកម្ម ដែលមានន័ថាជាសិល្បៈផ្នែកកសាង ឬតាក់តែឱ្យល្អឆើតឆាយ(Architecture) តំ​​បន់ ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។

លោកថ្លែងថា៖ «អាស៊ានគឺជាច្រកទ្វារការទូតដ៏សំខាន់សម្រាប់កម្ពុជា។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិក អាស៊ាន នៅឆ្នាំ១៩៩៩មក អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយ នៃគោលនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈអាស៊ាន កម្ពុជាបានដើរតូនាទីដោយស្មើមុខនិងស្មើសិទ្ធិ ទាំងក្នុងកិច្ចការតំបន់និងអន្តរជាតិ »។

លោកកត់សម្គាល់ថា ប្រទេសកម្ពុជាធ្លាប់បាន ធ្វើជាប្រធានប្តូរវេនអាស៊ាន ចំនួន៣លើក គឺនៅឆ្នាំ២​០​០​២ ឆ្នាំ២០១២ និងឆ្នាំ២០២២ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើន។លើសពីនេះទៀត កម្ពុជាក៏បានរួមចំណែកសកម្មក្នុងការជួយជ្រោមជ្រែងឱ្យអាស៊ានរក្សាបានស្ថិរភាព និងសន្តិភាព ដើម្បីធ្វើឱ្យអាស៊ានអាចរក្សាបាននូវកម្រិតជឿទុកចិត្តមួយ ជាមួយនឹងទំនាក់ទំនងប្រ​កបដោ​យតុល្យភាព និងមហាអំណាចក្នុងតំបន់ ដែលពឹងពាក់លើនិម្មាបនកម្មតំបន់អាស៊ាន ដើម្បីរក្សាបានសុខសន្តិភាព និងស្ថិរភាពទូលំទូលាយ។ 

លោកបន្តថា៖« បញ្ហាប្រឈមរបស់កម្ពុជា គឺនៅពេលដែលគេនិយាយដល់បញ្ហាសមុទ្រខាងត្បូង ប្រទេ​​សដែលពាក់ព័ន្ធនឹងអធិបតេយ្យដែនទឹកក្នុងសមុទ្រខាងត្បូង តែងចោទប្រកាន់កម្ពុជាថាលម្អៀងទៅរកប្រទេសចិនជ្រុលដោយមិនគិតគូរប្រយោជន៍តំបន់។ម្យ៉ាងទៀត ដោយពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ កម្ពុជាក្នុងអាស៊ាន មានការលំបាកក្នុងការរក្សាជំហររបស់ខ្លួនចំពោះមុខសម្ពាធភូមិសាស្ត្រនយោបាយ »។

ស្រដៀងគ្នានេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថា អាស៊ានមិនមានបងធំទេ ដូចនេះរាល់ការសម្រេចអ្វីមួយត្រូវការមតិឯកច្ឆន្ទ ហើយបើមានសមាជិកណាមួយពហិការមិនអាចសម្រេចបានឡើយ។មិនតែប៉ុណ្ណោះ អាស៊ានមិនមានប្រព័ន្ធចាយលុយរួម និងការគោរពវប្បធម៌ប្រពៃណីផ្សេងគ្នាដែរ។ក្នុងន័យនេះ សមាជិកអាស៊ាន១០ប្រពែណី១០។ក្រៅពីនេះ សមាគមអាស៊ានប្រើភាសារអង់គ្លេសជាយាន្ត។បន្ថែមពីលើនេះ ដើម្បីរុញឱ្យអាស៊ានមានភាពខ្លាំងគួរបង្កើតឱ្យមានទីផ្សារឹងមាំទាំ​ង​ជំនាញ និងកម្លាំងពលកម្ម។

បើតាមលោក សុខ ទូច ភាពអំណោយផលនេះហើយ ទើបបច្ចុប្បន្ន សហរដ្ឋអាមេរិក ចិន និងសមគមន៍អ៊ឺរ៉ុបកំពុងសំឡឹងមើលអាស៊ានក្នុងទិសដៅដៃគូជាយុទ្ធសាស្រ្ត។កត្តាទាំងនេះអាចនឹងនាំឱ្យកម្ពុជាទទួលបានឱកាស នាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារដែលសក្កានុពលជាងនេះ។

