ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ចោទប្រកាន់ថានគរបាលការពារព្រំដែនគោកលេខ៨០៧  បានប្រើប្រាស់អំពើហិង្សាលើខ្លួនកាលពីខែមីនាក្នុងទម្រង់ធ្ងន់ធ្ងរ ប៉ុន្តែនគរបាលរូបនេះបានបដិសេធចំពោះការ​ចោទប្រកាន់​ដោ​យ​​អះអាងថា​រូប​​គេ​មិន​​បានប្រព្រឹត្តបទល្មើសណាមួយប្រឆាំងពលរដ្ឋនោះទេ។

ពលរដ្ឋដែលអះអាងថាខ្លួនត្រូវបាននគរបាលការពារព្រំដែនគោក ដែលឈរជើងនៅតាមខ្សែ​បន្ទាត់ព្រំ​ដែ​នក​ម្ពុ​ជា​​ថាបាន​​ប្រើ​ហិ​ង្សា​​កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ គឺលោក ប៊ី សារ៉េត រស់នៅភូមិរមៀលខាងលិច ឃុំប​ន្ទា​យឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឱ្យដឹង​​ថានៅសុខៗស្រាប់តែមាននគរបាលប៉ុស្តិ៍មកហៅរូបគេដោយ​​មិន​​ដឹងពីមូលហេតុ នៅយប់ម៉ោង១១ ថ្ងៃ១១ ខែមីនា។ក្រោយបញ្ជូនទៅដល់ប៉ុស្តិ៍នគរបាលរួចហើយ ក៏ចាប់រុ​ញ​​ខ្លួន​​ចូលទៅក្នុងបន្ទប់បុស្តិ៍នគ​រ​​បាល រួចហើយក៏ចាប់ផ្តើមប្រើហិង្សាដោយការវាយដំរហូតឈានដល់ដា​ក់​​ច្រវ៉ាក់ថែមទៀត​។

លោកបន្តថា៖ « ពេលដែលវាយខ្ញុំមួយញញួរហើយ គាត់ថែមមួយជើងទៀត នៅខាងឆ្វេង មួយជើង នៅខាងស្តាំមួយជើង […] គេដាក់ច្រវ៉ាក់ខ្ញុំមួយយប់ទៀត គេទាត់ខ្ញុំថែមមួយជើង វាយខ្ញុំអីហើយ ខ្ញុំសន្លប់ ដល់ខ្ញុំសន្លប់ គេយកច្រវ៉ាក់មកចាក់ជើងខ្ញុំជាប់ នឹងដែកខាងមុខប៉ុស្តិ៍ ខ្ញុំដឹងខ្លួនឡើងក៏ឃើញច្រវ៉ាក់ហ្នឹងជាប់ជើង ខ្ញុំក៏មិនដឹងធ្វើមិច ចេះតែស្រែកសួរគេ មិចចាំបាច់ដាក់ច្រវាក់ គេចូលបន្ទប់អស់ ទុកខ្ញុំនៅខាងមុខហ្នឹងឯង » ។

ប្រភពបន្តថា ក្រោយប្រើហិង្សារូបខ្លួនបានដាក់បណ្តឹងដើម្បីស្វែងរកិច្ចអន្តរាគមន៍ពីអធិការនគរបាលស្រុកថ្មពួ​ករួចហើយ ហើយសំណុំរឿងនេះទទួលបានដំណឹងថាបានបញ្ជូនបន្តទៅថ្នាក់ខេត្តទៀ​ត​​​​​។ក្រៅពីនេះលោកថាប​​ច្ចុ​ប្បន្ន​លោកកំពុងរង់ចាំដំណោះស្រាយ។បើតាមលោក សារ៉េត ចាត់ទុកការប្រើប្រាស់អំពើហិង្សាលើរូបលោ​​ក​​​​នេះថា គឺជាការបំពានច្បាប់ធ្ងន់ធ្ងរ។

លោកបន្តថា៖​ « គឺរំលោភបំពានមកលើខ្ញុំ គឺថាធ្ងន់ធ្ងរ បើនិយាយពីផ្លូវច្បាប់គឺគាត់ខុស ខុសផ្លូវច្បាប់តែម្តង ខុ​​ស​នឹងច្បាប់អាជ្ញាធរ […] អាជ្ញាធរចាំបាច់ត្រូវសិក្សាផ្លូវច្បាប់ឱ្យបានច្រើនមុននឹងឡើងធ្វើ ទទួលតំណែងអ្វីមួយ តែប្រសិនជាគ្មានវិជ្ជាជីវៈជំនាញ ចេញពីសាលា ឬសិក្សាផ្នែកច្បាប់ទេ ចេះតែឡើងៗ កាន់មកធ្វើ ចេះតែបានតែធំ បានតែអំណាច អីចឹង បាត់វិជ្ជាជីវៈ ចឹងធ្វើក៏អត់ទៅតាមច្បាប់ដែរ ធ្វើអាងអំណាច ធ្វើអាងខ្ញុំជាប៉ូលីសអីចឹងទៅ ប៉ះពាល់ដល់សង្គមជាតិ ធ្ងន់ធ្ងរណាស់ » ។

