ប្រជាពលរដ្ឋប្រមាណ១០គ្រួសារបន្ថែមទៀត ដែលរស់នៅតំបន់បឹងតាមោកត្រូវអាជ្ញាធរខណ្ឌព្រែកព្នៅបញ្ជាឱ្យរុះរើផ្ទះសំបែងពួកគេជាបន្ទាន់ ដោយជនរងគ្រោះចាត់ទុកការបណ្តេញចេញដោយបង្ខំនេះថាគឺជាការគំរាមកំហែង និងរំលោភសិទ្ធិធ្ងន់ធ្ងរ ទាំងដែលពួកគេមិនទាន់ទទួលបានដំណោះស្រាយជាសំណងណាមួយនៅឡើយផងនោះ។
លិខិតរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលចេញកាលពីថ្ងៃទី០៨ ខែឧសភា ដែលគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃទី១០ ឧសភា នេះឱ្យដឹងថាពលរដ្ឋបឹងតាមោកដែលនៅសេសសល់ចំនួន៦គ្រួសារទៀត ដាច់ខាតត្រូវរុះរើផ្ទះជាបន្ទាន់។លិខិតដែលមានលក្ខណៈជាបទបញ្ជា បញ្ជាក់ទៀតការរុះរើចេញពីតាំងពីភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ ត្រូវរៀបចំឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី២៤ ឧសភា ជាកំហិត។មិនតែប៉ុណ្ណោះ អាជ្ញាធរខណ្ឌតាមរយៈការចុះផ្សាយនៅក្នុងលិខិតចំហរបស់ខ្លួន ចោទប្រកាន់ថាប្រជាពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋដោយខុសច្បាប់។
លិខិតបានសរសេរថា៖«ទីតាំងដែលលោក–លោកស្រីកំពុងស្នាក់នៅគឺជាទីតាំងសំណង់មិនរៀបរយលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ រីឯការចូលមកតាំងលំនៅទាំងនេះបានធ្វើឡើងតាមរយៈការទិញ–លក់ និងការទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់លើដីរដ្ឋ »។
ប្រភពដដែលបញ្ជាក់ទៀតថា ការបញ្ជាឱ្យរុះរើដូច្នេះ ដោយរដ្ឋបាលខណ្ឌកំពុងដំណើរការស្ថាបនាស្ពានបេតុង ដែលមានទំហំទទឹង៣០ម៉ែត្រ និងបណ្តោយ៤០ម៉ែត្រ នៅត្រង់ចំណុចផ្ទះរបស់ពលរដ្ឋទាំង៦គ្រួសារ ដើម្បីតភ្ជាប់ចរាចរណ៍ពីមហាវិថីឈ្នះឈ្នះ មកកាន់ផ្លូវ១៥១ ឆ្ពោះទៅផ្លូវជាតិលេខ៥ និងផ្លូវលេខ៤២។ យ៉ាងណា រដ្ឋបាលខណ្ឌក៏បានបញ្ជាក់ពីការត្រៀមដីឡូតិ៍ ផ្ទះ រួមនិងថវិកាមួយចំនួន ជាការដោះដូរជូនប្រជាពលរដ្ឋទាំង៦គ្រួសារនេះដែរ ដែលទីតាំងថ្មីនោះស្ថិតក្នុងភូមិ និងសង្កាត់ដដែល។
បើទោះជាយ៉ាងនេះក្តីចំពោះប្រជាពលរដ្ឋបឹងតាមោកដែលរងការបណ្តេញចេញពីលំនៅឋានដោយបង្ខំទាំងនោះ ជំទាស់ទៅនឹងវិធានការដែលចេញដោយអាជ្ញាធរខណ្ឌព្រែកព្នៅនេះ ហើយក៏មិនព្រមរុះរើផ្ទះសំបែងរបស់ពួកគេចេញដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះប្រជាពលរដ្ឋប្រមាណ១០០នាក់ បានធ្វើដំណើរទៅសាលាខណ្ឌព្រៃព្នៅ ដើម្បីទាមទារឱ្យអភិបាលខណ្ឌព្រែព្នៅ លោក ធឹម សំអាន បំភ្លឺករណីដែលបានចេញលិខិតបណ្តេញពលរដ្ឋចំនួន៦គ្រួសារឱ្យរុះរើផ្ទះចេញជាបន្ទាន់នេះ។ប៉ុន្តែពួកគេមិនបានធ្វើដំណើរទៅដល់សាលាខណ្ឌដូចការគ្រោងទុកឡើយ ដោយត្រូវក្រុមសន្តិសុខខណ្ឌជាច្រើននាក់រារាំង និងបានប្រើហិង្សាថែមទៀត។