លោកបន្តថា៖« សម្រាប់ប្រជាជនកម្ពុជានៅពេលដែលយើងទៅណា មិនប្រើប្រាស់វីហ្សា គ្រាន់តែបង្ហា​​ញ ប៉ាស្ព័រអាចបានជោកជ័យ ទី២ទៀតស្មើរមុខស្មើមាត់គ្នា មិនលិចលើស្មើក្រោម មិនថាប្រទេសគេអ្នកមានទេ អញ្ជឹងចូលជាសមាជិកអាស៊ានវាជាការងារល្អមួយ »។

ហាក់មិនខុសគ្នាទេ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ឯកភាពដែរថាការដែលកម្ពុជាចូលជាសមាជិកអាស៊ាននេះគឺជាជោ​គជ័​យមួយរបស់កម្ពុជា។

លោកបន្ថែមថាការចូលជាសមាជិកអាស៊ាននេះ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើន ទោះជាយ៉ា​ងនេះក្តី កម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដែរ ព្រោះតែរបប ប៉ុល ពត ធ្វើឱ្យកម្ពុជាចាប់ផ្តើមក្រោយគេ​។

លោកបន្តថា៖«ការចូលទៅក្នុងសមាជិកអាស៊ាននេះ យើងមានប្រយោជន៍ច្រើនយ៉ាងណា​ស់ កម្ពុជាយើ​ងទទួលបានគឺប្រយោជន៍សំខាន់ៗដែលខ្ញុំចង់រំលេចហ្នឹង គឺទីមួយ​ បញ្ហានយោបាយនិងសន្តិសុខ[​​…]ហើយនៅតំបន់អាស៊ានមានប្រជាជនជាងប្រាំមួយរយលាននាក់ដែលធំមែនទែន អញ្ជឹងអនុញ្ញាតឱ្យយើងមានទំនាក់ទំនងពាណិជ្ជកម្មធំធេង អាស៊ានជាច្រកសេដ្ឋកិច្ច ច្រកពាណិជ្ជកម្មមួយធំរបស់កម្ពុជា អញ្ជឹងយើងមានឱកាសច្រើននៅក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ជាដើម ដើម្បីយកមកពង្រឹង សេដ្ឋកិច្ចជាតិរបស់យើងឱ្យកាន់តែរឹងមាំ »។

លោកបន្តថា៖«ចំណុចប្រឈម យើងដឹងហើយតាំងពីប៉ុលពតមក ផ្តើមកសាងប្រទេសឡើងវិញក្រោ​យ​គេបង្អស់ ពីចំណុចសូន្យ ដូច្នេះយើងត្រូវរត់ទាំងយប់ទាំងថ្ងៃខណៈដែលគេដើរជាធម្មតា ប៉ុន្តែចំណុចប្រឈមអស់ទាំងហ្នឹង ដែលយើងខ្វះធនធានមនុស្ស ខ្វះសព្វ ខ្វះគ្រប់ហ្នឹង ដោយសារតែភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំរបស់យើង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេ​​ស យើងឃើញថាកម្ពុជាយើង បានមកដល់ទីតាំងមួយស្មើមុខស្មើមាត់គេយ៉ាងរឹងមាំ»។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កា​​ល​​​ពី​ថ្ងៃ​ទី​៨ សីហា ១៩៦៧។ ប្រទេស​៥ គឺ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​សឹង្ហបុរី ​គឺ​ជា​​​ស្ថាបនិក​នៃ​អង្គការ​អន្តររដ្ឋាភិបាល​ថ្នាក់​តំបន់​មួយ​នេះ។

បើទោះបែបណា គេសង្កេតឃើញថា សម្រាប់​​ធម្មនុញ្ញអាស៊ាន ហាក់ខុសពីធម្មនុញ្ញរបស់ស​ហភាព​​អឺរ៉ុ​​ប​ បន្តិចនៅត្រង់ថានៅក្នុងប្លុកអឺរ៉ុប ប្រសិនបើចូលជាសមាជិកលុះត្រារដ្ឋជាភាគីនីមួយៗនោះ ត្រូវសម្អាត​​ខ្លួន​ឱ្យស្អាតជាមុនសិន ទាក់ទងនឹងអំពើពុករលួយ និងប្រជាធិបតេយ្យ៕