ទាក់ទិននឹងករណីនេះ ប្រធានស្នាក់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៨០៧ លោក នូ សុផាត អាយុ ៤​​៧ ឆ្នាំ នៅភូមិថ្មរមៀលលិច បដិសេដថា លោកមិនបានប្រើប្រាស់អំពើហឹង្សាលើជនរងគ្រោះនោះទេ របួ​​ស​​ដែ​ល​​កើតឡើងដោយសារជួលម៉ូតូដោយខ្លួនឯង។លោកបន្តថា ទាក់ទងរឿងរ៉ាវនេះមានបុរសម្នាក់ឈ្មោះ អែមរី បានប្តឹងមកនគរបាលប៉ុស្តិ៍ពីឈ្មោះ ប៊ី សារេត ដោយចោទប្រកាន់ថាស្រវឹងស្រាចង់កាប់ខ្លួន ទើបលោកឃាត់ខ្លួនដើម្បីណែនាំ ប៉ុន្តែលោក ប៊ី សារេត មិនព្រមស្តាប់ការអប់រំរបស់សមត្ថកិច្ច។

លោកបន្តថា៖ « គាត់ស្រវឹងទោ ខ្ញុំរាយការណ៍ប្រាប់មេខ្ញុំដែរ មេឱ្យខាងដងរែកមួយ ខាងខ្ញុំមួយ និងបញ្ជាការរង មួយទៀតមកធ្វើការឃាត់ខ្លួនគាត់ដើម្បីឱ្យគាត់ស្វាងស្រវឹងអប់រំគាត់ណែនាំគាត់ ធ្វើកិច្ចសន្យាណែនាំគាត់ ឱ្យគាត់ទៅវិញ »។

ឆ្លើយតបរឿងនេះ លោក ជាង សេហ៊ីម ជាអធិការងនគបាលស្រុកថ្មពួក ទទួលបន្ទុកព្រហ្មទណ្ឌ ប្រាប់ Ne​​ws​ro​​om Cambodia ថាលោកបានទទួលពាក្យបណ្តឹងនេះរួចហើយ ហើយកំពុងបើកការស៊ើបអង្គេតចំពោះករ​ណី​​​​​នេះ​​។

លោកបន្តថា៖ «ករណីនេះខ្ញុំបានហៅភាគីសងខាងជួបគ្នាបានពីរដងហើយ ប៉ុន្តែទទួលយកបានឬមិនបានខ្ញុំនឹងបញ្ជូនទៅបន្តទៀត »។

យ៉ាងនេះក្តី លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និ​ង ខេត្តបន្ទាយមានជ័យ លើកឡើងថា ករណីនេះជនរងគ្រោះឈ្មោះ ប៊ី សារ៉េត មានវ័យចំណាស់ អាយុ៦៤ឆ្នាំ ហើយមន្រ្តីដែលប្រើអំពើហឹង្សានោះអាយុ៤៧ឆ្នាំ វាគឺជារឿងអសីលធម៌ ព្រោះមនុស្សអាយុតិចទៅវ៉ៃអាយុច្រើ​​ន វាបង្ហាញឱ្យឃើញថានេះជាទម្រង់នៃអំពើហិង្សាក្នុងកម្រិតមួយដែលធ្ងន់មកលើជនរងគ្រោះ។

លោកបន្តថា៖ «វាជារឿងមួយដែលប្រើអំណាចព្រៃផ្សៃអាងតួនាទីជាប្រធានស្នាក់ការនគរបាលការពារព្រំដែន យើងជានគរបាលការពារព្រំដែន ជាអ្នកការពារសន្តិសុខជូនប្រជាពលរដ្ឋ ហើយការអនុវត្តតួនាទីវាលើស ហើ​យ​បើយើងឃាត់ខ្លួនអ្នកសង្ស័យណាក៏ដោយ យើងត្រូវទុកប្រគល់ឱ្យសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ នៅតាមឃុំនៅតាមស្រុកដែលថាហើយភារៈកិច្ចដែលយើងឃាត់ខ្លួនជនសង្ស័យ យើងឃាត់ទៅ ដាក់ឃាត់ធម្មតាទៅ បើគាត់សង្ស័យខ្លាចលបង្ករទៅលើអ្នកដទៃឱ្យគាត់នៅស្នាក់ការប៉ុស្តិ៍ទៅ ហើយព្រឹកឡើងប្រគល់ទៅមន្ត្រីនគរបាលយុត្តិធម៌ឃុំ ស្រុកទៅឱ្យគេធ្វើការសាកសួររឿងហ្នឹង »។

បើតាមលោក អ៊ិន គង់ជិត ក្នុងនាមអង្គការសង្គមស៊ីវិលលោកស្នើឱ្យនគរបាលស្រុកផ្នែកព្រហ្មទណ្ឌ នៃស្រុកថ្មពួកត្រូវកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត និងទៅតុលាការដើម្បីឱ្យខាងតំណាងអយ្យការមា​ន​​​​វិធានការផ្លូវច្បាប់ទៅលើជនដៃដល់ និងស្នើឱ្យក្រសួងមហាផ្ទៃពិនិត្យករណីនេះ បើពិតជាខុសត្រូវដកហូតតួនាទី និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ បញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ កំណត់ថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដា​ក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,​០​​០០,០០០ (ប្រាំមួយលាន) រៀល ។នៅក្នុងបញ្ញត្តិមាត្រានេះក៏បង្ហាញទៀតថា ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោ​យចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យ​មានរបួស ឬគ្មានរបួ​​ស ឬខូចសុខភាពជាដើម៕