ពលរដ្ឋម្នាក់ដែលរងការបណ្តេញចេញ គឺអ្នកស្រី សឿន ស្រីសុទ្ធ យល់ឃើញថាការបញ្ជាឱ្យរុះរើផ្ទះរបស់ប្រជាជនដោយបង្ខំបែបនេះ ជាចេតនាចង់ឱ្យពួកគាត់បង្ខំចិត្តទទួលយកសំណង ដែលមិនសមស្រប ហើយជាគោលការណ៍ដែលពលរដ្ឋមិនអាចទទួលយកបានថែមទៅទៀត។
អ្នកស្រីបន្តថា៖«ការចេញលិខិតឱ្យពួកខ្ញុំរុះរើផ្ទះហ្នឹង គឹជារូបភាពមួយដែលគំរាមកំហែង និងបង្ខិតបង្ខំឱ្យពួកខ្ញុំទទួលយកដំណោះស្រាយ ដោះដូរដីដោយបង្ខំ »។
បើទោះជាបែបណា អ្នកស្រី សឿន ស្រីសុទ្ធ បដិសេធមិនទទួលយកសំណងដែលរដ្ឋបាលខណ្ឌបានត្រៀមបម្រុងទុកឱ្យឡើយ ដោយថាសំណងទាំងនោះមានចំនួនតិចតួច បើធៀបនឹងដីដែលពួកគាត់បានរស់នៅកាន់កាប់ និងអាស្រ័យផលជាច្រើនឆ្នាំ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ។ដូច្នេះអ្នកស្រីទទូចចង់ឱ្យអាជ្ញាធរដោះស្រាយបញ្ហាជាមួយពលរដ្ឋឱ្យដាច់ស្រេចសិនតាមរយៈការកាត់ឆ្វៀលនៅនឹងកន្លែង ឬការទិញដីពួកគាត់តាមតម្លៃទីផ្សារ ចៀសវាងការបណ្តេញចេញដោយបង្ខំ។
អ្នកស្រីសំណូមពរថា៖«រាល់ការអភិវឌ្ឍ សូមគិតគូរដោះស្រាយប្រជាពលរដ្ឋឱ្យរួចរាល់សិន ចាំអភិវឌ្ឍតាមក្រោយ។ កុំអភិវឌ្ឍហើយ បណ្តេញពលរដ្ឋចេញទាំងបង្ខំ ពួកខ្ញុំស្អប់ការរំលោភបំពាន ស្អប់ការជិះជាន់»។
ប្រហាក់ប្រហែលគ្នាដែរ ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហេង ស៊ីលាភ អះអាងថានេះជារឿងអយុត្តិធម៌មួយសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពរកព្រឹកខ្វះល្ងាចដូចជាពួកគេ។លើសពីនេះទៅទៀត អ្នកដែលទន់ខ្សោយគឺងាយនឹងរងការគំរាមកំហែង និងការបណ្តេញចេញដោយបង្ខំបែបនេះ។អ្នកស្រីប្តេជ្ញាថា ពួកគេមិនអាចទទួលយកការដោះដូរណាមួយពីអាជ្ញាធរឡើយ ដោយថាសំណងទាំងនោះមិនសមរម្យតាមតម្រូវការរបស់អ្នកស្រីទេ។
អ្នកស្រីរៀបរាប់ថា៖«កូនខ្ញុំច្រើន រហូតដល់៥នាក់ បូករួមម៉ែឪទៀត តើឱ្យរូបខ្ញុំទទួលយកម៉េចនឹងបាន ផ្ទះធ្វើមិនសមរម្យ ហើយឱ្យគ្នា១ម៉ឺនដុល្លារហ្នឹង ទៅធ្វើអីចេញ! គ្រាន់តែជួសជុលផ្ទះក៏អស់បាត់ហើយលុយហ្នឹង ហើយចុះបំណុលខ្ញុំជំពាក់ធនាគារ ហើយរកស៊ីអីបានចិញ្ចឹមកូនទៅមុខទៀត ខ្ញុំទទួលយកអត់បានទេ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ស៊ា ដាវី នៅតែទទូចឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានដាច់ស្រេច ខណៈដែលកន្លងមកពួកគាត់បានរងអំពើអយុត្តិធម៌ពេកទៅហើយទាក់ទងនឹងអំពើហិង្សា និងការចោទប្រកាន់តាមផ្លូវច្បាប់។
អ្នកស្រីបន្តថា៖«ជារឿងអយុត្តិធម៌បំផុតដែលមិនទាន់មានដំណោះស្រាយឱ្យ ពួកយើងតែងទទូចសុំគោលនយោបាយដោះស្រាយអភិវឌ្ឍន៍នៅនឹងកន្លែង ឱ្យកាត់ឆ្វៀលឱ្យពួកយើងនៅនឹងកន្លែង ប៉ុន្តែហេតុអ្វីក៏ចេញលិខតមកម្តងជា២ដងធ្វើបាបប្រជាពលរដ្ឋជារៀងរហូត។ ពួកយើងរាល់ការស្នើរបស់ពួកយើងអត់បានទទួលអី ក្រៅពីដីការ ហើយនិងហិង្សាពីអាជ្ញាធរខណ្ឌព្រែកព្នៅ ដែលរំលោភសិទ្ធិប្រជាពលរដ្ឋម្តងហើយម្តងទៀត »។
ជុំវិញករណីនេះគេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បាននៅឡើយទេ គិតត្រឹមថ្ងៃទី១០ ខែឧសភានេះ ដោយលោកឆ្លើយតបយ៉ាងខ្លីថាកំពុងជាប់ប្រជុំ។
ចំណេក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងការប្រើហិង្សាលើប្រជាពលរដ្ឋ ហើយងាកមកដោះស្រាយដោយសន្តិវិធីវិញ។ បន្ថែមលើនេះ លោកសង្កេតឃើញថា រដ្ឋាភិបាលបានប្រគល់ដីនៅតំបន់បឹងតាមោកឱ្យវិស័យផ្សេងៗជាច្រើន ដូច្នេះរដ្ឋាភិបាលក៏គួរតែគិតគូក្នុងការផ្តល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋបឹងតាមោក ដែលរស់នៅជាយូរឆ្នាំដូចគ្នាបានដែរ។
លោកបន្តថា៖«រដ្ឋបានប្រគល់ដីកម្មសិទ្ធិទៅឱ្យឯកជន ក្រុមហ៊ុន ក៏ដូចជាស្ថាប័នរដ្ឋច្រើននៅក្នុងតំបន់បឹងតាមោកនេះ។ អ៊ីចឹងគួរតែពិនិត្យពិចារណាក្នុងការដោះស្រាយឱ្យប្រជាពលរដ្ឋដែលគាត់រស់នៅយូរមកហើយជុំវិញបឹងតាមោក»។
ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសហគមន៍មូលដ្ឋានចំនួន៣៨ ស្ថាប័នផង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែង។តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ ស្ថាប័នក្រៅរដ្ឋាភិបាលទាំងនោះអំពាវនាវឱ្យអាជ្ញាធរផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាសហគមន៍សំរោងត្បូង ដូចពលរដ្ឋដទៃទៀតដែរ។
ក្រៅពីនេះ នៅមានពលរដ្ឋបឹងតាមោកចំនួន១៨នាក់ផ្សេងទៀត កំពុងរងបណ្តឹងតាមផ្លូវតុលាការ ក្រោមបទចោទហិង្សាដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។ ក្នុងនោះពលរដ្ឋខ្លះជាប់បណ្តឹងជាច្រើនផ្សេងគ្នា ខណៈពលរដ្ឋម្នាក់បានរត់គេចខ្លួន ដោយព្រួយបារម្ភពីសុវត្ថិភាព។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបានបញ្ជាក់ថា ការបណ្តេញចេញដោយបង្ខំគឺការរំលោភដោយបំពាននិងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស ជាពិសេសរំលោភលើសិទ្ធិទទួលបានលំនៅឋានសមរម្យ និងសិទ្ធិជាមូលដ្ឋានដទៃទៀតរបស់ប្រជាពលរដ្ឋ
របាយការណ៍ដែលចេញដោយសមាគមធាងត្នោត រកឃើញថាគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ដែលកំណត់ដោយអនុក្រឹត្យ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានផ្ទៃដីទំហំសរុបចំនួន ៣២៣៩,៧ហិកតា ត្រូវបានកែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនបុគ្គលឯកជន និងស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន ៧០លើក ដែលមានផ្ទៃដីសរុបចំនួន ២ ៣៦៩,៨៩១៣ហិកតា៕